អេសាយ 11

11
រាជ្យ​របស់​ព្រះ‌មេស្ស៊ី
1 មាន​ខ្នែង​មួយ​ដុះ​ចេញ​ពី​គល់
របស់​លោក​អ៊ីសាយ
មាន​ដើម​ថ្មី​មួយ ដុះ​ចេញ​ពី​ឫស​របស់​លោក។
2ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់
នឹង​សណ្ឋិត​នៅ​លើ​ព្រះ‌បុត្រា​នោះ
គឺ​ជា​ព្រះ‌វិញ្ញាណ​ដែល​ផ្ដល់​ប្រាជ្ញា
ឲ្យ​ចេះ​ពិចារណា​ដឹង​ខុស​ត្រូវ
ព្រះ‌វិញ្ញាណ​ដែល​ផ្ដល់​ការ​ឈ្លាស​វៃ
និង​ចិត្ត​អង់‌អាច
ព្រះ‌វិញ្ញាណ​ដែល​បំភ្លឺ​ឲ្យ​ស្គាល់
និង​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់
3ព្រម​ទាំង​ឲ្យ​មាន​អំណរ​សប្បាយ
ក្នុង​ការ​កោត​ខ្លាច​ព្រះ‌អម្ចាស់
ព្រះ‌បុត្រា​នេះ​មិន​វិនិច្ឆ័យ
តាម​លក្ខណៈ​ខាង​ក្រៅ​ឡើយ
ហើយ​ព្រះអង្គ​ក៏​មិន​កាត់​ក្ដី
តាម​ដែល​ឮ​គេ​និយាយ​ដែរ។
4 ព្រះអង្គ​នឹង​វិនិច្ឆ័យ​ជន​ក្រីក្រ​ដោយ​យុត្តិធម៌
កាត់​ក្ដី​ឲ្យ​ជន​ទុគ៌ត ដោយ​ទៀង​ត្រង់។
ព្រះអង្គ​ប្រើ​ព្រះ‌បន្ទូល​ជា​ដំបង
ដើម្បី​ធ្វើ​ទោស​មនុស្ស​នៅ​លើ​ទឹក​ដី​នេះ
ហើយ​ពេល​ព្រះអង្គ​ចេញ​បញ្ជា
មនុស្ស​អាក្រក់​ត្រូវ​តែ​ស្លាប់។
5 ព្រះអង្គ​នឹង​យក​យុត្តិធម៌​ធ្វើ​ជា​ខ្សែ​ក្រវាត់​ចង្កេះ
យក​ព្រះ‌ហឫទ័យ​ស្មោះ​ត្រង់​ធ្វើ​ជា​សង្វារ។
6 ចចក និង​កូន​ចៀម នឹង​រស់​នៅ​ជា​មួយ​គ្នា
ខ្លា​រខិន​នឹង​ដេក​ជា​មួយ​កូន​ពពែ។
កូន​គោ និង​កូន​សិង្ហ នឹង​ស៊ី​ចំណី​ជា​មួយ​គ្នា
ហើយ​មាន​ក្មេង​តូច​ម្នាក់​ឃ្វាល​វា។
7គោ​ញី និង​ខ្លា‌ឃ្មុំ ស៊ី​ស្មៅ​ជា​មួយ​គ្នា
ហើយ​កូន​របស់​វា​ក៏​នៅ​ជា​មួយ​គ្នា​ដែរ។
សត្វ​សិង្ហ​នឹង​ចេះ​ស៊ី​ចំបើង​ដូច​គោ។
8ក្មេង​ដែល​នៅ​បៅ​ដោះ​នឹង​លេង
ត្រង់​មាត់​រន្ធ​ពស់​វែក
ក្មេង​តូចៗ​លូក​ដៃ​ទៅ​ក្នុង​រន្ធ​ពស់​អសិរ‌ពិស។
9 ប្រជា‌ជន​នឹង​លែង​ប្រព្រឹត្ត​អំពើ​អាក្រក់
ឬ​បំផ្លាញ​គ្នា​នៅ​ភ្នំ​ដ៏វិសុទ្ធ​របស់​យើង​ទៀត​ហើយ
សមុទ្រ​ពោរ‌ពេញ​ដោយ​ទឹក​យ៉ាង​ណា
នៅ​ក្នុង​ស្រុក​ក៏​មាន​សុទ្ធ​តែ​មនុស្ស​ដែល​ស្គាល់
ព្រះ‌អម្ចាស់​យ៉ាង​នោះ​ដែរ។
10 នៅ​គ្រា​នោះ ព្រះ‌អម្ចាស់​នឹង​លើក​ព្រះ‌មហា‌ក្សត្រ
ដែល​ប្រសូត​ចេញ​ពី​ពូជ‌ពង្ស​លោក​អ៊ីសាយ
ឲ្យ​ធ្វើ​ជា​ទង់ សម្រាប់​ប្រជា‌ជន​ទាំង‌ឡាយ
ប្រជា‌ជាតិ​ទាំង​នោះ​នឹង​ស្វែង​រក​ព្រះ‌មហា‌ក្សត្រ
ហើយ​កន្លែង​ដែល​ព្រះអង្គ​ប្រថាប់
នឹង​បាន​ថ្កុំ‌ថ្កើង​រុងរឿង។
ប្រជា‌ជន​ដែល​គេ​ចាប់​យក​ទៅ​ជា​ឈ្លើយ​សឹក នឹង​វិល​មក​ស្រុក​វិញ
11នៅ​គ្រា​នោះ ព្រះ‌អម្ចាស់​សម្តែង​បារមី​សា​ជា​ថ្មី
ដើម្បី​លោះ​ប្រជា‌ជន​របស់​ព្រះអង្គ
ដែល​នៅ​សេស‌សល់
គឺ​អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ស្រុក​អាស្ស៊ីរី
ស្រុក​អេស៊ីប ស្រុក​ប៉ាត្រូស ស្រុក​អេត្យូ‌ពី
ស្រុក​អេឡាម ស្រុក​ស៊ី‌ណើរ ក្រុង​ហា‌ម៉ាត់
និង​កោះ​ទាំង‌ឡាយ​នៅ​តាម​សមុទ្រ។
12ព្រះអង្គ​នឹង​លើក​ទង់​មួយ
ជា​សញ្ញា​ឲ្យ​ប្រជា‌ជាតិ​ទាំង‌ឡាយ​ដឹង​ថា
ព្រះអង្គ​នឹង​ប្រមែ‌ប្រមូល​ជន‌ជាតិ​អ៊ីស្រា‌អែល
ដែល​គេ​កៀរ​យក​ទៅ
ហើយ​នាំ​ជន‌ជាតិ​យូដា​ដែល​បែក‌ខ្ញែក​គ្នា
ទៅ​ពាស‌ពេញ​សកល​លោក​ទាំង​មូល
ឲ្យ​វិល​ត្រឡប់​មក​វិញ។
13ពេល​នោះ អេប្រាអ៊ីម​ឈប់​មាន​ចិត្ត​ច្រណែន
ហើយ​ខ្មាំង​សត្រូវ​របស់​យូដា​នឹង​វិនាស​សូន្យ។
អេប្រាអ៊ីម​លែង​ច្រណែន​នឹង​យូដា
យូដា​ក៏​លែង​ប្រឆាំង​នឹង​អេប្រាអ៊ីម​ទៀត​ដែរ។
14គេ​នឹង​ពួត‌ដៃ​គ្នា​វាយ​លុក​ជន‌ជាតិ​ភីលីស្ទីន
ដែល​នៅ​ខាង​លិច គេ​នឹង​រឹប​អូស​យក
សម្បត្តិ​របស់​ជន‌ជាតិ​នានា ដែល​នៅ​ខាង​កើត
គេ​នឹង​បង្ក្រាប​ស្រុក​អេដុម និង​ស្រុក​ម៉ូអាប់
ព្រម​ទាំង​យក​ស្រុក​អាំម៉ូន​ធ្វើ​ជា​ចំណុះ​ផង។
15 ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​ឈូង​សមុទ្រ
នៅ​ស្រុក​អេស៊ីប​រីង​ស្ងួត
ព្រះអង្គ​លើក​ព្រះ‌ហស្ដ​កំហែង​ទន្លេ​អឺប្រាត
ព្រះអង្គ​ប្រើ​ព្រះ‌ចេស្ដា​ផ្លុំ​បំបែក​ទន្លេ​នេះ
ឲ្យ​ទៅ​ជា​ដៃ​ទន្លេ​ប្រាំ‌ពីរ
ហើយ​ប្រជា‌ជន​អាច​ដើរ​ឆ្លង​បាន។
16ពេល​នោះ នឹង​មាន​ផ្លូវ​មួយ សម្រាប់​ប្រជា‌ជន
អ៊ីស្រា‌អែល​ដែល​នៅ​សេស‌សល់​ពី​ស្លាប់
គឺ​អស់​អ្នក​ដែល​រស់​នៅ​ស្រុក​អាស្ស៊ីរី
ដូច​កាល​ពី​ដើម មាន​ផ្លូវ​មួយ​សម្រាប់
បុព្វបុរស​របស់​គេ​ចេញ​ពី​ស្រុក​អេស៊ីប​ដែរ។

ទើបបានជ្រើសរើសហើយ៖

អេសាយ 11: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល