និក្ខមនំ 36

36
1បេតសា‌លាល និង​អូហូ‌លីអាប់ ព្រម​ទាំង​អស់​អ្នកចំណាន ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ឲ្យ​មាន​គំនិត​វាង‌វៃ និង​ចេះ​ធ្វើ​ការ​គ្រប់​មុខ ត្រូវ​ធ្វើ​អស់​ទាំង​ប្រដាប់ ដែល​សម្រាប់​ការ‌ងារ​ក្នុង​ទី​បរិសុទ្ធ តាម​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់។
2លោក​ម៉ូសេ​ក៏​ហៅ​បេតសា‌លាល អូហូ‌លីអាប់ និង​អស់​អ្នក​ចំណាន​ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ឲ្យ​មាន​គំនិត​វាង‌វៃ គឺ​ជា​អ្នក​ដែល​មាន​ចិត្ត​បណ្ដាល​ឲ្យ​មក​ធ្វើ​ការ​នោះ។ 3លោក​ម៉ូសេ​ក៏​ប្រគល់​អស់​ទាំង​តង្វាយ ដែល​កូន​ចៅ​អ៊ី‌ស្រា‌អែល​បាន​យក​មក​ថ្វាយ ដល់​អ្នក​ទាំង​នោះ សម្រាប់​ការ​សង់​ទី​បរិសុទ្ធ ហើយ​រៀង​រាល់​ព្រឹក គេ​នៅ​តែ​យក​តង្វាយ​ស្ម័គ្រ​ពី​ចិត្ត​មក​ជូន​លោក​ម៉ូសេ 4ដូច្នេះ ពួក​សិប្បករ​ដែល​កំពុង​ស្អាង​ទី​បរិសុទ្ធ ក៏​ទុក​ចោល​ការ​ងារ​ដែល​ខ្លួន​កំពុង​ធ្វើ 5ហើយ​មក​ជម្រាប​លោក​ម៉ូសេ​ថា៖ «ប្រជា‌ជន​ចេះ​តែ​យក​តង្វាយ​មក​ថ្វាយ ច្រើន​លើស​ពី​សេចក្ដី​ត្រូវ​ការ​សម្រាប់​ធ្វើ​ការ​ងារ​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ឲ្យ​ពួក​យើង​ធ្វើ​ហើយ»។ 6នោះ​លោក​ម៉ូសេ​ក៏​បង្គាប់​ឲ្យ​គេ​ទៅ​ប្រកាស​ប្រាប់​ក្នុង​ជំរំ​ទាំង​មូល​ថា៖ «ចូរ​កុំ​ឲ្យ​អ្នក​ណា ទោះ​ប្រុស ឬ​ស្រី ធ្វើ​អ្វី​ទៀត​សម្រាប់​ជា​តង្វាយ​ដល់​ទី​បរិសុទ្ធ​ឡើយ»។ ដូច្នេះ គេ​ក៏​ឃាត់​មិន​ឲ្យ​ប្រជា‌ជន​យក​មក​ទៀត 7ដ្បិត​មាន​របស់​របរ​គ្រប់‌គ្រាន់​សម្រាប់​ធ្វើ​ការ​ទាំង​នោះ​ហើយ ថែម​ទាំង​នៅ​សល់​ទៀត​ផង។
ការ​សង់​រោង​ឧបោ‌សថ
8អស់​អ្នក​ចំណាន​ដែល​ធ្វើ​ការ​ទាំង​នោះ គេ​ក៏​ធ្វើ​រោង​ឧបោ‌សថ​ពី​វាំង‌នន​ដប់​ផ្ទាំង ដែល​ត្បាញ​ដោយ​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ និង​អំបោះ​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ទាំង​ប៉ាក់​រូប​ចេរូ‌ប៊ីម តាម​រចនា​នៃ​ជាង​មាន​ស្នាដៃ។ 9ផ្ទាំង​វាំង‌នន​នីមួយៗ មាន​បណ្តោយ​ម្ភៃ​ប្រាំបី​ហត្ថ និង​ទទឹង​បួន​ហត្ថ គ្រប់​ផ្ទាំង​សុទ្ធ​តែ​ប៉ុន​គ្នា​ទាំង​អស់។
10លោក​ភ្ជាប់​វាំង​នន​ប្រាំ​ផ្ទាំង​ជាប់​ជា‌មួយ​គ្នា ហើយ​ប្រាំ​ទៀត​ក៏​ដេរ​ភ្ជាប់​គ្នា​ដែរ។ 11លោក​ធ្វើ​ខ្សែ​ក្រវិល​ខៀវ​តាម​ជាយ​វាំង‌នន នៅ​ចុង​ផ្ទាំង​វាំង‌នន​ទី​មួយ ក៏​ធ្វើ​ដូច​គ្នា​តាម​ជាយ​វាំង‌នន នៅ​ផ្ទាំង​ទី​ពីរ 12លោក​ធ្វើ​ខ្សែ​ក្រវិល​ហាសិប តាម​ជាយ​វាំង‌នន​ទី​មួយ ហើយ​ក៏​ធ្វើ​ខ្សែ​ក្រវិល​ហាសិប នៅ​ចុង​ផ្ទាំង​ទី​ពីរ​ដែរ ខ្សែ​ក្រវិល​ទាំង​នោះ​ស្មើ​គ្នា​ទាំង​អស់។ 13លោក​ធ្វើ​តម្ពក់​មាស​ហាសិប ហើយ​ភ្ជាប់​ផ្ទាំង​វាំង‌នន​ទាំង​ពីរ​ជា‌មួយ​គ្នា ដោយ‌សារ​តម្ពក់​នោះ ដូច្នេះ រោង​ឧបោ‌សថ​ក៏​បាន​ភ្ជាប់​គ្នា​ទាំង​មូល។
14លោក​ធ្វើ​វាំង‌នន​ដប់មួយ​ផ្ទាំង​ពី​រោម​ពពែ សម្រាប់​គ្រប​លើ​រោង​ឧបោ‌សថ។ 15វាំង‌នន​នី​មួយ​ៗ មាន​បណ្តោយ​សាម​សិប​ហត្ថ និង​ទទឹង​បួន​ហត្ថ ហើយ​ទាំង​ដប់​មួយ​ផ្ទាំង​នោះ​មាន​ទំហំ​ប៉ុនៗ​គ្នា​ទាំង​អស់។ 16លោក​យក​វាំង‌នន​ប្រាំ​ផ្ទាំង​មក​ដេរ​ភ្ជាប់​គ្នា ហើយ​ប្រាំមួយ​ផ្ទាំង​ទៀត​ក៏​ដេរ​ភ្ជាប់​គ្នា​ដែរ។ 17លោក​ធ្វើ​ខ្សែ​ក្រវិល​ហាសិប តាម​ជាយ​វាំង‌នន​នៅ​ចុង​ផ្ទាំង​ទី​មួយ ហើយ​ខ្សែ​ក្រវិល​ហាសិប​ទៀត តាម​ជាយ​វាំង‌នន​នៅ​ចុង​ផ្ទាំង​ទី​ពីរ។ 18លោក​ធ្វើ​តម្ពក់​លង្ហិន​ហាសិប សម្រាប់​ភ្ជាប់​ត្រសាល​ឲ្យ​បាន​ជាប់​គ្នា​តែ​មួយ​ផ្ទាំង។ 19លោក​ក៏​ធ្វើ​គម្រប​ពី​ស្បែក​ចៀម​ឈ្មោល​ជ្រលក់​ពណ៌​ក្រហម សម្រាប់​គ្រប​លើ​ត្រសាល ហើយ​មួយ​ទៀត​ពី​ស្បែក​ផ្សោត សម្រាប់​គ្រប​ពី​លើ​ថែម​ទៀត។
20លោក​ធ្វើ​ស៊ុម​សម្រាប់​រោង​ឧបោ‌សថ ជា​ស៊ុម​ឈើ​នាង‌នួន​ដាក់​បញ្ឈរ 21ស៊ុម​នីមួយៗ​មាន​បណ្តោយ​ដប់​ហត្ថ និង​ទទឹង​មួយ​ហត្ថ​កន្លះ។ 22ស៊ុម​នីមួយៗ​មាន​ពន្លួញ​ពីរ រៀង​តាម​ជួរ​ជញ្ជាំង លោក​ធ្វើ​ស៊ុម​សម្រាប់​រោង​ឧបោ‌សថ សុទ្ធ​តែ​ដូច​គ្នា​ទាំង​អស់។ 23លោក​ធ្វើ​ស៊ុម​ម្ភៃ​សម្រាប់​ប៉ែក​ខាង​ត្បូង​រោង​ឧបោ‌សថ 24ក៏​ធ្វើ​ជើង​ទ្រ​ពី​ប្រាក់​ចំនួន​សែសិប ដាក់​នៅ​ក្រោម​ស៊ុម​ទាំង​ម្ភៃ​នោះ គឺ​ក្រោម​ស៊ុម​មួយ​មាន​ជើង​ទ្រ​ពីរ សម្រាប់​ស៊ក​ពន្លួញ​ទាំង​ពីរ​ដែល​នៅ​ចុង​ស៊ុម​នោះ។ 25លោក​ធ្វើ​ស៊ុម​ម្ភៃ​សម្រាប់​រោង​ឧបោ‌សថ​ម្ខាង​ទៀត គឺ​ប៉ែក​ខាង​ជើង លោក​ធ្វើ​ស៊ុមម្ភៃ 26និង​ជើង​ទ្រ​ស៊ុមសែ​សិប គឺ​ដាក់​ជើង​ទ្រ​ពីរ​នៅ​ក្រោម​ស៊ុម​ទីមួយ ហើយ​ជើង​ទ្រ​ពីរ​នៅ​ក្រោម​ស៊ុម​មួយ​ទៀត។ 27លោក​ធ្វើ​ស៊ុម​ប្រាំមួយ សម្រាប់​ចុង​រោង​ឧបោ‌សថ​ប៉ែក​ខាង​លិច 28ហើយ​ធ្វើ​ស៊ុម​ពីរ សម្រាប់​ជ្រុង​ខាង​ក្រោយ​រោង​ឧបោ‌សថ។ 29ផ្នែក​ខាង​ក្រោម ស៊ុម​ទាំង​ពីរ​នេះ​នៅ​ដាច់​ពី​គ្នា តែ​ផ្នែក​ខាង​លើ​ភ្ជាប់​គ្នា​ដោយ‌សារ​កង​មួយ លោក​ធ្វើ​ស៊ុម​សម្រាប់​ជ្រុង​ទាំង​ពីរ មាន​ទ្រង់​ទ្រាយ​ដូច​គ្នា។ 30ដូច្នេះ មាន​ស៊ុម​ប្រាំបី និង​ជើង​ទ្រ​ធ្វើ​ពី​ប្រាក់​ដប់​ប្រាំ​មួយ គឺ​ស៊ុម​នីមួយៗ​មាន​ជើង​ទ្រ​ពីរ។
31លោក​ធ្វើ​រនុក​ប្រាំ​ពី​ឈើ​នាង‌នួន សម្រាប់​ស៊ុម​ដែល​នៅ​ជ្រុង​ម្ខាង​នៃ​រោង​ឧបោ‌សថ 32ហើយ​រនុក​ប្រាំ​ទៀត សម្រាប់​ស៊ុម​នៃ​រោង​ឧបោ‌សថ​ម្ខាង​ទៀត និង​រនុក​ប្រាំ​ទៀត សម្រាប់​ស៊ុម​នៅ​ចុង​រោង​ឧបោ‌សថ​ប៉ែក​ខាង​លិច។ 33លោកក៏​ធ្វើ​រនុក​កណ្ដាល​ដើម្បី​ភ្ជាប់​ស៊ុម​ទាំង​អស់ ពី​ចុង​ម្ខាង​ទៅ​ដល់​ចុង​ម្ខាង។ 34បន្ទាប់​មក លោក​ស្រោប​ស៊ុម​ទាំង​នោះ​ដោយ​មាស ក៏​ធ្វើ​កង​ពី​មាស​ដែរ សម្រាប់​ស៊ក​រនុក ហើយ​រនុក​ទាំង​ប៉ុន្មាន​ក៏​ស្រោប​មាស​ដូច​គ្នា។
35លោក​ត្បាញ​ធ្វើ​វាំង‌នន​ពី​អំបោះ​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពី​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ តាម​ការ​រចនា​នៃ​ជាង​មាន​ស្នាដៃ ហើយ​ក៏​ប៉ាក់​ជា​រូប​ចេរូ‌ប៊ីម​ដែរ។ 36លោក​ធ្វើ​សសរ​បួន​ពី​ឈើ​នាង‌នួន ស្រោប​ដោយ​មាស សម្រាប់​ថ្ពក់​វាំង‌នន ហើយ​មាន​តម្ពក់​មាស​នៅ​សសរ​ទាំង​នោះ រួច​លោក​ក៏​សិត​ជើង​ប្រាក់​បួន​សម្រាប់​ទ្រ​សសរ​ទាំង​នោះ។ 37លោក​ក៏​ត្បាញ​ធ្វើ​រនាំង ពី​អំបោះ​មាន​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពី​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ ព្រម​ទាំង​ប៉ាក់​ផង សម្រាប់​មាត់​ទ្វារ​ត្រសាល 38លោក​ធ្វើ​សសរ​ប្រាំ និង​តម្ពក់​សម្រាប់​រនាំង​នោះ ឯ​ក្បាច់​ក្បាល​សសរ និង​គន្លឹះ​ទាំង​ប៉ុន្មាន នោះ​សុទ្ធ​តែ​ស្រោប​ដោយ​មាស​ទាំង​អស់ ចំណែក​ជើង​ទាំង​ប្រាំ នោះ​ធ្វើ​ពី​លង្ហិន។

ទើបបានជ្រើសរើសហើយ៖

និក្ខមនំ 36: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល