អេសាយ 7
7
ហោរាអេសាយទៅជួបស្តេចអេហាស
1ក្នុងរជ្ជកាលព្រះបាទអេហាស បុត្រយ៉ូថាម ដែលជាបុត្រអ៊ូសៀសស្តេចស្រុកយូដា នោះរេស៊ីន ជាស្តេចស្រុកស៊ីរី ហើយពេកា ជាបុត្ររេម៉ាលា ស្តេចស្រុកអ៊ីស្រាអែល បានលើកទ័ពឡើងទៅច្បាំងនឹងក្រុងយេរូសាឡិម ប៉ុន្តែ មិនអាចវាយសម្រុកចូលបានឡើយ។ 2គ្រានោះ មានដំណឹងមកដល់ពួកវង្សដាវីឌថា សាសន៍ស៊ីរីបានចូលដៃនឹងពួកអេប្រាអិមហើយ ដូច្នេះ ព្រះបាទអេហាសញ័ររន្ធត់ ព្រមទាំងចិត្តរបស់ប្រជារាស្ត្រព្រះអង្គផង ប្រៀបដូចជាព្រៃឈើរញ្ជួយដោយត្រូវខ្យល់បក់បោក។
3ព្រះយេហូវ៉ាមានព្រះបន្ទូលទៅហោរាអេសាយថា៖ «ចូរអ្នក និងស្អា-យ៉ាស៊ូប កូនអ្នក ចេញទៅជួបអេហាសនៅចុងប្រឡាយទឹក ត្រង់ស្រះខាងលើ តាមផ្លូវទៅចម្ការរបស់អ្នកប្រមោក 4ហើយទូលថា ចូររវាំងខ្លួន ហើយសង្រួមចិត្ត កុំឲ្យភ័យឲ្យសោះ ក៏កុំឲ្យរាថយ ដោយព្រោះកន្ទុយឧសទាំងពីរដែលហុយផ្សែងនោះឡើយ គឺដោយព្រោះសេចក្ដីកំហឹងដ៏សហ័សរបស់រេស៊ីន និងសាសន៍ស៊ីរី ហើយរបស់កូនរេម៉ាលានោះដែរ 5ពីព្រោះសាសន៍ស៊ីរី និងពួកអេប្រាអិម ព្រមទាំងកូនរេម៉ាលាបានគិតសម្រេចនឹងធ្វើអាក្រក់ដល់អ្នក ដោយពាក្យថា 6"ចូរយើងឡើងទៅច្បាំងនឹងស្រុកយូដា ធ្វើឲ្យគេតក់ស្លុត ហើយដណ្ដើមយកស្រុកនោះ រួចយើងនឹងតាំងកូនរបស់តាបៀល ជាស្តេចនៅស្រុកនោះ"។ 7ឯព្រះអម្ចាស់យេហូវ៉ា ព្រះអង្គមានព្រះបន្ទូលថា
"ការនោះមិនបានទេ គេនឹងធ្វើមិនកើតឡើយ។
8ដ្បិតក្បាលរបស់ស្រុកស៊ីរី គឺក្រុងដាម៉ាស
ហើយក្បាលរបស់ក្រុងដាម៉ាស
គឺរេស៊ីននេះហើយ។
(ក្នុងរវាងហុកសិបប្រាំឆ្នាំ នោះពួកអេប្រាអិម
នឹងត្រូវបែកខ្ញែករតាត់រតាយអស់ទៅ
លែងបានពូជពង្សតទៅទៀត)។
9ឯក្បាលរបស់ពួកអេប្រាអិម គឺក្រុងសាម៉ារី
ហើយក្បាលរបស់ក្រុងសាម៉ារី
គឺជាកូនរេម៉ាលានេះហើយ
ប្រសិនបើអ្នកមិនព្រមជឿទេ
នោះប្រាកដជាអ្នកមិនបានតាំងនៅជាប់ឡើយ"»។
ហោរាអេសាយប្រាប់ទីសម្គាល់ពីអេម៉ាញូអែលដល់ព្រះបាទអេហាស
10ព្រះយេហូវ៉ាមានព្រះបន្ទូលនឹងអេហាសថា៖ 11«ចូរអ្នកសូមទីសម្គាល់មួយពីព្រះយេហូវ៉ាជាព្រះរបស់អ្នកចុះ ចូរសូម ទោះបើនៅក្នុងទីជម្រៅ ឬនៅទីខ្ពស់ខាងលើក្តី»។ 12ប៉ុន្តែ អេហាសតបថា៖ «យើងមិនសូមទេ ក៏មិនព្រមល្បងលព្រះយេហូវ៉ាឡើយ»។ 13ពេលនោះ ហោរាអេសាយទូលថា៖ «ឱរាជវង្សរបស់ព្រះបាទដាវីឌអើយ ចូរស្តាប់ឥឡូវចុះ ការដែលអ្នករាល់គ្នាធ្វើឲ្យរំខានចិត្តមនុស្ស នោះតើជាការតូចឬ បានជាចង់រំខានដល់ព្រះហឫទ័យនៃព្រះរបស់ទូលបង្គំទៀត? 14ដូច្នេះ ព្រះអម្ចាស់ផ្ទាល់នឹងប្រទានទីសម្គាល់មួយមកអ្នករាល់គ្នា ដោយព្រះអង្គ មើល៍! នាងព្រហ្មចារី នឹងមានគភ៌ប្រសូតបានបុត្រាមួយ ហើយនឹងឲ្យព្រះនាមថា អេម៉ាញូអែល ។ 15បុត្រនោះនឹងបរិភោគខ្លាញ់ទឹកដោះ និងទឹកឃ្មុំ ដរាបដល់ចេះបដិសេធចោលរបស់អាក្រក់ ហើយរើសយករបស់ល្អវិញ។ 16ដ្បិតមុនដែលបុត្រនោះចេះបដិសេធចោលរបស់អាក្រក់ ហើយរើសយករបស់ល្អ នោះស្រុករបស់ស្តេចទាំងពីរ ដែលអ្នកខ្ពើមនោះ នឹងត្រូវចោលស្ងាត់ទៅ។ 17ព្រះយេហូវ៉ានឹងនាំហេតុការណ៍មួយមកលើអ្នក លើប្រជារាស្ត្រអ្នក ហើយលើពួកវង្សរបស់ឪពុកអ្នក គឺជាស្តេចស្រុកអាសស៊ើរ ជាការដែលមិនបានកើតមាន ចាប់តាំងពីគ្រាដែលអេប្រាអិមបែកចេញពីពួកយូដាមក។
18នៅគ្រានោះ ព្រះយេហូវ៉ានឹងហួចហៅរុយ ដែលនៅទីឆ្ងាយបំផុតនៃទន្លេស្រុកអេស៊ីព្ទ ព្រមទាំងឃ្មុំដែលនៅស្រុកអាសស៊ើរផង។ 19នោះវានឹងនាំគ្នាមកទំនៅក្នុងច្រកភ្នំដែលត្រូវចោលស្ងាត់ នៅក្នុងក្រហែងថ្ម នៅលើគ្រប់ទាំងរបងបន្លា ហើយនៅអស់ទាំងវាលស្មៅផង។
20នៅគ្រានោះ ព្រះអម្ចាស់នឹងកោរសក់ក្បាល និងរោមជើងផង ដោយកាំបិតដែលបានជួលពីទីនៅត្រើយខាងនាយទន្លេ គឺដោយស្តេចនៃស្រុកអាសស៊ើរ ហើយកាំបិតនោះនឹងរំលាងទាំងពុកចង្កាផង។
21នៅគ្រានោះ មនុស្សម្នាក់នឹងចិញ្ចឹមគោញីមួយ និងចៀមពីរ 22ហើយដោយព្រោះសត្វទាំងនោះមានទឹកដោះជាបរិបូរ បានជាអ្នកនោះនឹងបរិភោគខ្លាញ់ទឹកដោះ ដ្បិតពួកអ្នកដែលនៅសល់ក្នុងស្រុកគេ នឹងបានខ្លាញ់ទឹកដោះ និងទឹកឃ្មុំបរិភោគគ្រប់គ្នា។
23ហើយនៅគ្រានោះ គ្រប់ទីកន្លែងណា ដែលពីដើមមានចម្ការទំពាំងបាយជូរចំនួនមួយពាន់ដើម មានតម្លៃជាប្រាក់មួយពាន់រៀល នោះនឹងបានជាទីសម្រាប់អញ្ចាញ និងបន្លាវិញ 24ឯអ្នកណាដែលចូលទៅក្នុងទីនោះ នឹងត្រូវកាន់ព្រួញ និងធ្នូផង ដ្បិតស្រុកទាំងមូលនឹងដុះសុទ្ធតែអញ្ចាញ និងបន្លា 25អ្នកក៏នឹងមិនឡើងទៅលើទីទួលដែលពីដើមមានគេកាប់គាស់ដោយចបដែរ ដោយខ្លាចអញ្ចាញ និងបន្លា ទីនោះនឹងបានសម្រាប់ជាទីលែងហ្វូងគោ ហើយសម្រាប់ឲ្យហ្វូងចៀមញាំញីទៅប៉ុណ្ណោះ»។
ទើបបានជ្រើសរើសហើយ៖
អេសាយ 7: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies