អេសាយ 9

9
រាជ្យ​របស់​ស្ដេច​សុចរិត​បាន​មកដល់​ហើយ
1 ប៉ុន្តែ នឹង​គ្មាន​សេចក្ដី​ងងឹត​គ្រប​ដណ្ដប់​លើ​ទឹក​ដី​ដែល​មាន​សេចក្ដី​វេទនា​នេះ​ទៀត​ឡើយ។ កាល​ពី​ដើម ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ស្រុក​សាប់‌យូឡូន និង​ស្រុក​ណែប‌ថា‌លី​ត្រូវ​គេ​មើល‌ងាយ តែ​នៅ​គ្រា​ចុង​ក្រោយ ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​រុងរឿង​ឧត្តម​វិញ គឺ​ជា​ស្រុក​តាម​ផ្លូវ​ទៅ​ឯ​សមុទ្រ​ត្រើយ​ខាង​នាយ​ទន្លេ​យ័រដាន់ ជា​ដែន​ខេត្ត​កាលី‌ឡេ​របស់​សាសន៍​ដទៃ។
2 ឯ​បណ្ដា‌ជន​ដែល​ដើរ​ក្នុង​សេចក្ដី​ងងឹត
គេ​បាន​ឃើញ​ពន្លឺ​យ៉ាង​ធំ
ពួក​អ្នក​ដែល​អាស្រ័យ​នៅ​ក្នុង​ស្រុក
នៃ​ម្លប់​សេចក្ដី​ស្លាប់
គេ​មាន​ពន្លឺ​ភ្លឺ​មក​លើ​គេ​ហើយ។
3ព្រះ‌អង្គ​បាន​ប្រោស​ឲ្យ​បណ្ដា‌ជន​ចម្រើន​ឡើង
ហើយ​បាន​ធ្វើ​ឲ្យ​គេ​មាន​សេចក្ដី​រីក‌រាយ
ជា​ច្រើន​ឡើង​ដែរ
គេ​មាន​អំណរ​នៅ​ចំពោះ​ព្រះ‌អង្គ
ដូច​ជា​អំណរ ក្នុង​រដូវ​ចម្រូត
ហើយ​ដូច​ជា​អំណរ​នៃ​មនុស្ស
ដែល​កំពុង​តែ​ចែក​របឹប​គ្នា។
4ដ្បិត​ព្រះ‌អង្គ​បាន​បំបាក់​នឹម ដែល​សង្កត់​លើ​គេ
និង​ដង្រែក​នៅ​ស្មា​គេ
ហើយ​ដំបង​របស់​ពួក​អ្នក​ដែល​សង្កត់‌សង្កិន​គេ​ផង
ដូច​ជា​នៅ​គ្រា​នៃ​ពួក​សាសន៍​ម៉ាឌាន​ដែរ។
5ពី​ព្រោះ​គ្រប់​ទាំង​ស្បែក​ជើង​របស់​ពួក​ទាហាន
ក្នុង​ចម្បាំង​យ៉ាង​អ៊ឹក‌ធឹក
ហើយ​សម្លៀក‌បំពាក់​ប្រឡាក់​ជោក​ដោយ​ឈាម
នោះ​នឹង​សម្រាប់​ដុត ហើយ​ជា​ចំណី​ដល់​ភ្លើង។
6ដ្បិត​មាន​បុត្រ​មួយ​កើត​ដល់​យើង
ព្រះ‌ទ្រង់​ប្រទាន​បុត្រា​មួយ​មក​យើង​ហើយ
ឯ​ការ​គ្រប់‌គ្រង​នឹង​នៅ​លើ​ស្មា​របស់​បុត្រ​នោះ
ហើយ​គេ​នឹង​ហៅ​ព្រះ‌នាម​ព្រះ‌អង្គ​ថា
ព្រះ​ដ៏​ជួយ​គំនិត​យ៉ាង​អស្ចារ្យ ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា
ព្រះ‌វបិតា​ដ៏​គង់​នៅ​អស់‌កល្ប
និង​ជា​ម្ចាស់​នៃ​មេត្រី‌ភាព។
7ឯ​សេចក្ដី​ចម្រើន​នៃ​រដ្ឋ​បាល​ព្រះ‌អង្គ
និង​សេចក្ដី​សុខ‌សាន្ត​របស់​ព្រះ‌អង្គ
នោះ​នឹង​មិន​ចេះ​ផុត​ពី​បល្ល័ង្ក​របស់​ដាវីឌ
និង​នគរ​នៃ​ព្រះ‌អង្គ​ឡើយ
ដើម្បី​នឹង​តាំង​ឡើង ហើយ​ទប់‌ទល់
ដោយ​សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត
ចាប់​តាំង​ពី​ឥឡូវ​នេះ ជា​រៀង‌រាប​ដរាប​ទៅ
គឺ​សេចក្ដី​ឧស្សាហ៍​របស់​ព្រះ‌យេហូវ៉ា
នៃ​ពួក​ពល‌បរិវារនឹង​សម្រេច​ការ​នេះ។
ការ​ជំនុំ​ជម្រះ​មក​លើ​ពួក​អ្នកមានឫក​ខ្ពស់ និង​ពួក​អ្នក​សង្កត់​សង្កិន​គេ
8ព្រះ‌អម្ចាស់​បាន​ផ្ញើ​ព្រះ‌បន្ទូល​មក
ក្នុង​ពួក​យ៉ាកុប
ហើយ​ព្រះ‌បន្ទូល​នោះ​បាន​ធ្លាក់​មក
ត្រូវ​ជន​ជាតិ​អ៊ីស្រា‌អែល
9បណ្ដា‌ជន​ទាំង​អស់​គ្នា​នឹង​ដឹង​ដែរ
ទោះ​ទាំង​ពួក​អេប្រាអិម
និង​ពួក​អ្នក​នៅ​ស្រុក​សាម៉ារី​ផង
ជា​ពួក​អ្នក​ដែល​និយាយ​ដោយ​សេចក្ដី​អំនួត
និង​ចិត្ត​ធំ​របស់​គេ​ថា៖
10ជញ្ជាំង​ឥដ្ឋ​បាន​រលំ​ហើយ
តែ​យើង​នឹង​សង់​ឡើង​ដោយ​ថ្ម​ដាប់​វិញ
ដើម​ឧទុម្ពរ​បាន​ត្រូវ​កាប់​អស់​ទៅ​ហើយ
តែ​យើង​នឹង​យក​ដើម​តា‌ត្រៅ​មក​ជំនួស​វិញ។
11ដូច្នេះ ព្រះ‌យេហូវ៉ា​នឹង​តាំង​ខ្មាំង​សត្រូវ
របស់​រេស៊ីន​ឲ្យ​ទាស់​នឹង​គេ
ហើយ​នឹង​ញុះ‌ញង់​ពួក​សត្រូវ​របស់​គេ​ដែរ
12គឺ​ពួក​សាសន៍​ស៊ីរី​នៅ​ខាង​មុខ
ហើយ​ពួក​សាសន៍​ភីលី‌ស្ទីន​នៅ​ខាង​ក្រោយ
ពួក​ទាំង​នោះ​នឹង​ហា​មាត់
ត្របាក់​លេប​សាសន៍​អ៊ីស្រា‌អែល​ទៅ
ប៉ុន្តែ ទោះ​បើ​ធ្វើ​ទោស​ជា​ច្រើន​ដល់​ម៉្លេះ​ក៏​ដោយ
គង់​តែ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ
មិន​ទាន់​បែរ​ចេញ​នៅ​ឡើយ
គឺ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​នៅ​តែ​លូក​មក​ទៀត។
13រីឯ​បណ្ដា‌ជន​ទាំង‌ឡាយ គេ​មិន​បាន​វិល​មក​ឯ​ព្រះ
ដែល​ព្រះ‌អង្គ​បាន​វាយ​ផ្ចាល​គេ
ក៏​មិន​ស្វែង​រក​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ឡើយ។
14ហេតុ​នោះ​បាន​ជា​ព្រះ‌យេហូវ៉ា​នឹង​កាត់​ទាំង​ក្បាល
និង​កន្ទុយ ទាំង​មែក និង​ធាង
របស់​សាសន៍​អ៊ីស្រា‌អែល​ចេញ ក្នុង​ថ្ងៃ​តែ​មួយ
15ឯ​ក្បាល គឺ​ជា​ពួក​អ្នក​ចាស់​ទុំ
និង​ពួក​មាន​កិត្តិ‌យស
ហើយ​កន្ទុយ គឺ​ជា​ពួក​ហោរា
ដែល​បង្រៀន​សេចក្ដី​ភូត‌ភរ។
16ដ្បិត​ពួក​អ្នក​ដែល​ដឹក‌នាំ​សាសន៍​នេះ
គេ​នាំ​ឲ្យ​វង្វេង​ទេ
ហើយ​ពួក​អ្នក​ដែល​គេ​នាំ​មុខ នោះ​ក៏​ត្រូវ​បំផ្លាញ​ទៅ។
17ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់
មិន​រីក‌រាយ​នឹង​ពួក​កំលោះ​របស់​គេ​ឡើយ
ក៏​មិន​អាណិត​អាសូរ​ពួក​កំព្រា
និង​ស្ត្រី​មេម៉ាយ​របស់​គេ​ដែរ
ព្រោះ​គ្រប់​គ្នា​ជា​អ្នក​ទមិឡ​ល្មើស
ហើយ​ជា​អ្នក​ប្រព្រឹត្ត​អាក្រក់
មាត់​បញ្ចេញ​សុទ្ធ​តែ​សេចក្ដី​ចម្កួត។
ទោះ​បើ​ធ្វើ​ទោស​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ
គង់​តែ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ
មិន​ទាន់​បែរ​ចេញ​នៅ​ឡើយ
គឺ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​នៅ​តែ​លូក​មក​ទៀត។
18ដ្បិត​អំពើ​អាក្រក់​ឆេះ​ដូច​ជា​ភ្លើង
ក៏​ឆេះ​បន្សុស​ទាំង​អញ្ចាញ និង​គុម្ព​បន្លា​អស់​រលីង
ភ្លើង​នោះ​ក៏​កាត់​ឡើង​ក្នុង​ទី​ស្តុក​នៅ​ព្រៃ
ហើយ​ឆេះ​រាល​ឡើង​ហុយ​ផ្សែង​ទ្រលោម។
19ដោយ​សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា
នៃ​ពួក​ពល‌បរិវារ
នោះ​ស្រុក​ត្រូវ​ឆេះ​រលីង​ទៅ ហើយ​បណ្ដា‌ជន
ក៏​ដូច​ជា​ចំណី​ភ្លើង
គ្មាន​អ្នក​ណា​ប្រណី​ដល់​បង‌ប្អូន​ខ្លួន​ទេ
20ម្នាក់​នឹង​កញ្ឆក់​យក​ពី​ខាង​ស្តាំ
ប៉ុន្តែ នឹង​នៅ​តែ​ឃ្លាន​ទៀត
ហើយ​ម្នាក់​ខាង​ឆ្វេង​នឹង​ស៊ី​ទៅ​ឥត​បាន​ឆ្អែត​ឡើយ
គេ​នឹង​ស៊ី​សាច់​ដើម​ដៃ​ខ្លួន​គ្រប់ៗ​គ្នា។
21គឺ​ម៉ាណា‌សេ​នឹង​ស៊ី​សាច់​អេប្រាអិម
ហើយ​អេប្រាអិម​នឹង​ស៊ី​សាច់​ម៉ាណា‌សេ
ហើយ​ទាំង​ពីរ​ពួក​នោះ​នឹង​ទាស់​ទទឹង​នឹង​ពួក​យូដា
ប៉ុន្តែ ទោះ​បើ​ធ្វើ​ទោសយ៉ាង​ណា​ក៏​ដោយ
គង់​តែ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ
មិន​ទាន់​បែរ​ចេញ​នៅ​ឡើយ
គឺ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​នៅ​តែ​លូក​មក​ទៀត។

ទើបបានជ្រើសរើសហើយ៖

អេសាយ 9: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល