និក្ខមនំ 36:1-7

និក្ខមនំ 36:1-7 គកស១៦

បេតសា‌លាល និង​អូហូ‌លីអាប់ ព្រម​ទាំង​អស់​អ្នកចំណាន ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ឲ្យ​មាន​គំនិត​វាង‌វៃ និង​ចេះ​ធ្វើ​ការ​គ្រប់​មុខ ត្រូវ​ធ្វើ​អស់​ទាំង​ប្រដាប់ ដែល​សម្រាប់​ការ‌ងារ​ក្នុង​ទី​បរិសុទ្ធ តាម​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់។ លោក​ម៉ូសេ​ក៏​ហៅ​បេតសា‌លាល អូហូ‌លីអាប់ និង​អស់​អ្នក​ចំណាន​ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ឲ្យ​មាន​គំនិត​វាង‌វៃ គឺ​ជា​អ្នក​ដែល​មាន​ចិត្ត​បណ្ដាល​ឲ្យ​មក​ធ្វើ​ការ​នោះ។ លោក​ម៉ូសេ​ក៏​ប្រគល់​អស់​ទាំង​តង្វាយ ដែល​កូន​ចៅ​អ៊ី‌ស្រា‌អែល​បាន​យក​មក​ថ្វាយ ដល់​អ្នក​ទាំង​នោះ សម្រាប់​ការ​សង់​ទី​បរិសុទ្ធ ហើយ​រៀង​រាល់​ព្រឹក គេ​នៅ​តែ​យក​តង្វាយ​ស្ម័គ្រ​ពី​ចិត្ត​មក​ជូន​លោក​ម៉ូសេ ដូច្នេះ ពួក​សិប្បករ​ដែល​កំពុង​ស្អាង​ទី​បរិសុទ្ធ ក៏​ទុក​ចោល​ការ​ងារ​ដែល​ខ្លួន​កំពុង​ធ្វើ ហើយ​មក​ជម្រាប​លោក​ម៉ូសេ​ថា៖ «ប្រជា‌ជន​ចេះ​តែ​យក​តង្វាយ​មក​ថ្វាយ ច្រើន​លើស​ពី​សេចក្ដី​ត្រូវ​ការ​សម្រាប់​ធ្វើ​ការ​ងារ​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ឲ្យ​ពួក​យើង​ធ្វើ​ហើយ»។ នោះ​លោក​ម៉ូសេ​ក៏​បង្គាប់​ឲ្យ​គេ​ទៅ​ប្រកាស​ប្រាប់​ក្នុង​ជំរំ​ទាំង​មូល​ថា៖ «ចូរ​កុំ​ឲ្យ​អ្នក​ណា ទោះ​ប្រុស ឬ​ស្រី ធ្វើ​អ្វី​ទៀត​សម្រាប់​ជា​តង្វាយ​ដល់​ទី​បរិសុទ្ធ​ឡើយ»។ ដូច្នេះ គេ​ក៏​ឃាត់​មិន​ឲ្យ​ប្រជា‌ជន​យក​មក​ទៀត ដ្បិត​មាន​របស់​របរ​គ្រប់‌គ្រាន់​សម្រាប់​ធ្វើ​ការ​ទាំង​នោះ​ហើយ ថែម​ទាំង​នៅ​សល់​ទៀត​ផង។

អាន និក្ខមនំ 36