អេសេគាល 3
3
1ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ ចូរអ្នកស៊ីរបស់ដែលអ្នកឃើញនេះ គឺស៊ីក្រាំងនេះទៅ រួចចូរទៅនិយាយនឹងពូជពង្សអ៊ីស្រាអែលចុះ»។ 2ដូច្នេះ ខ្ញុំក៏ហាមាត់ឡើង ហើយព្រះអង្គធ្វើឲ្យខ្ញុំបរិភោគក្រាំងនោះទៅ 3ព្រះអង្គបង្គាប់ដល់ខ្ញុំថា៖ «កូនមនុស្សអើយ ចូរឲ្យពោះអ្នកទទួលចុះ ហើយឲ្យបានឆ្អែតដោយក្រាំងនេះ ដែលយើងឲ្យដល់អ្នកផង» នោះខ្ញុំក៏បរិភោគទៅ ឯនៅក្នុងមាត់ខ្ញុំ ក្រាំងនោះមានរសផ្អែមដូចជាទឹកឃ្មុំ។
4រួចព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ ចូរទៅ ចូរទៅឯពូជពង្សអ៊ីស្រាអែល ហើយប្រាប់គេតាមពាក្យរបស់យើងចុះ។ 5ដ្បិតយើងមិនចាត់អ្នកឲ្យទៅឯសាសន៍ណាដែលមានពាក្យសម្ដីប្លែក និងភាសាពិបាកនោះទេ គឺឲ្យទៅឯពូជពង្សអ៊ីស្រាអែល 6មិនមែនទៅឯសាសន៍ជាច្រើន ដែលមានពាក្យសម្ដីប្លែក និងភាសាពិបាក ដែលអ្នកនឹងស្តាប់ពាក្យរបស់គេមិនបាននោះទេ ប្រសិនបើយើងចាត់អ្នកឲ្យទៅឯសាសន៍ទាំងនោះ ប្រាកដជាគេនឹងស្តាប់អ្នក។ 7តែពូជពង្សអ៊ីស្រាអែលមិនព្រមស្តាប់តាមអ្នកទេ ពីព្រោះគេមិនព្រមស្តាប់តាមយើងហើយ ដ្បិតពូជពង្សអ៊ីស្រាអែលសុទ្ធតែមានក្បាលរឹង ហើយមានចិត្តចចេស។ 8មើល៍! យើងធ្វើឲ្យមុខអ្នកបានរឹងតនឹងមុខគេ ហើយក្បាលអ្នកបានរឹងតនឹងក្បាលគេដែរ។ 9យើងបានធ្វើឲ្យក្បាលអ្នករឹង ដូចជាពេជ្រដែលរឹងជាងថ្មដែកភ្លើងទៅទៀត កុំខ្លាចគេឡើយ ក៏កុំស្លុតនឹងទឹកមុខរបស់គេដែរ ទោះបើគេជាពូជពង្សរឹងចចេសក៏ដោយ»។ 10ព្រះអង្គមានព្រះបន្ទូលមកខ្ញុំទៀតថា៖ «កូនមនុស្សអើយ ចូរទទួលអស់ទាំងពាក្យដែលយើងនឹងប្រាប់ដល់អ្នក ទុកនៅក្នុងចិត្តចុះ ហើយស្តាប់ដោយត្រចៀកផង។ 11ទៅចុះ ចូរទៅឯពួកអ្នកដែលនៅជាឈ្លើយ គឺជាពួកកូនចៅរបស់សាសន៍អ្នក ហើយនិយាយប្រាប់ដល់គេថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ ទោះបើគេព្រមស្តាប់តាម ឬមិនព្រមស្តាប់ក្តី»។
ហោរាអេសេគាលនៅឯទន្លេកេបារ
12ពេលនោះ ព្រះវិញ្ញាណលើកខ្ញុំឡើង ហើយខ្ញុំឮសូរសំឡេងអឺងកងពីក្រោយខ្ញុំថា «សូមឲ្យសិរីល្អនៃព្រះយេហូវ៉ាបានប្រកបដោយព្រះពរពីដំណាក់របស់ព្រះអង្គ!»។ 13ក៏ឮសូរសន្ធឹកនៃស្លាបរបស់សត្វមានជីវិតទាំងនោះដែលប៉ះគ្នា និងសូររបស់កងទាំងនោះដែលអមទៅ គឺជាសូរអឺងអាប់យ៉ាងខ្លាំង។ 14ដូច្នេះ ព្រះវិញ្ញាណព្រះអង្គលើកខ្ញុំឡើងយកទៅ ឯខ្ញុំក៏ទៅដោយមានសេចក្ដីជូរចត់ ហើយដោយសេចក្ដីក្តៅក្រហាយនៃវិញ្ញាណខ្ញុំ ព្រះហស្តនៃព្រះយេហូវ៉ាក៏សណ្ឋិតលើខ្ញុំជាខ្លាំងដែរ។ 15ខ្ញុំទៅជួបពួកដែលជាប់ជាឈ្លើយ នៅឯថេល-អាប៊ីប ក្បែរទន្លេកេបារ ជាកន្លែងដែលគេអាស្រ័យនៅ។ ខ្ញុំស្នាក់នៅទីនោះក្នុងចំណោមពួកគេទាំងថប់ព្រួយ អស់រយៈពេលប្រាំពីរថ្ងៃ។
16លុះប្រាំពីរថ្ងៃកន្លងផុតទៅ ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំថា៖ 17«កូនមនុស្សអើយ យើងបានតាំងអ្នកឲ្យជាអ្នកយាម ដល់ពូជពង្សអ៊ីស្រាអែល ដូច្នេះ អ្នកត្រូវស្តាប់ពាក្យពីមាត់យើង រួចទៅប្រាមប្រាប់គេឲ្យយើងផង។ 18កាលណាយើងប្រាប់ដល់មនុស្សអាក្រក់ថា អ្នកនឹងត្រូវស្លាប់ជាពិត នោះបើអ្នកមិនទៅប្រាប់គេ ឬប្រាមប្រាប់មនុស្សអាក្រក់នោះ ឲ្យលះបង់ផ្លូវអាក្រក់របស់ខ្លួន ដើម្បីឲ្យបានរួចជីវិត យ៉ាងនោះមនុស្សអាក្រក់នឹងស្លាប់ក្នុងអំពើទុច្ចរិតរបស់ខ្លួនមែន តែយើងនឹងទារឈាមរបស់គេពីដៃអ្នកវិញ។ 19ប៉ុន្តែ បើអ្នកប្រាមប្រាប់ដល់មនុស្សអាក្រក់នោះ តែគេមិនព្រមបែរចេញពីអំពើអាក្រក់ ឬពីផ្លូវអាក្រក់របស់ខ្លួនទេ នោះគេនឹងត្រូវស្លាប់ក្នុងអំពើទុច្ចរិតរបស់ខ្លួនជាពិត តែអ្នកនឹងបានដោះព្រលឹងខ្លួនឲ្យរួចវិញ។ 20មួយទៀត កាលណាមនុស្សសុចរិតបានលះចោលអំពើសុចរិតរបស់ខ្លួន ទៅប្រព្រឹត្តអំពើទុច្ចរិត ហើយយើងដាក់ហេតុឲ្យចំពប់នៅមុខគេ នោះគេនឹងត្រូវស្លាប់ ហើយដោយព្រោះអ្នកមិនបានប្រាមប្រាប់គេ នោះគេនឹងស្លាប់ក្នុងអំពើបាបរបស់ខ្លួនគេ ហើយនឹងលែងមានសេចក្ដីនឹកចាំពីអំពើសុចរិតទាំងប៉ុន្មាន ដែលគេបានប្រព្រឹត្តនោះដែរ តែយើងនឹងទារឈាមគេពីដៃអ្នកវិញ។ 21ប៉ុន្តែ បើអ្នកបានប្រាប់ដល់មនុស្សសុចរិត ដើម្បីឲ្យគេបានរវាំងខ្លួនមិនឲ្យធ្វើបាបឡើយ ហើយវៀរចេញពីអំពើបាបទៅ នោះគេនឹងរស់នៅជាពិត ដោយព្រោះបានទទួលតាមពាក្យប្រាមប្រាប់របស់អ្នក យ៉ាងនោះ អ្នកនឹងបានដោះព្រលឹងខ្លួនឲ្យបានរួច»។
ហោរាអេសេគាលត្រូវទៅនៅកន្លែងស្ងាត់
22នៅទីនោះ ព្រះហស្តនៃព្រះយេហូវ៉ាក៏សណ្ឋិតនៅលើខ្ញុំ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «ចូរក្រោកឡើង ចេញទៅឯវាល នៅទីនោះយើងនឹងនិយាយជាមួយអ្នក»។ 23ដូច្នេះ ខ្ញុំក៏ក្រោកឡើងចេញទៅឯវាល ហើយមានសិរីល្អនៃព្រះយេហូវ៉ាសណ្ឋិតនៅទីនោះ ដូចជាសិរីល្អដែលខ្ញុំបានឃើញនៅក្បែរទន្លេកេបារដែរ ខ្ញុំក៏ដួលផ្កាប់មុខ។ 24ព្រះវិញ្ញាណព្រះអង្គមកសណ្ឋិតនៅក្នុងខ្ញុំ ហើយលើកខ្ញុំបញ្ឈរឡើង ព្រះអង្គមានព្រះបន្ទូលនឹងខ្ញុំ ហើយប្រាប់ថា៖ «ចូរអ្នកចូលទៅក្នុងផ្ទះ ហើយបិទទ្វារទៅ។ 25ប៉ុន្តែ ឱកូនមនុស្សអើយ មើល៍ គេនឹងដាក់ចំណងជាប់នឹងអ្នក ទាំងចងអ្នកដោយចំណងនោះ ហើយអ្នកនឹងចេញចូលទៅកណ្ដាលគេមិនបាន។ 26យើងនឹងធ្វើឲ្យអណ្ដាតអ្នក ជាប់នៅនឹងក្រអូមមាត់ ឲ្យអ្នកទៅជាគ ដើម្បីមិនឲ្យធ្វើជាអ្នកបន្ទោសដល់គេទៀត ដ្បិតគេជាពូជពង្សរឹងចចេស។ 27ប៉ុន្តែ កាលណាយើងនិយាយនឹងអ្នក នោះយើងនឹងបើកមាត់អ្នកឡើង ហើយអ្នកនឹងប្រាប់គេថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ អ្នកណាដែលស្តាប់ ចូរស្តាប់ចុះ អ្នកណាដែលមិនព្រមស្តាប់ទេ នោះក៏តាមចិត្តចុះ ដ្បិតគេជាពូជពង្សរឹងចចេសហើយ»។
ទើបបានជ្រើសរើសហើយ៖
អេសេគាល 3: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies