អេសាយ 1:21-31

អេសាយ 1:21-31 គកស១៦

ម្ដេច​បាន​ជា​ទី​ក្រុង​ស្មោះ‌ត្រង់ ប្រែ​ក្លាយ​ជា​ខូចអាក្រក់​ដូច្នេះ? គឺ​ទី​ក្រុង​ដែល​បាន​ពេញ​ដោយ​សេចក្ដី​យុត្តិ‌ធម៌ ហើយ​មាន​សេចក្ដី​សុចរិត​អាស្រ័យ​នៅ​ក្នុង​នោះ​ដែរ តែ​ឥឡូវ​នេះ មាន​សុទ្ធ​តែ​ពួក​អ្នក​កាប់​សម្លាប់។ ប្រាក់​របស់​អ្នក​បាន​ត្រឡប់​ទៅ​ជា អាចម៍​ប្រាក់​ទៅ​ហើយ ឯ​ស្រា​ទំពាំង‌បាយ‌ជូរ​របស់​អ្នក ក៏​លាយ​ដោយ​ទឹក​ដែរ។ ពួក​មេ​របស់​អ្នក​ជា​ពួក​អ្នក​បះ‌បោរ ហើយ​ជា​មិត្ត​នឹង​ពួក​ចោរ។ គ្រប់​គ្នា​ចូល​ចិត្ត​តែ​ស៊ី​សំណូក ហើយ​ក៏​ឧស្សាហ៍​តាម​រក​រង្វាន់ គេ​មិន​កាត់​ក្តី​ឲ្យ​ពួក​កំព្រា​ឡើយ ហើយ​រឿង​ក្តី​របស់​ពួក​មេម៉ាយ ក៏​មិន​ដែល​មក​ដល់​គេ​ដែរ។ ហេតុ​នោះ​បាន​ជា​ព្រះ‌អម្ចាស់ គឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តានៃ​សាសន៍​អ៊ីស្រា‌អែល ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ យើង​នឹង​ដោះ​ពួក​ត​តាំង នឹង​យើង​ចេញ​ឲ្យ​ធូរ​ខ្លួន​វិញ យើង​នឹង​សង‌សឹក​ចំពោះ​ពួក​ខ្មាំង​សត្រូវ។ យើង​នឹង​លូក​ដៃ​ទៅ​លើ​អ្នក​ទៀត ហើយ​នឹង​សម្អាត​មន្ទិល​សៅ‌ហ្មង របស់​អ្នក​ចេញ​ឲ្យ​ស្អាត ព្រម​ទាំង​ដេញ​កម្ចាត់​គ្រឿង​លាយ​ក្នុង​ចិត្ត​អ្នក​ផង។ រួច​យើង​នឹង​តាំង​ពួក​ចៅ‌ក្រម របស់​អ្នក​ឡើង​ដូច​ដើម​វិញ ហើយ​ពួក​ក្រុម​ប្រឹក្សា​របស់​អ្នក ដូច​កាល​ពី​មុន​ដែរ ពី​ពេល​នេះ​ត​ទៅ គេ​នឹង​ហៅ​អ្នក​ថា​ជា ទី​ក្រុង​មាន​សេចក្ដី​សុចរិត គឺ​ជា​ទី​ដែល​ស្មោះ‌ត្រង់​វិញ។ ក្រុង​ស៊ីយ៉ូន​នឹង​បាន​លោះ​ចេញ ដោយ‌សារ​សេចក្ដី​យុត្តិ‌ធម៌ ហើយ​ពួក​អ្នក​ក្រុង​ដែល​វិល​មក​វិញ នោះ​នឹង​រួច​ដោយ‌សារ​សេចក្ដី​សុចរិត។ តែ​ឯ​ពួក​អ្នក​រំលង និង​ពួក​មាន​បាប គេ​នឹង​ត្រូវ​បំផ្លាញ​ជា‌មួយ​គ្នា ហើយ​ពួក​អ្នក​ដែល​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា គេ​នឹង​ត្រូវ​វិនាស​ទៅ។ ដ្បិត​គេ​នឹង​មាន​សេចក្ដី​ខ្មាស ចំពោះ​ដើម​ម៉ៃសាក់ ដែល​អ្នក​រាល់​គ្នា​ធ្លាប់​យក​ជា​ទី​រីក‌រាយ​ចិត្ត ហើយ​អ្នក​រាល់​គ្នា​នឹង​ឡើង​មុខ​ក្រហម ដោយ​ព្រោះ​សួន‌ច្បារ​ដែល​អ្នក​រាល់​គ្នា បាន​រើស​យក​នោះ។ ដ្បិត​អ្នក​រាល់​គ្នា​នឹង​បាន​ដូច​ជា​ដើម​ម៉ៃសាក់ ដែល​ស្លឹក​ស្វិត​ក្រៀម​ទៅ ហើយ​ដូច​ជា​សួន‌ច្បារ​ឥត​មាន​ទឹក។ មនុស្ស​ខ្លាំង​ពូកែ​នឹង​ដូច​ជា​អាចម៍​បន្ទោះ ការ​គេ​ធ្វើ​នឹង​ដូច​ជា​ផ្កា​ភ្លើង ហើយ​ទាំង​ពីរ​យ៉ាង​នឹង​ឆេះ​ជា‌មួយ​គ្នា ឥត​ដែល​មាន​អ្នក​ណា​ពន្លត់​សោះ​ឡើយ។

អាន អេសាយ 1