និក្ខមនំ 35
35
1ម៉ូសេក៏ប្រមូលពួកជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់មកប្រាប់ថា នេះជាសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មកឲ្យអ្នករាល់គ្នាប្រព្រឹត្តតាម 2គឺក្នុងរវាង៦ថ្ងៃ នោះធ្វើការបាន តែដល់ថ្ងៃទី៧ ជាថ្ងៃបរិសុទ្ធសំរាប់អ្នករាល់គ្នាវិញ ថ្ងៃនោះជាថ្ងៃផ្អាកការ គឺជាថ្ងៃឈប់សំរាកដល់ព្រះយេហូវ៉ា អ្នកណាដែលធ្វើការអ្វីនៅថ្ងៃនោះ នឹងត្រូវសំឡាប់ចោល 3អ្នករាល់គ្នាមិនត្រូវទាំងបង្កាត់ភ្លើងនៅក្នុងផ្ទះឯណាមួយ ក្នុងថ្ងៃឈប់សំរាកនោះផង។
4ម៉ូសេក៏ប្រាប់ដល់ពួកជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់ថា នេះជាសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មក 5គឺត្រូវឲ្យយកដង្វាយពីរបស់ដែលអ្នករាល់គ្នាមានទាំងប៉ុន្មាន មកថ្វាយដល់ព្រះយេហូវ៉ា ត្រូវឲ្យអស់អ្នកណាដែលថ្វាយស្ម័គ្រពីចិត្ត យកដង្វាយនេះមកថ្វាយដល់ព្រះយេហូវ៉ាចុះ គឺជាមាស ជាប្រាក់ ជាលង្ហិន 6ជាល័ខពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ខ្លូតទេសយ៉ាងម៉ដ្ត នឹងរោមពពែ 7ស្បែកចៀមឈ្មោលជ្រលក់ពណ៌ក្រហម ស្បែកផ្សោត ឈើនាងនួន 8ប្រេងសំរាប់ចង្កៀង គ្រឿងក្រអូបសំរាប់ប្រេងចាក់លាប នឹងគ្រឿងក្រអូបសំរាប់ដុត 9ថ្មអូនីក្ស ហើយថ្មឯទៀតសំរាប់ដាំអេផូឌ នឹងប្រដាប់បាំងទ្រូងផង 10ឯអស់អ្នកណាដែលមានគំនិតវាងវៃក្នុងពួកឯងរាល់គ្នា នោះត្រូវឲ្យមកធ្វើអស់ទាំងប្រដាប់ដែលព្រះយេហូវ៉ាទ្រង់បានបង្គាប់មកចុះ 11គឺជារោងឧបោសថ ព្រមទាំងត្រសាលរោងនោះ នឹងគំរបគ្របលើត្រសាល ហើយអស់ទាំងទំពក់ ក្តារ រនុក សសរ នឹងជើងរបស់រោងនោះ 12ហឹប នឹងឈើស្នែង ទីសន្តោសប្រោសវាំងននសំរាប់បាំងហឹប 13តុ នឹងឈើស្នែង ព្រមទាំងប្រដាប់តុនោះ នឹងនំបុ័ងតាំងទុក 14ជើងចង្កៀង អស់ទាំងចង្កៀង នឹងប្រដាប់ទាំងប៉ុន្មាន ហើយនឹងប្រេងសំរាប់ដុត 15អាសនាសំរាប់ដុតគ្រឿងក្រអូប នឹងឈើស្នែងផង ប្រេងចាក់លាប នឹងគ្រឿងក្រអូប ព្រមទាំងរនាំងបាំងមាត់ទ្វាររោងឧបោសថ 16អាសនាសំរាប់ដង្វាយដុត ប្រទាសលង្ហិន ឈើស្នែង នឹងអស់ទាំងប្រដាប់អាសនានោះ ចានក្លាំ នឹងជើងនៃចាននោះ 17រនាំងបាំងទីលាន អស់ទាំងសសរ នឹងជើងទាំងប៉ុន្មាន ហើយរនាំងនៅមាត់ទ្វារទីលានផង 18អស់ទាំងចំរ៉ឹងសំរាប់រោងឧបោសថ នឹងទីលានព្រមទាំងខ្សែទាំងប៉ុន្មាន 19អស់ទាំងសំលៀកបំពាក់សំរាប់ការងារក្នុងទីបរិសុទ្ធ អស់ទាំងសំលៀកបំពាក់បរិសុទ្ធសំរាប់អើរ៉ុនជាសង្ឃ នឹងសំលៀកបំពាក់សំរាប់ពួកកូនលោកដែលធ្វើការងារជាសង្ឃ 20នោះពួកជំនុំនៃកូនចៅអ៊ីស្រាអែលគេក៏ចេញពីមុខម៉ូសេទាំងអស់គ្នាទៅ។
21ដូច្នេះ អស់អ្នកណាដែលមានសេចក្ដីរំជួលក្នុងចិត្ត ជាអ្នកដែលមានវិញ្ញាណបណ្តាលឲ្យថ្វាយស្ម័គ្រពីចិត្ត នោះក៏យកដង្វាយមកថ្វាយដល់ព្រះយេហូវ៉ា សំរាប់ការធ្វើត្រសាលជំនុំ សំរាប់ការងារក្នុងត្រសាលនោះ ហើយសំរាប់សំលៀកបំពាក់បរិសុទ្ធទាំងប៉ុន្មាន 22ឯអស់អ្នកណាដែលថ្វាយដោយស្ម័គ្រពីចិត្ត នោះក៏ចូលមកទាំងប្រុសទាំងស្រី ព្រមទាំងយកកាវ កងជើង កងដៃ កន្លះក នឹងចិញ្ចៀន ជាប្រដាប់មាសគ្រប់មុខ មកថ្វាយជាដង្វាយមាសដល់ព្រះយេហូវ៉ា 23អស់អ្នកណាដែលមានល័ខពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ខ្លូតទេសយ៉ាងម៉ដ្ត នឹងរោមពពែ ស្បែកចៀមឈ្មោលជ្រលក់ពណ៌ក្រហម ហើយនឹងស្បែកផ្សោត គេក៏យករបស់ទាំងនោះមកដែរ 24អស់អ្នកណាដែលថ្វាយប្រាក់ ឬលង្ហិន ក៏យកដង្វាយនោះមកថ្វាយដល់ព្រះយេហូវ៉ា អស់អ្នកណាដែលមានឈើនាងនួនសំរាប់នឹងធ្វើការអ្វីៗ គេក៏យកឈើនោះមកដែរ 25អស់ស្ត្រីណាដែលប៉ិនប្រសប់នឹងវេញដោយដៃ ក៏យកអំបោះ ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ហើយនឹងអំបោះខ្លូតទេសយ៉ាងម៉ដ្ត ដែលគេបានវេញនោះមកដែរ 26អស់ស្ត្រីណាដែលមានចិត្តបណ្តាលដោយគេចេះធ្វើ នោះក៏នាំគ្នាវេញរោមពពែ 27ហើយពួកមេលើបណ្តាជនក៏យកថ្មអូនីក្ស នឹងថ្មឯទៀតសំរាប់ដាំអេផូឌ ហើយនឹងប្រដាប់បាំងទ្រូងដែរ 28ព្រមទាំងគ្រឿងក្រអូប ប្រេងសំរាប់ចង្កៀង សំរាប់ប្រេងចាក់លាប ហើយសំរាប់គ្រឿងក្រអូបផង 29អស់ពួកកូនចៅអ៊ីស្រាអែលទាំងប្រុសទាំងស្រី ដែលមានចិត្តបណ្តាលឲ្យថ្វាយរបស់អ្វីសំរាប់ការដែលព្រះយេហូវ៉ាទ្រង់បង្គាប់មកម៉ូសេ នោះក៏យកដង្វាយមកថ្វាយដល់ព្រះយេហូវ៉ាដោយស្ម័គ្រពីចិត្ត។
30រួចមក ម៉ូសេមានប្រសាសន៍នឹងពួកកូនចៅអ៊ីស្រាអែលថា មើល ព្រះយេហូវ៉ាទ្រង់បានហៅបេតសាលាល កូនយូរី ដែលជាកូនហ៊ើរ ក្នុងពូជអំបូរយូដាមក 31ហើយទ្រង់បានឲ្យព្រះវិញ្ញាណនៃព្រះ មកសណ្ឋិតលើគាត់ពោរពេញ ឲ្យគាត់មានគំនិតវាងវៃ មានយោបល់ ហើយឲ្យមានចំណេះចេះធ្វើការគ្រប់មុខ 32ឲ្យគាត់បានចេះនឹងបង្កើតការយ៉ាងប្រសប់ គឺខាងមាស ខាងប្រាក់ ហើយខាងលង្ហិន 33ព្រមទាំងចេះច្នៃត្បូងសំរាប់ដាំ ចេះឆ្លាក់ឈើ នឹងធ្វើការគ្រប់មុខទាំងអស់ 34ទ្រង់ក៏ប្រទានឲ្យគាត់ចេះបង្រៀនដល់គេ គឺខ្លួនគាត់១ នឹងអូហូលីអាប់ ជាកូនអ័ហ៊ីសាម៉ាក់ ក្នុងពូជអំបូរដាន់១ដែរ 35ទ្រង់បានប្រទានឲ្យអ្នកទាំង២នោះមានគំនិតវាងវៃដ៏ពោរពេញ សំរាប់នឹងចាត់ចែងអស់ទាំងការខាងពួកជាងចំឡាក់ នឹងអ្នករចនាផ្សេងៗ ឲ្យបានចេះប៉ាក់ ចេះត្បាញសំពត់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម នឹងសំពត់ខ្លូតទេសយ៉ាងម៉ដ្ត សំរាប់នឹងធ្វើការគ្រប់យ៉ាង ព្រមទាំងបង្កើតការថ្មីផង។
ទើបបានជ្រើសរើសហើយ៖
និក្ខមនំ 35: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.