អេសាយ 9
9
រាជ្យរបស់ស្ដេចសុចរិតបានមកដល់ហើយ
1 ប៉ុន្តែ នឹងគ្មានសេចក្ដីងងឹតគ្របដណ្ដប់លើទឹកដីដែលមានសេចក្ដីវេទនានេះទៀតឡើយ។ កាលពីដើម ព្រះអង្គបានធ្វើឲ្យស្រុកសាប់យូឡូន និងស្រុកណែបថាលីត្រូវគេមើលងាយ តែនៅគ្រាចុងក្រោយ ព្រះអង្គនឹងធ្វើឲ្យរុងរឿងឧត្តមវិញ គឺជាស្រុកតាមផ្លូវទៅឯសមុទ្រត្រើយខាងនាយទន្លេយ័រដាន់ ជាដែនខេត្តកាលីឡេរបស់សាសន៍ដទៃ។
2 ឯបណ្ដាជនដែលដើរក្នុងសេចក្ដីងងឹត
គេបានឃើញពន្លឺយ៉ាងធំ
ពួកអ្នកដែលអាស្រ័យនៅក្នុងស្រុក
នៃម្លប់សេចក្ដីស្លាប់
គេមានពន្លឺភ្លឺមកលើគេហើយ។
3ព្រះអង្គបានប្រោសឲ្យបណ្ដាជនចម្រើនឡើង
ហើយបានធ្វើឲ្យគេមានសេចក្ដីរីករាយ
ជាច្រើនឡើងដែរ
គេមានអំណរនៅចំពោះព្រះអង្គ
ដូចជាអំណរ ក្នុងរដូវចម្រូត
ហើយដូចជាអំណរនៃមនុស្ស
ដែលកំពុងតែចែករបឹបគ្នា។
4ដ្បិតព្រះអង្គបានបំបាក់នឹម ដែលសង្កត់លើគេ
និងដង្រែកនៅស្មាគេ
ហើយដំបងរបស់ពួកអ្នកដែលសង្កត់សង្កិនគេផង
ដូចជានៅគ្រានៃពួកសាសន៍ម៉ាឌានដែរ។
5ពីព្រោះគ្រប់ទាំងស្បែកជើងរបស់ពួកទាហាន
ក្នុងចម្បាំងយ៉ាងអ៊ឹកធឹក
ហើយសម្លៀកបំពាក់ប្រឡាក់ជោកដោយឈាម
នោះនឹងសម្រាប់ដុត ហើយជាចំណីដល់ភ្លើង។
6ដ្បិតមានបុត្រមួយកើតដល់យើង
ព្រះទ្រង់ប្រទានបុត្រាមួយមកយើងហើយ
ឯការគ្រប់គ្រងនឹងនៅលើស្មារបស់បុត្រនោះ
ហើយគេនឹងហៅព្រះនាមព្រះអង្គថា
ព្រះដ៏ជួយគំនិតយ៉ាងអស្ចារ្យ ព្រះដ៏មានព្រះចេស្តា
ព្រះវបិតាដ៏គង់នៅអស់កល្ប
និងជាម្ចាស់នៃមេត្រីភាព។
7ឯសេចក្ដីចម្រើននៃរដ្ឋបាលព្រះអង្គ
និងសេចក្ដីសុខសាន្តរបស់ព្រះអង្គ
នោះនឹងមិនចេះផុតពីបល្ល័ង្ករបស់ដាវីឌ
និងនគរនៃព្រះអង្គឡើយ
ដើម្បីនឹងតាំងឡើង ហើយទប់ទល់
ដោយសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិត
ចាប់តាំងពីឥឡូវនេះ ជារៀងរាបដរាបទៅ
គឺសេចក្ដីឧស្សាហ៍របស់ព្រះយេហូវ៉ា
នៃពួកពលបរិវារនឹងសម្រេចការនេះ។
ការជំនុំជម្រះមកលើពួកអ្នកមានឫកខ្ពស់ និងពួកអ្នកសង្កត់សង្កិនគេ
8ព្រះអម្ចាស់បានផ្ញើព្រះបន្ទូលមក
ក្នុងពួកយ៉ាកុប
ហើយព្រះបន្ទូលនោះបានធ្លាក់មក
ត្រូវជនជាតិអ៊ីស្រាអែល
9បណ្ដាជនទាំងអស់គ្នានឹងដឹងដែរ
ទោះទាំងពួកអេប្រាអិម
និងពួកអ្នកនៅស្រុកសាម៉ារីផង
ជាពួកអ្នកដែលនិយាយដោយសេចក្ដីអំនួត
និងចិត្តធំរបស់គេថា៖
10ជញ្ជាំងឥដ្ឋបានរលំហើយ
តែយើងនឹងសង់ឡើងដោយថ្មដាប់វិញ
ដើមឧទុម្ពរបានត្រូវកាប់អស់ទៅហើយ
តែយើងនឹងយកដើមតាត្រៅមកជំនួសវិញ។
11ដូច្នេះ ព្រះយេហូវ៉ានឹងតាំងខ្មាំងសត្រូវ
របស់រេស៊ីនឲ្យទាស់នឹងគេ
ហើយនឹងញុះញង់ពួកសត្រូវរបស់គេដែរ
12គឺពួកសាសន៍ស៊ីរីនៅខាងមុខ
ហើយពួកសាសន៍ភីលីស្ទីននៅខាងក្រោយ
ពួកទាំងនោះនឹងហាមាត់
ត្របាក់លេបសាសន៍អ៊ីស្រាអែលទៅ
ប៉ុន្តែ ទោះបើធ្វើទោសជាច្រើនដល់ម៉្លេះក៏ដោយ
គង់តែសេចក្ដីក្រោធរបស់ព្រះអង្គ
មិនទាន់បែរចេញនៅឡើយ
គឺព្រះហស្តរបស់ព្រះអង្គនៅតែលូកមកទៀត។
13រីឯបណ្ដាជនទាំងឡាយ គេមិនបានវិលមកឯព្រះ
ដែលព្រះអង្គបានវាយផ្ចាលគេ
ក៏មិនស្វែងរកព្រះយេហូវ៉ានៃពួកពលបរិវារឡើយ។
14ហេតុនោះបានជាព្រះយេហូវ៉ានឹងកាត់ទាំងក្បាល
និងកន្ទុយ ទាំងមែក និងធាង
របស់សាសន៍អ៊ីស្រាអែលចេញ ក្នុងថ្ងៃតែមួយ
15ឯក្បាល គឺជាពួកអ្នកចាស់ទុំ
និងពួកមានកិត្តិយស
ហើយកន្ទុយ គឺជាពួកហោរា
ដែលបង្រៀនសេចក្ដីភូតភរ។
16ដ្បិតពួកអ្នកដែលដឹកនាំសាសន៍នេះ
គេនាំឲ្យវង្វេងទេ
ហើយពួកអ្នកដែលគេនាំមុខ នោះក៏ត្រូវបំផ្លាញទៅ។
17ហេតុនេះហើយបានជាព្រះអម្ចាស់
មិនរីករាយនឹងពួកកំលោះរបស់គេឡើយ
ក៏មិនអាណិតអាសូរពួកកំព្រា
និងស្ត្រីមេម៉ាយរបស់គេដែរ
ព្រោះគ្រប់គ្នាជាអ្នកទមិឡល្មើស
ហើយជាអ្នកប្រព្រឹត្តអាក្រក់
មាត់បញ្ចេញសុទ្ធតែសេចក្ដីចម្កួត។
ទោះបើធ្វើទោសខ្លាំងយ៉ាងណាក៏ដោយ
គង់តែសេចក្ដីក្រោធរបស់ព្រះអង្គ
មិនទាន់បែរចេញនៅឡើយ
គឺព្រះហស្តរបស់ព្រះអង្គនៅតែលូកមកទៀត។
18ដ្បិតអំពើអាក្រក់ឆេះដូចជាភ្លើង
ក៏ឆេះបន្សុសទាំងអញ្ចាញ និងគុម្ពបន្លាអស់រលីង
ភ្លើងនោះក៏កាត់ឡើងក្នុងទីស្តុកនៅព្រៃ
ហើយឆេះរាលឡើងហុយផ្សែងទ្រលោម។
19ដោយសេចក្ដីក្រោធរបស់ព្រះយេហូវ៉ា
នៃពួកពលបរិវារ
នោះស្រុកត្រូវឆេះរលីងទៅ ហើយបណ្ដាជន
ក៏ដូចជាចំណីភ្លើង
គ្មានអ្នកណាប្រណីដល់បងប្អូនខ្លួនទេ
20ម្នាក់នឹងកញ្ឆក់យកពីខាងស្តាំ
ប៉ុន្តែ នឹងនៅតែឃ្លានទៀត
ហើយម្នាក់ខាងឆ្វេងនឹងស៊ីទៅឥតបានឆ្អែតឡើយ
គេនឹងស៊ីសាច់ដើមដៃខ្លួនគ្រប់ៗគ្នា។
21គឺម៉ាណាសេនឹងស៊ីសាច់អេប្រាអិម
ហើយអេប្រាអិមនឹងស៊ីសាច់ម៉ាណាសេ
ហើយទាំងពីរពួកនោះនឹងទាស់ទទឹងនឹងពួកយូដា
ប៉ុន្តែ ទោះបើធ្វើទោសយ៉ាងណាក៏ដោយ
គង់តែសេចក្ដីក្រោធរបស់ព្រះអង្គ
មិនទាន់បែរចេញនៅឡើយ
គឺព្រះហស្តរបស់ព្រះអង្គនៅតែលូកមកទៀត។
ទើបបានជ្រើសរើសហើយ៖
អេសាយ 9: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies