ឱអ្នករាល់គ្នាដែលខំដេញតាមសេចក្ដីសុចរិត ហើយស្វែងរកព្រះយេហូវ៉ាអើយ ចូរស្តាប់តាមយើងចុះ ចូរមើលចំទៅឯថ្មដា ជាទីដែលបានដាប់អ្នករាល់គ្នាចេញមក ហើយលុងជារណ្តៅដែលជាកន្លែង បានជីកយកអ្នកឡើងមកនោះ ចូរមើលទៅលោកអ័ប្រាហាំ ជាបុព្វបុរសអ្នក និងលោកស្រីសារ៉ាដែលបង្កើតអ្នកមក ដ្បិតកាលអ័ប្រាហាំនៅតែម្នាក់ឯង នោះយើងបានហៅមក ក៏បានឲ្យពរ ហើយបានចម្រើនឲ្យមានគ្នាជាច្រើន។ ដ្បិតព្រះយេហូវ៉ាបានកម្សាន្តចិត្តក្រុងស៊ីយ៉ូន ព្រះអង្គបានដោះទុក្ខអស់ទាំងកន្លែងខូចបង់របស់គេ ក៏បានធ្វើឲ្យទីស្ងាត់ឈឹង បានដូចជាច្បារអេដែន ហើយឲ្យវាលប្រៃនោះត្រឡប់ដូចជាសួន របស់ព្រះយេហូវ៉ាដែរ មានអំណរ និងសេចក្ដីរីករាយនៅក្នុងទីក្រុងនោះ ព្រមទាំងការអរព្រះគុណ និងសំឡេងតន្ត្រីពីរោះផង។ ឱប្រជារាស្ត្ររបស់យើងអើយ ចូរប្រុងស្តាប់តាមយើង ឱសាសន៍របស់យើងអើយ ចូរផ្ទៀងត្រចៀកចំពោះយើងចុះ ដ្បិតនឹងមានច្បាប់មួយចេញពីយើងទៅ ហើយយើងនឹងតាំងសេចក្ដីយុត្តិធម៌របស់យើង ទុកជាពន្លឺដល់អស់ទាំងសាសន៍។ ឯសេចក្ដីសុចរិតរបស់យើងបានមកជិត សេចក្ដីសង្គ្រោះរបស់យើងបានផ្សាយចេញទៅហើយ ដើមដៃយើងនឹងជំនុំជម្រះអស់ទាំងសាសន៍ ឯកោះទាំងប៉ុន្មាន នឹងសង្ឃឹមដល់យើង ហើយទុកចិត្តនឹងដៃយើងដែរ។ ចូរងើយមើលទៅលើមេឃ ហើយមើលចុះមកផែនដីខាងក្រោមនេះទៀត ដ្បិតផ្ទៃមេឃនឹងសូន្យបាត់ទៅ ដូចជាផ្សែង ហើយផែនដីនឹងចាស់ទៅដូចជាសម្លៀកបំពាក់ ឯពួកអ្នកដែលនៅស្ថាននេះ នឹងស្លាប់ទៅបែបដូច្នោះដែរ តែសេចក្ដីសង្គ្រោះរបស់យើងនឹងនៅជាដរាប ហើយសេចក្ដីសុចរិតរបស់យើង នឹងមិនត្រូវលើកចោលឡើយ។ អ្នករាល់គ្នាដែលស្គាល់សេចក្ដីសុចរិត ជាជនជាតិដែលមានច្បាប់របស់យើងនៅក្នុងចិត្តអើយ ចូរស្ដាប់តាមយើងចុះ កុំខ្លាចសេចក្ដីត្មះតិះដៀលរបស់មនុស្សឡើយ ក៏កុំឲ្យស្រយុតចិត្តដោយពាក្យបង្កាច់របស់គេដែរ។ ពីព្រោះកន្លាតនឹងកាត់ស៊ីគេ ដូចជាកាត់អាវ ហើយដង្កូវនឹងចោះគេ ដូចជាចុះសំពត់រោមចៀម តែសេចក្ដីសុចរិតរបស់យើងនឹងស្ថិតស្ថេរនៅជាដរាប ហើយសេចក្ដីសង្គ្រោះរបស់យើង មានសម្រាប់មនុស្សគ្រប់ជំនាន់។ ឱព្រះពាហុនៃព្រះយេហូវ៉ាអើយ សូមតើនឡើង សូមតើនឡើង ហើយពាក់ជាឥទ្ធិឫទ្ធិ សូមតើនឡើង ដូចកាលពីចាស់បុរាណ ក្នុងគ្រាតំណមនុស្សពីដើម តើមិនមែនព្រះអង្គដែលកាត់រ៉ាហាបខ្ទេចខ្ទី ដែលចាក់ទម្លុះសត្វសម្បើមនោះទេឬ? តើមិនមែនព្រះអង្គទេឬ ដែលពង្រីងទឹកសមុទ្រ គឺជាទឹកនៃទីជម្រៅធំ ហើយបានធ្វើឲ្យបាតសមុទ្រត្រឡប់ជាផ្លូវ សម្រាប់ឲ្យពួកមនុស្សដែលប្រោសលោះបានដើរឆ្លងទៅ? ឯពួកអ្នកប្រោសលោះរបស់ព្រះយេហូវ៉ា គេនឹងវិលមកវិញ ហើយមកដល់ក្រុងស៊ីយ៉ូនដោយច្រៀងចម្រៀង គេនឹងមានអំណរដ៏នៅអស់កល្បជានិច្ចពាក់លើក្បាល គេនឹងទទួលបានសេចក្ដីរីករាយ និងអំណរ ឯទុក្ខព្រួយ និងដំងូរ ត្រូវខ្ចាត់បាត់ទៅ។ យើង គឺយើងនេះហើយ ជាអ្នកដែលកម្សាន្តចិត្តអ្នករាល់គ្នា ហេតុអ្វីបានជាអ្នកខ្លាចចំពោះមនុស្សដែលត្រូវតែស្លាប់ ហើយចំពោះពួកអ្នកដែលកើតពីមនុស្ស ដែលគេនឹងត្រូវក្រៀមទៅដូចជាស្មៅនោះ? អ្នកបានភ្លេចព្រះយេហូវ៉ា ជាព្រះដែលបង្កើតអ្នកមក ដែលព្រះអង្គបានលាតផ្ទៃមេឃ ក៏ដាក់ឫសផែនដីផង ហើយរាល់ថ្ងៃអ្នកខ្លាចចំពោះសេចក្ដីក្រោធ របស់អ្នកដែលសង្កត់សង្កិន ហាក់ដូចជាគេរៀបនឹងបំផ្លាញអ្នក តែសេចក្ដីក្រោធរបស់គេនោះ តើនៅឯណា? បន្តិចទៀត ពួកអ្នកដែលជាប់ជាឈ្លើយ នឹងបានរួចចេញពីចំណងគេជាយ៉ាងឆាប់ គេនឹងមិនត្រូវស្លាប់ ចុះទៅក្នុងរណ្តៅឡើយ ក៏មិនខ្វះខាតអាហារដែរ។ ដ្បិតយើង ជាយេហូវ៉ា គឺជាព្រះរបស់អ្នក ជាព្រះដែលបង្ក្រាបសមុទ្រក្នុងកាល ដែលរលកកម្រើកឡើង ឮសន្ធឹក នាមរបស់យើង គឺយេហូវ៉ា ជាព្រះនៃពួកពលបរិវារ។ យើងបានដាក់ពាក្យពេចន៍របស់យើងនៅក្នុងមាត់អ្នក ហើយបានគ្របបាំងអ្នកដោយស្រមោលដៃរបស់យើង ដើម្បីឲ្យយើងបានដាំផ្ទៃមេឃ ហើយចាក់គ្រឹះផែនដី ហើយពោលទៅកាន់ក្រុងស៊ីយ៉ូនថា អ្នកជាប្រជារាស្ត្ររបស់យើង។
អាន អេសាយ 51
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសាយ 51:1-16
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ