និក្ខមនំ 36:1-7

និក្ខមនំ 36:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​បេតសា‌លាល លោក​អូហី‌លីអាប់ ព្រម​ទាំង​សិប្ប‌ករ​ឯ​ទៀតៗ ដែល​ព្រះ‌អម្ចាស់​ប្រទាន​ប្រាជ្ញា​ឆ្លាត​វាង‌វៃ ដើម្បី​ឲ្យ​ពួក​គេ​ចេះ​ធ្វើ​អ្វីៗ​ទាំង​អស់ សម្រាប់​ទីសក្ការៈ​នាំ​គ្នា​ធ្វើ​ការ‌ងារ ស្រប​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អម្ចាស់​បាន​បង្គាប់។ លោក​ម៉ូសេ​បាន​អញ្ជើញ​លោក​បេតសា‌លាល លោក​អូហូ‌លីអាប់ និង​អ្នក​ជំនាញ​ទាំង​អស់​ដែល​ព្រះ‌អម្ចាស់​ប្រទាន​តម្រិះ​ប្រាជ្ញា និង​ការ​ប៉ិន‌ប្រសប់​បំពេញ​ការ‌ងារ​ឲ្យ​ចាប់​ផ្ដើម​ធ្វើ​ការ។ លោក​ម៉ូសេ​បាន​យក​តង្វាយ​ទាំង​អស់ ដែល​ជន‌ជាតិ​អ៊ីស្រា‌អែល​យក​មក​ថ្វាយ ប្រគល់​ទៅ​អ្នក​ទាំង​នោះ ដើម្បី​សង់​ទីសក្ការៈ។ រៀង​រាល់​ព្រឹក ប្រជា‌ជន​នៅ​តែ​បន្ត​នាំ​យក​តង្វាយ​មក​ជូន​លោក​ម៉ូសេ។ ដូច្នេះ ពួក​សិប្ប‌ករ​ទាំង​អស់ ដែល​បំពេញ​ការ‌ងារ​សង់​ទីសក្ការៈ ទុក​ចោល​ការ‌ងារ​របស់​ខ្លួន ហើយ​នាំ​គ្នា​ទៅ​ជម្រាប​លោក​ម៉ូសេ​ថា៖ «ប្រជា‌ជន​ចេះ​តែ​យក​របស់​មក​ឲ្យ​ពួក​យើង ច្រើន​លើស​ពី​សេចក្ដី​ត្រូវ​ការ​សម្រាប់​ការ‌ងារ ដែល​ព្រះ‌អម្ចាស់​បង្គាប់​ឲ្យ​ពួក​យើង​ធ្វើ»។ លោក​ម៉ូសេ​បាន​បញ្ជា​ឲ្យ​ប្រកាស​ក្នុង​ជំរំ​ទាំង​មូល​ថា៖ «ចូរ​ឃាត់​ប្រជា‌ជន​ទាំង​ប្រុស ទាំង​ស្រី កុំ​ឲ្យ​នាំ​យក​តង្វាយ​សម្រាប់​សង់​ទីសក្ការៈ​មក​ទៀត​ឡើយ។ គេ​ក៏​ឃាត់​ប្រជា‌ជន​មិន​ឲ្យ​យក​តង្វាយ​មក​ទៀត ដ្បិត​របស់​របរ​ដែល​បាន​ទទួល​សម្រាប់​ការ‌ងារ មាន​ល្មម​គ្រប់​គ្រាន់​ហើយ»។

ចែក​រំលែក
អាន និក្ខមនំ 36

និក្ខមនំ 36:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បេតសា‌លាល និង​អូហូ‌លីអាប់ ព្រម​ទាំង​អស់​អ្នកចំណាន ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ឲ្យ​មាន​គំនិត​វាង‌វៃ និង​ចេះ​ធ្វើ​ការ​គ្រប់​មុខ ត្រូវ​ធ្វើ​អស់​ទាំង​ប្រដាប់ ដែល​សម្រាប់​ការ‌ងារ​ក្នុង​ទី​បរិសុទ្ធ តាម​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់។ លោក​ម៉ូសេ​ក៏​ហៅ​បេតសា‌លាល អូហូ‌លីអាប់ និង​អស់​អ្នក​ចំណាន​ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ឲ្យ​មាន​គំនិត​វាង‌វៃ គឺ​ជា​អ្នក​ដែល​មាន​ចិត្ត​បណ្ដាល​ឲ្យ​មក​ធ្វើ​ការ​នោះ។ លោក​ម៉ូសេ​ក៏​ប្រគល់​អស់​ទាំង​តង្វាយ ដែល​កូន​ចៅ​អ៊ី‌ស្រា‌អែល​បាន​យក​មក​ថ្វាយ ដល់​អ្នក​ទាំង​នោះ សម្រាប់​ការ​សង់​ទី​បរិសុទ្ធ ហើយ​រៀង​រាល់​ព្រឹក គេ​នៅ​តែ​យក​តង្វាយ​ស្ម័គ្រ​ពី​ចិត្ត​មក​ជូន​លោក​ម៉ូសេ ដូច្នេះ ពួក​សិប្បករ​ដែល​កំពុង​ស្អាង​ទី​បរិសុទ្ធ ក៏​ទុក​ចោល​ការ​ងារ​ដែល​ខ្លួន​កំពុង​ធ្វើ ហើយ​មក​ជម្រាប​លោក​ម៉ូសេ​ថា៖ «ប្រជា‌ជន​ចេះ​តែ​យក​តង្វាយ​មក​ថ្វាយ ច្រើន​លើស​ពី​សេចក្ដី​ត្រូវ​ការ​សម្រាប់​ធ្វើ​ការ​ងារ​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ឲ្យ​ពួក​យើង​ធ្វើ​ហើយ»។ នោះ​លោក​ម៉ូសេ​ក៏​បង្គាប់​ឲ្យ​គេ​ទៅ​ប្រកាស​ប្រាប់​ក្នុង​ជំរំ​ទាំង​មូល​ថា៖ «ចូរ​កុំ​ឲ្យ​អ្នក​ណា ទោះ​ប្រុស ឬ​ស្រី ធ្វើ​អ្វី​ទៀត​សម្រាប់​ជា​តង្វាយ​ដល់​ទី​បរិសុទ្ធ​ឡើយ»។ ដូច្នេះ គេ​ក៏​ឃាត់​មិន​ឲ្យ​ប្រជា‌ជន​យក​មក​ទៀត ដ្បិត​មាន​របស់​របរ​គ្រប់‌គ្រាន់​សម្រាប់​ធ្វើ​ការ​ទាំង​នោះ​ហើយ ថែម​ទាំង​នៅ​សល់​ទៀត​ផង។

ចែក​រំលែក
អាន និក្ខមនំ 36

និក្ខមនំ 36:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ បេតសា‌លាល នឹង​អូហូ‌លីអាប់ ហើយ​អស់​អ្នក​ចំណាន​ការ ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រទាន​ឲ្យ​មាន​គំនិត​វាង‌វៃ ហើយ​នឹង​យោបល់​ឲ្យ​ចេះ​ធ្វើ​ការ​គ្រប់​មុខ គេ​នឹង​ធ្វើ​អស់​ទាំង​ប្រដាប់ ដែល​សំរាប់​ការ‌ងារ​ក្នុង​ទី​បរិសុទ្ធ តាម​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​មក ម៉ូសេ​ក៏​ហៅ​បេតសា‌លាល​នឹង​អូហូ‌លីអាប់ ហើយ​អស់​អ្នក​ចំណាន​ការ​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រទាន​ឲ្យ​មាន​គំនិត​វាង‌វៃ ឲ្យ​មក គឺ​ជា​អស់​អ្នក​ណា ដែល​មាន​ចិត្ត​បណ្តាល​ឡើង ឲ្យ​មក​ធ្វើ​ការ​នោះ ម៉ូសេ​ក៏​ប្រគល់​អស់​ទាំង​ដង្វាយ ដែល​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​យក​មក​ថ្វាយ សំរាប់​ការ​ស្អាង​ទី​បរិសុទ្ធ​ដល់​អ្នក​ទាំង​នោះ ហើយ​រាល់​តែ​ព្រឹក​គេ​ចេះ​តែ​យក​ដង្វាយ​ថ្វាយ​ស្ម័គ្រ​ពី​ចិត្ត មក​ជូន​ម៉ូសេ​ជានិច្ច នោះ​អស់​អ្នក​ចំណាន​ការ​ដែល​កំពុង​តែ​ធ្វើ​ទី​បរិសុទ្ធ គេ​ឈប់​ធ្វើ​ការ​គ្រប់​គ្នា ទៅ​ជំរាប​ម៉ូសេ​ថា បណ្តាជន​គេ​ចេះ​តែ​យក​ដង្វាយ​មក​សំរាប់​ការ​ធ្វើ​នេះ បាន​ច្រើន​ហួស​ប្រមាណ​ពី​អស់​ទាំង​ការ ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ឲ្យ​ធ្វើ​ហើយ នោះ​ម៉ូសេ​បង្គាប់​ឲ្យ​គេ​ទៅ​ប្រកាស​ប្រាប់​គ្រប់​ក្នុង​ទី​ដំឡើង​ត្រសាល​ថា កុំ​ឲ្យ​អ្នក​ណា ទោះ​ប្រុស ឬ​ស្រី ធ្វើ​ការ​អ្វី​ទៀត​សំរាប់​ជា​ដង្វាយ​ដល់​ទី​បរិសុទ្ធ​ឡើយ ដូច្នេះ គេ​ក៏​បញ្ឈប់​ពួក​ជន​មិន​ឲ្យ​យក​មក​ទៀត ដ្បិត​មាន​របស់​គ្រប់‌គ្រាន់​នឹង​ធ្វើ​ការ​ទាំង​នោះ​ហើយ ថែម​ទាំង​សល់​ផង។

ចែក​រំលែក
អាន និក្ខមនំ 36