អេសាយ 12
12
ទំនុកតម្កើង អរព្រះគុណព្រះអម្ចាស់
1នៅគ្រានោះ ប្រជាជននឹងពោលឡើងថា៖
«ឱព្រះអម្ចាស់អើយ!
ទូលបង្គំនឹងលើកតម្កើងព្រះអង្គ។
ពីមុន ព្រះអង្គទ្រង់ព្រះពិរោធនឹងទូលបង្គំ
ឥឡូវនេះ ព្រះអង្គលែងព្រះពិរោធទៀតហើយ
គឺព្រះអង្គសម្រាលទុក្ខទូលបង្គំ។
2 ព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ
ខ្ញុំផ្ញើជីវិតលើព្រះអង្គ
ខ្ញុំលែងភ័យខ្លាចទៀតហើយ
ដ្បិតព្រះអម្ចាស់ជាកម្លាំងរបស់ខ្ញុំ
ខ្ញុំនឹងច្រៀងថ្វាយព្រះអង្គ
ព្រោះព្រះអង្គបានសង្គ្រោះខ្ញុំ»។
3ព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់អ្នករាល់គ្នា
ចូរទៅដងទឹកពីប្រភពនៃការសង្គ្រោះនេះ
ដោយអំណរសប្បាយដ៏លើសលុប។
4នៅគ្រានោះ អ្នករាល់គ្នានឹងពោលឡើងថា:
ចូរអរព្រះគុណព្រះអម្ចាស់
ចូរប្រកាសព្រះនាមរបស់ព្រះអង្គ
ចូរថ្លែងពីស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអង្គ
ប្រាប់ប្រជាជនទាំងឡាយ។
ចូររំឭកឲ្យគ្រប់ៗគ្នាដឹងថា
ព្រះនាមរបស់ព្រះអង្គឧត្ដុង្គឧត្ដមណាស់។
5ចូរស្មូត្រទំនុកតម្កើង ថ្វាយព្រះអម្ចាស់
ដ្បិតព្រះអង្គបានធ្វើការផ្សេងៗដ៏អស្ចារ្យបំផុត
ចូរប្រកាសពីការអស្ចារ្យទាំងនេះ
ឲ្យមនុស្សនៅលើផែនដីទាំងមូលដឹងផង!
6អ្នកក្រុងស៊ីយ៉ូនអើយ
ចូរនាំគ្នាបន្លឺសំឡេងជយឃោសដោយអំណរ!
ដ្បិតព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល
ដែលគង់នៅកណ្ដាលចំណោមអ្នករាល់គ្នា
ទ្រង់ឧត្ដុង្គឧត្ដម!
ទើបបានជ្រើសរើសហើយ៖
អេសាយ 12: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.