អេសាយ 12

12
ការ​អរព្រះគុណ និង​ការសរសើរ​តម្កើង
1នៅ​គ្រា​នោះ អ្នក​នឹង​ពោល​ថា៖
ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​នឹង​អរ​ព្រះ‌គុណ​ដល់​ព្រះ‌អង្គ
ដ្បិត​ទោះ​បើ​ព្រះ‌អង្គ​បាន​ខ្ញាល់​នឹង​ទូល‌បង្គំ​ក៏​ដោយ
តែ​ឥឡូវ​នេះ សេចក្ដី​ក្រោធ​នោះ​បាន​បែរ​ចេញ​ទៅ​ហើយ
ព្រះ‌អង្គ​បាន​កម្សាន្ត​ចិត្ត​ទូល‌បង្គំ​វិញ។
2មើល៍! ព្រះ‌អង្គ​ជា​សេចក្ដី​សង្គ្រោះ​របស់​ខ្ញុំ
ខ្ញុំ​នឹង​ទុក​ចិត្ត​ឥត​មាន​សេចក្ដី​ខ្លាច​ឡើយ
ដ្បិត​ព្រះ ដ៏​ជា​ព្រះ‌យេហូវ៉ា ជា​កម្លាំង
ហើយ​ជា​បទ​ចម្រៀង​របស់​ខ្ញុំ
គឺ​ព្រះ‌អង្គ​ដែល​បាន​សង្គ្រោះ​ខ្ញុំ។
3ដោយ​ហេតុ​នោះ អ្នក​រាល់​គ្នា​នឹង​ដង​ទឹក​ពី​អណ្តូង​នៃ​សេចក្ដី​សង្គ្រោះ​ដោយ​អំណរ 4ហើយ​នៅ​គ្រា​នោះ អ្នក​រាល់​គ្នា​នឹង​ពោល​ថា៖
ចូរ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា
ចូរ​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌អង្គ
ចូរ​សរសើរ​ពី​កិច្ច‌ការ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ​ចុះ
នៅ​កណ្ដាល​ប្រជាជន​ទាំង‌ឡាយ
ចូរ​ប្រកាស​ប្រាប់​ថា ព្រះ‌នាម​ព្រះ‌អង្គ​ខ្ពស់​វិសេស។
5ចូរ​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា
ពី​ព្រោះ​ព្រះ‌អង្គ​បាន​ធ្វើ​ការ​ដ៏​ប្រសើរ
ត្រូវ​ឲ្យ​មនុស្ស​ដឹង​ដំណឹង​នេះ​នៅ​ពេញ​លើ​ផែនដី​ផង។
6ឱ​ពួក​អ្នក​នៅ​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​បន្លឺ​សំឡេង​ឡើង
ហើយ​ស្រែក​ហ៊ោ​ដោយ​អំណរ​ចុះ
ដ្បិត​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល
ព្រះ‌អង្គ​ធំ​ប្រសើរ​នៅ​កណ្ដាល​អ្នក​រាល់​គ្នា។

ទើបបានជ្រើសរើសហើយ៖

អេសាយ 12: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល