ហាកាយ 2:7-13

ហាកាយ 2:7-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ក៏​នឹង​អង្រួន​អស់​ទាំង​សាសន៍ នោះ​ទី​គាប់​ចិត្ត​របស់​សាសន៍​ទាំង​ឡាយ​នឹង​មក​ដល់ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ថា នៅ​គ្រា​នោះ យើង​នឹង​ធ្វើ​ឲ្យ​វិហារ​នេះ​មាន​ពេញ​ដោយ​សិរី‌រុង​រឿង។ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ថា អស់​ទាំង​ប្រាក់​ជា​របស់​យើង ហើយ​មាស​ទាំង​ប៉ុន្មាន​ក៏​ជា​របស់​យើង​ដែរ។ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ថា សិរី‌ល្អរុងរឿង​របស់​វិហារ​ថ្មី​នេះ នឹង​ថ្កុំ​ថ្កើង​លើស​ជាង​ព្រះវិហារ​ជំនាន់​មុន​ទៅ​ទៀត ហើយ​យើង​នឹង​ឲ្យ​មាន​សេចក្ដី​សុខ‌សាន្ត​នៅ​ទី​នេះ​ផង»។ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។ នៅ​ថ្ងៃ​ទី​ម្ភៃ​បួន ខែ​ទីប្រាំបួន ក្នុង​ឆ្នាំ​ទីពីរ​នៃ​រាជ្យ​ស្ដេច​ដារីយុស ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​ហោរា​ហាកាយថា៖ «ចូរ​សួរ​ពួក​សង្ឃ​អំពី​ក្រឹត្យ‌វិន័យ​ថា "បើ​អ្នក​ណា​ដាក់​សាច់​បរិសុទ្ធ​ក្នុង​ថ្នក់​អាវ​ទៅ​ឯ​ណា រួច​អាវ​ប៉ះ​នឹង​នំបុ័ង សំឡ ស្រា​ទំពាំង‌បាយ‌ជូរ ប្រេង ឬ​ម្ហូប​អ្វី​ក៏​ដោយ តើ​របស់​នោះ​នឹង​បាន​បរិសុទ្ធ​ដែរ​ឬ?"» ពួក​សង្ឃ​បាន​ឆ្លើយ​ថា៖ «ទេ» រួច​ហោរា​ហាកាយ​សួរ​ថា៖ «ប្រសិន‌បើ​អ្នក​ណា​ដែល​មិន​ស្អាត ដោយ​ព្រោះ​ខ្មោច​ស្លាប់ គេ​បាន​ប៉ះ​នឹង​របស់​ណា​មួយ​នោះ តើ​របស់​នោះ​នឹង​ត្រឡប់​ជា​មិន​ស្អាត​ដែរ​ឬ?» ពួក​សង្ឃ​ក៏​ឆ្លើយ​ថា៖ «នឹង​ត្រឡប់​ជា​មិន​ស្អាត​ពិត​ប្រាកដ»

ចែក​រំលែក
អាន ហាកាយ 2

ហាកាយ 2:7-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

យើង​នឹង​ធ្វើ​ឲ្យ​ប្រជា‌ជាតិ​នានា​កក្រើក។ ទ្រព្យ‌សម្បត្តិ​ដ៏​មាន​តម្លៃ របស់​ប្រជា‌ជាតិ​ទាំង​អស់ នឹង​ហូរ​ចូល​មក​ក្នុង​ដំណាក់​របស់​យើង ហើយ​យើង​នឹង​ធ្វើ​ឲ្យ​ដំណាក់​នេះ បាន​ថ្កុំ‌ថ្កើង​រុងរឿង នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ នៃ​ពិភព​ទាំង​មូល។ ប្រាក់ និង​មាស​ជា​កម្មសិទ្ធិ​របស់​យើង - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ នៃ​ពិភព​ទាំង​មូល។ សិរី‌រុងរឿង​របស់​ដំណាក់​ថ្មី​នេះ​នឹង​ថ្កុំ‌ថ្កើង ជាង​សិរី‌រុងរឿង​របស់​ដំណាក់ កាល​ពី​ជំនាន់​មុន​ទៅ​ទៀត។ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ នៃ​ពិភព​ទាំង​មូល។ នៅ​កន្លែង​នេះ យើង​នឹង​ផ្ដល់​ឲ្យ​អ្នក​រាល់​គ្នា បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ នៃ​ពិភព​ទាំង​មូល។ នៅ​ថ្ងៃ​ទី​ម្ភៃ​បួន ខែ​ទី​ប្រាំ​បួន ក្នុង​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជកាល​ព្រះចៅ​ដារី‌យូស ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្យាការី​ហាកាយ​ដូច​ត​ទៅ: ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​សួរ​យោបល់​ពួក​បូជា‌ចារ្យ​ដូច​ត​ទៅ: “ប្រសិន​បើ​ក្នុង​ថ្នក់​អាវ​របស់​នរណា​ម្នាក់ មាន​សាច់​ដែល​គេ​បាន​ញែក​ជា​សក្ការៈ ហើយ​បើ​អាវ​របស់​អ្នក​នោះ​ប៉ះ​នំបុ័ង បន្លែ ស្រា ប្រេង ឬ​អាហារ​ណា​មួយ​ផ្សេង​ទៀត តើ​របស់​ទាំង​នោះ​អាច​ចាត់​ទុក​ជា​របស់​សក្ការៈ​បាន​ឬ​ទេ?”»។ ពួក​បូជា‌ចារ្យ​ឆ្លើយ​ថា«ទេ!»។ លោក​ហាកាយ​មាន​ប្រសាសន៍​ទៀត​ថា៖ «ប្រសិន​បើ​នរណា​ម្នាក់​ត្រូវ​សៅហ្មង ព្រោះ​តែ​ប៉ះ‌ពាល់​សាក‌សព ហើយ​ពេល​គាត់​ប៉ះ‌ពាល់​របស់​ឯ​ទៀតៗ តើ​របស់​នោះ​ទៅ​ជា​សៅហ្មង​ដែរ​ឬ​ទេ?»។ ពួក​បូជា‌ចារ្យ​តប​ថា៖ «របស់​ទាំង​នោះ​នឹង​ទៅ​ជា​សៅហ្មង​មែន»។

ចែក​រំលែក
អាន ហាកាយ 2

ហាកាយ 2:7-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ក៏​នឹង​អង្រួន​អស់​ទាំង​សាសន៍​ដែរ នោះ​ទី​គាប់​ចិត្ត​របស់​អស់​ទាំង​សាសន៍​នឹង​មក​ដល់ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ថា នៅ​គ្រា​នោះ អញ​នឹង​បំពេញ​វិហារ​នេះ ដោយ​សិរី‌ល្អ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​បន្ទូល​ថា អស់​ទាំង​ប្រាក់​ជា​របស់​ផង​អញ ហើយ​មាស​ទាំង​ប៉ុន្មាន​ក៏​ជា​របស់​អញ​ដែរ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ថា សិរី‌ល្អ​របស់​វិហារ​ជាន់​ក្រោយ​នេះ នឹង​បាន​លើស​ជាង​ជាន់​មុន​ទៅ​ទៀត ហើយ​អញ​នឹង​ឲ្យ​មាន​សេចក្ដី​សុខ‌សាន្ត​នៅ​ទី​នេះ​ផង នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។ នៅ​ថ្ងៃ​២៤ ខែ​មិគសិរ ក្នុង​ឆ្នាំ​ទី​២ នៃ​រាជ្យ​ដារី‌យុស នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក ដោយ‌សារ​ហោរា​ហាកាយ​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ដូច្នេះ ឥឡូវ​នេះ ចូរ​សួរ​ពួក​សង្ឃ​ពី​ដំណើរ​ក្រឹត្យ‌វិន័យ​ថា បើ​អ្នក​ណា​ដក់​សាច់​ដ៏​បរិសុទ្ធ​ក្នុង​ថ្នក់​អាវ​ទៅ​ឯ​ណា រួច​អាវ​ប៉ះ​នឹង​នំបុ័ង សំឡ ស្រា​ទំពាំង‌បាយ‌ជូរ ប្រេង ឬ​ម្ហូប​អ្វី​ក៏​ដោយ តើ​របស់​នោះ​នឹង​បាន​បរិសុទ្ធ​ដែរ​ឬ នោះ​ពួក​សង្ឃ​បាន​ឆ្លើយ​ថា ទេ រួច​ហាកាយ​សួរ​ថា បើ​សិន​ជា​អ្នក​ណា​ដែល​មិន​ស្អាត ដោយ​ព្រោះ​ខ្មោច​ស្លាប់ គេ​បាន​ប៉ះ​នឹង​របស់​ណា​មួយ​នោះ តើ​របស់​នោះ​នឹង​ត្រឡប់​ជា​មិន​ស្អាត​ដែរ​ឬ ពួក​សង្ឃ​ក៏​ឆ្លើយ​ថា នឹង​ត្រឡប់​ជា​មិន​ស្អាត​ជា​ពិត

ចែក​រំលែក
អាន ហាកាយ 2