ហេព្រើរ 4

4
សេចក្ដី​សម្រាក​ដែល​ព្រះ​បាន​សន្យា
1ដូច្នេះ កាល​កំពុង​នៅ​មាន​ព្រះ‌បន្ទូល​សន្យា ឲ្យ​ចូល​ទៅ​ក្នុង​សេចក្ដី​សម្រាក​របស់​ព្រះ‌អង្គ​នៅ​ឡើយ ចូរ​យើង​ភ័យ​ខ្លាច​ចុះ ក្រែង​អ្នក​រាល់​គ្នា​ណា​ម្នាក់ មើល​ទៅ​ដូច​ជា​ឈោង​ទៅ​មិន​ដល់។ 2ដ្បិត​ដំណឹង​ល្អ​បាន​មក​ដល់​យើង ដូច​ជា​គេ​ដែរ ប៉ុន្តែ ព្រះ‌បន្ទូល​ដែល​គេ​បាន​ឮ គ្មាន​ប្រយោជន៍​ដល់​គេ​សោះ ព្រោះ​មិន​បាន​ភ្ជាប់​នឹង​ជំនឿ រួម​ជាមួយ​អស់​អ្នក​ដែល​បាន​ស្ដាប់។ 3ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ «យើងបាន​ស្បថ​ទាំង​កំហឹង​ថា "ពួក​គេ​មិន​ត្រូវ​ចូល​ទៅ​ក្នុង​សេចក្ដី​សម្រាក​របស់​យើង​ឡើយ"» តែ​ចំពោះ​យើង​វិញ យើង​ជឿ​ថា​នឹង​បាន​ចូល​ទៅ​ក្នុង​សេចក្ដី​សម្រាក​នោះ ទោះ​បើ​កិច្ច‌ការ​ទាំង​ប៉ុន្មាន​បាន​សម្រេច តាំង​ពី​កំណើត​ពិភព‌លោក​មក​ក៏​ដោយ។ 4ដ្បិត​មាន​កន្លែង​មួយ ដែល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​អំ​ពី​ថ្ងៃ​ទី​ប្រាំពីរ​ដូច្នេះ​ថា៖ «ហើយ​ព្រះ‌ទ្រង់​សម្រាក ពី​កិច្ច‌ការ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ នៅ​ថ្ងៃ​ទី​ប្រាំពីរ»។ 5ហើយ​នៅ​កន្លែង​នេះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ម្តង​ទៀត​ថា៖ «ពួក​គេ​នឹង​មិន​បាន​ចូល​ទៅ​ក្នុង​សេចក្ដី​សម្រាក​របស់​យើង​ឡើយ»។ 6ដូច្នេះ ក្នុង​កាល​ដែល​នៅ​តែ​បើក​ឲ្យ​អ្នក​ខ្លះ​ចូល​ទៅ​ក្នុង​សេចក្ដី​សម្រាក​នោះ ហើយ​អស់​អ្នក​ដែល​ឮ​ដំណឹង​ល្អ​ពី​ដើម​មិន​បាន​ចូល ព្រោះ​គេ​មិន​ស្ដាប់​ប​ង្គាប់។ 7ព្រះ‌អង្គ​កំណត់ «ថ្ងៃ​នេះ» មួយ​ទៀត ដោយ​មាន​ព្រះ‌បន្ទូល​តាម​រយៈ​ព្រះ​បាទ​ដាវីឌ​ក្រោយ​មក​ទៀត ដូច​មាន​សេចក្ដី​ដក​ស្រង់​រួច​មក​ហើយ​ថា «ថ្ងៃ​នេះ ប្រសិន‌បើ​អ្នក​រាល់​គ្នា​ឮ​សំឡេង​ព្រះ‌អង្គ នោះ​មិន​ត្រូវ​តាំង​ចិត្ត​រឹង​រូស​ឡើយ»។ 8ដ្បិត ប្រសិន‌បើ​លោក​យ៉ូស្វេ​បាន​ឲ្យ​គេ​សម្រាក​មែន នោះ​ព្រះ​មិន​មាន​ព្រះ‌បន្ទូល​អំពី​ថ្ងៃ​មួយ​ផ្សេង​ទៀត​ឡើយ។ 9ដូច្នេះ នៅ​តែ​មាន​សប្ប័ទ ជា​ថ្ងៃ​សម្រាក​សម្រាប់​ប្រជា​រាស្ត្រ​របស់​ព្រះ​ដដែល 10ដ្បិត​អ្នក​ណា​ដែល​ចូល​ទៅ​ក្នុង​សេចក្ដី​សម្រាក​របស់​ព្រះ នោះ​ក៏​បាន​សម្រាក​ពី​ការ​នឿយ​ហត់​ទាំង​ប៉ុន្មាន ដូច​ជា​ព្រះ​បាន​សម្រាក​ពី​កិច្ច‌ការ​របស់​ព្រះ‌អង្គ​ដែរ។ 11ដូច្នេះ យើង​ត្រូវ​សង្វាត​ចូល​ទៅ​ក្នុង​សេចក្ដី​សម្រាក​នោះ ដើម្បី​កុំ​ឲ្យ​អ្នក​ណា​ម្នាក់ ដួល​ទៅ​តាម​ពួក​អ្នក​ដែល​មិន​ស្ដាប់​បង្គាប់​នោះ​ឡើយ។
12ដ្បិត​ព្រះ‌បន្ទូល​របស់​ព្រះ​រស់​នៅ ហើយ​ពូកែ ក៏​មុត​ជាង​ដាវ​មុខ​ពីរ ដែល​អាច​ចាក់​ទម្លុះ​ចូល​ទៅ​កាត់​ព្រលឹង និង​វិញ្ញាណ​ចេញ​ពី​គ្នា កាត់​សន្លាក់ និង​ខួរ​ឆ្អឹង​ចេញ​ពី​គ្នា ហើយ​ក៏​វិនិច្ឆ័យ​គំនិត និង​បំណង​ដែល​នៅ​ក្នុង​ចិត្ត។ 13គ្មាន​សត្វ​លោក​ណា​ដែល​អាច​លាក់​ពី​ព្រះភក្ត្រ​ព្រះ​អង្គ​បាន​ឡើយ គឺ​ទាំង​អស់​នៅ​ជា​អាក្រាត​ចំពោះ​ព្រះ‌នេត្រ​ព្រះ‌អង្គ ដែល​យើង​ត្រូវ​ទូល​រៀប​រាប់​ទូល​ថ្វាយ​ព្រះ‌អង្គ។
ព្រះ‌យេស៊ូវ​ជា​សម្ដេច​សង្ឃ​ដ៏​ខ្អង់​ខ្ពស់
14ដូច្នេះ ដោយ​យើង​មាន​សម្តេច​សង្ឃ​ដ៏​ខ្ពង់​ខ្ពស់​មួយ​អង្គ ដែល​បាន​យាង​កាត់​អស់​ទាំង​ជាន់​ស្ថាន‌សួគ៌ គឺ​ព្រះ‌យេស៊ូវ ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ នោះ​យើង​ត្រូវ​កាន់​ជាប់​តាម​ជំនឿ​ដែល​យើង​ប្រកាស​នោះ​ចុះ។ 15ដ្បិត​សម្តេច​សង្ឃ​របស់​យើង មិន​មែន​ព្រះ‌អង្គ​មិន​ចេះ​អាណិត​អាសូរ ដល់​ភាព​ទន់​ខ្សោយ​របស់​យើង​នោះ​ទេ គឺ​ព្រះ‌អង្គ​ត្រូវ​រង​ការ​ល្បង​ល​គ្រប់​បែប​យ៉ាង ដូច​យើង​ដែរ តែ​មិន​បាន​ប្រព្រឹត្ត​អំពើ​បាប​ឡើយ។ 16ដូច្នេះ យើង​ត្រូវ​ចូល​ទៅ​កាន់​បល្ល័ង្ក​នៃ​ព្រះ‌គុណ​ទាំង​ទុក​ចិត្ត ដើម្បី​ទទួល​ព្រះ‌ហឫ‌ទ័យ​មេត្តា ហើយ​រក​បាន​ព្រះ‌គុណ​ជា​ជំនួយ​ក្នុង​ពេល​ត្រូវ​ការ។

ទើបបានជ្រើសរើសហើយ៖

ហេព្រើរ 4: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ