ហេប្រឺ 4:9-12
ហេប្រឺ 4:9-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ នៅតែមានសប្ប័ទ ជាថ្ងៃសម្រាកសម្រាប់ប្រជារាស្ត្ររបស់ព្រះដដែល ដ្បិតអ្នកណាដែលចូលទៅក្នុងសេចក្ដីសម្រាករបស់ព្រះ នោះក៏បានសម្រាកពីការនឿយហត់ទាំងប៉ុន្មាន ដូចជាព្រះបានសម្រាកពីកិច្ចការរបស់ព្រះអង្គដែរ។ ដូច្នេះ យើងត្រូវសង្វាតចូលទៅក្នុងសេចក្ដីសម្រាកនោះ ដើម្បីកុំឲ្យអ្នកណាម្នាក់ ដួលទៅតាមពួកអ្នកដែលមិនស្ដាប់បង្គាប់នោះឡើយ។ ដ្បិតព្រះបន្ទូលរបស់ព្រះរស់នៅ ហើយពូកែ ក៏មុតជាងដាវមុខពីរ ដែលអាចចាក់ទម្លុះចូលទៅកាត់ព្រលឹង និងវិញ្ញាណចេញពីគ្នា កាត់សន្លាក់ និងខួរឆ្អឹងចេញពីគ្នា ហើយក៏វិនិច្ឆ័យគំនិត និងបំណងដែលនៅក្នុងចិត្ត។
ហេប្រឺ 4:9-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដូច្នេះ ព្រះជាម្ចាស់បានតម្រូវទុកឲ្យមានថ្ងៃសម្រាកមួយទៀត សម្រាប់ប្រជារាស្ដ្ររបស់ព្រះអង្គ ដូចព្រះអង្គសម្រាកនៅថ្ងៃទីប្រាំពីរដែរ ដ្បិតអ្នកណាចូលទៅសម្រាកជាមួយព្រះជាម្ចាស់ អ្នកនោះបានបង្ហើយកិច្ចការ របស់ខ្លួន ដូចព្រះជាម្ចាស់បង្ហើយកិច្ចការរបស់ព្រះអង្គដែរ។ ហេតុនេះ យើងត្រូវតែខ្នះខ្នែងចូលទៅរកសម្រាកជាមួយព្រះអង្គនោះវិញ កុំឲ្យមាននរណាម្នាក់ធ្លាក់ខ្លួនទៅយកតម្រាប់តាមពួកអ្នកដែលមិនស្ដាប់បង្គាប់នោះឡើយ ដ្បិតព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាព្រះបន្ទូលដ៏មានជីវិត និងមានមហិទ្ធិឫទ្ធិមុតជាងដាវមុខពីរទៅទៀត។ ព្រះបន្ទូលនេះចាក់ទម្លុះចូលទៅកាត់ព្រលឹង និងវិញ្ញាណដាច់ចេញពីគ្នា កាត់សន្លាក់ឆ្អឹង និងខួរឆ្អឹងចេញពីគ្នា។ ព្រះបន្ទូលវិនិច្ឆ័យឆន្ទៈ និងគំនិតនៅក្នុងជម្រៅចិត្តមនុស្ស។
ហេប្រឺ 4:9-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ មានសេចក្ដីឈប់សំរាក ទុកសំរាប់រាស្ត្ររបស់ព្រះនៅខាងមុខ ដ្បិតអ្នកណាដែលចូលទៅក្នុងសេចក្ដីសំរាករបស់ទ្រង់ហើយ នោះក៏បានឈប់សំរាក ពីការខ្លួនប្រព្រឹត្តទាំងប៉ុន្មាន ដូចជាព្រះបានឈប់ ពីការដែលទ្រង់ធ្វើដែរ ដូច្នេះ ត្រូវឲ្យយើងរាល់គ្នាសង្វាតនឹងចូល ទៅក្នុងសេចក្ដីសំរាកនោះ ក្រែងលោអ្នកណាដួលទៅ តាមក្បួនមិនជឿ ដូចជាគេដែរ ពីព្រោះ ឯព្រះបន្ទូលនៃព្រះនោះរស់នៅ ហើយពូកែផង ក៏មុតជាងដាវណាមានមុខ២ ទាំងធ្លុះចូលទៅ ទាល់តែកាត់ព្រលឹងនឹងវិញ្ញាណ ហើយសន្លាក់ នឹងខួរឆ្អឹងដាច់ពីគ្នា ទាំងពិចារណាអស់ទាំងគំនិតដែលចិត្តគិត ហើយដែលសំរេចដែរ