អេសេគាល 3:1-9

អេសេគាល 3:1-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ ចូរ​អ្នក​ស៊ី​របស់​ដែល​អ្នក​ឃើញ​នេះ គឺ​ស៊ី​ក្រាំង​នេះ​ទៅ រួច​ចូរ​ទៅ​និយាយ​នឹង​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ចុះ»។ ដូច្នេះ ខ្ញុំ​ក៏​ហា​មាត់​ឡើង ហើយ​ព្រះ‌អង្គ​ធ្វើ​ឲ្យ​ខ្ញុំ​បរិ‌ភោគ​ក្រាំង​នោះ​ទៅ ព្រះ‌អង្គ​បង្គាប់​ដល់​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ ចូរ​ឲ្យ​ពោះ​អ្នក​ទទួល​ចុះ ហើយ​ឲ្យ​បាន​ឆ្អែត​ដោយ​ក្រាំង​នេះ ដែល​យើង​ឲ្យ​ដល់​អ្នក​ផង» នោះ​ខ្ញុំ​ក៏​បរិ‌ភោគ​ទៅ ឯ​នៅ​ក្នុង​មាត់​ខ្ញុំ ក្រាំង​នោះ​មាន​រស​ផ្អែម​ដូច​ជា​ទឹក​ឃ្មុំ។ រួច​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ ចូរ​ទៅ ចូរ​ទៅ​ឯ​ពូជ‌ពង្ស​អ៊ីស្រា‌អែល ហើយ​ប្រាប់​គេ​តាម​ពាក្យ​របស់​យើង​ចុះ។ ដ្បិត​យើង​មិន​ចាត់​អ្នក​ឲ្យ​ទៅ​ឯ​សាសន៍​ណា​ដែល​មាន​ពាក្យ​សម្ដី​ប្លែក និង​ភាសា​ពិបាក​នោះ​ទេ គឺ​ឲ្យ​ទៅ​ឯ​ពូជ‌ពង្ស​អ៊ីស្រា‌អែល មិន​មែន​ទៅ​ឯ​សាសន៍​ជា​ច្រើន ដែល​មាន​ពាក្យ​សម្ដី​ប្លែក និង​ភាសា​ពិបាក ដែល​អ្នក​នឹង​ស្តាប់​ពាក្យ​របស់​គេ​មិន​បាន​នោះ​ទេ ប្រសិន‌បើ​យើង​ចាត់​អ្នក​ឲ្យ​ទៅ​ឯ​សាសន៍​ទាំង​នោះ ប្រាកដ​ជា​គេ​នឹង​ស្តាប់​អ្នក។ តែ​ពូជ‌ពង្ស​អ៊ីស្រា‌អែល​មិន​ព្រម​ស្តាប់​តាម​អ្នក​ទេ ពី​ព្រោះ​គេ​មិន​ព្រម​ស្តាប់​តាម​យើង​ហើយ ដ្បិត​ពូជ‌ពង្ស​អ៊ីស្រា‌អែល​សុទ្ធ​តែ​មាន​ក្បាល​រឹង ហើយ​មាន​ចិត្ត​ចចេស។ មើល៍! យើង​ធ្វើ​ឲ្យ​មុខ​អ្នក​បាន​រឹង​ត​នឹង​មុខ​គេ ហើយ​ក្បាល​អ្នក​បាន​រឹង​ត​នឹង​ក្បាល​គេ​ដែរ។ យើង​បាន​ធ្វើ​ឲ្យ​ក្បាល​អ្នក​រឹង ដូច​ជា​ពេជ្រ​ដែល​រឹង​ជាង​ថ្ម​ដែក​ភ្លើង​ទៅ​ទៀត កុំ​ខ្លាច​គេ​ឡើយ ក៏​កុំ​ស្លុត​នឹង​ទឹក​មុខ​របស់​គេ​ដែរ ទោះ​បើ​គេ​ជា​ពូជ‌ពង្ស​រឹង​ចចេស​ក៏​ដោយ»។

ចែក​រំលែក
អាន អេសេគាល 3

អេសេគាល 3:1-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ! ចូរ​បរិភោគ​ក្រាំង​ដែល​យើង​ឲ្យ​នេះ រួច​ទៅ​ប្រៀន‌ប្រដៅ​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ចុះ»។ ខ្ញុំ​ក៏​ហា​មាត់ ហើយ​ព្រះអង្គ​ឲ្យ​ខ្ញុំ​ទទួល​ទាន​ក្រាំង​នោះ។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ! ចូរ​បរិភោគ​ក្រាំង​ដែល​យើង​ប្រគល់​ឲ្យ​យ៉ាង​ឆ្អែត​ចុះ!»។ ខ្ញុំ​ក៏​ទទួល​ទាន​ក្រាំង​នោះ ដែល​មាន​រស‌ជាតិ​ផ្អែម ដូច​ទឹក​ឃ្មុំ​នៅ​ក្នុង​មាត់​ខ្ញុំ។ បន្ទាប់​មក ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ! ចូរ​ទៅ​រក​ពូជ‌ពង្ស​អ៊ីស្រា‌អែល ហើយ​ថ្លែង​ពាក្យ​របស់​យើង​ប្រាប់​គេ​ចុះ! យើង​ចាត់​អ្នក​ឲ្យ​ទៅ​រក​ពូជ‌ពង្ស​អ៊ីស្រា‌អែល គឺ​មិន​មែន​ឲ្យ​ទៅ​រក​សាសន៍​ដទៃ ដែល​និយាយ​ភាសា​ពិបាក​ស្ដាប់ និង​ពិបាក​យល់​នោះ​ទេ។ យើង​មិន​ចាត់​អ្នក​ឲ្យ​ទៅ​រក​សាសន៍​ជា​ច្រើន ដែល​និយាយ​ភាសា​ពិបាក​ស្ដាប់ និង​ជា​ភាសា​ដែល​អ្នក​មិន​យល់​នោះ​ឡើយ។ ប្រសិន​បើ​យើង​ចាត់​អ្នក​ទៅ​រក​សាសន៍​ទាំង​នោះ​មែន ពួក​គេ​មុខ​ជា​ស្ដាប់​អ្នក​ពុំ‌ខាន គឺ​យើង​ចាត់​អ្នក​ទៅ​រក​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ដែល​មិន​ចង់​ស្ដាប់​អ្នក ព្រោះ​ពួក​គេ​មិន​ព្រម​ស្ដាប់​យើង។ ពូជ‌ពង្ស​អ៊ីស្រា‌អែល​ទាំង​មូល​ជា​មនុស្ស​ក្បាល​រឹង និង​មាន​ចិត្ត​ចចេស។ ប៉ុន្តែ យើង​ធ្វើ​ឲ្យ​អ្នក​មាន​ចិត្ត​មានះ ដើម្បី​ឲ្យ​អ្នក​ត​តាំង​នឹង​ចិត្ត​មានះ​របស់​ពួក​គេ យើង​ធ្វើ​ឲ្យ​អ្នក​មាន​ចិត្ត​រឹង ដើម្បី​ត​តាំង​នឹង​ចិត្ត​រឹង​របស់​ពួក​គេ។ យើង​ធ្វើ​ឲ្យ​អ្នក​មាន​ចិត្ត​រឹង​ដូច​ពេជ្រ ហើយ​រឹង​ជាង​ដុំ​ថ្ម​ទៅ​ទៀត។ កុំ​ខ្លាច​ពួក​គេ កុំ​ញ័រ​រន្ធត់​នៅ​ចំពោះ​មុខ​ពួក​គេ​ឡើយ ដ្បិត​អ្នក​ទាំង​នោះ​ជា​ពូជ​បះ‌បោរ»។

ចែក​រំលែក
អាន អេសេគាល 3

អេសេគាល 3:1-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ទ្រង់​ក៏​មាន​បន្ទូល​មក​ខ្ញុំ​ថា កូន​មនុស្ស​អើយ ចូរ​ឯង​ស៊ី​របស់​ដែល​ឯង​ឃើញ​នេះ គឺ​ស៊ី​ក្រាំង​នេះ​ទៅ រួច​ចូរ​ទៅ​និយាយ​នឹង​ពូជ‌ពង្ស​អ៊ីស្រាអែល​ចុះ ដូច្នេះ ខ្ញុំ​ក៏​ហា​មាត់​ឡើង ហើយ​ទ្រង់​ធ្វើ​ឲ្យ​ខ្ញុំ​បរិភោគ​ក្រាំង​នោះ​ទៅ ទ្រង់​បង្គាប់​ដល់​ខ្ញុំ​ថា កូន​មនុស្ស​អើយ ចូរ​ឲ្យ​ពោះ​ឯង​ទទួល​ចុះ ហើយ​ឲ្យ​បាន​ឆ្អែត​ដោយ​ក្រាំង​នេះ ដែល​អញ​ឲ្យ​ដល់​ឯង​ផង នោះ​ខ្ញុំ​ក៏​បរិភោគ​ទៅ ឯ​នៅ​ក្នុង​មាត់​ខ្ញុំ ក្រាំង​នោះ​មាន​រស​ផ្អែម​ដូច​ជា​ទឹក​ឃ្មុំ។ រួច​ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា កូន​មនុស្ស​អើយ ចូរ​ទៅ ចូរ​ទៅ​ឯ​ពូជ‌ពង្ស​អ៊ីស្រាអែល ហើយ​ប្រាប់​គេ​តាម​ពាក្យ​របស់​អញ​ចុះ ដ្បិត​អញ​មិន​ចាត់​ឯង ឲ្យ​ទៅ​ឯ​សាសន៍​ណា​ដែល​មាន​ពាក្យ​សំដី​ប្លែក នឹង​ភាសា​ពិបាក​នោះ​ទេ គឺ​ឲ្យ​ទៅ​ឯ​ពូជ‌ពង្ស​អ៊ីស្រាអែល​វិញ មិន​មែន​ទៅ​ឯ​សាសន៍​ជា​ច្រើន ដែល​មាន​ពាក្យ​សំដី​ប្លែក នឹង​ភាសា​ពិបាក ដែល​ឯង​នឹង​ស្តាប់​ពាក្យ​របស់​គេ​មិន​បាន​នោះ​ទេ បើ‌សិន​ជា​អញ​ចាត់​ឯង​ឲ្យ​ទៅ​ឯ​សាសន៍​ទាំង​នោះ ប្រាកដ​ជា​គេ​នឹង​ស្តាប់​ឯង​ជា​ពិត តែ​ពូជ‌ពង្ស​អ៊ីស្រាអែល​មិន​ព្រម​ស្តាប់​តាម​ឯង​ទេ ពី​ព្រោះ​គេ​មិន​ព្រម​ស្តាប់​តាម​អញ​ហើយ ដ្បិត​ពូជ‌ពង្ស​អ៊ីស្រាអែល​សុទ្ធ​តែ​មាន​ក្បាល​រឹង ហើយ​មាន​ចិត្ត​ចចេស មើល អញ​ធ្វើ​ឲ្យ​មុខ​ឯង​បាន​រឹង​ត​នឹង​មុខ​គេ ហើយ​ក្បាល​ឯង​បាន​រឹង​ត​នឹង​ក្បាល​គេ​ដែរ អញ​បាន​ធ្វើ​ឲ្យ​ក្បាល​ឯង​រឹង ដូច​ជា​ពេជ្រ​ដែល​រឹង​ជាង​ថ្ម​ដែក​ភ្លេង​ទៅ​ទៀត កុំ​ឲ្យ​ខ្លាច​គេ​ឡើយ ក៏​កុំ​ឲ្យ​ស្លុត​នឹង​ទឹក​មុខ​របស់​គេ​ដែរ ទោះ​បើ​គេ​ជា​ពូជ‌ពង្ស​រឹង‌ចចេស​ក៏​ដោយ

ចែក​រំលែក
អាន អេសេគាល 3

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ