និក្ខមនំ 36

36
1ដូច្នេះ បេតសា‌លាល នឹង​អូហូ‌លីអាប់ ហើយ​អស់​អ្នក​ចំណាន​ការ ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រទាន​ឲ្យ​មាន​គំនិត​វាង‌វៃ ហើយ​នឹង​យោបល់​ឲ្យ​ចេះ​ធ្វើ​ការ​គ្រប់​មុខ គេ​នឹង​ធ្វើ​អស់​ទាំង​ប្រដាប់ ដែល​សំរាប់​ការ‌ងារ​ក្នុង​ទី​បរិសុទ្ធ តាម​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​មក 2ម៉ូសេ​ក៏​ហៅ​បេតសា‌លាល​នឹង​អូហូ‌លីអាប់ ហើយ​អស់​អ្នក​ចំណាន​ការ​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រទាន​ឲ្យ​មាន​គំនិត​វាង‌វៃ ឲ្យ​មក គឺ​ជា​អស់​អ្នក​ណា ដែល​មាន​ចិត្ត​បណ្តាល​ឡើង ឲ្យ​មក​ធ្វើ​ការ​នោះ 3ម៉ូសេ​ក៏​ប្រគល់​អស់​ទាំង​ដង្វាយ ដែល​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​យក​មក​ថ្វាយ សំរាប់​ការ​ស្អាង​ទី​បរិសុទ្ធ​ដល់​អ្នក​ទាំង​នោះ ហើយ​រាល់​តែ​ព្រឹក​គេ​ចេះ​តែ​យក​ដង្វាយ​ថ្វាយ​ស្ម័គ្រ​ពី​ចិត្ត មក​ជូន​ម៉ូសេ​ជានិច្ច 4នោះ​អស់​អ្នក​ចំណាន​ការ​ដែល​កំពុង​តែ​ធ្វើ​ទី​បរិសុទ្ធ គេ​ឈប់​ធ្វើ​ការ​គ្រប់​គ្នា 5ទៅ​ជំរាប​ម៉ូសេ​ថា បណ្តាជន​គេ​ចេះ​តែ​យក​ដង្វាយ​មក​សំរាប់​ការ​ធ្វើ​នេះ បាន​ច្រើន​ហួស​ប្រមាណ​ពី​អស់​ទាំង​ការ ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ឲ្យ​ធ្វើ​ហើយ 6នោះ​ម៉ូសេ​បង្គាប់​ឲ្យ​គេ​ទៅ​ប្រកាស​ប្រាប់​គ្រប់​ក្នុង​ទី​ដំឡើង​ត្រសាល​ថា កុំ​ឲ្យ​អ្នក​ណា ទោះ​ប្រុស ឬ​ស្រី ធ្វើ​ការ​អ្វី​ទៀត​សំរាប់​ជា​ដង្វាយ​ដល់​ទី​បរិសុទ្ធ​ឡើយ ដូច្នេះ គេ​ក៏​បញ្ឈប់​ពួក​ជន​មិន​ឲ្យ​យក​មក​ទៀត 7ដ្បិត​មាន​របស់​គ្រប់‌គ្រាន់​នឹង​ធ្វើ​ការ​ទាំង​នោះ​ហើយ ថែម​ទាំង​សល់​ផង។
8រួច​អស់​អ្នក​ចំណាន​ដែល​ធ្វើ​ការ​ទាំង​នោះ គេ​ក៏​ធ្វើ​រោង​ឧបោសថ​ពី​សំពត់​១០​ផ្ទាំង ដែល​ត្បាញ​ដោយ​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ នឹង​អំបោះ​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ទាំង​ប៉ាក់​រូប​ចេរូប៊ីន​តាម​រចនា​នៃ​ជាង​មាន​ស្នាដៃ 9ឯ​សំពត់​១​ផ្ទាំង​នោះ មាន​បណ្តោយ​២៨​ហត្ថ ហើយ​ទទឹង​៤​ហត្ថ រាល់​តែ​ផ្ទាំង​សុទ្ធ​តែ​ប៉ុន​គ្នា​ទាំង​អស់ 10គាត់​ក៏​ដេរ​៥​ផ្ទាំង​ភ្ជាប់​ជា​មួយ​គ្នា ហើយ​៥​ទៀត​ក៏​ដេរ​ភ្ជាប់​គ្នា​ដែរ 11រួច​គាត់​ធ្វើ​ខ្សែ​ក្រវិល​ខៀវ​តាម​ជាយ​សំពត់ នៅ​ចុង​ផ្ទាំង​សំពត់​ទី​១ ក៏​ធ្វើ​ដូច​គ្នា​តាម​ជាយ​សំពត់ នៅ​ចុង​ផ្ទាំង​ទី​២ 12គាត់​ធ្វើ​ខ្សែ​ក្រវិល​៥០ តាម​ជាយ​សំពត់​ទី​១ ហើយ​ក៏​ធ្វើ​ខ្សែ​ក្រវិល​៥០ នៅ​ចុង​ផ្ទាំង​ទី​២​ដែរ ខ្សែ​ក្រវិល​ទាំង​នោះ​ស្មើ​គ្នា​ទាំង​អស់ 13គាត់​ធ្វើ​ទំពក់​មាស​៥០ ហើយ​ភ្ជាប់​ផ្ទាំង​សំពត់​ទាំង​២​ជា​មួយ​គ្នា ដោយ‌សារ​ទំពក់​នោះ ដូច្នេះ រោង​ឧបោសថ​បាន​ភ្ជាប់​គ្នា​តែ​១។
14រួច​គាត់​ធ្វើ​សំពត់​១១​ផ្ទាំង​ពី​រោម​ពពែ សំរាប់​គ្រប​លើ​រោង​ឧបោសថ 15សំពត់​១​ផ្ទាំង​នោះ មាន​បណ្តោយ​៣០​ហត្ថ ហើយ​ទទឹង​៤​ហត្ថ រាល់​តែ​ផ្ទាំង​សុទ្ធ​តែ​ប៉ុន​គ្នា​ទាំង​អស់ 16គាត់​យក​សំពត់​៥​ផ្ទាំង ដេរ​រួម​គ្នា​ជា​១​ផ្នែក ហើយ​៦​ទៀត​ក៏​ដេរ​រួម​គ្នា​ជា​១​ផ្នែក​ដែរ 17គាត់​ធ្វើ​ខ្សែ​ក្រវិល​៥០ តាម​ជាយ​សំពត់​នៅ​ចុង​ផ្ទាំង​ទី​១ ហើយ​ខ្សែ​ក្រវិល​៥០​ទៀត តាម​ជាយ​សំពត់ នៅ​ចុង​ផ្ទាំង​ទី​២ 18រួច​ធ្វើ​ទំពក់​លង្ហិន​៥០ សំរាប់​ភ្ជាប់​ត្រសាល​ឲ្យ​បាន​ជាប់​គ្នា​តែ​១។
19គាត់​ក៏​ធ្វើ​គំរប​ពី​ស្បែក​ចៀម​ឈ្មោល​ជ្រលក់​ពណ៌​ក្រហម សំរាប់​គ្រប​លើ​ត្រសាល ហើយ​១​ទៀត​ពី​ស្បែក​ផ្សោត​សំរាប់​នឹង​គ្រប​ពី​លើ​នោះ​ថែម​ទៀត។
20គាត់​ធ្វើ​ក្តារ​សំរាប់​រោង​ឧបោសថ ជា​ក្តារ​ឈើ​នាង‌នួន​ដាក់​បញ្ឈរ 21ក្តារ​១​សន្លឹក មាន​បណ្តោយ​១០​ហត្ថ ហើយ​ទទឹង​១​ហត្ថ​កន្លះ 22នៅ​គ្រប់​តែ​ក្តារ មាន​ពន្លួញ​២ រៀង​តាម​ជួរ​ជញ្ជាំង គាត់​ធ្វើ​អស់​ទាំង​ក្តារ​សំរាប់​រោង​ឧបោសថ​នោះ ឲ្យ​ដូចៗ​គ្នា 23គឺ​ក្តារ​២០​សន្លឹក​សំរាប់​ខាង​ត្បូង​រោង​ឧបោសថ 24ក៏​ដាក់​ជើង​ធ្វើ​ពី​ប្រាក់​ទាំង​៤០ នៅ​ក្រោម​ក្តារ​ទាំង​២០​នោះ ក្រោម​ក្តារ​១​មាន​ជើង​២ សំរាប់​ស៊ក​ពន្លួញ​ទាំង​២​ដែល​នៅ​ចុង​ក្តារ​នោះ 25គាត់​ធ្វើ​ក្តារ​២០​ទៀត សំរាប់​រោង​ឧបោសថ​ម្ខាង គឺ​ជា​ខាង​ជើង ហើយ​ជើង​ក្តារ​៤០​ដែរ 26រាល់​តែ​ក្តារ មាន​ជើង​ពីរៗ 27គាត់​ធ្វើ​ក្តារ​៦ សំរាប់​ចុង​រោង​ឧបោសថ​ខាង​លិច 28ក៏​ធ្វើ​ក្តារ​២ សំរាប់​ជ្រុង​រោង​ឧបោសថ​ខាង​ចុង 29ក្តារ​២​សន្លឹក​នោះ​បាន​ជាប់​គ្នា​ខាង​ក្រោម នឹង​ខាង​លើ​ដោយ‌សារ​កង​១ គាត់​បាន​ធ្វើ​ក្តារ​សំរាប់​ជ្រុង​ទាំង​២​នៅ​សង​ខាង​នោះ​ឲ្យ​ដូច​គ្នា 30ដូច្នេះ មាន​ក្តារ​៨ នឹង​ជើង​ប្រាក់​១៦ រាល់​តែ​ក្តារ​មាន​ជើង​ពីរៗ 31ក៏​ធ្វើ​រនុក​៥​ពី​ឈើ​នាង‌នួន សំរាប់​អស់​ទាំង​ក្តារ​នៅ​រោង​ឧបោសថ​ម្ខាង 32ហើយ​រនុក​៥​ទៀត សំរាប់​អស់​ទាំង​ក្តារ​ដែល​នៅ​រោង​ឧបោសថ​ម្ខាង​ទៀត នឹង​រនុក​៥​ទៀត​សំរាប់​ក្តារ​នៅ​ចុង​រោង​ឧបោសថ​ខាង​លិច 33ឯ​រនុក​កណ្តាល គាត់​ធ្វើ​ឲ្យ​ភ្ជាប់​ក្តារ​ពី​ចុង​ម្ខាង​រហូត​ទៅ​ដល់​ចុង​ម្ខាង 34រួច​មក​គាត់​ស្រោប​ក្តារ​ទាំង​នោះ ដោយ​មាស ក៏​ធ្វើ​កង ពី​មាស​ដែរ សំរាប់​ប្រហក​រនុក ហើយ​រនុក​ទាំង​ប៉ុន្មាន ក៏​ស្រោប​ដោយ​មាស​ដូច​គ្នា។
35គាត់​ត្បាញ​ធ្វើ​វាំង‌នន​ពី​អំបោះ​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ហើយ​ពី​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ តាម​ការ​រចនា​នៃ​ជាង​មាន​ស្នាដៃ ហើយ​ក៏​ប៉ាក់​ជា​រូប​ចេរូប៊ីន​ដែរ 36គាត់​ធ្វើ​សសរ​៤​ពី​ឈើ​នាង‌នួន ស្រោប​ដោយ​មាស សំរាប់​វាំង‌នន​នោះ ហើយ​មាន​ទំពក់​មាស​នៅ​សសរ​ទាំង​នោះ រួច​គាត់​សិត​ជើង​ប្រាក់​៤​សំរាប់​ទ្រ​សសរ​ទាំង​នោះ។
37គាត់​ក៏​ត្បាញ​ធ្វើ​រនាំង ពី​អំបោះ​មាន​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ហើយ​ពី​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ ព្រម​ទាំង​ប៉ាក់​ផង សំរាប់​មាត់​ទ្វារ​ត្រសាល 38ហើយ​គាត់​ធ្វើ​សសរ​៥ នឹង​ទំពក់​សំរាប់​រនាំង​នោះ ឯ​ក្បាច់​ក្បាល​សសរ នឹង​គន្លឹះ​ទាំង​ប៉ុន្មាន នោះ​សុទ្ធ​តែ​ស្រោប​ដោយ​មាស​ទាំង​អស់ ចំណែក​ជើង​ទាំង​៥ នោះ​ធ្វើ​ពី​លង្ហិន​វិញ។

ទើបបានជ្រើសរើសហើយ៖

និក្ខមនំ 36: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល