អេសាយ 1

1
1នេះ​ជា​ការ​ជាក់‌ស្តែង​ដែល​អេសាយ ជា​កូន​អ័ម៉ូស​បាន​ឃើញ​ពី​ដំណើរ​ស្រុក​យូដា នឹង​ក្រុង​យេរូ‌សាឡិម ក្នុង​រាជ្យ​អ៊ូសៀស យ៉ូថាម អេហាស ហើយ​នឹង​ហេសេគា ជា​ស្តេច​ស្រុក​យូដា។
2ឱ​ស្ថាន​សួគ៌​អើយ ចូរ​ស្តាប់ ហើយ​ផែនដី​អើយ ចូរ​ផ្ទៀង​ត្រចៀក​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​បន្ទូល​ហើយ​ថា អញ​បាន​ចិញ្ចឹម​បី‌បាច់‌រក្សា​កូន តែ​វា​រាល់​គ្នា​បាន​បះ‌បោរ​នឹង​អញ​វិញ 3ឯ​គោ​វា​ស្គាល់​ម្ចាស់ ហើយ​លា​ក៏​ស្គាល់​ស្នូក​របស់​ម្ចាស់​វា​ដែរ ប៉ុន្តែអ៊ីស្រាអែល​មិន​ស្គាល់​សោះ រាស្ត្រ​អញ​មិន​ពិចារណា​ទេ 4ឱ​ហ្ន៎ ប្រទេស​ដ៏​មាន​បាប ជា​សាសន៍​ផ្ទុក​ដោយ​អំពើ​ទុច្ចរិត ជា​ពូជ​មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់ ជា​ពួក​កូន​ចៅ​ដែល​ប្រព្រឹត្ត​វៀច​កោង គេ​បាន​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា គេ​បាន​ប្រមាថ​មើល‌ងាយ​ដល់​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល គេ​បាន​ត្រូវ​ព្រាត់​ថយ​ទៅ​ក្រោយ 5ឯង​រាល់​គ្នា​ចង់​ត្រូវ​រំពាត់​ទៀត​ធ្វើ​អី បាន​ជា​ចេះ​តែ​បះ‌បោរ​កាន់​តែ​ច្រើន​ឡើង​ដូច្នេះ គ្រប់​ទាំង​ក្បាល​ក៏​ឈឺ គ្រប់​ទាំង​ចិត្ត​បាន​ល្វើយ​ផង​ហើយ 6ចាប់​តាំង​ពី​បាត​ជើង​រហូត​ដល់​កំពូល​ក្បាល នោះ​ឥត​មាន​កន្លែង​ណា​មាំ‌មួន​ឡើយ គឺ​មាន​សុទ្ធ​តែ​របួស នឹង​ជាំ ហើយ​ស្នាម​រំពាត់​ថ្មី ឥត​បាន​បិទ​ភ្ជិតឬ​រុំ ឬ​ចាក់​ប្រេង​ឲ្យ​ធូរ​ស្រាក​ទេ 7ស្រុក​របស់​ឯង​រាល់​គ្នា​បាន​ចោល​ស្ងាត់​ហើយ ទី​ក្រុង​ឯង​ក៏​ត្រូវ​ដុត​បំផ្លាញ​អស់​ទៅ ពួក​សាសន៍​ដទៃ​គេ​ត្របាក់​លេប​ដី​របស់​ឯង នៅ​ចំពោះ​ឯង​ផង ហើយ​ដី​នោះ​ត្រូវ​ចោល​ស្ងាត់​ដោយ​ពួក​សាសន៍​ដទៃ​បំផ្លាញ 8កូន​ស្រី​របស់​ក្រុង​ស៊ីយ៉ូន នាង​ត្រូវ​លះ​ចោល​ដូច​ជា​បង្ហា​ដែល​នៅ​ចំការ​ទំពាំង‌បាយ‌ជូរ ដូច​ជា​ជំរំ​នៅ​ចំការ​ត្រសក់ ដូច​ជា​ទី​ក្រុង ដែល​ត្រូវ​ខ្មាំង​ឡោម‌ព័ទ្ធ​ហើយ 9បើ‌សិន​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ មិន​បាន​ទុក​ឲ្យ​យើង​មាន​សំណល់​បន្តិច‌បន្តួច​នៅ នោះ​យើង​រាល់​គ្នា​នឹង​បាន​ដូច​ជា​ក្រុង​សូដុំម ហើយ​ដូច​ក្រុង​កូម៉ូរ៉ា​ដែរ។
10ឱ​ពួក​គ្រប់‌គ្រង​លើ​ក្រុង​សូដុំម​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ម្នាល​ពួក​ក្រុង​កូម៉ូរ៉ា​អើយ ចូរ​ផ្ទៀង​ត្រចៀក​ស្តាប់​ក្រឹត្យ‌វិន័យ​របស់​ព្រះ​នៃ​យើង​រាល់​គ្នា​ចុះ 11ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា យញ្ញ‌បូជា​ដ៏​មាន​ច្រើន​ម៉្លេះ​របស់​ឯង​រាល់​គ្នា តើ​ជា​អ្វី​ដល់​អញ អញ​ធុញ‌ទ្រាន់​ចំពោះ​ចៀម​ឈ្មោល នឹង​ខ្លាញ់​នៃ​សត្វ​បំប៉ន ដែល​ឯង​ដុត​ថ្វាយ​ណាស់ អញ​ក៏​មិន​ចូល​ចិត្ត ចំពោះ​ឈាម​នៃ​គោ​ឈ្មោល ឬ​កូន​ចៀម ឬ​ពពែ​នោះ​ទេ 12កាល​ណា​ឯង​រាល់​គ្នា​លេច​មក​នៅ​ចំពោះ​អញ នោះ​តើ​អ្នក​ណា​បាន​បង្គាប់​ឲ្យ​ឯង​រាល់​គ្នា​ធ្វើ​ដូច្នេះ ដើម្បី​ឲ្យ​បាន​ចូល​មក​ជាន់​ទីលាន​របស់​អញ​នេះ 13កុំ​ឲ្យ​យក​ដង្វាយ​ដ៏​ឥត​ប្រយោជន៍​មក​ទៀត​ឡើយ ឯ​កំញាន​ជា​របស់​ស្អប់​ខ្ពើម​ដល់​អញ ឯ​បុណ្យ​ចូល​ខែ នឹង​ថ្ងៃ​ឈប់​សំរាក ព្រម​ទាំង​ការ​ប្រជុំ​ជំនុំ នោះ​អញ​ទ្រាំ​មិន​បាន​ទេ សូម្បី​តែ​បុណ្យ​ប្រជុំ​ជំនុំ​មុត‌មាំ ក៏​ជា​អំពើ​ទុច្ចរិត​ដែរ 14ចិត្ត​អញ​ស្អប់​ចំពោះ​បុណ្យ​ចូល​ខែ នឹង​បុណ្យ​មាន​កំណត់​ទាំង​ប៉ុន្មាន​របស់​ឯង​រាល់​គ្នា​ណាស់ ពិធី​ទាំង​នោះ​ជា​បន្ទុក​សង្កត់​លើ​អញ​ជា​ខ្លាំង អញ​ក៏​នឿយ​ណាយ ដោយ​ទ្រាំ​ចំពោះ​ការ​ទាំង​នោះ 15កាល​ណា​ឯង​រាល់​គ្នា​ប្រទូល​ដៃ​ឡើង នោះ​អញ​នឹង​បែរ​ភ្នែក​ពី​ឯង​ចេញ អើ បើ​កាល​ណា​ឯង​អធិ‌ស្ឋាន​ជា​ច្រើន នោះ​អញ​នឹង​មិន​ស្តាប់​ឡើយ ដ្បិត​ដៃ​ឯង​រាល់​គ្នា​ប្រឡាក់​ពេញ​ដោយ​ឈាម 16ចូរ​លាង​ចេញ ចូរ​ជំរះ​ខ្លួន​ឲ្យ​ស្អាត​ចុះ ចូរ​បំបាត់​អំពើ​អាក្រក់​ដែល​ឯង​រាល់​គ្នា​ប្រព្រឹត្ត​ពី​ចំពោះ​ភ្នែក​អញ​ចេញ ហើយ​លែង​ប្រព្រឹត្ត​អំពើ​អាក្រក់​ត​ទៅ 17ចូរ​ហាត់​រៀន​ធ្វើ​ការ​ល្អ​វិញ ចូរ​ស្វែង​រក​ឲ្យ​បាន​សេចក្ដី​យុត្តិ‌ធម៌ ចូរ​ជួយ​ការ‌ពារ​ចំពោះ​មនុស្ស​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន ចូរ​កាត់​ក្តី​ដល់​ពួក​កំព្រា ហើយ​កាន់​ក្តី​ជំនួស​ពួក​ស្រី​មេម៉ាយ​ចុះ។
18ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា មក​ចុះ យើង​នឹង​ពិភាក្សា​ជា​មួយ​គ្នា ទោះ​បើ​អំពើ​បាប​របស់​ឯង​ដូច​ជា​ពណ៌​ក្រហម‌ទែង​ក៏​ដោយ គង់​តែ​នឹង​បាន​ស​ដូច​ហិមៈ ទោះ​បើ​ក្រហម​ឆ្អៅ​ក៏​ដោយ គង់​តែ​នឹង​បាន​ដូច​ជា​រោម​ចៀម​វិញ 19បើ‌សិន​ជា​ឯង​រាល់​គ្នា​ស្ម័គ្រ​ចិត្ត​តាម ហើយ​ស្តាប់​បង្គាប់ នោះ​នឹង​បាន​បរិភោគ​ផល​ល្អ​នៃ​ស្រុក​ដែរ 20តែ​បើ​ឯង​មិន​ព្រម​វិញ ហើយ​បះ‌បោរ​ផង នោះ​ឯង​នឹង​ត្រូវ​លេប​បាត់​ដោយ​មុខ​ដាវ ពី​ព្រោះ​ព្រះ‌ឱស្ឋ​នៃ​ព្រះ‌យេហូវ៉ា បាន​មាន​បន្ទូល​ស្រេច​ហើយ។
21ទី​ក្រុង​ស្មោះ‌ត្រង់​បាន​ក្បត់​ជា​សំផឹង​ដូច្នេះ​ដែរ​ហ្ន៎ គឺ​ទី​ក្រុង​ដែល​បាន​ពេញ​ដោយ​សេចក្ដី​យុត្តិ‌ធម៌ ហើយ​មាន​សេចក្ដី​សុចរិត​អាស្រ័យ​នៅ​ក្នុង​នោះ​ដែរ តែ​ឥឡូវ​នេះ មាន​សុទ្ធ​តែ​ពួក​អ្នក​កាប់​សំឡាប់​វិញ 22ប្រាក់​របស់​ឯង​បាន​ត្រឡប់​ទៅ​ជា​អាចម៍​ប្រាក់​ទៅ​ហើយ ឯ​ស្រា​ទំពាំង‌បាយ‌ជូរ​របស់​ឯង ក៏​លាយ​ដោយ​ទឹក​ដែរ 23ពួក​មេ​របស់​ឯង​ជា​ពួក​អ្នក​បះ‌បោរ ហើយ​ជា​ភឿន‌មិត្រ​នឹង​ពួក​ចោរ គ្រប់​គ្នា​ចូល​ចិត្ត​តែ​ស៊ី​សំណូក ហើយ​ក៏​ឧស្សាហ៍​តាម​រក​រង្វាន់ គេ​មិន​កាត់​ក្តី​ឲ្យ​ពួក​កំព្រា​ឡើយ ហើយ​រឿង​ក្តី​របស់​ពួក​មេម៉ាយ​ក៏​មិន​ដែល​មក​ដល់​គេ​ដែរ។
24ហេតុ​នោះ​បាន​ជា​ព្រះ‌អម្ចាស់ គឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​បន្ទូល​ថា អា៎ អញ​នឹង​ដោះ​ពួក​ត​តាំង​នឹង​អញ​ចេញ​ឲ្យ​ធូរ​ខ្លួន​វិញ អញ​នឹង​សង‌សឹក​ចំពោះ​ពួក​ខ្មាំង​សត្រូវ 25អញ​នឹង​លូក​ដៃ​ទៅ​លើ​ឯង​ទៀត ហើយ​នឹង​សំអាត​មន្ទិល​សៅ‌ហ្មង​របស់​ឯង​ចេញ​ឲ្យ​ស្អាត ព្រម​ទាំង​ដេញ​កំចាត់​គ្រឿង​លាយ​ក្នុង​ចិត្ត​ឯង​ផង 26រួច​អញ​នឹង​តាំង​ពួក​ចៅ‌ក្រម​របស់​ឯង​ឡើង​ដូច​ដើម​វិញ ហើយ​ពួក​ក្រុម​ប្រឹក្សា​របស់​ឯង ដូច​កាល​ជាន់​មុន​ដែរ ពី​នោះ​ត​ទៅ គេ​នឹង​ហៅ​ឯង​ជា «ទី​ក្រុង​មាន​សេចក្ដី​សុចរិត គឺ​ជា​ទី​ដែល​ស្មោះ‌ត្រង់» វិញ 27ក្រុង​ស៊ីយ៉ូន​នឹង​បាន​លោះ​ចេញ​ដោយ‌សារ​សេចក្ដី​យុត្តិ‌ធម៌ ហើយ​ពួក​អ្នក​ក្រុង​ដែល​វិល​មក​វិញ នោះ​នឹង​រួច​ដោយ‌សារ​សេចក្ដី​សុចរិត 28តែ​ឯ​ពួក​អ្នក​រំលង នឹង​ពួក​មាន​បាប គេ​នឹង​ត្រូវ​បំផ្លាញ​ជា​មួយ​គ្នា ហើយ​ពួក​អ្នក​ដែល​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា គេ​នឹង​ត្រូវ​វិនាស​ទៅ 29ដ្បិត​គេ​នឹង​មាន​សេចក្ដី​ខ្មាស ចំពោះ​ដើម​ម៉ៃសាក់ដែល​ឯង​រាល់​គ្នា​ធ្លាប់​យក​ជា​ទី​រីក‌រាយ​ចិត្ត ហើយ​ឯង​រាល់​គ្នា​នឹង​ឡើង​មុខ​ក្រហម ដោយ​ព្រោះ​សួន‌ច្បារ​ដែល​ឯង​រាល់​គ្នា​បាន​រើស​យក​នោះ 30ពី​ព្រោះ​ឯង​រាល់​គ្នា​នឹង​បាន​ដូច​ជា​ដើម​ម៉ៃសាក់ ដែល​ស្លឹក​ស្វិត​ក្រៀម​ទៅ ហើយ​ដូច​ជា​សួន‌ច្បារ​ឥត​មាន​ទឹក 31នោះ​ពួក​មនុស្ស​មាន​កំឡាំង​នឹង​ដូច​ជា​អាចម៍​បន្ទោះ ការ​គេ​ធ្វើ​នឹង​ដូច​ជា​ផ្កា​ភ្លើងហើយ​ទាំង​២​យ៉ាង​នឹង​ឆេះ​ជា​មួយ​គ្នា ឥត​ដែល​មាន​អ្នក​ណា​ពន្លត់​សោះ​ឡើយ។

ទើបបានជ្រើសរើសហើយ៖

អេសាយ 1: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល