អេសាយ 11
11
រាជ្យរបស់ព្រះមែស្ស៊ី
1មានលំពង់មួយនឹងដុះចេញពីគល់របស់អ៊ីសាយ
ហើយមែកមួយ ដែលចេញពីឫសគាត់
នឹងកើតមានផលផ្លែ។
2ព្រះវិញ្ញាណនៃព្រះយេហូវ៉ា
នឹងសណ្ឋិតនៅលើអ្នកនោះ
គឺជាព្រះវិញ្ញាណនៃប្រាជ្ញានឹងយោបល់
ជាព្រះវិញ្ញាណនៃគំនិតវាងវៃ និងឫទ្ធានុភាព
ជាព្រះវិញ្ញាណនៃសេចក្ដីចេះដឹង
និងសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា។
3អ្នកនោះនឹងវៃរហ័សចំពោះសេចក្ដីកោតខ្លាច
ដល់ព្រះយេហូវ៉ា
ហើយនឹងជំនុំជម្រះ មិនមែនតាមភ្នែកមើលឃើញ
ឬសម្រេចសេចក្ដីតាមត្រចៀកស្តាប់ឮនោះឡើយ
4គឺនឹងជំនុំជម្រះពួកទាល់ក្រ ដោយសេចក្ដីសុចរិត
ហើយសម្រេចក្តីឲ្យមនុស្សរាបសានៅផែនដី
ដោយសេចក្ដីទៀងត្រង់
ក៏នឹងវាយផែនដីដោយរំពាត់នៃមាត់ខ្លួន
ព្រមទាំងប្រហារជីវិតមនុស្សដែលប្រព្រឹត្តអាក្រក់
ដោយខ្យល់ដង្ហើមពីបបូរមាត់ផង។
5សេចក្ដីសុចរិតនឹងបានជាខ្សែក្រវាត់ចង្កេះ
របស់អ្នកនោះ
ហើយសេចក្ដីស្មោះត្រង់ជាខ្សែក្រវាត់កម្លាំងផង។
6នៅគ្រានោះ ឆ្កែព្រៃនឹងនៅជាមួយកូនចៀម
ឯខ្លារខិន នឹងដេកនៅជាមួយកូនពពែ
ឯកូនគោ និងសិង្ហស្ទាវ
ព្រមទាំងសត្វបំប៉នយ៉ាងធាត់នឹងនៅជាមួយគ្នា
ហើយក្មេងតូចៗជាគង្វាលវា។
7គោញី និងខ្លាឃ្មុំនឹងរកស៊ីជាមួយគ្នា
ហើយកូនវានឹងដេកនៅជាមួយដែរ
ឯសិង្ហនឹងស៊ីចំបើងដូចជាគោវិញ។
8កូនមនុស្សដែលនៅបៅដោះ
នឹងលេងនៅត្រង់មាត់រន្ធពស់ហនុមាន
ហើយក្មេងលែងដោះនឹងលូកដៃចូលទៅក្នុង
រូងពស់វែកបាន។
9វារាល់គ្នានឹងមិនធ្វើទុក្ខ ឬបំផ្លាញគ្នា
នៅគ្រប់លើភ្នំបរិសុទ្ធរបស់យើង
ដ្បិតគ្រប់ទាំងអស់នឹងស្គាល់ព្រះយេហូវ៉ា
នៅពេញពាសលើផែនដី
ដូចជាទឹកនៅពេញពាសក្នុងសមុទ្រដែរ។
ពួកអ៊ីស្រាអែល និងពួកយូដាដែលជាប់ជាឈ្លើយបានវិលត្រឡប់មកវិញ
10នៅគ្រានោះ ឫសនៃអ៊ីសាយនឹងបានតាំងឡើង ទុកជាទង់ដល់ជនជាតិទាំងឡាយ ឯគ្រប់សាសន៍ គេនឹងស្វែងរកអ្នកនោះ ឯទីសម្រាករបស់អ្នកនោះ នឹងបានជាទីរុងរឿងឧត្តម។
11នៅគ្រានោះ ព្រះអម្ចាស់នឹងលូកព្រះហស្តរបស់ព្រះអង្គទៅម្តងទៀត ដើម្បីប្រមូលពួកសំណល់នៃប្រជារាស្ត្ររបស់ព្រះអង្គដែលនៅសល់ ឲ្យមកពីស្រុកអាសស៊ើរ ស្រុកអេស៊ីព្ទ ស្រុកប៉ាត្រូស ស្រុកអេធីយ៉ូពី ស្រុកអេឡាំ ស្រុកស៊ីណើរ ស្រុកហាម៉ាត ហើយពីអស់ទាំងកោះនៅសមុទ្រមកវិញ
12ព្រះអង្គនឹងលើកទង់មួយឡើង
សម្រាប់អស់ទាំងសាសន៍
ហើយនឹងប្រមូលពួកព្រាត់ប្រាស
នៃសាសន៍អ៊ីស្រាអែល
ព្រមទាំងរួបរួមពួកខ្ចាត់ខ្ចាយរបស់សាសន៍យូដា
មកពីទិសទាំងបួននៃផែនដី។
13ឯសេចក្ដីច្រណែនរបស់ពួកអេប្រាអិម
នោះនឹងបាត់ទៅ
ហើយអស់អ្នកក្នុងពួកយូដាដែលធ្វើទុក្ខគេ
នឹងត្រូវកាត់ចេញ
ពួកអេប្រាអិមនឹងលែងមានសេចក្ដីច្រណែន
ចំពោះពួកយូដា
ហើយពួកយូដានឹងលែងធ្វើទុក្ខ
ដល់ពួកអេប្រាអិម។
14គេនឹងរួមចិត្តគ្នាឆាបចុះទៅលើស្មា
សាសន៍ភីលីស្ទីននៅទិសខាងលិច
ក៏នឹងប្លន់ពួកអ្នកនៅស្រុកខាងកើតជាមួយគ្នា
គេនឹងលូកដៃទៅបង្ក្រាបសាសន៍អេដុម
នឹងសាសន៍ម៉ូអាប់
ឯពួកកូនចៅអាំម៉ូន នឹងស្តាប់បង្គាប់គេដែរ។
15ព្រះយេហូវ៉ានឹងបំផ្លាញដៃសមុទ្រអេស៊ីព្ទ
អស់រលីង ហើយនឹងលើកព្រះហស្ត
ទៅលើទន្លេ បញ្ចេញខ្យល់ដ៏ខ្លាំងរបស់ព្រះអង្គ
ទៅវាយទន្លេឲ្យបែកជាប្រាំពីរផ្លូវ
ដើម្បីឲ្យមនុស្សដែលពាក់ស្បែកជើង
ដើរឆ្លងទៅបាន។
16នោះនឹងមានថ្នល់មួយសម្រាប់ពួកសំណល់
នៃប្រជារាស្ត្រព្រះអង្គ
ដែលរួចពីស្រុកអាសស៊ើរមក
ដូចជាមានសម្រាប់សាសន៍អ៊ីស្រាអែល
នៅគ្រាដែលគេឡើងរួចពីស្រុកអេស៊ីព្ទមកដែរ។
ទើបបានជ្រើសរើសហើយ៖
អេសាយ 11: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies