អេសាយ 13
13
ទោសរបស់រាជាណាចក្របាប៊ីឡូន
1នេះជាសេចក្ដីទំនាយយ៉ាងធ្ងន់ដែលហោរាអេសាយ ជាកូនអ័ម៉ូស បានឃើញពីស្រុកបាប៊ីឡូន។
2ចូរលើកទង់មួយសម្រាប់អ្នករាល់គ្នា
នៅលើភ្នំត្រងិលចុះ
ចូរបន្លឺសំឡេងឡើង ហើយបោយដៃហៅ
ដើម្បីឲ្យគេបានចូលទៅ
តាមទ្វាររបស់ពួកមនុស្សដ៏មានត្រកូលខ្ពស់។
3យើងបានបង្គាប់ដល់ពួកបរិសុទ្ធរបស់យើង
យើងបានហៅពួកខ្លាំងពូកែរបស់យើង
សម្រាប់នឹងសម្រេចសេចក្ដីក្រោធរបស់យើង
គឺជាពួកអ្នកដែលមានអំណរ
ចំពោះសេចក្ដីខ្ពង់ខ្ពស់របស់យើង។
4មានឮសូរគឹកកងរបស់មនុស្សកកកុញនៅលើភ្នំ
គឺជាសូរដូចជាប្រជាជាតិយ៉ាងធំ
ជាសូរអ៊ឹកធឹករបស់នគរនៃសាសន៍ទាំងប៉ុន្មានប្រជុំគ្នា
គឺព្រះយេហូវ៉ានៃពួកពលបរិវារ
ព្រះអង្គកំពុងតែត្រួតត្រាមើលពលទ័ពសម្រាប់ចូលច្បាំង។
5គេមកពីស្រុកឆ្ងាយ
ជាប្រទេសនៅជើងមេឃទីបំផុត
គឺព្រះយេហូវ៉ា និងគ្រឿងអាវុធ
នៃសេចក្ដីគ្នាន់ក្នាញ់របស់ព្រះអង្គ
ដើម្បីនឹងបំផ្លាញស្រុកនោះទាំងមូល។
6ចូរទ្រហោសោកពិលាបចុះ
ដ្បិតថ្ងៃនៃព្រះយេហូវ៉ាជិតដល់ហើយ
ថ្ងៃនេះនឹងមកដល់ទុកជាការបំផ្លាញ
ដែលមកពីព្រះដ៏មានគ្រប់ព្រះចេស្តា
7ដោយហេតុនោះ
បានជាដៃមនុស្សទាំងអស់នឹងត្រូវខ្សោយ
ហើយចិត្តនៃមនុស្សទាំងអស់នឹងរលត់ទៅ
8គេនឹងស្រយុតចិត្តទៅ
សេចក្ដីឈឺចាប់និងសេចក្ដីទុក្ខលំបាកនឹងចាប់គេបាន
គេនឹងឈឺចាប់ ដូចស្ត្រីដែលហៀបនឹងសម្រាលកូន
គេនឹងស្រឡាំងកាំង មើលគ្នាទៅវិញទៅមក
ហើយមានទឹកមុខស្រមេះ។
9មើល៍ ថ្ងៃនៃព្រះយេហូវ៉ាកំពុងតែមកដល់
ជាថ្ងៃដ៏សហ័សដោយសេចក្ដីក្រោធ
និងកំហឹងយ៉ាងខ្លាំង
ដើម្បីនឹងបំផ្លាញស្រុកឲ្យរលីង
ហើយនឹងធ្វើឲ្យមនុស្សមានបាបសូន្យចេញ។
10ពីព្រោះអស់ទាំងផ្កាយនៅលើមេឃនិងផ្កាយចក្ររាសី
នឹងលែងបញ្ចេញពន្លឺ
ព្រះអាទិត្យនឹងងងឹត តាំងតែពីរះឡើង
ហើយព្រះចន្ទក៏នឹងអាប់រស្មីទៅដែរ។
11យើងនឹងធ្វើទោសដល់លោកីយ
ដោយព្រោះអំពើអាក្រក់របស់គេ
ព្រមទាំងមនុស្សដែលប្រព្រឹត្តបទអាក្រក់
ដោយព្រោះអំពើទុច្ចរិតរបស់គេដែរ
យើងនឹងបំបាត់សេចក្ដីឆ្មើងឆ្មៃរបស់ពួកអំនួត
ហើយនឹងបន្ទាបបន្ថោកឫកខ្ពស់
របស់មនុស្សកាចអាក្រក់។
12យើងនឹងធ្វើឲ្យកម្រមានមនុស្ស
ដូចជាកម្រមានមាសសុទ្ធដែរ
គឺនឹងឲ្យមនុស្សមួយនាក់កម្រមាន
ជាជាងមាសពីស្រុកអូភារទៅទៀត។
13ដូច្នេះ យើងនឹងធ្វើឲ្យផ្ទៃមេឃញាប់ញ័រ
ហើយផែនដីនឹងត្រូវកក្រើករំពើកចេញពីកន្លែងធម្មតា
គឺក្នុងគ្រានៃសេចក្ដីក្រោធ
របស់ព្រះយេហូវ៉ានៃពួកពលបរិវារ
ហើយក្នុងថ្ងៃនៃសេចក្ដីក្រោធដ៏សហ័សរបស់ព្រះអង្គ។
14នោះគេនឹងបានដូចជាប្រើសដែលត្រូវគេប្រដេញ
ហើយដូចជាហ្វូងចៀមដែលឥតមានគង្វាល
គ្រប់គ្នានឹងវិលទៅឯសាសន៍របស់ខ្លួនវិញ
ហើយរត់ទៅឯស្រុករបស់ខ្លួនគ្រប់ៗគ្នា។
15ឯអស់អ្នកដែលត្រូវប្រទះឃើញ
នោះនឹងត្រូវចាក់ទម្លុះ
ហើយអស់អ្នកណាដែលត្រូវចាប់បាន
នោះនឹងត្រូវដួលដោយដាវ។
16កូនង៉ែតរបស់គេនឹងត្រូវបោកខ្ទេចខ្ទីនៅចំពោះមុខ
ផ្ទះគេនឹងត្រូវរឹបអូស
ឯប្រពន្ធរបស់គេនឹងត្រូវគេចាប់រំលោភ។
17មើល៍ យើងនឹងញុះញង់សាសន៍មេឌីឲ្យទាស់នឹងគេ
ជាសាសន៍ដែលមិនរាប់អានប្រាក់
សូម្បីតែមាសក៏មិនមានចិត្តរីករាយដែរ។
18ឯធ្នូរបស់សាសន៍នោះនឹងផ្តួលពួកកំលោះៗ
អស់រលីងទៅ
គេនឹងឥតមានមេត្តាចំពោះផលកើតពីផ្ទៃឡើយ
ភ្នែកគេមិនចេះប្រណីដល់ពួកក្មេងៗដែរ។
19នោះក្រុងបាប៊ីឡូនដែលជាសិរីល្អនៃអស់ទាំងនគរ
ហើយជាទីលម្អនៃសេចក្ដីអំនួតរបស់សាសន៍ខាល់ដេ
នឹងត្រូវដូចជាកាលព្រះបានរំលាងក្រុងសូដុម
និងក្រុងកូម៉ូរ៉ាដែរ។
20ក្រុងនោះនឹងគ្មានអ្នកណានៅតទៅទៀតឡើយ
ក៏មិនដែលមានអ្នកណាអាស្រ័យនៅ
ដរាបដល់អស់ទាំងតំណមនុស្សតទៅ
ទោះទាំងសាសន៍អារ៉ាប់
គេក៏មិនដំឡើងត្រសាលនៅទីនោះ
ហើយពួកគង្វាលក៏មិននាំហ្វូងសត្វ
របស់គេទៅដេកនៅទីនោះដែរ។
21គឺនឹងមានតែសត្វដែលនៅទីរហោស្ថាន
បានដេកនៅទីនោះវិញ
ឯផ្ទះគេនឹងមានពេញដោយសំឡេងសត្វយំ
សត្វអូទ្រុសនឹងអាស្រ័យនៅ
ហើយពពែព្រៃនឹងលោតកញ្ឆេងនៅទីនោះ។
22ហ្វូងឆ្កែព្រៃនឹងលូននៅក្នុងដំណាក់របស់គេ
ហើយស្វាននឹងនៅក្នុងមន្ទីរជាទីសប្បាយរបស់គេដែរ
ឯពេលវេលារបស់ទីក្រុងនោះ ក៏ជិតដល់ហើយ
ថ្ងៃកំណត់នឹងមិនបន្ថយប៉ុន្មានទេ។
ទើបបានជ្រើសរើសហើយ៖
អេសាយ 13: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies