ហេព្រើរ 3

3
លោក​ម៉ូសេ​ជា​អ្នក​បម្រើ ព្រះគ្រីស្ទ​ជា​ព្រះ​រាជបុត្រា
1ដូច្នេះ បង‌ប្អូនដ៏​បរិសុទ្ធ ដែល​មាន​ចំណែក​ក្នុង​ការ​ត្រាស់​ហៅ​ពី​ស្ថាន‌សួគ៌​អើយ ចូរ​ពិចារណា​មើល​អំ​ពី​ព្រះ‌យេស៊ូវ ជា​សាវក និង​ជា​សម្តេច​សង្ឃ​នៃ​ជំនឿ​ដែល​យើង​ប្រកាស​នោះ​ទៅ 2ព្រះ‌អង្គ​ស្មោះ​ត្រង់​ចំពោះ​ព្រះ​ដែល​តែង​តាំង​ព្រះ‌អង្គ ដូច​លោក​ម៉ូសេ​មាន​ចិត្ត​ស្មោះ​ត្រង់ ក្នុង​ដំណាក់​ទាំង​មូល​របស់​ព្រះ​ដែរ។ 3អ្នក​សង់​ផ្ទះ​មាន​កិត្តិ‌យស​លើស​ជាង​ផ្ទះ​យ៉ាង​ណា ព្រះ‌យេស៊ូវ​ក៏​គួរ​នឹង​ទទួល​សិរីល្អ លើស​ជាង​លោក​ម៉ូសេ​យ៉ាង​នោះ​ដែរ។ 4(ដ្បិត​គ្រប់​ផ្ទះ​តែង​មាន​គេ​ធ្វើ តែ​អ្នក​ដែល​បាន​ធ្វើ​អ្វីៗ​ទាំង​អស់ គឺ​ជា​ព្រះ)។ 5លោក​ម៉ូសេ​ស្មោះ​ត្រង់​នៅ​ក្នុង​ដំណាក់​ព្រះ‌អង្គ​ទាំង​មូល ក្នុង​នាម​ជា​អ្នក​បម្រើ ដើម្បី​ធ្វើ​បន្ទាល់​ពី​សេចក្តី​ដែល​នឹង​ត្រូវ​ថ្លែង​មក​តាម​ក្រោយ។ 6ប៉ុន្តែ ព្រះ‌គ្រីស្ទ​ស្មោះ​ត្រង់ ក្នុង​ឋានៈ​ជា​ព្រះ‌រាជ‌បុត្រា ដែល​ត្រួត​លើ​ដំណាក់​ព្រះ‌អង្គ ហើយ​ប្រសិន‌បើ​យើង​កាន់​ចិត្ត​មោះ‌មុត និង​អាង​លើ​សេចក្តី​សង្ឃឹម​នេះ​យ៉ាង​ខ្ជាប់‌ខ្ជួន រហូត​ដល់​ចុង​បំផុត គឺ​យើង​នេះ​ហើយ​ជា​ដំណាក់​របស់​ព្រះ‌អង្គ។
ពាក្យ​ដាស់​តឿន​ឲ្យ​ប្រយ័ត្ន​នឹង​ចិត្ត​ដែល​មិន​ជឿ
7ហេតុនេះ ព្រះ‌វិញ្ញាណ​បរិសុទ្ធ​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​ថ្ងៃ​នេះ បើ​អ្នក​រាល់​គ្នា​ឮ​សំឡេង​ព្រះ‌អង្គ 8នោះ​មិន​ត្រូវ​តាំង​ចិត្ត​រឹង​រូស​ឡើយ ដូច​កាល​គ្រា​បះ‌បោរ​នៅ​ថ្ងៃ​ដែល​មាន​ការ​ល្បង​ល នៅ​ទី​រហោ‌ស្ថាន 9ជា​កន្លែង​ដែល​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​បាន​ល្បង​ល​យើង ហើយ​គេ​ឃើញ​កិច្ច‌ការ​ដែល​យើង​ធ្វើ អស់​រយៈ​ពេល​សែសិប​ឆ្នាំ។ 10ហេតុ​នេះ​ហើយ​បាន​ជា​យើង​ខឹង​នឹង​មនុស្សជំនាន់​នោះ ហើយ​ថា "ពួក​គេ​ចេះ​តែ​មាន​ចិត្ត​វង្វេង​ជា​ដរាប គេ​មិន​ស្គាល់​ផ្លូវ​របស់​យើង​សោះ"។ 11ដូច្នេះ យើង​ស្បថ​ទាំង​កំហឹង​ថា "ពួក​គេ​មិន​ត្រូវ​ចូល​ទៅ​ក្នុង​សេចក្ដី​សម្រាក​របស់​យើង​ឡើយ"» ។
12ដូច្នេះ បង‌ប្អូន​អើយ ចូរ​ប្រយ័ត្ន​ក្រែង​មាន​អ្នក​ណា​ម្នាក់ ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​ចិត្ត​អាក្រក់​បែរ​ចេញ​ពី​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់។ 13ផ្ទុយ​ទៅ​វិញ ចូរ​ដាស់​តឿន​គ្នា​ទៅ​វិញ​ទៅ​មក​ជា​រៀង​រាល់​ថ្ងៃ ក្នុង​កាលដែល​នៅ​តែ​មាន​ពាក្យ​ថា «ថ្ងៃ​នេះ» នៅ​ឡើយ ក្រែង​អ្នក​រាល់​គ្នា​ណា​មួយ​មាន​ចិត្ត​រឹង​រូស ដោយ​សេចក្តី​បញ្ឆោត​របស់​អំពើ​បាប។ 14ប្រសិន‌បើ​យើង​កាន់​ខ្ជាប់​តាម​ចិត្ត​ជឿ​ជាក់​ដែល​យើង​មានតាំង​ពី​ដំបូង រហូត​ដល់​ចុង​បំផុត​មែន នោះ​យើង​ពិត​ជា​មាន​ចំណែក​ជា​មួយ​ព្រះ‌គ្រីស្ទ​ហើយ 15ព្រោះ​មាន​សេចក្តី​ចែង​ថា៖ «នៅ​ថ្ងៃ​នេះ ប្រសិន‌បើ​អ្នក​រាល់​គ្នា​ឮ​សំឡេង​ព្រះ‌អង្គ នោះមិន​ត្រូវ​តាំង​ចិត្ត​រឹង‌រូស ដូច​កាល​គ្រា​បះ‌បោរ​នោះ​ឡើយ»។ 16ដ្បិត​តើ​អ្នក​ណា​ដែល​បាន​ឮ ហើយ​បះ‌បោរ​នោះ? តើ​មិន​មែន​ជា​អស់​អ្នក​ដែល​លោក​ម៉ូសេ​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​នោះ​ទេ​ឬ? 17តើ​ព្រះ‌អង្គ​ក្រោធ​នឹង​អ្នក​ណា ក្នុង​រយៈ​សែសិប​ឆ្នាំ​នោះ? តើ​មិន​មែន​ជា​អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើ​បាប ហើយ​សាក​សព​របស់​គេ​បាន​ដួល នៅ​ទី​រហោ‌ស្ថាន​ទេ​ឬ? 18តើ​ព្រះ‌អង្គ​បាន​ស្បថ​នឹង​អ្នក​ណា​ថា ពួក​គេ​មិន​ត្រូវ​ចូល​ទៅ​ក្នុង​សេចក្ដី​សម្រាក​របស់​ព្រះ‌អង្គ? តើ​មិន​មែន​នឹង​អស់​អ្នក​ដែល​មិន​ព្រម​ស្តាប់​បង្គាប់​ទេ​ឬ? 19ដូច្នេះ យើង​ឃើញ​ថា អ្នក​ទាំង​នោះ​ពុំ​អាច​ចូល​ទៅ​បាន ដោយ​ព្រោះ​គេ​មិន​ជឿ។

ទើបបានជ្រើសរើសហើយ៖

ហេព្រើរ 3: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ