ហាកាយ 2
2
ព្រះវិហារថ្មី
1នៅថ្ងៃទីម្ភៃមួយ ក្នុងខែទីប្រាំពីរ ព្រះអម្ចាស់មានព្រះបន្ទូលតាមរយៈព្យាការីហាកាយដូចតទៅ៖
2«ចូរប្រាប់សូរ៉ូបាបិល ជាកូនរបស់លោកសាលធាល ទេសាភិបាលរបស់អាណាខេត្តយូដា និងមហាបូជាចារ្យយេសួរ ជាកូនរបស់លោកយ៉ូសាដាក ព្រមទាំងប្រជាជនដែលនៅសេសសល់ថា
3 ក្នុងចំណោមអ្នករាល់គ្នាដែលបានរួចពីស្លាប់
តើនរណាធ្លាប់បានឃើញព្រះដំណាក់ដ៏រុងរឿង
កាលពីជំនាន់មុន?
ឥឡូវនេះ តើអ្នករាល់គ្នាឃើញព្រះដំណាក់ថ្មី
មានភាពដូចម្ដេចដែរ?
អ្នករាល់គ្នាឃើញថា ព្រះដំណាក់ថ្មីនេះ
មិនល្អទាល់តែសោះ!
4ឥឡូវនេះ សូរ៉ូបាបិលអើយ
ចូរមានចិត្តក្លាហានឡើង!
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
មហាបូជាចារ្យយេសួរ
ជាកូនរបស់លោកយ៉ូសាដាកអើយ
ចូរមានចិត្តក្លាហានឡើង!
ប្រជាជនទាំងមូលដែលនៅក្នុងស្រុកអើយ
ចូរមានចិត្តក្លាហានឡើង!
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ចូរនាំគ្នាធ្វើការទៅ
ដ្បិតយើងនៅជាមួយអ្នករាល់គ្នាហើយ!
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់
នៃពិភពទាំងមូល។
5 ព្រះវិញ្ញាណរបស់យើងស្ថិតនៅជាមួយ
អ្នករាល់គ្នា ដូចយើងបានសន្យានៅគ្រាដែល
អ្នករាល់គ្នាចាកចេញពីស្រុកអេស៊ីប
ដូច្នេះ កុំខ្លាចអ្វីឡើយ!»។
6 ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖
«បន្តិចទៀត យើងនឹងធ្វើឲ្យ
ផ្ទៃមេឃ និងផែនដី
ព្រមទាំងសមុទ្រ និងដីគោក កក្រើក។
7យើងនឹងធ្វើឲ្យប្រជាជាតិនានាកក្រើក។
ទ្រព្យសម្បត្តិដ៏មានតម្លៃ
របស់ប្រជាជាតិទាំងអស់
នឹងហូរចូលមកក្នុងដំណាក់របស់យើង
ហើយយើងនឹងធ្វើឲ្យដំណាក់នេះ
បានថ្កុំថ្កើងរុងរឿង
នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់
នៃពិភពទាំងមូល។
8ប្រាក់ និងមាសជាកម្មសិទ្ធិរបស់យើង
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់
នៃពិភពទាំងមូល។
9សិរីរុងរឿងរបស់ដំណាក់ថ្មីនេះនឹងថ្កុំថ្កើង
ជាងសិរីរុងរឿងរបស់ដំណាក់
កាលពីជំនាន់មុនទៅទៀត។
នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់
នៃពិភពទាំងមូល។
នៅកន្លែងនេះ យើងនឹងផ្ដល់ឲ្យអ្នករាល់គ្នា
បានប្រកបដោយសេចក្ដីសុខសាន្ត»
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់
នៃពិភពទាំងមូល។
ប្រជាជននៅមិនទាន់បរិសុទ្ធ
10នៅថ្ងៃទីម្ភៃបួន ខែទីប្រាំបួន ក្នុងឆ្នាំទីពីរនៃរជ្ជកាលព្រះចៅដារីយូស ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្យាការីហាកាយដូចតទៅ:
11 ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «ចូរសួរយោបល់ពួកបូជាចារ្យដូចតទៅ: 12“ប្រសិនបើក្នុងថ្នក់អាវរបស់នរណាម្នាក់ មានសាច់ដែលគេបានញែកជាសក្ការៈ ហើយបើអាវរបស់អ្នកនោះប៉ះនំបុ័ង បន្លែ ស្រា ប្រេង ឬអាហារណាមួយផ្សេងទៀត តើរបស់ទាំងនោះអាចចាត់ទុកជារបស់សក្ការៈបានឬទេ?”»។ ពួកបូជាចារ្យឆ្លើយថា«ទេ!»។ 13 លោកហាកាយមានប្រសាសន៍ទៀតថា៖ «ប្រសិនបើនរណាម្នាក់ត្រូវសៅហ្មង ព្រោះតែប៉ះពាល់សាកសព ហើយពេលគាត់ប៉ះពាល់របស់ឯទៀតៗ តើរបស់នោះទៅជាសៅហ្មងដែរឬទេ?»។ ពួកបូជាចារ្យតបថា៖ «របស់ទាំងនោះនឹងទៅជាសៅហ្មងមែន»។
14លោកហាកាយក៏មានប្រសាសន៍ថា៖
ប្រជាជននេះក៏ដូច្នោះដែរ
យើងចាត់ទុកប្រជាជាតិនេះជាសៅហ្មង
ហើយអ្វីៗដែលពួកគេធ្វើ
និងអ្វីៗដែលគេយកមកថ្វាយយើងនៅទីនេះ
ក៏សៅហ្មងដែរ។
15ឥឡូវនេះ ចូរសង្កេតមើលអំពីហេតុការណ៍
ដែលកើតមានចាប់ពីពេលនេះតទៅខាងមុខ។
មុនពេលអ្នករាល់គ្នាយកថ្មមកដាក់ត្រួតលើគ្នា
ដើម្បីសង់ព្រះវិហាររបស់ព្រះអម្ចាស់
16អ្នករាល់គ្នាទៅជង្រុកបម្រុងនឹងកើបស្រូវម្ភៃថាំង
នោះឃើញមានតែដប់ថាំងទេ។
អ្នករាល់គ្នាទៅកន្លែងបញ្ជាន់ផ្លែទំពាំងបាយជូរ
ដើម្បីដួសយកស្រាហាសិបធុង
នោះឃើញមានតែម្ភៃធុងប៉ុណ្ណោះ។
17យើងបានធ្វើឲ្យដំណាំរបស់អ្នករាល់គ្នា
ខូចខាត ស្រូវអ្នករាល់គ្នាស្កក
មានក្រាស៊ី និងមានព្រឹលធ្លាក់មកបំផ្លាញអស់
ទោះបីយ៉ាងនេះក្ដី ក៏អ្នករាល់គ្នាមិនវិលមករក
យើងវិញដែរ
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
18ហេតុនេះ ចូរសង្កេតមើលហេតុការណ៍ដែល
កើតមានចាប់ពីឥឡូវនេះតទៅខាងមុខ។
ចាប់តាំងពីថ្ងៃទីម្ភៃបួនក្នុងខែទីប្រាំបួន
គឺចាប់ពីថ្ងៃដែលគេចាក់គ្រឹះសង់
ព្រះវិហាររបស់ព្រះអម្ចាស់។
ចូរសង្កេតមើលចុះ!
19នៅក្នុងជង្រុក គ្មាននៅសល់គ្រាប់ពូជទេ
សូម្បីតែចម្ការទំពាំងបាយជូរ
ដើមឧទុម្ពរ ដើមទទឹម និងដើមអូលីវ
ក៏មិនផ្ដល់ភោគផលអ្វីដែរ។
ប៉ុន្តែ ចាប់ពីថ្ងៃនេះទៅ
យើងនឹងឲ្យពរ
អ្នករាល់គ្នាបានចម្រុងចម្រើន។
ព្រះបន្ទូលសន្យាចំពោះលោកសូរ៉ូបាបិល
20នៅថ្ងៃទីម្ភៃបួនដដែលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកហាកាយជាលើកទីពីរថា៖
21ចូរប្រាប់សូរ៉ូបាបិល ជាទេសាភិបាលរបស់
អាណាខេត្តយូដាថា:
យើងនឹងធ្វើឲ្យផ្ទៃមេឃ និងផែនដីកក្រើក
22យើងនឹងទម្លាក់ស្ដេចរបស់នគរទាំងឡាយ
យើងនឹងកម្ទេចកម្លាំងរបស់ប្រជាជាតិនានា។
យើងនឹងរំលំរទេះចម្បាំង
ព្រមទាំងអស់អ្នកដែលបររទេះនោះ។
យើងនឹងផ្ដួលសេះ ព្រមទាំងអ្នកជិះ
បងប្អូននឹងកាប់សម្លាប់គ្នាទៅវិញទៅមក។
23 ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖
«សូរ៉ូបាបិល ជាកូនរបស់សាលធាលអើយ
អ្នកជាអ្នកបម្រើរបស់យើង
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ -
នៅថ្ងៃនោះ យើងនឹងតែងតាំងអ្នកឲ្យ
ធ្វើជាត្រារបស់យើងផ្ទាល់
ព្រោះយើងបានជ្រើសរើសអ្នកហើយ»
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់
នៃពិភពទាំងមូល។
ទើបបានជ្រើសរើសហើយ៖
ហាកាយ 2: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.