លោកម៉ូសេទូលព្រះយេហូវ៉ាថា៖ «មើល៍! ព្រះអង្គបង្គាប់មកទូលបង្គំឲ្យនាំប្រជាជននេះទៅ តែព្រះអង្គមិនបានឲ្យទូលបង្គំដឹងថា ព្រះអង្គចាត់អ្នកណាឲ្យទៅជាមួយឡើយ។ ព្រះអង្គមានព្រះបន្ទូលថា "យើងស្គាល់អ្នកយ៉ាងច្បាស់ ហើយអ្នកក៏ប្រកបដោយគុណរបស់យើងដែរ"។ ឥឡូវនេះ ប្រសិនបើទូលបង្គំប្រកបដោយព្រះគុណរបស់ព្រះអង្គមែននោះ សូមបង្ហាញផ្លូវរបស់ព្រះអង្គដល់ទូលបង្គំឥឡូវនេះផង ដើម្បីឲ្យទូលបង្គំបានស្គាល់ព្រះអង្គ ហើយឲ្យបានប្រកបដោយព្រះគុណរបស់ព្រះអង្គ។ សូមនឹកចាំពីសាសន៍នេះ ជាប្រជារាស្ត្ររបស់ព្រះអង្គផង»។ ព្រះអង្គមានព្រះបន្ទូលថា៖ «វត្តមានរបស់យើងនឹងទៅជាមួយអ្នក ហើយយើងនឹងឲ្យអ្នកបានសម្រាក»។ លោកម៉ូសេទូលព្រះអង្គថា៖ «ប្រសិនបើព្រះវត្តមានរបស់ព្រះអង្គមិនយាងទៅជាមួយទេ សូមកុំនាំយើងខ្ញុំឡើងចេញពីទីនេះឡើយ។ ដ្បិតធ្វើដូចម្តេចឲ្យដឹងថាទូលបង្គំ និងប្រជារាស្ត្ររបស់ព្រះអង្គបានប្រកបដោយព្រះគុណរបស់ព្រះអង្គបាន បើព្រះអង្គមិនយាងទៅជាមួយយើងខ្ញុំនោះ? យ៉ាងនេះឯង ដែលយើងខ្ញុំ គឺទូលបង្គំ និងប្រជារាស្ត្ររបស់ព្រះអង្គនឹងបានខុសប្លែកពីជាតិសាសន៍ឯទៀតនៅលើផែនដី»។ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «យើងនឹងធ្វើតាមសេចក្ដីដែលអ្នកបានសូមនេះ ដ្បិតអ្នកប្រកបដោយគុណរបស់យើង ហើយយើងស្គាល់អ្នកយ៉ាងច្បាស់»។ លោកម៉ូសេទូលថា៖ «សូមព្រះអង្គមេត្តាបង្ហាញឲ្យទូលបង្គំឃើញសិរីល្អរបស់ព្រះអង្គផង»។ ព្រះអង្គមានព្រះបន្ទូលថា៖ «យើងនឹងសម្ដែងអស់ទាំងសេចក្ដីសប្បុរសរបស់យើងនៅចំពោះមុខអ្នក ក៏នឹងប្រកាសពីឈ្មោះរបស់យើងជា "យេហូវ៉ា" នៅមុខអ្នកដែរ យើងនឹងប្រោសអ្នកណាដែលយើងចង់ប្រោស ហើយនឹងសម្ដែងសេចក្ដីមេត្តាករុណាដល់អ្នកណាដែលយើងមេត្តាករុណា»។ ព្រះអង្គមានព្រះបន្ទូលថា៖ «តែអ្នកមិនអាចឃើញមុខយើងបានឡើយ ដ្បិតគ្មានអ្នកណាម្នាក់ឃើញយើង ហើយនៅមានជីវិតរស់បានទេ»។ ព្រះយេហូវ៉ាក៏មានព្រះបន្ទូលទៀតថា៖ «មើល៍! មានកន្លែងមួយនៅជិតយើង ដែលអ្នកត្រូវឈរនៅលើថ្ម ហើយកាលណាសិរីល្អរបស់យើងឆ្លងកាត់ យើងនឹងដាក់អ្នកក្នុងក្រហែងថ្មមួយ ហើយយើងនឹងបាំងអ្នកដោយដៃរបស់យើង រហូតទាល់តែយើងឆ្លងផុត។ បន្ទាប់មក យើងនឹងដកដៃយើងចេញ ហើយអ្នកនឹងឃើញយើងពីក្រោយ តែអាចមិនឃើញមុខយើងឡើយ»។
អាន និក្ខមនំ 33
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: និក្ខមនំ 33:12-23
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ