អេសាយ 8

8
កូន​របស់​ហោរា​អេសាយ​ជា​ប្រផ្នូល​អំពី​ការ​វាយ​លុក​ពី​សំណាក់​ពួក​អាសស៊ើរ
1ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «ចូរ​យក​ក្តារ​ឈ្នួន​មួយ​ធំ ហើយ​សរសេរ​ជា​អក្សរ​របស់​មនុស្ស​ថា "ជា​របស់​ម៉ាហ៊ើរ​-សាឡាល់-ហាស-បា " 2ហើយ​យើង​នឹង​យក​ស្មរ​បន្ទាល់​ស្មោះ‌ត្រង់ គឺ​អ៊ូរី ជា​សង្ឃ និង​សាការី ជា​កូន​បេរេគា ដើម្បី​កត់​សេចក្ដី​ទុក»។ 3រួច​មក ខ្ញុំ​បាន​ចូល​ទៅ​ឯ​ហោរា​ស្រី ជា​ប្រពន្ធ​ខ្ញុំ ហើយ​នាង​មាន​ទម្ងន់​បង្កើត​បាន​កូន​ប្រុស​មួយ នោះ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «ចូរ​ឲ្យ​ឈ្មោះ​កូន​នេះ​ថា ម៉ាហេ-សាឡាល-ហាសបាស 4ដ្បិត​មុន​ដែល​កូន​នេះ​ចេះ​ហៅ​ថា "ឪ​អើយ ម៉ែ​អើយ" នោះ​គេ​នឹង​ដឹក​យក​ទ្រព្យ​សម្បត្តិ​របស់​ក្រុង​ដាម៉ាស ហើយ​នឹង​របឹប​នៅ​ស្រុក​សាម៉ារី នាំ​ទៅ​នៅ​ចំពោះ​ស្តេច​ស្រុក​អាស‌ស៊ើរ​ហើយ»។
5ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ទៀត​ថា៖ 6«ដោយ​ព្រោះ​សាសន៍​នេះ គេ​មិន​ព្រម​យក​ទឹក​ស៊ីឡោម ដែល​ហូរ​គ្រឿនៗ តែ​មាន​សេចក្ដី​រីក‌រាយ​ចំពោះ​រេស៊ីន និង​កូន​របស់​រេម៉ាលា​វិញ»។ 7នោះ​មើល៍ ព្រះ‌អម្ចាស់​នាំ​ទឹក​ទន្លេ​ដែល​ហូរ​ខ្លាំង ហើយ​ច្រើន​មក​លើ​គេ គឺ​ជា​ស្តេច​ស្រុក​អាស‌ស៊ើរ និង​ឫទ្ធា‌នុភាព​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ ទន្លេ​នោះ​នឹង​ហូរ​ចេញ​តាម​គ្រប់​ទាំង​ព្រែក ហើយ​លិច​ច្រាំង​ទាំង​អស់ 8ក៏​នឹង​សាយ​ចូល​ទៅ​ក្នុង​ស្រុក​យូដា​ដែរ ព្រម​ទាំង​លិច​ហូរ​កាត់​ស្រុក​ឡើង​ត្រឹម​ក ហើយ​នឹង​ជន់​រាច​ពេញ​ស្រុក​របស់​អ្នក ឱ​អេម៉ា‌ញូ​អែល​អើយ។
9ឱ​ជន​ជាតិ​ទាំង‌ឡាយ​អើយ ចូរ​ស្រែក​សន្ធាប់​ចុះ
គង់​តែ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​បាក់​បែក​ខ្ទេច‌ខ្ទី​វិញ
នែ៎ អស់​ទាំង​ស្រុក​ដែល​នៅ​ឆ្ងាយៗ​អើយ
ចូរ​ផ្ទៀង​ត្រចៀក​ស្តាប់​ចុះ
ចូរ​ក្រវាត់​ចង្កេះ​ខ្លួន នោះ​អ្នក​នឹង​ត្រូវ​បាក់​បែក​ខ្ទេច‌ខ្ទី
ចូរ​ក្រវាត់​ចង្កេះ​ចុះ នោះ​អ្នក​នឹង​ត្រូវ​បាក់​បែក​ខ្ទេច‌ខ្ទី។
10ចូរ​ប្រឹក្សា​គ្នា នោះ​ការ​សម្រេច​របស់​អ្នក
នឹង​ត្រូវ​សាប‌សូន្យ​ទៅ ចូរ​ចេញ​វាចា​ចុះ
តែ​ពាក្យ​សម្ដី​នោះ​នឹង​មិន​ស្ថិត‌ស្ថេរ​នៅ​ឡើយ
ដ្បិត​ព្រះ​គង់​ជា‌មួយ​យើង ។
11ឯ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក ដោយ​ព្រះ‌ហស្ត​សង្កត់​លើ​ខ្ញុំ​ជា​ខ្លាំង ព្រះ‌អង្គ​ដាស់‌តឿន​ខ្ញុំ​មិន​ឲ្យ​ដើរ​តាម​ផ្លូវ​របស់​ជន​ជាតិ​នេះ ដោយ​ថា៖ 12«កុំ​ឲ្យ​អ្នក​ថា មាន​ការ​ក្បត់ ក្នុង​គ្រប់​ទាំង​ការ​ដែល​ជន​ជាតិ​នេះ​ថា មាន​ការ​ក្បត់​នោះ​ឡើយ ក៏​កុំ​ឲ្យ​ភ័យ​ខ្លាច​ចំពោះ​ការ​ដែល​គេ​ភ័យ​ខ្លាច​ដែរ កុំ​ឲ្យ​តក់‌ស្លុត​ឲ្យ​សោះ»។ 13ត្រូវ​ឲ្យ​រាប់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទុក​ជា​បរិសុទ្ធ ព្រម​ទាំង​យក​ព្រះ‌អង្គ​ជា​ទី​ភ័យ​ខ្លាច ហើយ​តក់‌ស្លុត។ 14ព្រះ‌អង្គ​នឹង​បាន​សម្រាប់​ជា​ទី​បរិសុទ្ធ តែ​ជា​ថ្ម​ចំពប់ ហើយ​ជា​ថ្ម​ដា​ដែល​បង្អាក់‌បង្អន់​ចិត្ត​ដល់​ពួក​អ៊ីស្រា‌អែល​ទាំង​ពីរ​វង្ស ហើយ​ជា​អន្ទាក់ និង​ជា​ជង់​ដល់​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​ទាំង​អស់ 15មនុស្ស​ជា​ច្រើន​នឹង​ចំពប់​នឹង​ថ្ម​នោះ ហើយ​ដួល​ទៅ ព្រម​ទាំង​ត្រូវ​បាក់​បែក ជាប់​អន្ទាក់ ហើយ​ចាប់​បាន​ផង
សិស្ស​របស់ហោរា​អេសាយ
16ចូរ​ចង​សេចក្ដី​បន្ទាល់​ទុក ហើយ​បិទ​ត្រា​បញ្ញត្តិ​ច្បាប់​នៅ​ក្នុង​ពួក​សិស្ស​របស់​យើង​ចុះ 17ឯ​ខ្ញុំ ខ្ញុំ​នឹង​ទន្ទឹង​ចាំ​ព្រះ‌យេហូវ៉ា ដែល​ព្រះ‌អង្គ​លាក់​ព្រះ‌ភក្ត្រ​នឹង​ពូជ‌ពង្ស​យ៉ាកុប ខ្ញុំ​នឹង​ចាំ​មើល​តែ​ព្រះ‌អង្គ 18មើល៍ ខ្ញុំ និង​កូន​ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​មក​ខ្ញុំ យើង​ខ្ញុំ​សម្រាប់​ជា​ទី​សម្គាល់​មក​ពី​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ដែល​ព្រះ‌អង្គ​គង់​នៅ​ភ្នំ​ស៊ីយ៉ូន ហើយ​ជា​ទី​អស្ចារ្យ​នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល។ 19កាល​បើ​អ្នក​ណា​ពោល​ដល់​អ្នក​ថា ចូរ​រក​ពួក​គ្រូ​ខាប និង​គ្រូ​គា​ថា ដែល​ចេញ​សំឡេង​អ៊ី‌អ៊ុ ហើយ​ងុមៗ នោះ​ត្រូវ​ឆ្លើយ​ថា គួរ​គប្បី​ឲ្យ​បណ្ដា‌ជន​ស្វែង​រក​ព្រះ​របស់​ខ្លួន​វិញ តើ​នឹង​រក​ចំពោះ​រូប​ខ្មោច​ជា​ប្រយោជន៍​ដល់​មនុស្ស​រស់​ធ្វើ​អ្វី 20ចូរ​ទៅ​បើក​គម្ពីរ​បញ្ញត្តិ និង​សេចក្ដី​បន្ទាល់​មើល បើ​គេ​និយាយ​មិន​ត្រូវ​នឹង​ព្រះ‌បន្ទូល​នោះ នោះ​គ្មាន​ពន្លឺ​រះ​ឡើង​នៅ​ក្នុង​ខ្លួន​ទេ 21គេ​នឹង​ដើរ​ចុះ​ឡើង​ក្នុង​ស្រុក មាន​ទាំង​ទុក្ខ​វេទនា ហើយ​ស្រេក​ឃ្លាន កាល​ណា​គេ​ស្រេក​ឃ្លាន នោះ​នឹង​មាន​ចិត្ត​ក្តៅ​ក្រហាយ ហើយ​នឹង​ប្រទេច​ផ្ដាសា​ដល់​ទាំង​ស្តេច និង​ព្រះ​របស់​ខ្លួន ដោយ​ងើយ​មើល​ទៅ​លើ​មេឃ​ផង 22រួច​ងាក​មើល​ទៅ​ផែនដី ឃើញ​មាន​សុទ្ធ​តែ​សេចក្ដី​លំបាក សេចក្ដី​ងងឹត និង​ឈ្លប់​សូន្យ‌សុង​គ្រប​សង្កត់ ដោយ​វេទនា​ចិត្ត ហើយ​នឹង​ត្រូវ​បណ្តេញ​ទៅ​ក្នុង​សេចក្ដី​ងងឹត​យ៉ាង​ក្រាស់។

ទើបបានជ្រើសរើសហើយ៖

អេសាយ 8: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល