ហេ‌ព្រើរ 4

4
1ដូច្នេះ ដែល​នៅ​មាន​សេចក្ដី​សន្យា​ទុក​មក ឲ្យ​បាន​ចូល​ក្នុង​សេចក្ដី​សំរាក​របស់​ទ្រង់ នោះ​ត្រូវ​ឲ្យ​យើង​រាល់​គ្នា​ខ្លាច​ចុះ ក្រែង​អ្នក​រាល់​គ្នា​ណា​មួយ​មើល​ទៅ​ដូច​ជា​ឈោង​ទៅ​មិន​ដល់ 2ដ្បិត​ដំណឹង​ល្អ​បាន​ផ្សាយ​មក​យើង​រាល់​គ្នា​ដូច​ជា​ដល់​គេ​ដែរ ប៉ុន្តែ ព្រះ‌បន្ទូល​ដែល​គេ​ឮ នោះ​គ្មាន​ប្រយោជន៍​ដល់​គេ​សោះ ដោយ​ព្រោះ​មិន​បាន​លាយ​នឹង​សេចក្ដី​ជំនឿ ក្នុង​ចិត្ត​នៃ​ពួក​អ្នក​ដែល​ឮ​នោះ 3តាម​សេចក្ដី​ដែល​ទ្រង់​មាន​បន្ទូល​ថា «អញ​បាន​ស្បថ​ទាំង​កំហឹង​ថា វា​រាល់​គ្នា​មិន​ត្រូវ​ចូល​ទៅ​ក្នុង​សេចក្ដី​សំរាក​របស់​អញ​សោះ​ឡើយ» តែ​យើង​រាល់​គ្នា​ដែល​ជឿ យើង​ចូល​ក្នុង​សេចក្ដី​សំរាក​នោះ​វិញ ទោះ​បើ​ការ​ទាំង​ប៉ុន្មាន​បាន​សំរេច តាំង​ពី​កំណើត​លោកីយ​មក​ក៏​ដោយ 4ដ្បិត​នៅ​កន្លែង​ណា​មួយ នោះ​ទ្រង់​មាន​បន្ទូល​ពី​ថ្ងៃ​ទី​៧​ដូច្នេះ​ថា «ព្រះ‌ទ្រង់​បាន​ឈប់​សំរាក ពី​អស់​ទាំង​ការ​របស់​ទ្រង់​នៅ​ថ្ងៃ​ទី​៧» 5ហើយ​នៅ​កន្លែង​នេះ​ទៀត​ថា «វា​រាល់​គ្នា​មិន​ត្រូវ​ចូល ទៅ​ក្នុង​សេចក្ដី​សំរាក​របស់​អញ​សោះ​ឡើយ» 6ដូច្នេះ ដែល​នៅ​តែ​បើក​ឲ្យ​អ្នក​ខ្លះ​បាន​ចូល​ទៅ​ក្នុង​សេចក្ដី​សំរាក​នោះ ហើយ​ពួក​អ្នក​ដែល​ឮ​ដំណឹង​ល្អ​ពី​ដើម គេ​មិន​បាន​ចូល​ទេ ដោយ​ព្រោះ​មិន​ជឿ 7នោះ​បាន​ជា​ទ្រង់​ដាក់​កំណត់​ថ្ងៃ​១​ទៀត​ថា «នៅ​ថ្ងៃ​នេះ» ដូច្នេះ​វិញ ទាំង​មាន​បន្ទូល​ដោយ‌សារ​ហ្លួង​ដាវីឌ ជា​យូរ​ក្រោយ​មក តាម​ពាក្យ​អម្បាញ់‌មិញ ដែល​ថា «នៅ​ថ្ងៃ​នេះ បើ​ឯង​រាល់​គ្នា​ឮ​សំឡេង​ទ្រង់ នោះ​កុំ​ឲ្យ​តាំង​ចិត្ត​រឹង‌រូស​ឡើយ» 8បើ​សិន​ជា​លោក​យ៉ូស្វេ​បាន​ឲ្យ​គេ​ឈប់​សំរាក នោះ​ក្រោយ​មក ទ្រង់​មិន​មាន​បន្ទូល​ពី​ថ្ងៃ​១​ទៀត​ទេ 9ដូច្នេះ មាន​សេចក្ដី​ឈប់​សំរាក ទុក​សំរាប់​រាស្ត្រ​របស់​ព្រះ​នៅ​ខាង​មុខ 10ដ្បិត​អ្នក​ណា​ដែល​ចូល​ទៅ​ក្នុង​សេចក្ដី​សំរាក​របស់​ទ្រង់​ហើយ នោះ​ក៏​បាន​ឈប់​សំរាក ពី​ការ​ខ្លួន​ប្រព្រឹត្ត​ទាំង​ប៉ុន្មាន ដូច​ជា​ព្រះ​បាន​ឈប់ ពី​ការ​ដែល​ទ្រង់​ធ្វើ​ដែរ 11ដូច្នេះ ត្រូវ​ឲ្យ​យើង​រាល់​គ្នា​សង្វាត​នឹង​ចូល ទៅ​ក្នុង​សេចក្ដី​សំរាក​នោះ ក្រែង​លោ​អ្នក​ណា​ដួល​ទៅ តាម​ក្បួន​មិន​ជឿ ដូច​ជា​គេ​ដែរ 12ពី​ព្រោះ ឯ​ព្រះ‌បន្ទូល​នៃ​ព្រះ​នោះ​រស់​នៅ ហើយ​ពូកែ​ផង ក៏​មុត​ជាង​ដាវ​ណា​មាន​មុខ​២ ទាំង​ធ្លុះ​ចូល​ទៅ ទាល់​តែ​កាត់​ព្រលឹង​នឹង​វិញ្ញាណ ហើយ​សន្លាក់ នឹង​ខួរ​ឆ្អឹង​ដាច់​ពី​គ្នា ទាំង​ពិចារណា​អស់​ទាំង​គំនិត​ដែល​ចិត្ត​គិត ហើយ​ដែល​សំរេច​ដែរ 13គ្មាន​អ្វី​កើត​មក ដែល​ទ្រង់​ទត​មិន​ឃើញ​នោះ​ឡើយ គឺ​គ្រប់​ទាំង​អស់​នៅ​ជា​អាក្រាត ហើយ​ចំហ​នៅ​ចំពោះ​ព្រះ‌នេត្រ​នៃ​ព្រះ ដែល​យើង​រាល់​គ្នា​ត្រូវ​រាប់​រៀប​ទាំង​អស់​ទូល​ថ្វាយ​ទ្រង់។
14ដូច្នេះ ដែល​មាន​សំដេច​សង្ឃ​យ៉ាង​ធំ​១​អង្គ ដែល​ទ្រង់​បាន​យាង​កាត់​អស់​ទាំង​ជាន់​ស្ថាន‌សួគ៌ គឺ​ព្រះ‌យេស៊ូវ ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ នោះ​ត្រូវ​តែ​ឲ្យ​យើង​មាន​ចិត្ត​ដាច់​ស្រឡះ​នឹង​ជឿ​តាម​ចុះ 15ដ្បិត​សំដេច​សង្ឃ​នៃ​យើង ទ្រង់​មិន​មែន​មិន​អាច​នឹង​អាណិត‌អាសូរ ដល់​សេចក្ដី​កំសោយ​របស់​យើង​រាល់​គ្នា​នោះ​ទេ ព្រោះ​ទ្រង់​បាន​ត្រូវ​សេចក្ដី​ល្បួង​គ្រប់​យ៉ាង ដូច​ជា​យើង​រាល់​គ្នា​ដែរ តែ​ឥត​ធ្វើ​បាប​ឡើយ 16ដូច្នេះ ត្រូវ​ឲ្យ​យើង​រាល់​គ្នា​មក​ដល់​បល្ល័ង្ក​នៃ​ព្រះ‌គុណ ដោយ​ក្លាហាន ដើម្បី​នឹង​ទទួល​សេចក្ដី​មេត្តា ហើយ​រក​បាន​ព្រះ‌គុណ​សំរាប់​នឹង​ជួយ​ដល់​ពេល​ត្រូវ​ការ​ចុះ។

ទើបបានជ្រើសរើសហើយ៖

ហេ‌ព្រើរ 4: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ