អេសាយ 11:1-10

អេសាយ 11:1-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

មាន​ខ្នែង​មួយ​ដុះ​ចេញ​ពី​គល់ របស់​លោក​អ៊ីសាយ មាន​ដើម​ថ្មី​មួយ ដុះ​ចេញ​ពី​ឫស​របស់​លោក។ ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់ នឹង​សណ្ឋិត​នៅ​លើ​ព្រះ‌បុត្រា​នោះ គឺ​ជា​ព្រះ‌វិញ្ញាណ​ដែល​ផ្ដល់​ប្រាជ្ញា ឲ្យ​ចេះ​ពិចារណា​ដឹង​ខុស​ត្រូវ ព្រះ‌វិញ្ញាណ​ដែល​ផ្ដល់​ការ​ឈ្លាស​វៃ និង​ចិត្ត​អង់‌អាច ព្រះ‌វិញ្ញាណ​ដែល​បំភ្លឺ​ឲ្យ​ស្គាល់ និង​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ ព្រម​ទាំង​ឲ្យ​មាន​អំណរ​សប្បាយ ក្នុង​ការ​កោត​ខ្លាច​ព្រះ‌អម្ចាស់ ព្រះ‌បុត្រា​នេះ​មិន​វិនិច្ឆ័យ តាម​លក្ខណៈ​ខាង​ក្រៅ​ឡើយ ហើយ​ព្រះអង្គ​ក៏​មិន​កាត់​ក្ដី តាម​ដែល​ឮ​គេ​និយាយ​ដែរ។ ព្រះអង្គ​នឹង​វិនិច្ឆ័យ​ជន​ក្រីក្រ​ដោយ​យុត្តិធម៌ កាត់​ក្ដី​ឲ្យ​ជន​ទុគ៌ត ដោយ​ទៀង​ត្រង់។ ព្រះអង្គ​ប្រើ​ព្រះ‌បន្ទូល​ជា​ដំបង ដើម្បី​ធ្វើ​ទោស​មនុស្ស​នៅ​លើ​ទឹក​ដី​នេះ ហើយ​ពេល​ព្រះអង្គ​ចេញ​បញ្ជា មនុស្ស​អាក្រក់​ត្រូវ​តែ​ស្លាប់។ ព្រះអង្គ​នឹង​យក​យុត្តិធម៌​ធ្វើ​ជា​ខ្សែ​ក្រវាត់​ចង្កេះ យក​ព្រះ‌ហឫទ័យ​ស្មោះ​ត្រង់​ធ្វើ​ជា​សង្វារ។ ចចក និង​កូន​ចៀម នឹង​រស់​នៅ​ជា​មួយ​គ្នា ខ្លា​រខិន​នឹង​ដេក​ជា​មួយ​កូន​ពពែ។ កូន​គោ និង​កូន​សិង្ហ នឹង​ស៊ី​ចំណី​ជា​មួយ​គ្នា ហើយ​មាន​ក្មេង​តូច​ម្នាក់​ឃ្វាល​វា។ គោ​ញី និង​ខ្លា‌ឃ្មុំ ស៊ី​ស្មៅ​ជា​មួយ​គ្នា ហើយ​កូន​របស់​វា​ក៏​នៅ​ជា​មួយ​គ្នា​ដែរ។ សត្វ​សិង្ហ​នឹង​ចេះ​ស៊ី​ចំបើង​ដូច​គោ។ ក្មេង​ដែល​នៅ​បៅ​ដោះ​នឹង​លេង ត្រង់​មាត់​រន្ធ​ពស់​វែក ក្មេង​តូចៗ​លូក​ដៃ​ទៅ​ក្នុង​រន្ធ​ពស់​អសិរ‌ពិស។ ប្រជា‌ជន​នឹង​លែង​ប្រព្រឹត្ត​អំពើ​អាក្រក់ ឬ​បំផ្លាញ​គ្នា​នៅ​ភ្នំ​ដ៏វិសុទ្ធ​របស់​យើង​ទៀត​ហើយ សមុទ្រ​ពោរ‌ពេញ​ដោយ​ទឹក​យ៉ាង​ណា នៅ​ក្នុង​ស្រុក​ក៏​មាន​សុទ្ធ​តែ​មនុស្ស​ដែល​ស្គាល់ ព្រះ‌អម្ចាស់​យ៉ាង​នោះ​ដែរ។ នៅ​គ្រា​នោះ ព្រះ‌អម្ចាស់​នឹង​លើក​ព្រះ‌មហា‌ក្សត្រ ដែល​ប្រសូត​ចេញ​ពី​ពូជ‌ពង្ស​លោក​អ៊ីសាយ ឲ្យ​ធ្វើ​ជា​ទង់ សម្រាប់​ប្រជា‌ជន​ទាំង‌ឡាយ ប្រជា‌ជាតិ​ទាំង​នោះ​នឹង​ស្វែង​រក​ព្រះ‌មហា‌ក្សត្រ ហើយ​កន្លែង​ដែល​ព្រះអង្គ​ប្រថាប់ នឹង​បាន​ថ្កុំ‌ថ្កើង​រុងរឿង។

ចែក​រំលែក
អាន អេសាយ 11

អេសាយ 11:1-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

មាន​លំពង់​១​នឹង​ដុះ​ចេញ​ពី​គល់​របស់​អ៊ីសាយ ហើយ​មែក​១ ដែល​ចេញ​ពី​ឫស​គាត់ នឹង​កើត​មាន​ផល​ផ្លែ ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា នឹង​សណ្ឋិត​នៅ​លើ​អ្នក​នោះ គឺ​ជា​ព្រះ‌វិញ្ញាណ​នៃ​ប្រាជ្ញានឹង​យោបល់ ជា​ព្រះ‌វិញ្ញាណ​នៃ​គំនិត​វាង‌វៃ នឹង​ឫទ្ធា‌នុភាព ជា​ព្រះ‌វិញ្ញាណ​នៃ​សេចក្ដី​ចេះ​ដឹង នឹង​សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា អ្នក​នោះ​នឹង​វៃ​រហ័ស​ចំពោះ​សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ហើយ​នឹង​ជំនុំ‌ជំរះ មិន​មែន​តាម​ភ្នែក​មើល​ឃើញ ឬ​សំរេច​សេចក្ដី​តាម​ត្រចៀក​ស្តាប់​ឮ​នោះ​ឡើយ គឺ​នឹង​ជំនុំ‌ជំរះ​ពួក​ទ័ល‌ក្រ ដោយ​សេចក្ដី​សុចរិត ហើយ​សំរេច​ក្តី​ឲ្យ​មនុស្ស​រាបសា​នៅ​ផែនដី ដោយ​សេចក្ដី​ទៀង​ត្រង់ ក៏​នឹង​វាយ​ផែនដី​ដោយ​រំពាត់​នៃ​មាត់​ខ្លួន ព្រម​ទាំង​ប្រហារ​ជីវិត​មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់ ដោយ​ខ្យល់​ដង្ហើម​ពី​បបូរ​មាត់​ផង សេចក្ដី​សុចរិត​នឹង​បាន​ជា​ខ្សែ​ក្រវាត់​ចង្កេះ​របស់​អ្នក​នោះ ហើយ​សេចក្ដី​ស្មោះ‌ត្រង់​ជា​ខ្សែ​ក្រវាត់​កំឡាំង​ផង។ នៅ​គ្រា​នោះ ឆ្កែ​ព្រៃ​នឹង​នៅ​ជា​មួយ​នឹង​កូន​ចៀម ឯ​ខ្លា‌រខិន​នឹង​ដេក​នៅ​ជា​មួយ​នឹង​កូន​ពពែ ឯ​កូន​គោនឹង​សិង្ហ​ស្ទាវ ព្រម​ទាំង​សត្វ​បំប៉ន​យ៉ាង​ធាត់​នឹង​នៅ​ជា​មួយ​គ្នា ហើយ​ក្មេង​តូចៗ​ជា​អ្នក​គង្វាល​វា គោ​ញីនឹង​ខ្លា‌ឃ្មុំ​នឹង​រក​ស៊ី​ជា​មួយ​គ្នា ហើយ​កូន​វា​នឹង​ដេក​នៅ​ជា​មួយ​ដែរ ឯ​សិង្ហ​នឹង​ស៊ី​ចំបើង​ដូច​ជា​គោ​វិញ កូន​មនុស្ស​ដែល​នៅ​បៅ​ដោះ​នឹង​លេង​នៅ​ត្រង់​មាត់​រន្ធ​ពស់​ហនុមាន ហើយ​ក្មេង​លែង​ដោះ​នឹង​លូក​ដៃ​ចូល​ទៅ​ក្នុង​រូង​ពស់‌វែក​បាន វា​រាល់​គ្នា​នឹង​មិន​ធ្វើ​ទុក្ខ ឬ​បំផ្លាញ​គ្នា នៅ​គ្រប់​លើ​ភ្នំ​បរិសុទ្ធ​របស់​អញ ដ្បិត​គ្រប់​ទាំង​អស់​នឹង​ស្គាល់​ព្រះ‌យេហូវ៉ា នៅ​ពេញ‌ពាស​លើ​ផែនដី ដូច​ជា​ទឹក​នៅ​ពេញ‌ពាស​ក្នុង​សមុទ្រ​ដែរ នៅ​គ្រា​នោះ ឫស​នៃ​អ៊ីសាយ​នឹង​បាន​តាំង​ឡើង ទុក​ជា​ទង់​ដល់​ជន‌ជាតិ​ទាំង‌ឡាយ ឯ​គ្រប់​សាសន៍ គេ​នឹង​ស្វែង​រក​អ្នក​នោះ ឯ​ទី​សំរាក​របស់​អ្នក​នោះ នឹង​បាន​ជា​ទី​រុងរឿង​ឧត្តម។

ចែក​រំលែក
អាន អេសាយ 11

អេសាយ 11:1-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

មាន​លំពង់​មួយ​នឹង​ដុះ​ចេញ​ពី​គល់​របស់​អ៊ីសាយ ហើយ​មែក​មួយ ដែល​ចេញ​ពី​ឫស​គាត់ នឹង​កើត​មាន​ផល​ផ្លែ។ ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា នឹង​សណ្ឋិត​នៅ​លើ​អ្នក​នោះ គឺ​ជា​ព្រះ‌វិញ្ញាណ​នៃ​ប្រាជ្ញា​នឹង​យោបល់ ជា​ព្រះ‌វិញ្ញាណ​នៃ​គំនិត​វាង‌វៃ និង​ឫទ្ធា‌នុភាព ជា​ព្រះ‌វិញ្ញាណ​នៃ​សេចក្ដី​ចេះ​ដឹង និង​សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា។ អ្នក​នោះ​នឹង​វៃ​រហ័ស​ចំពោះ​សេចក្ដី​កោត​ខ្លាច ដល់​ព្រះ‌យេហូវ៉ា ហើយ​នឹង​ជំនុំ‌ជម្រះ មិន​មែន​តាម​ភ្នែក​មើល​ឃើញ ឬ​សម្រេច​សេចក្ដី​តាម​ត្រចៀក​ស្តាប់​ឮ​នោះ​ឡើយ គឺ​នឹង​ជំនុំ‌ជម្រះ​ពួក​ទាល់‌ក្រ ដោយ​សេចក្ដី​សុចរិត ហើយ​សម្រេច​ក្តី​ឲ្យ​មនុស្ស​រាបសា​នៅ​ផែនដី ដោយ​សេចក្ដី​ទៀង​ត្រង់ ក៏​នឹង​វាយ​ផែនដី​ដោយ​រំពាត់​នៃ​មាត់​ខ្លួន ព្រម​ទាំង​ប្រហារ​ជីវិត​មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់ ដោយ​ខ្យល់​ដង្ហើម​ពី​បបូរ​មាត់​ផង។ សេចក្ដី​សុចរិត​នឹង​បាន​ជា​ខ្សែ​ក្រវាត់​ចង្កេះ របស់​អ្នក​នោះ ហើយ​សេចក្ដី​ស្មោះ‌ត្រង់​ជា​ខ្សែ​ក្រវាត់​កម្លាំង​ផង។ នៅ​គ្រា​នោះ ឆ្កែ​ព្រៃ​នឹង​នៅ​ជា‌មួយ​កូន​ចៀម ឯ​ខ្លា‌រខិន នឹង​ដេក​នៅ​ជា‌មួយ​កូន​ពពែ ឯ​កូន​គោ និង​សិង្ហ​ស្ទាវ ព្រម​ទាំង​សត្វ​បំប៉ន​យ៉ាង​ធាត់​នឹង​នៅ​ជា‌មួយ​គ្នា ហើយ​ក្មេង​តូចៗ​ជា​គង្វាល​វា។ គោ​ញី និង​ខ្លា​ឃ្មុំ​នឹង​រក​ស៊ី​ជា‌មួយ​គ្នា ហើយ​កូន​វា​នឹង​ដេក​នៅ​ជា‌មួយ​ដែរ ឯ​សិង្ហ​នឹង​ស៊ី​ចំបើង​ដូច​ជា​គោ​វិញ។ កូន​មនុស្ស​ដែល​នៅ​បៅ​ដោះ នឹង​លេង​នៅ​ត្រង់​មាត់​រន្ធ​ពស់​ហនុ‌មាន ហើយ​ក្មេង​លែង​ដោះ​នឹង​លូក​ដៃ​ចូល​ទៅ​ក្នុង រូង​ពស់​វែក​បាន។ វា​រាល់​គ្នា​នឹង​មិន​ធ្វើ​ទុក្ខ ឬ​បំផ្លាញ​គ្នា នៅ​គ្រប់​លើ​ភ្នំ​បរិសុទ្ធ​របស់​យើង ដ្បិត​គ្រប់​ទាំង​អស់​នឹង​ស្គាល់​ព្រះ‌យេហូវ៉ា នៅ​ពេញ‌ពាស​លើ​ផែនដី ដូច​ជា​ទឹក​នៅ​ពេញ‌ពាស​ក្នុង​សមុទ្រ​ដែរ។ នៅ​គ្រា​នោះ ឫស​នៃ​អ៊ីសាយ​នឹង​បាន​តាំង​ឡើង ទុក​ជា​ទង់​ដល់​ជន​ជាតិ​ទាំង‌ឡាយ ឯ​គ្រប់​សាសន៍ គេ​នឹង​ស្វែង​រក​អ្នក​នោះ ឯ​ទី​សម្រាក​របស់​អ្នក​នោះ នឹង​បាន​ជា​ទី​រុងរឿង​ឧត្តម។

ចែក​រំលែក
អាន អេសាយ 11