អេសាយ 13
13
សេចក្ដីប្រកាសប្រឆាំងនឹងប្រជាជាតិនានា
ទោសរបស់រាជាណាចក្របាប៊ីឡូន
1 សេចក្ដីប្រកាសស្ដីអំពីស្រុកបាប៊ីឡូន ដែលលោកអេសាយជាកូនរបស់លោកអម៉ូស បានឃើញក្នុងនិមិត្តដ៏អស្ចារ្យ:
2«ចូរលើកទង់សញ្ញាមួយ
នៅលើភ្នំមួយដែលគ្មានដើមឈើ
ចូរនាំគ្នាស្រែក និងបក់ដៃហៅពួកទាហាន
ទាំងនោះឲ្យចូលមកតាមទ្វារកិត្តិយស។
3យើងបានចេញបញ្ជាទៅកាន់អស់អ្នក
ដែលប្រគល់ជីវិតមកយើង
គឺហៅអ្នកចម្បាំងដ៏ជំនាញទាំងនោះមក
ដើម្បីប្រើពួកគេឲ្យសម្រេចតាម
កំហឹងរបស់យើង
ពួកគេនឹងមានអំណរសប្បាយ
ដោយយើងមានជ័យជម្នះ»។
4ចូរស្ដាប់ស្នូរសន្ធឹកដ៏គគ្រឹកគគ្រេងនៅតាមភ្នំ
ដូចសំឡេងមហាជនយ៉ាងច្រើនកុះករ
គឺជាសំឡេងរបស់ប្រជាជាតិនៃរាជាណាចក្រ
ជាច្រើនឥតគណនាដែលមកជួបជុំគ្នា។
ព្រះអម្ចាស់នៃពិភពទាំងមូល
ត្រួតពលដែលត្រៀមខ្លួនទៅច្បាំង។
5អ្នកទាំងនោះមកពីស្រុកឆ្ងាយៗ
គឺមកពីជើងមេឃ
ព្រះអម្ចាស់នឹងប្រើពួកគេ
ដើម្បីសម្រេចតាមព្រះពិរោធរបស់ព្រះអង្គ
និងបំផ្លាញស្រុកនោះទាំងមូល។
6 ចូរនាំគ្នាស្រែកទ្រហោយំ
ដ្បិតថ្ងៃរបស់ព្រះអម្ចាស់មកជិតបង្កើយហើយ។
នៅថ្ងៃនោះ ព្រះដ៏ខ្ពង់ខ្ពស់បំផុត
នឹងធ្វើឲ្យកើតមហន្តរាយ។
7ហេតុនេះហើយបានជាមនុស្សគ្រប់ៗគ្នា
បាក់ទឹកចិត្ត លែងមានសេចក្ដីក្លាហាន។
8ពួកគេនឹងភ័យតក់ស្លុត ឈឺចុកចាប់ រមួលខ្លួន
ដូចស្ត្រីដែលកំពុងតែសម្រាលកូន។
ពួកគេមើលមុខគ្នាទៅវិញទៅមក
ទាំងស្រឡាំងកាំង ហើយមុខរបស់គេ
ពោរពេញទៅដោយភាពអាម៉ាស់។
9មើល៍ ថ្ងៃនៃព្រះអម្ចាស់មកដល់ហើយ
គឺជាថ្ងៃមួយដ៏សាហាវ
ជាថ្ងៃដែលមនុស្សត្រូវទទួលទោស
ស្របតាមព្រះពិរោធដ៏ខ្លាំងបំផុត។
ថ្ងៃនោះនឹងធ្វើឲ្យផែនដីក្លាយទៅជា
ទីស្មសានដ៏ស្ងាត់ជ្រងំ
មនុស្សបាបទាំងអស់នឹងវិនាសសូន្យ។
10 ផ្កាយទាំងប៉ុន្មាន និងហ្វូងតារានៅលើមេឃ
នឹងលែងបញ្ចេញពន្លឺ
ព្រះអាទិត្យនឹងបាត់រស្មីតាំងពីពេលរះឡើង
ហើយព្រះច័ន្ទក៏លែងចាំងពន្លឺទៀតដែរ។
11យើងនឹងដាក់ទោសមនុស្សលោក
ព្រោះតែអំពើអាក្រក់ដែលគេប្រព្រឹត្ត
យើងនឹងដាក់ទោសមនុស្សពាល
ព្រោះតែកំហុសរបស់គេ យើងនឹងបំបាក់
អំនួតរបស់មនុស្សអួតអាង ហើយបង្ក្រាប
ចិត្តព្រហើនរបស់មនុស្សឃោរឃៅ។
12យើងនឹងធ្វើឲ្យមនុស្សនៅសល់តិចតួចបំផុត
គឺពិបាករកជាងរកមាសទឹកដប់
និងមាសដ៏ល្អបំផុត ទៅទៀត។
13នៅថ្ងៃដែលព្រះអម្ចាស់នៃពិភពទាំងមូល
ខ្ញាល់នឹងមនុស្សលោក
ផ្ទៃមេឃនឹងកក្រើករំពើក
ផែនដីនឹងរញ្ជួយនៅលើគ្រឹះរបស់វា
ដោយសារព្រះពិរោធដ៏ខ្លាំងរបស់ព្រះអង្គ។
14ពេលនោះ ម្នាក់ៗវិលទៅរកប្រជាជនរបស់ខ្លួន
ហើយរត់ទៅរកស្រុកកំណើតវិញ
ប្រៀបដូចសត្វប្រើសប្រឹងរត់នៅមុខព្រាន
ឬដូចហ្វូងចៀមដែលគ្មាននរណាឃ្វាល។
15អ្នកណាត្រូវគេប្រទះឃើញ
អ្នកនោះនឹងស្លាប់ដោយមុខព្រួញ
ហើយអ្នកណាត្រូវគេតាមទាន់
អ្នកនោះនឹងស្លាប់ដោយមុខដាវ។
16ខ្មាំងនឹងបោកទារករបស់គេនៅចំពោះមុខគេ
ផ្ទះរបស់គេត្រូវខ្មាំងរឹបអូសយកអ្វីៗទាំងអស់
ហើយប្រពន្ធរបស់គេក៏ត្រូវខ្មាំងរំលោភដែរ។
17យើងនឹងជំរុញជនជាតិមេឌី
ឲ្យលើកគ្នាមកវាយប្រហារពួកគេ។
អ្នកទាំងនោះគ្មានចិត្តចង់បានមាស ឬប្រាក់ទេ។
18ជនជាតិមេឌីនឹងបាញ់ព្រួញប្រហារពួកយុវជន
ហើយគ្មានចិត្តអាណិតអាសូរទារកដែលទើប
នឹងកើត ឬក៏អាណិតមេត្តាក្មេងតូចៗទេ។
19 រីឯបាប៊ីឡូន ជាក្រុងដ៏ថ្កុំថ្កើងជាងគេក្នុង
រាជាណាចក្រ ដែលធ្វើឲ្យជនជាតិខាល់ដេ
មានមោទនភាព នឹងត្រូវព្រះជាម្ចាស់រំលាយ
ដូចក្រុងសូដុម និងក្រុងកូម៉ូរ៉ាដែរ។
20ក្រុងនោះនឹងលែងមាននរណារស់នៅ
លែងមានប្រជាជនរហូតតទៅ។
សូម្បីពួកអារ៉ាប់ក៏លែងបោះជំរំនៅទីនោះ
ហើយពួកគង្វាលក៏មិននាំហ្វូងចៀមរបស់ខ្លួន
ទៅស៊ីស្មៅនៅតាមទីនោះដែរ។
21 មានតែសត្វព្រៃប៉ុណ្ណោះដែលនឹងនាំគ្នាមក
ស្នាក់អាស្រ័យនៅ
មានសត្វទីទុយនាំគ្នាមកធ្វើសំបុកនៅតាមផ្ទះ
សត្វត្មាតនាំគ្នាមករស់នៅ
សត្វពពែព្រៃនាំគ្នាមកលោតលេង។
22ហ្វូងឆ្កែព្រៃនឹងលូនៅតាមដំណាក់របស់ពួកគេ
ហើយហ្វូងស្វានរស់នៅក្នុងវិមានលំហែកាយ។
ពេលកំណត់របស់ក្រុងបាប៊ីឡូនជិតមកដល់
ឥតពន្យារឡើយ។
ទើបបានជ្រើសរើសហើយ៖
អេសាយ 13: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.