អេសាយ 1:21-31

អេសាយ 1:21-31 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ហេតុ​ដូច​ម្ដេច​បាន​ជា​បុរី​ដ៏​ស្មោះ​ត្រង់ បែរ​ជា​ខូច អស់​បែប​នេះ? ពី​មុន នៅ​ក្នុង​ទីក្រុង មាន​ពេញ​ដោយ​យុត្តិធម៌ សេចក្ដី​សុចរិត​ក៏​ស្ថិត​នៅ​ក្នុង​ទីក្រុង​នេះ​ដែរ។ ប៉ុន្តែ ឥឡូវ​នេះ អ្នក​គ្រប់‌គ្រង សុទ្ធ​តែ​ជា​ឃាតក! អ្នក​ក្រុង​យេរូ‌សាឡឹម​អើយ ប្រាក់​របស់​អ្នក​រាល់​គ្នា​មិន​ស្អាត‌ស្អំ​ទេ ហើយ​ស្រា​របស់​អ្នក​រាល់​គ្នា​ក៏​លាយ​ទឹក​ដែរ។ អ្នក​ដឹក​នាំ​របស់​អ្នក​សុទ្ធ​តែ​ជា​មនុស្ស​បះ‌បោរ ពួក​គេ​ចូល​ដៃ​ជា​មួយ​ចោរ ពួក​គេ​ចូល​ចិត្ត​សំណូក ហើយ​គិត​តែ​ពី​ស្វះ‌ស្វែង​រក​ជំនូន គឺ​ពួក​គេ​មិន​រក​យុត្តិធម៌​ឲ្យ​ក្មេង​កំព្រា​ទេ ហើយ​ក៏​មិន​រវី‌រវល់​ស្ដាប់​ស្ត្រី​មេម៉ាយ​ដែរ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ជា‌អម្ចាស់ នៃ​ពិភព​ទាំង​មូល គឺ​ព្រះ​ដ៏​មាន​ឫទ្ធិ​ចេស្ដា របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​មាន​ព្រះ‌បន្ទូល​ថា: យើង​នឹង​ដណ្ដើម​យក​ជ័យ‌ជម្នះ​ពី​បច្ចា‌មិត្ត​របស់​យើង ហើយ​យើង​នឹង​សង‌សឹក​ខ្មាំង​សត្រូវ​របស់​យើង! យេរូ‌សាឡឹម​អើយ យើង​នឹង​វាយ​ប្រដៅ​អ្នក យើង​នឹង​បន្សុទ្ធ​អ្នក ដូច​គេ​បន្សុទ្ធ​លោហ‌ធាតុ យើង​ក៏​នឹង​ដក​អ្វីៗ​ទាំង​អស់​ដែល​សៅហ្មង ចេញ​ពី​អ្នក​ដែរ។ យើង​នឹង​ធ្វើ​ឲ្យ​ចៅ‌ក្រម​របស់​អ្នក បាន​ដូច​ចៅ‌ក្រម​នៅ​ជំនាន់​ដើម ហើយ​ធ្វើ​ឲ្យ​ទី​ប្រឹក្សា​របស់​អ្នក បាន​ដូច​ទី​ប្រឹក្សា​នៅ​ជំនាន់​មុន​ដែរ។ ពេល​នោះ គេ​នឹង​ហៅ​អ្នក​ថា “ក្រុង​ដ៏​សុចរិត” “បុរី​ដ៏​ស្មោះ​ត្រង់”។ យុត្តិធម៌​នឹង​រំដោះ​ក្រុង​ស៊ីយ៉ូន ឲ្យ​មាន​សេរី‌ភាព ហើយ​សេចក្ដី​សុចរិត​ក៏​នឹង​រំដោះ ប្រជា‌ជន​ដែល​កែ​ប្រែ​ចិត្ត​គំនិត ឲ្យ​មាន​សេរី‌ភាព​ដែរ។ រីឯ​ពួក​បះ‌បោរ មនុស្ស​បាប និង​អស់​អ្នក​ដែល​បោះ​បង់​ចោល​ព្រះ‌អម្ចាស់​វិញ គេ​នឹង​វិនាស​អន្តរាយ​ជា​មួយ​គ្នា​អស់​ទៅ។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ត្រូវ​បាក់​មុខ ព្រោះ​តែ​ជំពាក់​ចិត្ត​នឹង​ដើម​ឈើ​ដ៏​សក្ការៈ ហើយ​អ្នក​រាល់​គ្នា​ក៏​នឹង​ត្រូវ​អាម៉ាស់ ព្រោះ​តែ​បាន​ជ្រើស​រើស​សួន​ឧទ្យាន​ទាំង​នោះ ទុក​ជា​កន្លែង​ធ្វើ​សក្ការ‌បូជា​ដែរ។ ដ្បិត​អ្នក​រាល់​គ្នា​នឹង​បាន​ដូច​ដើម​ឈើ​ទាំង​នោះ ដែល​មាន​ស្លឹក​ក្រៀម​ស្ងួត ហើយ​ដូច​សួន​ឧទ្យាន​ដែល​គ្មាន​ទឹក។ មនុស្ស​ខ្លាំង​ពូកែ​នឹង​ក្លាយ​ទៅ​ជា​កម្ទេច​ឈើ​ស្ងួត ហើយ​អ្វីៗ​ដែល​គេ​ធ្វើ ប្រៀប​បាន​នឹង​ផ្កា​ភ្លើង ដែល​ឆេះ​ជា​មួយ​គ្នា គ្មាន​នរណា​ពន្លត់​បាន​ឡើយ។

ចែក​រំលែក
អាន អេសាយ 1

អេសាយ 1:21-31 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ម្ដេច​បាន​ជា​ទី​ក្រុង​ស្មោះ‌ត្រង់ ប្រែ​ក្លាយ​ជា​ខូចអាក្រក់​ដូច្នេះ? គឺ​ទី​ក្រុង​ដែល​បាន​ពេញ​ដោយ​សេចក្ដី​យុត្តិ‌ធម៌ ហើយ​មាន​សេចក្ដី​សុចរិត​អាស្រ័យ​នៅ​ក្នុង​នោះ​ដែរ តែ​ឥឡូវ​នេះ មាន​សុទ្ធ​តែ​ពួក​អ្នក​កាប់​សម្លាប់។ ប្រាក់​របស់​អ្នក​បាន​ត្រឡប់​ទៅ​ជា អាចម៍​ប្រាក់​ទៅ​ហើយ ឯ​ស្រា​ទំពាំង‌បាយ‌ជូរ​របស់​អ្នក ក៏​លាយ​ដោយ​ទឹក​ដែរ។ ពួក​មេ​របស់​អ្នក​ជា​ពួក​អ្នក​បះ‌បោរ ហើយ​ជា​មិត្ត​នឹង​ពួក​ចោរ។ គ្រប់​គ្នា​ចូល​ចិត្ត​តែ​ស៊ី​សំណូក ហើយ​ក៏​ឧស្សាហ៍​តាម​រក​រង្វាន់ គេ​មិន​កាត់​ក្តី​ឲ្យ​ពួក​កំព្រា​ឡើយ ហើយ​រឿង​ក្តី​របស់​ពួក​មេម៉ាយ ក៏​មិន​ដែល​មក​ដល់​គេ​ដែរ។ ហេតុ​នោះ​បាន​ជា​ព្រះ‌អម្ចាស់ គឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តានៃ​សាសន៍​អ៊ីស្រា‌អែល ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ យើង​នឹង​ដោះ​ពួក​ត​តាំង នឹង​យើង​ចេញ​ឲ្យ​ធូរ​ខ្លួន​វិញ យើង​នឹង​សង‌សឹក​ចំពោះ​ពួក​ខ្មាំង​សត្រូវ។ យើង​នឹង​លូក​ដៃ​ទៅ​លើ​អ្នក​ទៀត ហើយ​នឹង​សម្អាត​មន្ទិល​សៅ‌ហ្មង របស់​អ្នក​ចេញ​ឲ្យ​ស្អាត ព្រម​ទាំង​ដេញ​កម្ចាត់​គ្រឿង​លាយ​ក្នុង​ចិត្ត​អ្នក​ផង។ រួច​យើង​នឹង​តាំង​ពួក​ចៅ‌ក្រម របស់​អ្នក​ឡើង​ដូច​ដើម​វិញ ហើយ​ពួក​ក្រុម​ប្រឹក្សា​របស់​អ្នក ដូច​កាល​ពី​មុន​ដែរ ពី​ពេល​នេះ​ត​ទៅ គេ​នឹង​ហៅ​អ្នក​ថា​ជា ទី​ក្រុង​មាន​សេចក្ដី​សុចរិត គឺ​ជា​ទី​ដែល​ស្មោះ‌ត្រង់​វិញ។ ក្រុង​ស៊ីយ៉ូន​នឹង​បាន​លោះ​ចេញ ដោយ‌សារ​សេចក្ដី​យុត្តិ‌ធម៌ ហើយ​ពួក​អ្នក​ក្រុង​ដែល​វិល​មក​វិញ នោះ​នឹង​រួច​ដោយ‌សារ​សេចក្ដី​សុចរិត។ តែ​ឯ​ពួក​អ្នក​រំលង និង​ពួក​មាន​បាប គេ​នឹង​ត្រូវ​បំផ្លាញ​ជា‌មួយ​គ្នា ហើយ​ពួក​អ្នក​ដែល​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា គេ​នឹង​ត្រូវ​វិនាស​ទៅ។ ដ្បិត​គេ​នឹង​មាន​សេចក្ដី​ខ្មាស ចំពោះ​ដើម​ម៉ៃសាក់ ដែល​អ្នក​រាល់​គ្នា​ធ្លាប់​យក​ជា​ទី​រីក‌រាយ​ចិត្ត ហើយ​អ្នក​រាល់​គ្នា​នឹង​ឡើង​មុខ​ក្រហម ដោយ​ព្រោះ​សួន‌ច្បារ​ដែល​អ្នក​រាល់​គ្នា បាន​រើស​យក​នោះ។ ដ្បិត​អ្នក​រាល់​គ្នា​នឹង​បាន​ដូច​ជា​ដើម​ម៉ៃសាក់ ដែល​ស្លឹក​ស្វិត​ក្រៀម​ទៅ ហើយ​ដូច​ជា​សួន‌ច្បារ​ឥត​មាន​ទឹក។ មនុស្ស​ខ្លាំង​ពូកែ​នឹង​ដូច​ជា​អាចម៍​បន្ទោះ ការ​គេ​ធ្វើ​នឹង​ដូច​ជា​ផ្កា​ភ្លើង ហើយ​ទាំង​ពីរ​យ៉ាង​នឹង​ឆេះ​ជា‌មួយ​គ្នា ឥត​ដែល​មាន​អ្នក​ណា​ពន្លត់​សោះ​ឡើយ។

ចែក​រំលែក
អាន អេសាយ 1

អេសាយ 1:21-31 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ទី​ក្រុង​ស្មោះ‌ត្រង់​បាន​ក្បត់​ជា​សំផឹង​ដូច្នេះ​ដែរ​ហ្ន៎ គឺ​ទី​ក្រុង​ដែល​បាន​ពេញ​ដោយ​សេចក្ដី​យុត្តិ‌ធម៌ ហើយ​មាន​សេចក្ដី​សុចរិត​អាស្រ័យ​នៅ​ក្នុង​នោះ​ដែរ តែ​ឥឡូវ​នេះ មាន​សុទ្ធ​តែ​ពួក​អ្នក​កាប់​សំឡាប់​វិញ ប្រាក់​របស់​ឯង​បាន​ត្រឡប់​ទៅ​ជា​អាចម៍​ប្រាក់​ទៅ​ហើយ ឯ​ស្រា​ទំពាំង‌បាយ‌ជូរ​របស់​ឯង ក៏​លាយ​ដោយ​ទឹក​ដែរ ពួក​មេ​របស់​ឯង​ជា​ពួក​អ្នក​បះ‌បោរ ហើយ​ជា​ភឿន‌មិត្រ​នឹង​ពួក​ចោរ គ្រប់​គ្នា​ចូល​ចិត្ត​តែ​ស៊ី​សំណូក ហើយ​ក៏​ឧស្សាហ៍​តាម​រក​រង្វាន់ គេ​មិន​កាត់​ក្តី​ឲ្យ​ពួក​កំព្រា​ឡើយ ហើយ​រឿង​ក្តី​របស់​ពួក​មេម៉ាយ​ក៏​មិន​ដែល​មក​ដល់​គេ​ដែរ។ ហេតុ​នោះ​បាន​ជា​ព្រះ‌អម្ចាស់ គឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​បន្ទូល​ថា អា៎ អញ​នឹង​ដោះ​ពួក​ត​តាំង​នឹង​អញ​ចេញ​ឲ្យ​ធូរ​ខ្លួន​វិញ អញ​នឹង​សង‌សឹក​ចំពោះ​ពួក​ខ្មាំង​សត្រូវ អញ​នឹង​លូក​ដៃ​ទៅ​លើ​ឯង​ទៀត ហើយ​នឹង​សំអាត​មន្ទិល​សៅ‌ហ្មង​របស់​ឯង​ចេញ​ឲ្យ​ស្អាត ព្រម​ទាំង​ដេញ​កំចាត់​គ្រឿង​លាយ​ក្នុង​ចិត្ត​ឯង​ផង រួច​អញ​នឹង​តាំង​ពួក​ចៅ‌ក្រម​របស់​ឯង​ឡើង​ដូច​ដើម​វិញ ហើយ​ពួក​ក្រុម​ប្រឹក្សា​របស់​ឯង ដូច​កាល​ជាន់​មុន​ដែរ ពី​នោះ​ត​ទៅ គេ​នឹង​ហៅ​ឯង​ជា «ទី​ក្រុង​មាន​សេចក្ដី​សុចរិត គឺ​ជា​ទី​ដែល​ស្មោះ‌ត្រង់» វិញ ក្រុង​ស៊ីយ៉ូន​នឹង​បាន​លោះ​ចេញ​ដោយ‌សារ​សេចក្ដី​យុត្តិ‌ធម៌ ហើយ​ពួក​អ្នក​ក្រុង​ដែល​វិល​មក​វិញ នោះ​នឹង​រួច​ដោយ‌សារ​សេចក្ដី​សុចរិត តែ​ឯ​ពួក​អ្នក​រំលង នឹង​ពួក​មាន​បាប គេ​នឹង​ត្រូវ​បំផ្លាញ​ជា​មួយ​គ្នា ហើយ​ពួក​អ្នក​ដែល​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា គេ​នឹង​ត្រូវ​វិនាស​ទៅ ដ្បិត​គេ​នឹង​មាន​សេចក្ដី​ខ្មាស ចំពោះ​ដើម​ម៉ៃសាក់ដែល​ឯង​រាល់​គ្នា​ធ្លាប់​យក​ជា​ទី​រីក‌រាយ​ចិត្ត ហើយ​ឯង​រាល់​គ្នា​នឹង​ឡើង​មុខ​ក្រហម ដោយ​ព្រោះ​សួន‌ច្បារ​ដែល​ឯង​រាល់​គ្នា​បាន​រើស​យក​នោះ ពី​ព្រោះ​ឯង​រាល់​គ្នា​នឹង​បាន​ដូច​ជា​ដើម​ម៉ៃសាក់ ដែល​ស្លឹក​ស្វិត​ក្រៀម​ទៅ ហើយ​ដូច​ជា​សួន‌ច្បារ​ឥត​មាន​ទឹក នោះ​ពួក​មនុស្ស​មាន​កំឡាំង​នឹង​ដូច​ជា​អាចម៍​បន្ទោះ ការ​គេ​ធ្វើ​នឹង​ដូច​ជា​ផ្កា​ភ្លើងហើយ​ទាំង​២​យ៉ាង​នឹង​ឆេះ​ជា​មួយ​គ្នា ឥត​ដែល​មាន​អ្នក​ណា​ពន្លត់​សោះ​ឡើយ។

ចែក​រំលែក
អាន អេសាយ 1