អេសាយ 11
11
1មានលំពង់១នឹងដុះចេញពីគល់របស់អ៊ីសាយ ហើយមែក១ ដែលចេញពីឫសគាត់ នឹងកើតមានផលផ្លែ 2ព្រះវិញ្ញាណនៃព្រះយេហូវ៉ា នឹងសណ្ឋិតនៅលើអ្នកនោះ គឺជាព្រះវិញ្ញាណនៃប្រាជ្ញានឹងយោបល់ ជាព្រះវិញ្ញាណនៃគំនិតវាងវៃ នឹងឫទ្ធានុភាព ជាព្រះវិញ្ញាណនៃសេចក្ដីចេះដឹង នឹងសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា 3អ្នកនោះនឹងវៃរហ័សចំពោះសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា ហើយនឹងជំនុំជំរះ មិនមែនតាមភ្នែកមើលឃើញ ឬសំរេចសេចក្ដីតាមត្រចៀកស្តាប់ឮនោះឡើយ 4គឺនឹងជំនុំជំរះពួកទ័លក្រ ដោយសេចក្ដីសុចរិត ហើយសំរេចក្តីឲ្យមនុស្សរាបសានៅផែនដី ដោយសេចក្ដីទៀងត្រង់ ក៏នឹងវាយផែនដីដោយរំពាត់នៃមាត់ខ្លួន ព្រមទាំងប្រហារជីវិតមនុស្សដែលប្រព្រឹត្តអាក្រក់ ដោយខ្យល់ដង្ហើមពីបបូរមាត់ផង 5សេចក្ដីសុចរិតនឹងបានជាខ្សែក្រវាត់ចង្កេះរបស់អ្នកនោះ ហើយសេចក្ដីស្មោះត្រង់ជាខ្សែក្រវាត់កំឡាំងផង។
6នៅគ្រានោះ ឆ្កែព្រៃនឹងនៅជាមួយនឹងកូនចៀម ឯខ្លារខិននឹងដេកនៅជាមួយនឹងកូនពពែ ឯកូនគោនឹងសិង្ហស្ទាវ ព្រមទាំងសត្វបំប៉នយ៉ាងធាត់នឹងនៅជាមួយគ្នា ហើយក្មេងតូចៗជាអ្នកគង្វាលវា 7គោញីនឹងខ្លាឃ្មុំនឹងរកស៊ីជាមួយគ្នា ហើយកូនវានឹងដេកនៅជាមួយដែរ ឯសិង្ហនឹងស៊ីចំបើងដូចជាគោវិញ 8កូនមនុស្សដែលនៅបៅដោះនឹងលេងនៅត្រង់មាត់រន្ធពស់ហនុមាន ហើយក្មេងលែងដោះនឹងលូកដៃចូលទៅក្នុងរូងពស់វែកបាន 9វារាល់គ្នានឹងមិនធ្វើទុក្ខ ឬបំផ្លាញគ្នា នៅគ្រប់លើភ្នំបរិសុទ្ធរបស់អញ ដ្បិតគ្រប់ទាំងអស់នឹងស្គាល់ព្រះយេហូវ៉ា នៅពេញពាសលើផែនដី ដូចជាទឹកនៅពេញពាសក្នុងសមុទ្រដែរ 10នៅគ្រានោះ ឫសនៃអ៊ីសាយនឹងបានតាំងឡើង ទុកជាទង់ដល់ជនជាតិទាំងឡាយ ឯគ្រប់សាសន៍ គេនឹងស្វែងរកអ្នកនោះ ឯទីសំរាករបស់អ្នកនោះ នឹងបានជាទីរុងរឿងឧត្តម។
11នៅគ្រានោះ ព្រះអម្ចាស់ទ្រង់នឹងលូកព្រះហស្តទ្រង់ទៅម្តងទៀត ដើម្បីនឹងប្រមូលពួកសំណល់នៃរាស្ត្រទ្រង់ដែលសល់នៅ ឲ្យមកពីស្រុកអាសស៊ើរ ស្រុកអេស៊ីព្ទ ស្រុកប៉ាត្រូស ស្រុកគូស ស្រុកអេឡាំ ស្រុកស៊ីណើរ ស្រុកហាម៉ាត ហើយពីអស់ទាំងកោះនៅសមុទ្រមកវិញ 12ទ្រង់នឹងលើកទង់១ឡើងសំរាប់អស់ទាំងសាសន៍ ហើយនឹងប្រមូលពួកព្រាត់ប្រាសនៃសាសន៍អ៊ីស្រាអែល ព្រមទាំងរួបរួមពួកខ្ចាត់ខ្ចាយរបស់សាសន៍យូដាមកពីទិសទាំង៤នៃផែនដី 13ឯសេចក្ដីច្រណែនរបស់ពួកអេប្រាអិម នោះនឹងបាត់ទៅ ហើយអស់អ្នកក្នុងពួកយូដាដែលធ្វើទុក្ខគេនឹងត្រូវកាត់ចេញ ពួកអេប្រាអិមនឹងលែងមានសេចក្ដីច្រណែនចំពោះពួកយូដា ហើយពួកយូដានឹងលែងធ្វើទុក្ខដល់ពួកអេប្រាអិម 14គេនឹងរួមចិត្តគ្នាឆាបចុះទៅលើស្មាសាសន៍ភីលីស្ទីននៅទិសខាងលិច ក៏នឹងប្លន់ពួកអ្នកនៅស្រុកខាងកើតជាមួយគ្នា គេនឹងលូកដៃទៅបង្ក្រាបសាសន៍អេដំម នឹងសាសន៍ម៉ូអាប់ ឯពួកកូនចៅអាំម៉ូន នឹងស្តាប់បង្គាប់គេដែរ 15ព្រះយេហូវ៉ាទ្រង់នឹងបំផ្លាញដៃសមុទ្រអេស៊ីព្ទអស់រលីង ហើយនឹងលើកព្រះហស្តទៅលើទន្លេ បញ្ចេញខ្យល់ដ៏ខ្លាំងរបស់ទ្រង់ ទៅវាយទន្លេឲ្យបែកជា៧ផ្លូវ ដើម្បីឲ្យមនុស្សដែលពាក់ស្បែកជើងដើរឆ្លងទៅបាន 16ហើយនឹងមានថ្នល់១សំរាប់ពួកសំណល់នៃរាស្ត្រទ្រង់ ដែលរួចពីស្រុកអាសស៊ើរមក ដូចជាមានសំរាប់សាសន៍អ៊ីស្រាអែល នៅគ្រាដែលគេឡើងរួចពីស្រុកអេស៊ីព្ទមកដែរ។
ទើបបានជ្រើសរើសហើយ៖
អេសាយ 11: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.