អេសាយ 10
10
1វេទនាដល់ពួកអ្នក ដែលចេញបញ្ញត្តទុច្ចរិត នឹងពួកអ្នកដែលតែងច្បាប់វៀចវេរ 2ដើម្បីនឹងបង្វែរពួកកំសត់ទុគ៌តចេញពីសេចក្ដីយុត្តិធម៌ ហើយដកយកអំណាចច្បាប់ចេញពីមនុស្សទាល់ក្រ ក្នុងពួករាស្ត្ររបស់អញ ឲ្យតែបានពួកស្រីមេម៉ាយទុកជារបឹប ហើយធ្វើឲ្យពួកកំព្រាបានជារំពាដល់ខ្លួន 3តើឯងរាល់គ្នានឹងធ្វើដូចម្តេចក្នុងថ្ងៃពិនិត្យពិច័យ ហើយក្នុងការបំផ្លាញដែលនឹងមកពីទីឆ្ងាយ តើឯងរាល់គ្នានឹងរត់ទៅពឹងដល់អ្នកណា តើនឹងផ្ញើសក្តិយសរបស់ឯងទុកនៅឯណា 4នៅគ្រានោះ ឯងនឹងបានតែកន្លែងឱនចុះ នៅកណ្តាលពួកឈ្លើយប៉ុណ្ណោះ ហើយនឹងត្រូវដួល នៅក្រោមខ្មោចនៃពួកអ្នកដែលត្រូវគេសំឡាប់ ទោះបើធ្វើទោសជាច្រើនដល់ម៉្លេះក៏ដោយ គង់តែសេចក្ដីខ្ញាល់របស់ទ្រង់មិនទាន់បែរចេញនៅឡើយ គឺព្រះហស្តទ្រង់នៅតែលូកមកទៀត។
5វេទនាដល់ពួកសាសន៍អាសស៊ើរ ដែលជាដំបងនៃសេចក្ដីកំហឹងរបស់អញ ហើយរំពាត់នៅដៃគេ គឺជាសេចក្ដីគ្នាន់ក្នាញ់របស់អញ 6អញនឹងចាត់គេឲ្យទៅទាស់នឹងនគរ១ដែលទមិលល្មើស ហើយនឹងបង្គាប់ការដល់គេ ឲ្យទាស់នឹងសាសន៍១ដែលត្រូវសេចក្ដីក្រោធរបស់អញ ឲ្យបានចាប់យករបឹប ចាប់រំពា ហើយជាន់ឈ្លីសាសន៍នោះដូចជាភក់នៅផ្លូវផង 7ប៉ុន្តែគេមិនយល់ដូច្នោះទេ ហើយចិត្តគេក៏មិនគិតឃើញដល់ម៉្លោះដែរ គឺមានចិត្តចង់បំផ្លាញវិញ ក៏ចង់កាត់នគរជាច្រើន ឲ្យសូន្យចេញ មិនតិចឡើយ 8ដ្បិតគេថា ឯចៅហ្វាយរបស់អញទាំងប៉ុន្មាន តើមិនមែនជាស្តេចគ្រប់គ្នាទេឬអី 9ឯក្រុងកាលនរ តើមិនមែនដូចជាក្រុងកើកេមីសទេឬអី ក្រុងហាម៉ាត តើមិនមែនដូចជាក្រុងអើផាឌ ហើយក្រុងសាម៉ារី តើមិនមែនដូចជាក្រុងដាម៉ាសទេឬអី 10ដៃអញបានលូកទៅចាប់យកអស់ទាំងនគរ ដែលគោរពដល់រូបព្រះ ជាស្រុកដែលមានរូបឆ្លាក់វិសេសជាងរូបឆ្លាក់នៅក្រុងយេរូសាឡិម នឹងក្រុងសាម៉ារីទៅហើយ 11ចុះតើអញនឹងមិនធ្វើដល់ក្រុងយេរូសាឡិម នឹងរូបព្រះរបស់គេ ដូចជាបានធ្វើដល់ក្រុងសាម៉ារី នឹងរូបព្រះរបស់គេដែរទេឬអី។
12ព្រោះហេតុនោះ កាលណាអញ ជាព្រះអម្ចាស់បានសំរេចគ្រប់ទាំងការរបស់អញ នៅលើភ្នំស៊ីយ៉ូន នឹងក្រុងយេរូសាឡិមហើយ នោះអញនឹងធ្វើទោសដល់ស្តេចអាសស៊ើរ ដោយព្រោះការ ដែលសេចក្ដីអំនួតរបស់គេបានធ្វើ ហើយដល់សេចក្ដីអង់អាចនៃឫកខ្ពស់របស់គេដែរ។ 13ដ្បិតគេបានថា យើងបានធ្វើការនេះដោយកំឡាំងដៃយើង ហើយដោយប្រាជ្ញារបស់យើងដែរ ដោយយើងមានយោបល់ពិត យើងបានដកព្រំដែននៃសាសន៍ទាំងប៉ុន្មានចោល ក៏បានរឹបយកទ្រព្យសម្បត្តិគេ ហើយបានប្រព្រឹត្តដូចជាមនុស្សមានចិត្តក្លាហាន គឺបានទំលាក់ស្តេចដែលអង្គុយលើបល្ល័ង្កបង់ 14ដៃយើងយកបានទ្រព្យសម្បត្តិនៃអស់ទាំងសាសន៍ ដូចជាយកបានសំបុកសត្វ ក៏ដូចជាប្រមូលពងសត្វ ដែលមេចោលហើយ ជាយ៉ាងណា យើងក៏បានប្រមូលរួបរួមលោកទាំងមូលយ៉ាងនោះដែរ ឥតមានណាមួយកំរើកស្លាប ឬហាមាត់ ឬស្រែកចេចចាចឡើយ។
15ឯពូថៅ តើនឹងអួតខ្លួន ចំពោះអ្នកដែលប្រើវាឬអី តើរណារនឹងដំកើងខ្លួនចំពោះអ្នកដែលអារដែរឬ នេះឧបមាដូចជារំពាត់ដែលនឹងយារអ្នកដែលលើកវាឡើង ឬដូចជាដំបងនឹងលើកមនុស្សឡើង ជាមនុស្សដែលមិនមែនធ្វើជាឈើផង 16ព្រោះហេតុនោះ ព្រះអម្ចាស់ជាព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់នឹងចាត់សេចក្ដីស្គមស្គាំងទៅកណ្តាលពួកធាត់ៗរបស់គេ ហើយនៅក្រោមសិរីល្អរបស់គេ នោះនឹងឆួលឡើងដូចជាភ្លើងឆេះ 17ឯពន្លឺនៃសាសន៍អ៊ីស្រាអែល នោះនឹងបានសំរាប់ជាភ្លើង ហើយព្រះដ៏បរិសុទ្ធរបស់គេជាអណ្តាតភ្លើង ភ្លើងនោះនឹងឆេះឡើង ហើយបន្សុសពួកបន្លានឹងអញ្ចាញរបស់គេនៅថ្ងៃតែ១ 18ព្រមទាំងធ្វើឲ្យលំអនៃព្រៃ នឹងចំការដុះដាលរបស់គេសាបសូន្យទៅ ទាំងព្រលឹងនឹងរូបកាយរបស់គេផង នោះនឹងបានដូចជាមនុស្សកើតជំងឺ ដែលនាំឲ្យខ្លួនរីងរៃស្លាប់ទៅ 19ឯសំណល់ដើមឈើ ដែលសល់នៅក្នុងព្រៃរបស់គេ នោះនឹងបានតិចណាស់ ដល់ម៉្លេះបានជាកូនក្មេងនឹងអាចកត់ទុកបាន។
20នៅថ្ងៃនោះ សំណល់ពួកសាសន៍អ៊ីស្រាអែល នឹងអស់អ្នកក្នុងពូជពង្សយ៉ាកុបដែលបានរួចខ្លួនមក គេនឹងលែងពឹងផ្អែកលើមនុស្សដែលបានវាយគេតទៅ ហើយនឹងផ្អែកលើព្រះយេហូវ៉ា ជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ដោយពិតត្រង់វិញ 21ឯពួកដែលសល់ គឺជាសំណល់នៃពួកយ៉ាកុប គេនឹងត្រឡប់មកឯព្រះដ៏មានព្រះចេស្តាវិញ 22ឱអ៊ីស្រាអែលអើយ ទោះបើជនជាតិឯងបានដូចជាខ្សាច់នៅសមុទ្រក៏ដោយ គង់តែនឹងមានតែសំណល់ប៉ុណ្ណោះដែលមកវិញ ដ្បិតបានសំរេចឲ្យមានការបំផ្លាញ ដោយសេចក្ដីសុចរិតដ៏លើសលន់ 23ពីព្រោះព្រះអម្ចាស់ជាព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់នឹងបង្ហើយការបំផ្លាញសព្វគ្រប់នៅកណ្តាលស្រុកទាំងមូល ដូចជាបានសំរេចហើយ។
24ដូច្នេះ ព្រះអម្ចាស់ ជាព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលថា ឱរាស្ត្រអញ ដែលអាស្រ័យនៅក្រុងស៊ីយ៉ូនអើយ កុំឲ្យខ្លាចចំពោះសាសន៍អាសស៊ើរនោះឡើយ ទោះបីគេវាយឯងដោយរំពាត់ ហើយលើកដំបងខ្លួនឡើងទាស់នឹងឯង ដូចយ៉ាងសាសន៍អេស៊ីព្ទក៏ដោយ 25ដ្បិតនៅតែបន្តិចទៀត សេចក្ដីគ្នាន់ក្នាញ់នឹងបានសំរេច ហើយសេចក្ដីកំហឹងរបស់អញ នឹងបែរទៅជាបំផ្លាញដល់គេវិញ 26ព្រះយេហូវ៉ា នៃពួកពលបរិវារទ្រង់នឹងពន្យុះរំពាត់១មកទាស់នឹងគេ បែបដូចជាកាលប្រហារជីវិតសាសន៍ម៉ាឌាននៅត្រង់ថ្មអូរិប ទ្រង់នឹងយារដំបងពីលើទឹកសមុទ្រ ដូចយ៉ាងរបៀបនៅស្រុកអេស៊ីព្ទដែរ 27នៅថ្ងៃនោះបន្ទុកដែលគេដាក់លើឯងនឹងបាត់ចេញពីស្មាឯងទៅ ហើយនឹមដែលគេដាក់លើឯងនឹងបាត់ចេញពីកឯងដែរ ឯនឹមនោះនឹងត្រូវបំផ្លាញ ដោយព្រោះពិធីលាបប្រេង។
28គេបានឡើងមកដល់អៃយ៉ាត គេបានដើរកាត់ស្រុកមីករ៉ូន មកដាក់អីវ៉ាន់របស់គេនៅត្រង់មីកម៉ាសហើយ 29គេបានឆ្លងមកហួសផ្លូវកាត់ភ្នំ ហើយបានឈប់ស្នាក់នៅត្រង់កេបា ក្រុងរ៉ាម៉ាក៏ភ័យញ័រ ហើយពួកគីបៀរ ជាស្រុករបស់សូល បានរត់អស់ហើយ 30ឱកូនស្រីនៃក្រុងកាលីមអើយ ចូរបន្លឺសំឡេងឡើង ឱពួកក្រុងឡាអ៊ីសអើយ ចូរស្តាប់ចុះ ឱពួកក្រុងអាន៉ាថោតអើយ គួរអាណិតឯងណាស់ហ្ន៎ 31ពួកម៉ាតមេណាបានរត់រួចទៅហើយ ឯពួកកេប៊ីមក៏កំពុងតែរត់ដែរ 32នៅថ្ងៃនេះឯង ពួកខ្មាំងនឹងឈប់ស្នាក់នៅត្រង់ក្រុងណូប គេជន្លដៃកំហែងភ្នំនៃកូនស្រីក្រុងស៊ីយ៉ូន គឺភ្នំនៃក្រុងយេរូសាឡិម 33មើល ព្រះអម្ចាស់ ជាព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់នឹងផ្តាច់មែកឈើ ដោយសេចក្ដីស្ញែងខ្លាច នោះពួកដែលមានកំពស់នឹងត្រូវកាប់រំលំចុះ ហើយពួកនៅទីខ្ពស់ នឹងត្រូវបន្ទាបវិញ 34ទ្រង់នឹងត្រាយព្រៃស្តុកដោយគ្រឿងដែក ហើយព្រៃល្បាណូននឹងត្រូវដួលទៅ ដោយអំណាចនៃអ្នកមានអានុភាព។
ទើបបានជ្រើសរើសហើយ៖
អេសាយ 10: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.