ហាកាយ 2

2
1នៅ​ថ្ងៃ​២១ ខែ​អស្សុជ នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក ដោយ‌សារ​ហោរា​ហាកាយ​ថា 2ឥឡូវ​នេះ ចូរ​ទៅ​និយាយ​នឹង​សូរ៉ូ‌បា‌បិល កូន​សាល‌ធាល ជា​ចៅហ្វាយ​លើ​ស្រុក​យូដា នឹង​យេសួរ កូន​យ៉ូសាដាក​ដ៏​ជា​សង្ឃ​ធំ ព្រម​ទាំង​សំណល់​នៃ​បណ្តាជន​ថា 3ក្នុង​ពួក​ឯង​រាល់​គ្នា តើ​មាន​សល់​អ្នក​ណា​ខ្លះ ធ្លាប់​បាន​ឃើញ​ព្រះ‌វិហារ​នេះ តាម​សិរី‌ល្អ​ជាន់​ដើម​ដែរ​ឬ ចុះ​ឥឡូវ​នេះ តើ​ឃើញ​ជា​យ៉ាង​ណា​នៅ​ភ្នែក​ឯង​រាល់​គ្នា​ដែល​ធៀប‌ផ្ទឹម​គ្នា តើ​ព្រះ‌វិហារ​នេះ​មិន​មែន​ដូច​ជា​ទទេ​សោះ​ទេ​ឬ​អី 4ទោះ​បើ​យ៉ាង​នោះ គង់​តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ឱ​សូរ៉ូ‌បា‌បិល​អើយ ចូរ​មាន​កំឡាំង​ឥឡូវ​ចុះ ឱ​យេសួរ ជា​កូន​យ៉ូសាដាក​ដ៏​ជា​សង្ឃ​ធំ​អើយ ចូរ​មាន​កំឡាំង​ដែរ ឯង​រាល់​គ្នា​ជា​ជន‌ជាតិ​នៃ​ស្រុក​នេះ​អើយ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ចូរ​ឯង​រាល់​គ្នា​មាន​កំឡាំង ហើយ​ធ្វើ​ការ​ទៅ ដ្បិត​អញ​នៅ​ជា​មួយ​នឹង​ឯង​ហើយ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ 5គឺ​ជា​ពាក្យ​ដែល​អញ​តាំង​ជា​សញ្ញា​នឹង​ឯង​រាល់​គ្នា ក្នុង​កាល​ដែល​ឯង​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ឯ​វិញ្ញាណ​របស់​អញ​ក៏​ស្ថិត​នៅ​ជា​មួយ​នឹង​ឯង​រាល់​គ្នា​ដែរ កុំ​ឲ្យ​ខ្លាច​ឡើយ 6ដ្បិត​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា នៅ​តែ​បន្តិច​ទៀត អញ​នឹង​អង្រួន​ទាំង​ផ្ទៃ​មេឃ នឹង​ផែនដី ទាំង​សមុទ្រ នឹង​ទី​គោក​ផង 7ក៏​នឹង​អង្រួន​អស់​ទាំង​សាសន៍​ដែរ នោះ​ទី​គាប់​ចិត្ត​របស់​អស់​ទាំង​សាសន៍​នឹង​មក​ដល់ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ថា នៅ​គ្រា​នោះ អញ​នឹង​បំពេញ​វិហារ​នេះ ដោយ​សិរី‌ល្អ 8ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​បន្ទូល​ថា អស់​ទាំង​ប្រាក់​ជា​របស់​ផង​អញ ហើយ​មាស​ទាំង​ប៉ុន្មាន​ក៏​ជា​របស់​អញ​ដែរ 9ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ថា សិរី‌ល្អ​របស់​វិហារ​ជាន់​ក្រោយ​នេះ នឹង​បាន​លើស​ជាង​ជាន់​មុន​ទៅ​ទៀត ហើយ​អញ​នឹង​ឲ្យ​មាន​សេចក្ដី​សុខ‌សាន្ត​នៅ​ទី​នេះ​ផង នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។
10នៅ​ថ្ងៃ​២៤ ខែ​មិគសិរ ក្នុង​ឆ្នាំ​ទី​២ នៃ​រាជ្យ​ដារី‌យុស នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក ដោយ‌សារ​ហោរា​ហាកាយ​ថា 11ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ដូច្នេះ ឥឡូវ​នេះ ចូរ​សួរ​ពួក​សង្ឃ​ពី​ដំណើរ​ក្រឹត្យ‌វិន័យ​ថា 12បើ​អ្នក​ណា​ដក់​សាច់​ដ៏​បរិសុទ្ធ​ក្នុង​ថ្នក់​អាវ​ទៅ​ឯ​ណា រួច​អាវ​ប៉ះ​នឹង​នំបុ័ង សំឡ ស្រា​ទំពាំង‌បាយ‌ជូរ ប្រេង ឬ​ម្ហូប​អ្វី​ក៏​ដោយ តើ​របស់​នោះ​នឹង​បាន​បរិសុទ្ធ​ដែរ​ឬ នោះ​ពួក​សង្ឃ​បាន​ឆ្លើយ​ថា ទេ 13រួច​ហាកាយ​សួរ​ថា បើ​សិន​ជា​អ្នក​ណា​ដែល​មិន​ស្អាត ដោយ​ព្រោះ​ខ្មោច​ស្លាប់ គេ​បាន​ប៉ះ​នឹង​របស់​ណា​មួយ​នោះ តើ​របស់​នោះ​នឹង​ត្រឡប់​ជា​មិន​ស្អាត​ដែរ​ឬ ពួក​សង្ឃ​ក៏​ឆ្លើយ​ថា នឹង​ត្រឡប់​ជា​មិន​ស្អាត​ជា​ពិត 14រួច​ហាកាយ​ពោល​សប​វិញ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ បណ្តាជន​នេះ នឹង​សាសន៍​នេះ​ក៏​ដូច្នោះ​នៅ​ចំពោះ​អញ​ដែរ ព្រម​ទាំង​ការ​ទាំង​ប៉ុន្មាន​ដែល​ដៃ​គេ​ធ្វើ នឹង​ដង្វាយ​ដែល​គេ​ថ្វាយ​នៅ​ទី​នោះ ក៏​សុទ្ធ​តែ​មិន​ស្អាត​ដូច​គ្នា​ផង 15ដូច្នេះ ចូរ​ឲ្យ​ឯង​រាល់​គ្នា​ពិចារណា​ចាប់​តាំង​ពី​សព្វ​ថ្ងៃ​នេះ​សា​ឡើង ទៅ​ដល់​គ្រា​មុន​ដែល​មាន​ថ្ម​ណា​រៀប​ឡើង ត្រួត​លើ​ថ្ម​ណា​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​នេះ 16នៅ​រវាង​នោះ កាល​ណា​គេ​មក​ដល់​គំនរ​ស្រូវ​ដែល​ត្រូវ​មាន​២០​ថាំង នោះ​ឃើញ​មាន​តែ​១០​វិញ ហើយ​កាល​ណា​មក​ដល់​ធុង​ឃ្នាប ដើម្បី​ដង​យក​៥០​រង្វាល់ នោះ​បាន​តែ​២០​វិញ 17គឺ​អញ​បាន​វាយ​ការ ដែល​ដៃ​ឯង​រាល់​គ្នា​ធ្វើ ឲ្យ​ស្រូវ​ស្កក ហើយ​ល្មាស ព្រម​ទាំង​ត្រូវ​ព្រិល​ផង ទោះ​បើ​យ៉ាង​នោះ គង់​តែ​ឯង​រាល់​គ្នា​មិន​បាន​វិល​មក​ឯ​អញ​វិញ​ដែរ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា 18ចូរ​ឲ្យ​ឯង​រាល់​គ្នា​ពិចារណា ចាប់​តាំង​ពី​ថ្ងៃ​នេះ​សា​ឡើង​ទៅ គឺ​ចាប់​តាំង​ពី​ថ្ងៃ​២៤ ខែ​មិគសិរ ជា​ថ្ងៃ​ដែល​ដាក់​ឫស​ជញ្ជាំង​នៃ​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ចូរ​ពិចារណា​ចុះ 19តើ​ពូជ​ពង្រោះ​បាន​យក​មក​ដាក់​ក្នុង​ជង្រុក​ហើយ​ឬ​នៅ អើ ទោះ​ទាំង​ដើម​ទំពាំង‌បាយ‌ជូរ ដើម​ល្វា ដើម​ទទឹម នឹង​ដើម​អូលីវ ក៏​មិន​បាន​កើត​ផល​ដែរ តែ​ចាប់​តាំង​ពី​ថ្ងៃ​នេះ​ទៅ អញ​នឹង​ផ្តល់​ពរ​ដល់​ឯង​វិញ។
20នៅ​ថ្ងៃ​២៤​ខែ​នោះ​ឯង ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ហាកាយ​ម្តង​ទៀត​ដោយ​ថា 21ចូរ​ប្រាប់​ដល់​សូរ៉ូ‌បា‌បិល ជា​ចៅហ្វាយ​លើ​ស្រុក​យូដា​ថា អញ​នឹង​អង្រួន​ផ្ទៃ​មេឃ ហើយ​នឹង​ផែនដី​ផង 22អញ​នឹង​រំលំ​បល្ល័ង្ក​នៃ​រាជ្យ​ផ្សេងៗ ហើយ​នឹង​រំលាង​បំផ្លាញ​ឥទ្ធិ‌ឫទ្ធិ​របស់​រាជ្យ​នៃ​សាសន៍​ទាំង​ប៉ុន្មាន អញ​នឹង​បំភ្លូក​អស់​ទាំង​រទេះ​ចំបាំង ព្រម​ទាំង​មនុស្ស​ដែល​ជិះ​ផង ឯ​សេះ នឹង​ពួក​ដែល​ជិះ ក៏​នឹង​ភ្លាត់​ធ្លាក់​ចុះ ដោយ​ដាវ​របស់​បង​ប្អូន​គេ​រៀង​រាល់​ខ្លួន 23ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ថា នៅ​ថ្ងៃ​នោះ ឱ​សូរ៉ូ‌បា‌បិល កូន​សាល‌ធាល ជា​អ្នក​បំរើ​របស់​អញ​អើយ អញ​នឹង​យក​ឯង តាំង​ឡើង​ជា​ចិញ្ចៀន​ត្រា ដ្បិត​អញ​បាន​រើស​ឯង​ទុក​ហើយ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។:៚

ទើបបានជ្រើសរើសហើយ៖

ហាកាយ 2: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល