អេសេគាល 2
2
និមិត្តអំពីក្រាំង
1ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្ស អើយ ចូរក្រោកឈរឡើង យើងចង់និយាយជាមួយអ្នក»។ 2ពេលព្រះអង្គកំពុងមានព្រះបន្ទូលនឹងខ្ញុំ នោះព្រះវិញ្ញាណក៏មកសណ្ឋិតនៅក្នុងខ្ញុំ ហើយបានបញ្ឈរខ្ញុំឡើង ខ្ញុំក៏ឮព្រះអង្គមានព្រះបន្ទូលមកខ្ញុំ 3ព្រះអង្គមានព្រះបន្ទូលថា៖ «កូនមនុស្សអើយ យើងចាត់អ្នកឲ្យទៅឯពួកកូនចៅអ៊ីស្រាអែល គឺដល់សាសន៍ដែលរឹងចចេស ដែលបានបះបោរនឹងយើង ទោះទាំងខ្លួនគេ និងបុព្វបុរសរបស់គេ ក៏បានរំលងទាស់នឹងយើង រហូតដល់ថ្ងៃនេះ។ 4គេជាកូនក្បាលរឹង ចិត្តខែង គឺពួកអ្នកនោះដែលយើងចាត់អ្នកទៅ ត្រូវប្រាប់គេថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ។ 5ទោះបើគេស្តាប់ ឬមិនស្ដាប់ក្តី (ដ្បិតគេជាពូជពង្សរឹងចចេស) គង់តែគេនឹងដឹងថា មានហោរាមួយបានមកក្នុងពួកគេហើយ។ 6ឯអ្នក កូនមនុស្សអើយ កុំខ្លាចគេឡើយ ក៏កុំខ្លាចចំពោះពាក្យសម្ដីរបស់គេដែរ ទោះបើមានបន្លា និងអញ្ចាញមកទាស់នឹងអ្នក ហើយអ្នកមានទីអាស្រ័យនៅកណ្ដាលពួកខ្យាដំរីក៏ដោយ កុំខ្លាចពាក្យសម្ដីគេឲ្យសោះ ក៏កុំស្លុតចិត្តនឹងទឹកមុខគេដែរ ទោះបើគេជាពូជពង្សរឹងចចេសក៏ដោយ។ 7អ្នកត្រូវថ្លែងពាក្យរបស់យើងប្រាប់គេ ទោះបើគេព្រមស្តាប់ ឬមិនព្រមក្តី ដ្បិតគេរឹងចចេសណាស់។
8ប៉ុន្តែ អ្នក កូនមនុស្សអើយ ចូរស្តាប់សេចក្ដីដែលយើងប្រាប់អ្នកចុះ អ្នកកុំមានចិត្តរឹងចចេស ដូចជាពូជពង្សរឹងរូសនេះឡើយ ចូរហាមាត់ស៊ីរបស់ដែលយើងឲ្យដល់អ្នក»។ 9កាលខ្ញុំកំពុងតែមើល៍ នោះឃើញមានដៃមួយលូកមកដល់ខ្ញុំ ក៏ឃើញក្រាំងមួយនៅក្នុងដៃនោះ។ 10ព្រះអង្គក៏បើកក្រាំងនោះនៅមុខខ្ញុំ ឃើញមានសរសេរទាំងខាងក្នុង និងខាងក្រៅ មានកត់ទុកសុទ្ធតែពាក្យទំនួញ ពាក្យសោកសៅ និងសេចក្ដីវេទនា។
ទើបបានជ្រើសរើសហើយ៖
អេសេគាល 2: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies