និក្ខមនំ 33

33
បទ​បញ្ជា​ឲ្យ​ចាក​ចេញ​ពី​ភ្នំ​ស៊ី‌ណាយ
1ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ទៅ​ចុះ ចេញ​ពី​ទី​នេះ​ទៅ ព្រម​ទាំង​ប្រជា​ជន​ដែល​អ្នក​បាន​នាំ​ចេញ​មក​ពី​ស្រុក​អេស៊ីព្ទ ទៅ​ឯ​ស្រុក​ដែល​យើង​បាន​ស្បថ​នឹង​អ័ប្រា‌ហាំ អ៊ីសាក និង​យ៉ាកុប​ថា "យើង​នឹង​ឲ្យ​ស្រុក​នោះ​ដល់​ពូជ​ពង្ស​របស់​អ្នក"។ 2យើង​នឹង​ចាត់​ទេវតា​មួយ​ឲ្យ​នាំ​មុខ​អ្នក ហើយ​យើង​នឹង​បណ្តេញ​ពួក​សាសន៍​កាណាន សាសន៍​អាម៉ូរី សាសន៍​ហេត សាសន៍​ពេរិស៊ីត សាសន៍​ហេវី និង​សាសន៍​យេប៊ូស​ចេញ។ 3ចូរ​ឡើង​ទៅ​ឯ​ស្រុក​មួយ​ដែល​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ តែ​យើង​មិន​ឡើង​ទៅ​កណ្ដាល​អ្នក​រាល់​គ្នា​ទេ ក្រែង​យើង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​វិនាស​តាម​ផ្លូវ ដ្បិត​អ្នក​រាល់​គ្នា​ជា​មនុស្ស​ក្បាល​រឹង»។
4កាល​ប្រជា‌ជន​ឮ​ព្រះបន្ទូល​ធ្ងន់ៗ​ដូច្នេះ ពួក​គេ​ក៏​មាន​ចិត្ត​សោក‌សៅ ហើយ​គ្មាន​អ្នក​ណា​ម្នាក់​ពាក់​គ្រឿង​លម្អ​អ្វី​ឡើយ។ 5ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ថា អ្នក​រាល់​គ្នា​ជា​មនុស្ស​ក្បាល​រឹង បើ​យើង​ទៅ​កណ្ដាល​អ្នក​រាល់​គ្នា​តែ​មួយ​ភ្លែត នោះ​យើង​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​វិនាស​មិន​ខាន។ ដូច្នេះ ចូរ​ដោះ​គ្រឿង​លម្អ​ពី​ខ្លួន​អ្នក​រាល់​គ្នា​ចេញ ដើម្បី​ឲ្យ​យើង​ដឹង​ថា ត្រូវ​ធ្វើ​យ៉ាង​ណា​ជាមួយ​អ្នក​រាល់​គ្នា»។ 6ដូច្នេះ កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ដោះ​គ្រឿង​លម្អ​ចេញ​ពី​ខ្លួន ចាប់​ពី​ពេល​ចាក​ចេញ​ពី​ភ្នំ​ហូរែប​តទៅ។
ត្រសាល​ខាង​ក្រៅ​ជំរំ
7លោក​ម៉ូសេមាន​ទម្លាប់​យក​ត្រសាល​ទៅ​ដំឡើង​នៅ​ខាង​ក្រៅ​ជំរំ គឺ​ឆ្ងាយ​ពី​ជំរំ ហើយ​លោក​ហៅ​ត្រសាល​នោះ​ថា «ត្រសាល​ជំនុំ»។ ឯ​អស់​អ្នក​ណា​ដែល​រក​ព្រះ‌យេហូវ៉ា ត្រូវ​ចេញ​ទៅ​ឯ​ត្រសាល​ជំនុំ ដែល​នៅ​ខាង​ក្រៅ​ជំរំ។ 8កាល​ណា​លោក​ម៉ូសេ​ចេញ​ទៅ​ត្រសាល​ជំនុំ ប្រជា‌ជន​ទាំង​អស់​ក៏​ក្រោក​ឈរ​ឡើង​នៅ​មាត់​ទ្វារ​ជំរំ​របស់​គេ​រៀង​ៗខ្លួន ហើយ​តាម​មើល​លោក​ម៉ូសេ រហូត​ទាល់​តែ​លោក​ចូល​ផុត​ទៅ​ក្នុង​ត្រសាល​ជំនុំ។ 9កាល​លោក​ម៉ូសេ​ចូល​ទៅ​ក្នុង​ត្រសាល​ផុត​ហើយ នោះ​បង្គោល​ពពក​ក៏​ចុះ​មក​ស្ថិត​នៅ​ត្រង់​មាត់​ទ្វារ​ត្រសាល ហើយ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ជាមួយ​លោក​ម៉ូសេ។ 10កាល​ប្រជា‌ជន​ទាំង​អស់​ឃើញ​បង្គោល​ពពកស្ថិត​នៅ​ត្រង់​មាត់​ទ្វារ​ត្រសាល ពួក​គេ​ទាំង​អស់​គ្នា​ក៏​ក្រោក​ឡើង​ថ្វាយ​បង្គំ នៅ​មាត់​ទ្វារ​ជំរំ​របស់​គេ​រៀងៗ​ខ្លួន។ 11ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូលមក​កាន់​លោក​ម៉ូសេ​ទល់​មុខគ្នា ដូច​មនុស្ស​និយាយ​ជា‌មួយ​មិត្ត​សម្លាញ់។ បន្ទាប់​មក លោក​វិល​ត្រឡប់​មក​ឯ​ជំរំ​វិញ តែ​យ៉ូស្វេ​ជា​កូន​របស់​លោក​នុន ជា​ជំនួយ​ការ​របស់​លោក ដែល​នៅ​កំលោះ​នៅ​ឡើយ មិន​បាន​ចេញ​ពី​ត្រសាល​ជំនុំ​ទេ។
លោក​ម៉ូសេ​អធិស្ឋាន​ទូល​អង្វរ
12លោក​ម៉ូសេ​ទូល​ព្រះ‌យេហូវ៉ា​ថា៖ «មើល៍! ព្រះ‌អង្គ​បង្គាប់​មក​ទូល‌បង្គំ​ឲ្យ​នាំ​ប្រជា‌ជន​នេះ​ទៅ តែ​ព្រះ‌អង្គ​មិន​បាន​ឲ្យ​ទូល‌បង្គំ​ដឹង​ថា ព្រះ‌អង្គ​ចាត់​អ្នក​ណា​ឲ្យ​ទៅ​ជា‌មួយ​ឡើយ។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា "យើង​ស្គាល់​អ្នក​យ៉ាង​ច្បាស់ ហើយ​អ្នក​ក៏​ប្រកប​ដោយ​គុណ​របស់​យើង​ដែរ"។ 13ឥឡូវ​នេះ ប្រសិន​បើ​ទូល‌បង្គំ​ប្រកប​ដោយ​ព្រះ‌គុណ​របស់​ព្រះ‌អង្គ​មែន​នោះ សូម​បង្ហាញ​ផ្លូវ​របស់​ព្រះ‌អង្គ​ដល់​ទូល​បង្គំ​ឥឡូវ​នេះ​ផង ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​ស្គាល់​ព្រះ‌អង្គ ហើយ​ឲ្យ​បាន​ប្រកប​ដោយ​ព្រះ‌គុណ​របស់​ព្រះ‌អង្គ។ សូម​នឹក​ចាំ​ពី​សាសន៍​នេះ ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ផង»។ 14ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «វត្ត‌មាន​របស់​យើង​នឹង​ទៅ​ជា‌មួយ​អ្នក ហើយ​យើង​នឹង​ឲ្យ​អ្នក​បាន​សម្រាក»។ 15លោក​ម៉ូសេ​ទូល​ព្រះ‌អង្គ​ថា៖ «ប្រសិន‌បើ​ព្រះ‌វត្ត‌មាន​របស់​ព្រះ‌អង្គ​មិន​យាង​ទៅ​ជា‌មួយ​ទេ សូម​កុំ​នាំ​យើង​ខ្ញុំ​ឡើង​ចេញ​ពី​ទី​នេះ​ឡើយ។ 16ដ្បិត​ធ្វើ​ដូច​ម្តេច​ឲ្យ​ដឹង​ថា​ទូល‌បង្គំ និង​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​បាន​ប្រកប​ដោយ​ព្រះ‌គុណ​របស់​ព្រះ‌អង្គ​បាន បើ​ព្រះ‌អង្គ​មិន​យាង​ទៅ​ជា‌មួយ​យើង​ខ្ញុំ​នោះ? យ៉ាង​នេះ​ឯង ដែល​យើង​ខ្ញុំ គឺ​ទូល‌បង្គំ និង​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​នឹង​បាន​ខុស​ប្លែក​ពី​ជាតិ​សាសន៍​ឯ​ទៀត​នៅ​លើ​ផែន‌ដី»។
17ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «យើង​នឹង​ធ្វើ​តាម​សេចក្ដី​ដែល​អ្នក​បាន​សូម​នេះ ដ្បិត​អ្នក​ប្រកប​ដោយ​គុណ​របស់​យើង ហើយ​យើង​ស្គាល់​អ្នក​យ៉ាង​ច្បាស់»។ 18លោក​ម៉ូសេ​ទូល​ថា៖ «សូម​ព្រះ‌អង្គ​មេត្តា​បង្ហាញ​ឲ្យ​ទូល‌បង្គំ​ឃើញ​សិរី‌ល្អ​របស់​ព្រះ‌អង្គ​ផង»។ 19ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹងសម្ដែង​អស់​ទាំង​សេចក្ដី​សប្បុរស​របស់​យើង​នៅ​ចំពោះ​មុខ​អ្នក ក៏​នឹង​ប្រកាស​ពី​ឈ្មោះ​របស់​យើង​ជា "យេហូវ៉ា" នៅ​មុខ​អ្នក​ដែរ យើង​នឹង​ប្រោស​អ្នក​ណា​ដែល​យើង​ចង់​ប្រោស ហើយ​នឹង​សម្ដែង​សេចក្ដី​មេត្តា‌ករុណា​ដល់​អ្នក​ណា​ដែល​យើង​មេត្តា‌ករុណា»។ 20ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «តែ​អ្នក​មិន​អាច​ឃើញ​មុខ​យើង​បាន​ឡើយ ដ្បិត​គ្មាន​អ្នក​ណា​ម្នាក់​ឃើញ​យើង ហើយ​នៅ​មាន​ជីវិត​រស់​បាន​ទេ»។ 21ព្រះ‌យេហូវ៉ា​ក៏​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «មើល៍! មាន​កន្លែង​មួយ​នៅ​ជិត​យើង ដែល​អ្នក​ត្រូវ​ឈរ​នៅ​លើ​ថ្ម 22ហើយ​កាល​ណា​សិរី‌ល្អ​របស់​យើង​ឆ្លង​កាត់ យើង​នឹង​ដាក់​អ្នក​ក្នុង​ក្រហែង​ថ្ម​មួយ ហើយ​យើង​នឹង​បាំង​អ្នក​ដោយ​ដៃ​របស់​យើង រហូត​ទាល់​តែ​យើង​ឆ្លង​ផុត។ 23បន្ទាប់​មក យើង​នឹង​ដក​ដៃ​យើង​ចេញ ហើយ​អ្នក​នឹង​ឃើញ​យើង​ពី​ក្រោយ តែអាច​មិន​ឃើញ​មុខ​យើង​ឡើយ»។

ទើបបានជ្រើសរើសហើយ៖

និក្ខមនំ 33: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល