អេសេគាល 4
4
ការឡោមព័ទ្ធក្រុងយេរូសាឡិម
1«កូនមនុស្សអើយ ចូរយកឥដ្ឋមួយដុំមកដាក់នៅមុខអ្នក ហើយគូរផែនទីក្រុងយេរូសាឡិមនៅលើឥដ្ឋនោះ។ 2រួចនាំទាហានមកឡោមព័ទ្ធ ព្រមទាំងសង់ប៉ម ជីកស្នាមភ្លោះ ធ្វើបន្ទាយទាស់នឹងក្រុងនេះ ហើយធ្វើគ្រឿងសស្ត្រាវុធបុកទម្លាយកំផែងជុំវិញផង។ 3ត្រូវយកបន្ទះដែកមកធ្វើជាជញ្ជាំងខណ្ឌអ្នកនឹងទីក្រុងនេះ ចូរមើលទៅទីក្រុងនោះ ដែលត្រូវគេឡោមព័ទ្ធច្បាំង នេះជាទីសម្គាល់សម្រាប់ពួកវង្សអ៊ីស្រាអែល។
4បន្ទាប់មក ចូរអ្នកដេកផ្អៀងទៅខាងឆ្វេង ហើយដាក់អំពើទុច្ចរិតរបស់ពូជពង្សអ៊ីស្រាអែល នៅលើខ្លួនចុះ អ្នកត្រូវទទួលអំពើទុច្ចរិតរបស់គេតាមចំនួនថ្ងៃដែលអ្នកដេកផ្អៀងនោះ។ 5យើងបានរាប់ចំនួនថ្ងៃស្មើនឹងចំនួនឆ្នាំ ដែលគេត្រូវរងសេចក្ដីទុច្ចរិតរបស់ខ្លួន គឺបីរយកៅសិបថ្ងៃ អ្នកត្រូវទទួលអំពើទុច្ចរិតរបស់ពូជពង្សអ៊ីស្រាអែល នៅលើខ្លួនយ៉ាងដូច្នោះ 6ពេលអ្នកបានដេកផ្អៀងគ្រប់ចំនួនថ្ងៃទាំងនោះហើយ អ្នកត្រូវដេកផ្អៀងទៅខាងស្តាំម្ដង ហើយត្រូវទទួលអំពើទុច្ចរិតរបស់ពូជពង្សយូដាអស់សែសិបថ្ងៃទៀត យើងបានកំណត់មួយថ្ងៃ ទុកជាមួយឆ្នាំ។ 7អ្នកត្រូវសម្លឹងមើលទៅក្រុងយេរូសាឡិមដែលគេឡោមព័ទ្ធ ហើយលើកដៃ ទាយទាស់នឹងទីក្រុង។ 8មើល៍! យើងនឹងយកខ្សែនេះចងអ្នក មិនឲ្យប្រែខ្លួនពីម្ខាងទៅម្ខាងឡើយ រហូតដល់គ្រប់ចំនួនថ្ងៃដែលអ្នកត្រូវឡោមព័ទ្ធនោះ។
9អ្នកត្រូវយកម្សៅភោជ្ជសាលី ម្សៅឱក សណ្តែកអង្គុយ សណ្តែកបាយ ថ្ពៅ ហើយស្រូវអេប៉ូតមកដាក់ក្នុងផើង ហើយប្រើធ្វើជានំបុ័ងសម្រាប់ខ្លួន តាមចំនួនថ្ងៃដែលអ្នកត្រូវដេកផ្អៀងនោះ គឺអ្នកត្រូវស៊ីនំបុ័ងនោះគ្រប់បីរយកៅសិបថ្ងៃ 10ឯអាហារដែលអ្នកនឹងស៊ី គឺម្ភៃសេកែលសម្រាប់មួយថ្ងៃ ហើយត្រូវស៊ីបន្តិចម្តងៗ។ 11ឯទឹកក៏ត្រូវវាល់ដែរ គឺពីរកំប៉ុងក្នុងមួយថ្ងៃ ហើយត្រូវផឹកបន្តិចម្តងៗដូចគ្នា។ 12អ្នកត្រូវស៊ីនំបុ័ងនោះទុកដូចជានំម្សៅឱក ហើយត្រូវចម្អិននំបុ័ងនោះនៅមុខគេ ដោយដុតលាមកមនុស្ស»។ 13ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «ពួកកូនចៅអ៊ីស្រាអែលនឹងស៊ីនំបុ័ងស្មោកគ្រោករបស់គេយ៉ាងដូច្នោះ នៅកណ្ដាលអស់ទាំងសាសន៍ដែលយើងបណ្តេញគេទៅ»។ 14ខ្ញុំក៏ប្រកែកថា៖ «ឱព្រះអម្ចាស់យេហូវ៉ាអើយ មើល៍ ព្រលឹងទូលបង្គំមិនដែលត្រូវស្មោកគ្រោកឡើយ តាំងពីក្មេងរហូតដល់សព្វថ្ងៃនេះ ទូលបង្គំមិនដែលទទួលទានអ្វីដែលស្លាប់ ឬដែលត្រូវសត្វណាហែកហួរឡើយ ក៏មិនដែលមានសាច់គួរខ្ពើមចូលក្នុងមាត់ទូលបង្គំដែរ»។ 15ពេលនោះ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «បើដូច្នេះ យើងឲ្យអ្នកប្រើលាមកគោ ជំនួសលាមករបស់មនុស្សវិញ សម្រាប់ដុតនំបុ័ងនោះ»។ 16ព្រះអង្គមានព្រះបន្ទូលមកខ្ញុំទៀតថា៖ «កូនមនុស្សអើយ យើងនឹងផ្តាច់ស្បៀងពួកក្រុងយេរូសាឡិម គេនឹងស៊ីនំបុ័ងដោយថ្លឹង ហើយព្រួយបារម្ភ ហើយផឹកទឹកដោយវាល់ ព្រមទាំងភ័យញាប់ញ័រ។ 17យើងនឹងធ្វើឲ្យគេខ្វះអាហារ ខ្វះទឹក ព្រមទាំងមានការភ័យញ័រ ហើយត្រូវវិនាសដោយព្រោះអំពើទុច្ចរិតរបស់គេ»។
ទើបបានជ្រើសរើសហើយ៖
អេសេគាល 4: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies