និក្ខមនំ 33:12-23

និក្ខមនំ 33:12-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លោក​ម៉ូសេ​ទូល​ព្រះ‌យេហូវ៉ា​ថា៖ «មើល៍! ព្រះ‌អង្គ​បង្គាប់​មក​ទូល‌បង្គំ​ឲ្យ​នាំ​ប្រជា‌ជន​នេះ​ទៅ តែ​ព្រះ‌អង្គ​មិន​បាន​ឲ្យ​ទូល‌បង្គំ​ដឹង​ថា ព្រះ‌អង្គ​ចាត់​អ្នក​ណា​ឲ្យ​ទៅ​ជា‌មួយ​ឡើយ។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា "យើង​ស្គាល់​អ្នក​យ៉ាង​ច្បាស់ ហើយ​អ្នក​ក៏​ប្រកប​ដោយ​គុណ​របស់​យើង​ដែរ"។ ឥឡូវ​នេះ ប្រសិន​បើ​ទូល‌បង្គំ​ប្រកប​ដោយ​ព្រះ‌គុណ​របស់​ព្រះ‌អង្គ​មែន​នោះ សូម​បង្ហាញ​ផ្លូវ​របស់​ព្រះ‌អង្គ​ដល់​ទូល​បង្គំ​ឥឡូវ​នេះ​ផង ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​ស្គាល់​ព្រះ‌អង្គ ហើយ​ឲ្យ​បាន​ប្រកប​ដោយ​ព្រះ‌គុណ​របស់​ព្រះ‌អង្គ។ សូម​នឹក​ចាំ​ពី​សាសន៍​នេះ ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ផង»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «វត្ត‌មាន​របស់​យើង​នឹង​ទៅ​ជា‌មួយ​អ្នក ហើយ​យើង​នឹង​ឲ្យ​អ្នក​បាន​សម្រាក»។ លោក​ម៉ូសេ​ទូល​ព្រះ‌អង្គ​ថា៖ «ប្រសិន‌បើ​ព្រះ‌វត្ត‌មាន​របស់​ព្រះ‌អង្គ​មិន​យាង​ទៅ​ជា‌មួយ​ទេ សូម​កុំ​នាំ​យើង​ខ្ញុំ​ឡើង​ចេញ​ពី​ទី​នេះ​ឡើយ។ ដ្បិត​ធ្វើ​ដូច​ម្តេច​ឲ្យ​ដឹង​ថា​ទូល‌បង្គំ និង​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​បាន​ប្រកប​ដោយ​ព្រះ‌គុណ​របស់​ព្រះ‌អង្គ​បាន បើ​ព្រះ‌អង្គ​មិន​យាង​ទៅ​ជា‌មួយ​យើង​ខ្ញុំ​នោះ? យ៉ាង​នេះ​ឯង ដែល​យើង​ខ្ញុំ គឺ​ទូល‌បង្គំ និង​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​នឹង​បាន​ខុស​ប្លែក​ពី​ជាតិ​សាសន៍​ឯ​ទៀត​នៅ​លើ​ផែន‌ដី»។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «យើង​នឹង​ធ្វើ​តាម​សេចក្ដី​ដែល​អ្នក​បាន​សូម​នេះ ដ្បិត​អ្នក​ប្រកប​ដោយ​គុណ​របស់​យើង ហើយ​យើង​ស្គាល់​អ្នក​យ៉ាង​ច្បាស់»។ លោក​ម៉ូសេ​ទូល​ថា៖ «សូម​ព្រះ‌អង្គ​មេត្តា​បង្ហាញ​ឲ្យ​ទូល‌បង្គំ​ឃើញ​សិរី‌ល្អ​របស់​ព្រះ‌អង្គ​ផង»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹងសម្ដែង​អស់​ទាំង​សេចក្ដី​សប្បុរស​របស់​យើង​នៅ​ចំពោះ​មុខ​អ្នក ក៏​នឹង​ប្រកាស​ពី​ឈ្មោះ​របស់​យើង​ជា "យេហូវ៉ា" នៅ​មុខ​អ្នក​ដែរ យើង​នឹង​ប្រោស​អ្នក​ណា​ដែល​យើង​ចង់​ប្រោស ហើយ​នឹង​សម្ដែង​សេចក្ដី​មេត្តា‌ករុណា​ដល់​អ្នក​ណា​ដែល​យើង​មេត្តា‌ករុណា»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «តែ​អ្នក​មិន​អាច​ឃើញ​មុខ​យើង​បាន​ឡើយ ដ្បិត​គ្មាន​អ្នក​ណា​ម្នាក់​ឃើញ​យើង ហើយ​នៅ​មាន​ជីវិត​រស់​បាន​ទេ»។ ព្រះ‌យេហូវ៉ា​ក៏​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «មើល៍! មាន​កន្លែង​មួយ​នៅ​ជិត​យើង ដែល​អ្នក​ត្រូវ​ឈរ​នៅ​លើ​ថ្ម ហើយ​កាល​ណា​សិរី‌ល្អ​របស់​យើង​ឆ្លង​កាត់ យើង​នឹង​ដាក់​អ្នក​ក្នុង​ក្រហែង​ថ្ម​មួយ ហើយ​យើង​នឹង​បាំង​អ្នក​ដោយ​ដៃ​របស់​យើង រហូត​ទាល់​តែ​យើង​ឆ្លង​ផុត។ បន្ទាប់​មក យើង​នឹង​ដក​ដៃ​យើង​ចេញ ហើយ​អ្នក​នឹង​ឃើញ​យើង​ពី​ក្រោយ តែអាច​មិន​ឃើញ​មុខ​យើង​ឡើយ»។

ចែក​រំលែក
អាន និក្ខមនំ 33

និក្ខមនំ 33:12-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​ម៉ូសេ​ទូល​ព្រះ‌អម្ចាស់​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! ព្រះអង្គ​បាន​បង្គាប់​ឲ្យ​ទូលបង្គំ​នាំ​ប្រជា‌ជន​នេះ​ឆ្ពោះ​ទៅ​ទឹក​ដី​សន្យា ប៉ុន្តែ ព្រះអង្គ​ពុំ​បាន​ប្រាប់​ឲ្យ​ទូលបង្គំ​ដឹង​ថា ព្រះអង្គ​នឹង​ចាត់​នរណា​ឲ្យ​ទៅ​ជា​មួយ​ទូលបង្គំ​ឡើយ។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា ព្រះអង្គ​ស្គាល់​ទូលបង្គំ​ច្បាស់ ហើយ​ព្រះអង្គ​គាប់​ព្រះ‌ហឫទ័យ​នឹង​ទូលបង្គំ​ទៀត​ផង។ ឥឡូវ​នេះ ប្រសិន​បើ​ព្រះអង្គ​គាប់​ព្រះ‌ហឫទ័យ​នឹង​ទូលបង្គំ​មែន​នោះ សូម​បង្ហាញ​មាគ៌ា​របស់​ព្រះអង្គ​មក​ទូលបង្គំ ដើម្បី​ឲ្យ​ទូលបង្គំ​ស្គាល់​ព្រះអង្គ ហើយ​គាប់​ព្រះ‌ហឫទ័យ​ព្រះអង្គ​ទៀត​ផង។ សូម​នឹក​ចាំ​ថា​ប្រជា‌ជាតិ​នេះ​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ទៅ​ជា​មួយ​អ្នក ហើយ​ផ្ដល់​សេចក្ដី​សុខ‌សាន្ត​ដល់​អ្នក»។ លោក​ម៉ូសេ​ទូល​ថា៖ «ប្រសិន​បើ​ព្រះអង្គ​មិន​យាង​ទៅ​ជា​មួយ​យើង​ខ្ញុំ​ទេ សូម​កុំ​ឲ្យ​យើង​ខ្ញុំ​ចាក​ចេញ​ពី​នេះ​ឡើយ។ តើ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​គេ​ដឹង​ថា ព្រះអង្គ​គាប់​ព្រះ‌ហឫទ័យ​នឹង​ទូលបង្គំ ព្រម​ទាំង​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ? គឺ​មាន​តែ​ព្រះអង្គ​យាង​ទៅ​ជា​មួយ​យើង​ខ្ញុំ​ប៉ុណ្ណោះ ទើប​គេ​ឃើញ​ថា ទូលបង្គំ និង​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ខុស​ប្លែក​ពី​ជាតិ​សាសន៍​ទាំង‌ឡាយ​នៅ​លើ​ផែនដី»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «យើង​នឹង​ធ្វើ​តាម​សំណូម​ពរ​របស់​អ្នក ដ្បិត​យើង​ពេញ​ចិត្ត​នឹង​អ្នក ហើយ​ស្គាល់​អ្នក​យ៉ាង​ច្បាស់»។ លោក​ម៉ូសេ​ទូល​ថា៖ «សូម​ព្រះអង្គ​បង្ហាញ​សិរី‌រុងរឿង​របស់​ព្រះអង្គ​ឲ្យ​ទូលបង្គំ​ឃើញ​ផង»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​សម្តែង​សេចក្ដី​សប្បុរស​របស់​យើង ហើយ​យើង​ប្រកាស​ឈ្មោះ​យើង ជា​ព្រះ‌អម្ចាស់ នៅ​ចំពោះ​មុខ​អ្នក។ យើង​នឹង​មាន​ចិត្ត​មេត្តា​ករុណា​ដល់​នរណា​ដែល​យើង​មេត្តា​ករុណា យើង​ក៏​នឹង​មាន​ចិត្ត​អាណិត​អាសូរ​ដល់​នរណា​ដែល​យើង​អាណិត​អាសូរ​ដែរ»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «អ្នក​មិន​អាច​ឃើញ​មុខ​យើង​បាន​ទេ ដ្បិត​គ្មាន​មនុស្ស​ណា​អាច​ឃើញ​មុខ​យើង ហើយ​មាន​ជីវិត​ត​ទៅ​មុខ​ទៀត​ឡើយ»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ឈរ​ជិត​យើង​លើ​ដុំ​ថ្ម នៅ​កន្លែង​នេះ! ពេល​សិរី‌រុងរឿង​របស់​យើង​ឆ្លង​កាត់​តាម​នេះ យើង​នឹង​លាក់​អ្នក​ក្នុង​ក្រហែង​ថ្ម ហើយ​យក​ដៃ​របស់​យើង​មក​បាំង​អ្នក រហូត​ទាល់​តែ​យើង​ឆ្លង​ផុត​ទៅ។ បន្ទាប់​មក យើង​នឹង​ដក​ដៃ​ចេញ ហើយ​អ្នក​នឹង​ឃើញ​យើង​ពី​ក្រោយ តែ​គ្មាន​នរណា​អាច​ឃើញ​មុខ​យើង​ទេ»។

ចែក​រំលែក
អាន និក្ខមនំ 33

និក្ខមនំ 33:12-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ម៉ូសេ​លោក​ទូល​ដល់​ព្រះ‌យេហូវ៉ា​ថា មើល ទ្រង់​បង្គាប់​មក​ទូលបង្គំ​ឲ្យ​នាំ​បណ្តាជន​នេះ​ឡើង​ទៅ តែ​ទ្រង់​មិន​បាន​ឲ្យ​ទូលបង្គំ​ដឹង ជា​ទ្រង់​នឹង​ចាត់​អ្នក​ណា​ឲ្យ​ទៅ​ជា​មួយ​សោះ ទ្រង់​បាន​មាន​បន្ទូល​ថា អញ​ស្គាល់​ឯង​យ៉ាង​ជិត​ស្និទ្ធ ហើយ​ឯង​ក៏​ប្រកប​ដោយ​គុណ​របស់​អញ​ផង ដូច្នេះ បើ​ទូលបង្គំ​ប្រកប​ដោយ​ព្រះ‌គុណ​នៃ​ទ្រង់​ពិត​មែន នោះ​សូម​សំដែង​បង្ហាញ​អស់​ទាំង​ផ្លូវ​របស់​ទ្រង់​ដល់​ទូលបង្គំ​ផង ដើម្បី​ឲ្យ​ទូលបង្គំ​បាន​ស្គាល់​ទ្រង់ ហើយ​ឲ្យ​ទូលបង្គំ​បាន​ប្រកប​ដោយ​ព្រះ‌គុណ​នៃ​ទ្រង់​ពិត រួច​សូម​ទ្រង់​នឹក​ចាំ​ពី​សាសន៍​នេះ​ថា​ជា​រាស្ត្រ​របស់​ទ្រង់​ផង នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា វិញ្ញាណ​អញ​នឹង​ទៅ​ជា​មួយ​នឹង​ឯង ហើយ​អញ​នឹង​ឲ្យ​ឯង​បាន​សំរាក ម៉ូសេ​ក៏​ទូល​ថា បើ‌សិន​ណា​ជា​ព្រះ‌វិញ្ញាណ​នៃ​ទ្រង់​មិន​យាង​ទៅ​ជា​មួយ​ទេ នោះ​សូម​កុំ​នាំ​យើង​ខ្ញុំ​រាល់​គ្នា​ឡើង​ចេញ​ពី​ទី​នេះ​ទៅ​ឡើយ ដ្បិត​តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​ដឹង​ថា ទូលបង្គំ ហើយ​នឹង​រាស្ត្រ​ទ្រង់ បាន​ប្រកប​ដោយ​ព្រះ‌គុណ​នៃ​ទ្រង់​ទៅ​បាន តើ​មិន​មែន​ដោយ​ទ្រង់​យាង​ទៅ​ជា​មួយ​នឹង​យើង​ខ្ញុំ​ទេ​ឬ​អី យ៉ាង​នោះ​ឯង យើង​ខ្ញុំ គឺ​ខ្លួន​ទូលបង្គំ នឹង​រាស្ត្រ​របស់​ផង​ទ្រង់ នឹង​បាន​ញែក​ចេញ​ពី​អស់​ទាំង​សាសន៍​ឯ​ទៀត​ដែល​នៅ​ផែនដី​នេះ។ រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ​ថា អញ​នឹង​ធ្វើ​តាម​សេចក្ដី ដែល​ឯង​បាន​សូម​នេះ​ដែរ ដ្បិត​ឯង​ប្រកប​ដោយ​គុណ​នៃ​អញ ហើយ​អញ​ក៏​ស្គាល់​ឯង​យ៉ាង​ជិត​ស្និទ្ធ​ផង លោក​ទូល​ឆ្លើយ​ថា សូម​ទ្រង់​មេត្តា​បើក​ឲ្យ​ទូលបង្គំ​ឃើញ​សិរី‌ល្អ​ទ្រង់​ផង រួច​ទ្រង់​មាន​បន្ទូល​តប​ថា អញ​នឹង​ឲ្យ​អស់​ទាំង​សេចក្ដី​សប្បុរស​របស់​អញ​ដើរ​កាត់​នៅ​មុខ​ឯង ព្រម​ទាំង​ប្រកាស​ពី​ព្រះ‌នាម «យេហូវ៉ា» នៅ​មុខ​ឯង​ផង អញ​នឹង​ប្រោស​ដល់​អ្នក​ណា​ដែល​អញ​ចង់​ប្រោស ហើយ​នឹង​ផ្សាយ​សេចក្ដី​មេត្តា‌ករុណា​ដល់​អ្នក​ណា​ដែល​អញ​ចង់​ផ្សាយ​ឲ្យ ទ្រង់​ក៏​មាន​បន្ទូល​ថា ឯង​ពុំ​អាច​នឹង​មើល​មុខ​អញ​បាន​ឡើយ ដ្បិត​មនុស្ស​ជាតិ​នឹង​ឃើញ​អញ ហើយ​រស់​នៅ​មិន​បាន​ទេ ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​មាន​បន្ទូល​ថា មើល មាន​កន្លែង​នេះ​ជា​ទី​នៅ​ជិត​អញ ត្រូវ​ឲ្យ​ឯង​ឈរ​នៅ​លើ​ថ្មដា​នេះ​ចុះ កំពុង​ដែល​សិរី‌ល្អ​របស់​អញ​កាត់​នៅ​មុខ​ឯង នោះ​អញ​នឹង​ដាក់​ឯង​ទៅ​ក្នុង​ទី​ក្រហែង​ថ្ម​១ ហើយ​នឹង​បាំង​ឯង​ដោយ​ដៃ​ដរាប​ដល់​អញ​បាន​ទៅ​ហួស រួច​អញ​នឹង​ដក​ដៃ​អញ​ចេញ ឲ្យ​បាន​ឃើញ​អញ​ពី​ខាង​ខ្នង​វិញ ឥត​ឃើញ​មុខ​ឡើយ។

ចែក​រំលែក
អាន និក្ខមនំ 33

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ