អេសាយ 10
10
1វេទនាដល់ពួកអ្នក ដែលចេញបញ្ញត្តិទុច្ចរិត
និងពួកអ្នកដែលតែងច្បាប់វៀចវេរ
2ដើម្បីនឹងបង្វែរពួកកម្សត់ទុគ៌តចេញពីសេចក្ដីយុត្តិធម៌
ហើយដកយកអំណាចច្បាប់ចេញពីមនុស្សទាល់ក្រ
ក្នុងពួកប្រជារាស្ត្ររបស់យើង
ឲ្យតែបានពួកស្ត្រីមេម៉ាយទុកជារបឹប
ហើយធ្វើឲ្យពួកកំព្រាបានជារំពាដល់ខ្លួន
3តើអ្នករាល់គ្នានឹងធ្វើដូចម្តេចក្នុងថ្ងៃពិនិត្យពិច័យ
ហើយក្នុងការបំផ្លាញដែលនឹងមកពីទីឆ្ងាយ
តើអ្នករាល់គ្នានឹងរត់ទៅពឹងដល់អ្នកណា
តើនឹងផ្ញើសក្តិយសរបស់អ្នកទុកនៅឯណា
4នៅគ្រានោះ អ្នកនឹងបានកន្លែងឱនចុះ
នៅកណ្ដាលពួកឈ្លើយប៉ុណ្ណោះ
ហើយត្រូវដួល នៅក្រោមខ្មោចនៃពួកអ្នក
ដែលត្រូវគេសម្លាប់
ទោះបើធ្វើទោសយ៉ាងណាក៏ដោយ
គង់តែសេចក្ដីក្រោធរបស់ព្រះអង្គ
មិនទាន់បែរចេញនៅឡើយ
គឺព្រះហស្តរបស់ព្រះអង្គនៅតែលូកមកទៀត។
ព្រះប្រើកងទ័ពអាសសើុរជាឧបករណ៍ ដាក់ទោសប្រជារាស្ត្ររបស់ព្រះអង្គ
5វេទនាដល់ពួកសាសន៍អាសស៊ើរ
ដែលជាដំបងនៃសេចក្ដីក្រោធរបស់យើង
ហើយរំពាត់នៅដៃគេ
គឺជាសេចក្ដីគ្នាន់ក្នាញ់របស់យើង
6យើងនឹងចាត់គេឲ្យទៅទាស់នឹងនគរមួយ
ដែលទមិឡល្មើស
ហើយនឹងបង្គាប់ការដល់គេ ឲ្យទាស់នឹងសាសន៍១
ដែលត្រូវសេចក្ដីក្រោធរបស់យើង
ឲ្យបានចាប់យករបឹប ចាប់រំពា
ហើយជាន់ឈ្លីសាសន៍នោះដូចជាភក់នៅផ្លូវផង។
7ប៉ុន្តែ គេមិនយល់ដូច្នោះទេ
ហើយចិត្តគេក៏មិនគិតឃើញដល់ម៉្លោះដែរ
គឺមានចិត្តចង់បំផ្លាញវិញ ក៏ចង់កាត់នគរជាច្រើន
ឲ្យសូន្យចេញ មិនតិចឡើយ។
8ដ្បិតគេថា ចៅហ្វាយរបស់យើងទាំងប៉ុន្មាន
តើមិនមែនជាស្តេចគ្រប់គ្នាទេឬ?
9ឯក្រុងកាលនរ
តើមិនមែនដូចជាក្រុងកើកេមីសទេឬ?
ក្រុងហាម៉ាត តើមិនមែនដូចជាក្រុងអើផាឌ?
ហើយក្រុងសាម៉ារី
តើមិនមែនដូចជាក្រុងដាម៉ាសទេឬ?
10ដៃយើងបានលូកទៅចាប់យកអស់ទាំងនគរ
ដែលគោរពដល់រូបព្រះ
ជាស្រុកដែលមានរូបឆ្លាក់វិសេសជាងរូបឆ្លាក់
នៅក្រុងយេរូសាឡិម និងក្រុងសាម៉ារីទៅហើយ
11ចុះតើយើងនឹងមិនធ្វើដល់ក្រុងយេរូសាឡិម
និងរូបព្រះរបស់គេ
ដូចជាបានធ្វើដល់ក្រុងសាម៉ារី
និងរូបព្រះរបស់គេដែរទេឬ?
12ពេលព្រះយេហូវ៉ាបានសម្រេចកិច្ចការទាំងប៉ុន្មាន របស់ព្រះអង្គនៅលើភ្នំស៊ីយ៉ូន និងក្រុងយេរូសាឡិមរួចហើយ ព្រះអង្គនឹងដាក់ទោសស្តេចអាសស៊ើរ ដែលមានចិត្តអំនួត ហើយវាយឫកខ្ពស់។ 13ដ្បិតគេពោលថា៖
«យើងបានធ្វើការនេះដោយកម្លាំងដៃយើង
ហើយដោយប្រាជ្ញារបស់យើងដែរ
ដោយយើងមានយោបល់ពិត
យើងបានដកព្រំដែននៃសាសន៍ទាំងប៉ុន្មានចោល
ក៏បានរឹបយកទ្រព្យសម្បត្តិគេ
ហើយបានប្រព្រឹត្តដូចជាមនុស្សមានចិត្តក្លាហាន
គឺបានទម្លាក់ស្តេចដែលអង្គុយលើបល្ល័ង្កបង់
14ដៃយើងយកបានទ្រព្យសម្បត្តិនៃអស់ទាំងសាសន៍
ដូចជាយកបានសម្បុកសត្វ ក៏ដូចជាប្រមូលពងសត្វ
ដែលមេចោលហើយ ជាយ៉ាងណា
យើងក៏បានប្រមូលរួបរួមលោកទាំងមូលយ៉ាងនោះដែរ
ឥតមានណាមួយកម្រើកស្លាប ឬហាមាត់
ឬស្រែកចេកចាចឡើយ»។
15ឯពូថៅ តើនឹងអួតខ្លួន ចំពោះអ្នកដែលប្រើវាឬ?
តើរណារនឹងតម្កើងខ្លួនចំពោះអ្នកដែលអារដែរឬ?
នេះឧបមាដូចជារំពាត់ដែលនឹងយារ
អ្នកដែលលើកវាឡើង
ឬដូចជាដំបងនឹងលើកមនុស្សឡើង
ជាមនុស្សដែលមិនមែនធ្វើជាឈើផង
16ហេតុនោះ ព្រះអម្ចាស់ជាព្រះយេហូវ៉ា
នៃពួកពលបរិវារ
ព្រះអង្គនឹងចាត់សេចក្ដីស្គមរីងរៃទៅក្នុងចំណោម
ពួកអ្នកចម្បាំងដ៏ខ្លាំងពូកែរបស់គេ
ហើយនៅក្រោមសិរីល្អរបស់គេ
នោះនឹងឆួលឡើងដូចជាភ្លើងឆេះ។
17ឯពន្លឺនៃសាសន៍អ៊ីស្រាអែល
នោះនឹងបានសម្រាប់ជាភ្លើង
ហើយព្រះដ៏បរិសុទ្ធរបស់គេជាអណ្ដាតភ្លើង
ភ្លើងនោះនឹងឆេះឡើង បន្សុសបន្លា
និងអញ្ចាញរបស់គេនៅថ្ងៃតែមួយ។
18ព្រមទាំងធ្វើឲ្យលម្អនៃព្រៃ
និងចម្ការដុះដាលរបស់គេសាបសូន្យទៅ
ទាំងព្រលឹង និងរូបកាយរបស់គេផង
នឹងបានដូចជាមនុស្សកើតជំងឺ
ដែលនាំឲ្យខ្លួនរីងរៃស្លាប់ទៅ។
19ឯសំណល់ដើមឈើដែលសល់នៅក្នុងព្រៃរបស់គេ
នឹងបានតិចណាស់ បានជាកូនក្មេងនឹងអាចកត់ទុកបាន។
ប្រជាជនអ៊ីស្រាអែលដែលនៅសេសសល់
20នៅថ្ងៃនោះ សំណល់ពួកសាសន៍អ៊ីស្រាអែល និងអស់អ្នកក្នុងពូជពង្សយ៉ាកុបដែលបានរួចខ្លួនមក គេនឹងលែងពឹងផ្អែកមនុស្សដែលបានវាយគេតទៅ ហើយនឹងផ្អែកលើព្រះយេហូវ៉ា ជាព្រះដ៏បរិសុទ្ធនៃសាសាន៍អ៊ីស្រាអែលដោយពិតត្រង់វិញ 21ឯពួកដែលសល់ គឺជាសំណល់នៃពួកយ៉ាកុប គេនឹងត្រឡប់មកឯព្រះដ៏មានព្រះចេស្តាវិញ 22ឱអ៊ីស្រាអែលអើយ ទោះបើជនជាតិអ្នកបានដូចជាខ្សាច់នៅសមុទ្រក៏ដោយ គង់តែនឹងមានតែសំណល់ប៉ុណ្ណោះដែលមកវិញ ដ្បិតបានសម្រេចឲ្យមានការបំផ្លាញ ដោយសេចក្ដីសុចរិតដ៏លើសលន់ 23ពីព្រោះព្រះអម្ចាស់ជាព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គនឹងបង្ហើយការបំផ្លាញសព្វគ្រប់នៅកណ្ដាលស្រុកទាំងមូល ដូចជាបានសម្រេចហើយ។
24ដូច្នេះ ព្រះអម្ចាស់ជាព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គមានព្រះបន្ទូលថា៖ «ឱប្រជារាស្ត្រយើង ដែលអាស្រ័យនៅក្រុងស៊ីយ៉ូនអើយ កុំខ្លាចចំពោះសាសន៍អាសស៊ើរនោះឡើយ ទោះបីគេវាយអ្នកដោយរំពាត់ ហើយលើកដំបងទាស់នឹងអ្នក ដូចយ៉ាងសាសន៍អេស៊ីព្ទក៏ដោយ 25ដ្បិតនៅតែបន្តិចទៀត សេចក្ដីគ្នាន់ក្នាញ់នឹងបានសម្រេច ហើយសេចក្ដីក្រោធរបស់យើង នឹងបែរទៅជាបំផ្លាញដល់គេវិញ»។ 26ព្រះយេហូវ៉ានៃពួកពលបរិវារនឹងបញ្ជូនរំពាត់មួយមកទាស់នឹងគេ បែបដូចជាកាលប្រហារជីវិតសាសន៍ម៉ាឌាននៅត្រង់ថ្មអូរិប ព្រះអង្គនឹងយារដំបងពីលើទឹកសមុទ្រ ដូចយ៉ាងរបៀបនៅស្រុកអេស៊ីព្ទដែរ។ 27នៅថ្ងៃនោះ បន្ទុកដែលគេដាក់លើអ្នក នឹងបាត់ចេញពីស្មាអ្នក ហើយនឹមដែលគេដាក់លើអ្នក នឹងត្រូវបំផ្លាញចេញពីកអ្នកដែរ។
28គេបានឡើងមកដល់អៃយ៉ាត
គេបានដើរកាត់ស្រុកមីករ៉ូន
មកដាក់អីវ៉ាន់របស់គេនៅត្រង់មីកម៉ាសហើយ
29គេបានឆ្លងមកហួសផ្លូវកាត់ភ្នំ
ហើយបានឈប់ស្នាក់នៅត្រង់កេបា
ក្រុងរ៉ាម៉ាក៏ភ័យញ័រ ហើយពួកគីបៀរ
ជាស្រុករបស់សូល បានរត់អស់ហើយ។
30ឱកូនស្រីនៃក្រុងកាលីមអើយ
ចូរបន្លឺសំឡេងឡើង ឱពួកក្រុងឡាអ៊ីសអើយ
ចូរស្តាប់ចុះ ឱពួកក្រុងអាណាថោតអើយ
គួរអាណិតអ្នកណាស់ហ្ន៎
31ពួកម៉ាតមេណាបានរត់រួចទៅហើយ
ឯពួកកេប៊ីមក៏កំពុងតែរត់ដែរ។
32នៅថ្ងៃនេះឯង
ពួកខ្មាំងនឹងឈប់ស្នាក់នៅត្រង់ក្រុងណូប
គេជន្លដៃកំហែងភ្នំនៃកូនស្រីក្រុងស៊ីយ៉ូន
គឺភ្នំនៃក្រុងយេរូសាឡិម។
33ព្រះអម្ចាស់ជាព្រះយេហូវ៉ានៃពួកពលបរិវារ
ព្រះអង្គនឹងផ្តាច់មែកឈើ ដោយសេចក្ដីស្ញែងខ្លាច
នោះពួកដែលមានកម្ពស់នឹងត្រូវកាប់រំលំចុះ
ហើយពួកនៅទីខ្ពស់នឹងត្រូវបន្ទាបវិញ។
34ព្រះអង្គនឹងត្រាយព្រៃស្តុកដោយគ្រឿងដែក
ហើយព្រៃល្បាណូននឹងត្រូវដួលទៅ
ដោយអំណាចនៃអ្នកមានអានុភាព។
ទើបបានជ្រើសរើសហើយ៖
អេសាយ 10: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies