អេសាយ 2

2
1នេះ​ជា​សេចក្ដី​ដែល​អេសាយ ជា​កូន​អ័ម៉ូស បាន​ឃើញ​ពី​ដំណើរ​ស្រុក​យូដា នឹង​ក្រុង​យេរូ‌សាឡិម។
2នៅ​ជាន់​ក្រោយ​បង្អស់ នោះ​ភ្នំ ជា​ទី​ស្អាង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នឹង​បាន​តាំង​ឡើង​ខ្ពស់​លើស​អស់​ទាំង​ភ្នំ​ធំៗ ហើយ​នឹង​បាន​ដំកើង​ឡើង​ជា​ប្រសើរ​ជាង​អស់​ទាំង​ភ្នំ​តូចៗ​ដែរ អស់​ទាំង​សាសន៍​នឹង​ចូល​ហូរ‌ហែ​ទៅ​ក្នុង​ទី​នោះ 3ឯ​ប្រជា‌ជាតិ​ជា​ច្រើន គេ​នឹង​ទៅ​ដោយ​ពោល​ថា ចូរ​យើង​ឡើង​ទៅ​ឯ​ភ្នំ​នៃ​ព្រះ‌យេហូវ៉ា ដល់​ព្រះ‌វិហារ​នៃ​ព្រះ​របស់​ពួក​យ៉ាកុប​ចុះ ទ្រង់​នឹង​បង្រៀន​យើង​ពី​ផ្លូវ​របស់​ទ្រង់ នោះ​យើង​នឹង​ដើរ​តាម​ផ្លូវ​ទាំង​នោះ ដ្បិត​ក្រឹត្យ‌វិន័យ​នឹង​ចេញ​ពី​ក្រុង​ស៊ីយ៉ូន​ទៅ ហើយ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ពី​ក្រុង​យេរូ‌សាឡិម​ដែរ 4ទ្រង់​នឹង​វិនិច្ឆ័យ​រវាង​អស់​ទាំង​នគរ ហើយ​នឹង​សំរេច​រឿង​ដល់​សាសន៍​ជា​ច្រើន នោះ​គេ​នឹង​យក​ដាវ​របស់​ខ្លួន​ដំ​ធ្វើ​ជា​ផាល‌នង្គ័ល ហើយ​លំពែង​គេ​ធ្វើ​ជា​ដង្កាវ​វិញ នគរ​១​នឹង​មិន​លើក​ដាវ​ទាស់​នឹង​នគរ​១​ទៀត​ឡើយ ក៏​មិន​ហាត់​រៀន​ធ្វើ​សឹក​សង្គ្រាម​ទៀត​ដែរ 5ឱ​ពួក​វង្ស​នៃ​យ៉ាកុប​អើយ ចូរ​មក យើង​ដើរ​ក្នុង​ពន្លឺ​នៃ​ព្រះ‌យេហូវ៉ា​ចុះ។
6ហេតុ​នេះ​បាន​ជា​ទ្រង់​បោះ‌បង់​ចោល​ពួក​វង្ស​យ៉ាកុប​ជា​រាស្ត្រ​ទ្រង់​ចេញ គឺ​ពី​ព្រោះ​មាន​ទំនៀម‌ទំលាប់​ពី​ស្រុក​ខាង​កើត​បាន​ចូល​មក​ពេញ​ទី​ហើយ គេ​ធ្វើ​ជា​គ្រូ​អាប‌ធ្មប់​ដូច​ជា​សាសន៍​ភីលីស្ទីន ក៏​ចង​សម្ពន្ធ‌មិត្រ​នឹង​ពួក​សាសន៍​ដទៃ 7ស្រុក​បាន​បរិបូរ​ដោយ​មាសនឹង​ប្រាក់ ឯ​ទ្រព្យ​សម្បត្តិ នោះ​រាប់​មិន​អស់​ឡើយ ក៏​មាន​សេះ​ពេញ​ស្រុក ហើយ​រទេះ​ចំបាំង​ក៏​រាប់​មិន​អស់​ដែរ 8ស្រុក​បាន​ពេញ​ដោយ​រូប​ព្រះ គេ​ថ្វាយ‌បង្គំ​ចំពោះ​ស្នាដៃ​របស់​ខ្លួន គឺ​ជា​របស់​ដែល​ម្រាម​ដៃ​គេ​បាន​ធ្វើ 9មនុស្ស​ធម្មតា​បាន​ឱន​ចុះ ឯ​ពួក​អ្នក​ធំ​បាន​បន្ទាប​ខ្លួន​ហើយ ដូច្នេះ​សូម​កុំ​ឲ្យ​អត់​ទោស​ដល់​គេ​ឡើយ។
10ចូរ​ឲ្យ​ចូល​ទៅ​ក្នុង​រូង​ថ្ម ហើយ​ពួន​ខ្លួន​នៅ​ក្នុង​ធូលី​ដី​ចុះ ដើម្បី​ឲ្យ​បាន​រួច​ពី​សេចក្ដី​ស្ញែង‌ខ្លាច​នៃ​ព្រះ‌យេហូវ៉ា ហើយ​ពី​សិរី‌ល្អ​នៃ​ឫទ្ធា‌នុភាព​របស់​ទ្រង់ 11ឫក​ខ្ពស់​របស់​មនុស្ស​នឹង​ត្រូវ​បន្ទាប​ចុះ ហើយ​ចិត្ត​ឆ្មើង‌ឆ្មៃ​របស់​មនុស្ស​នឹង​ត្រូវ​បង្អោន​ទាប​វិញ នៅ​គ្រា​នោះមាន​តែ​ព្រះ‌យេហូវ៉ា​១​អង្គ​ប៉ុណ្ណោះ​ទេ ដែល​នឹង​បាន​ដំកើង​ឡើង 12ដ្បិត​នឹង​មាន​ថ្ងៃ​១​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មក​លើ​គ្រប់​ទាំង​ឫក​ខ្ពស់ នឹង​ចិត្ត​ឆ្មើង‌ឆ្មៃ ព្រម​ទាំង​លើ​គ្រប់​ទាំង​អស់​ដែល​បាន​លើក​ឡើង​ផង ហើយ​នោះ​នឹង​ត្រូវ​បន្ទាប​ចុះ​វិញ 13គឺ​មក​លើ​អស់​ទាំង​ដើម​តាត្រៅ​នៅ​ភ្នំ​ល្បាណូន ដែល​ខ្ពស់ ហើយ​ដំកើង​ឡើង នឹង​លើ​គ្រប់​ទាំង​ដើម​ម៉ៃសាក់ នៅ​ស្រុក​បាសាន​ដែរ 14មក​លើ​អស់​ទាំង​ភ្នំ​ខ្ពស់ នឹង​ភ្នំ​តូចៗ​ដែល​បាន​ដំកើង​ឡើង 15មក​លើ​អស់​ទាំង​ប៉ម​យ៉ាង​ខ្ពស់ នឹង​កំផែង​មាន​គ្រឿង​ចំបាំង 16នឹង​លើ​អស់​ទាំង​នាវា​ស្រុក​តើស៊ីស ហើយ​លើ​អ្វីៗ​ទាំង​អស់​ដែល​គាប់​ដល់​ភ្នែក​ដែរ 17នោះ​សណ្ឋាន​ខ្ពស់​របស់​មនុស្ស នឹង​ត្រូវ​បង្អោន​ទាប ឯ​សេចក្ដី​ឆ្មើង‌ឆ្មៃ​របស់​មនុស្ស​ក៏​នឹង​ត្រូវ​បន្ទាប​ចុះ នៅ​គ្រា​នោះ នឹង​មាន​តែ​ព្រះ‌យេហូវ៉ា​១​អង្គ​ប៉ុណ្ណោះ​ទេ ដែល​នឹង​បាន​ដំកើង​ឡើង 18អស់​ទាំង​រូប​ព្រះ​នឹង​សាប‌សូន្យ​បាត់​ទៅ​អស់​រលីង 19ឯ​មនុស្ស​គេ នឹង​ចូល​ទៅ​ក្នុង​រអាង​ថ្ម ហើយ​ក្នុង​រូង​ដី ដើម្បី​ឲ្យ​បាន​រួច​ពី​សេចក្ដី​ស្ញែង‌ខ្លាច​នៃ​ព្រះ‌យេហូវ៉ា នឹង​ពី​សិរី‌ល្អ​នៃ​ឫទ្ធា‌នុភាព​របស់​ទ្រង់ គឺ​ក្នុង​កាល​ដែល​ទ្រង់​ក្រោក​ឡើង ដើម្បី​នឹង​អង្រួន​ផែនដី ដោយ​ឫទ្ធិ​យ៉ាង​អស្ចារ្យ 20នៅ​គ្រា​នោះ មនុស្ស​នឹង​បោះ​ចោល​រូប​ព្រះ​របស់​ខ្លួន​ដែល​ធ្វើ​ពី​មាស ហើយ​ពី​ប្រាក់ ជា​របស់​ដែល​គេ​បាន​ធ្វើ​សំរាប់​នឹង​ថ្វាយ‌បង្គំ ទៅ​ឲ្យ​កណ្តុរ ហើយ​នឹង​ប្រចៀវ 21ដើម្បី​នឹង​ចូល​ទៅ​ក្នុង​រអាង​ថ្ម ហើយ​ក្នុង​ក្រហែង​ថ្ម​រខិញ‌រខុញ ឲ្យ​បាន​រួច​ពី​សេចក្ដី​ស្ញែង‌ខ្លាច​នៃ​ព្រះ‌យេហូវ៉ា នឹង​សិរី‌ល្អ​នៃ​ឫទ្ធា‌នុភាព​របស់​ទ្រង់ ក្នុង​កាល​ដែល​ទ្រង់​ក្រោក​ឡើង​នឹង​អង្រួន​ផែនដី ដោយ​ឫទ្ធិ​យ៉ាង​អស្ចារ្យ 22ចូរ​លែង​ទុក​ចិត្ត​ដល់​មនុស្ស​ដែល​មាន​តែ​ដង្ហើម​ចេញ​ចូល​តាម​រន្ធ​ច្រមុះ​ទៅ ដ្បិត​តើ​នឹង​ពឹង​ដល់​គេ​ឯ​ណា​បាន។

ទើបបានជ្រើសរើសហើយ៖

អេសាយ 2: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល