ម៉ូសេលោកទូលដល់ព្រះយេហូវ៉ាថា មើល ទ្រង់បង្គាប់មកទូលបង្គំឲ្យនាំបណ្តាជននេះឡើងទៅ តែទ្រង់មិនបានឲ្យទូលបង្គំដឹង ជាទ្រង់នឹងចាត់អ្នកណាឲ្យទៅជាមួយសោះ ទ្រង់បានមានបន្ទូលថា អញស្គាល់ឯងយ៉ាងជិតស្និទ្ធ ហើយឯងក៏ប្រកបដោយគុណរបស់អញផង ដូច្នេះ បើទូលបង្គំប្រកបដោយព្រះគុណនៃទ្រង់ពិតមែន នោះសូមសំដែងបង្ហាញអស់ទាំងផ្លូវរបស់ទ្រង់ដល់ទូលបង្គំផង ដើម្បីឲ្យទូលបង្គំបានស្គាល់ទ្រង់ ហើយឲ្យទូលបង្គំបានប្រកបដោយព្រះគុណនៃទ្រង់ពិត រួចសូមទ្រង់នឹកចាំពីសាសន៍នេះថាជារាស្ត្ររបស់ទ្រង់ផង នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលឆ្លើយថា វិញ្ញាណអញនឹងទៅជាមួយនឹងឯង ហើយអញនឹងឲ្យឯងបានសំរាក ម៉ូសេក៏ទូលថា បើសិនណាជាព្រះវិញ្ញាណនៃទ្រង់មិនយាងទៅជាមួយទេ នោះសូមកុំនាំយើងខ្ញុំរាល់គ្នាឡើងចេញពីទីនេះទៅឡើយ ដ្បិតតើធ្វើដូចម្តេចឲ្យដឹងថា ទូលបង្គំ ហើយនឹងរាស្ត្រទ្រង់ បានប្រកបដោយព្រះគុណនៃទ្រង់ទៅបាន តើមិនមែនដោយទ្រង់យាងទៅជាមួយនឹងយើងខ្ញុំទេឬអី យ៉ាងនោះឯង យើងខ្ញុំ គឺខ្លួនទូលបង្គំ នឹងរាស្ត្ររបស់ផងទ្រង់ នឹងបានញែកចេញពីអស់ទាំងសាសន៍ឯទៀតដែលនៅផែនដីនេះ។ រួចព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថា អញនឹងធ្វើតាមសេចក្ដី ដែលឯងបានសូមនេះដែរ ដ្បិតឯងប្រកបដោយគុណនៃអញ ហើយអញក៏ស្គាល់ឯងយ៉ាងជិតស្និទ្ធផង លោកទូលឆ្លើយថា សូមទ្រង់មេត្តាបើកឲ្យទូលបង្គំឃើញសិរីល្អទ្រង់ផង រួចទ្រង់មានបន្ទូលតបថា អញនឹងឲ្យអស់ទាំងសេចក្ដីសប្បុរសរបស់អញដើរកាត់នៅមុខឯង ព្រមទាំងប្រកាសពីព្រះនាម «យេហូវ៉ា» នៅមុខឯងផង អញនឹងប្រោសដល់អ្នកណាដែលអញចង់ប្រោស ហើយនឹងផ្សាយសេចក្ដីមេត្តាករុណាដល់អ្នកណាដែលអញចង់ផ្សាយឲ្យ ទ្រង់ក៏មានបន្ទូលថា ឯងពុំអាចនឹងមើលមុខអញបានឡើយ ដ្បិតមនុស្សជាតិនឹងឃើញអញ ហើយរស់នៅមិនបានទេ ព្រះយេហូវ៉ាទ្រង់ក៏មានបន្ទូលថា មើល មានកន្លែងនេះជាទីនៅជិតអញ ត្រូវឲ្យឯងឈរនៅលើថ្មដានេះចុះ កំពុងដែលសិរីល្អរបស់អញកាត់នៅមុខឯង នោះអញនឹងដាក់ឯងទៅក្នុងទីក្រហែងថ្ម១ ហើយនឹងបាំងឯងដោយដៃដរាបដល់អញបានទៅហួស រួចអញនឹងដកដៃអញចេញ ឲ្យបានឃើញអញពីខាងខ្នងវិញ ឥតឃើញមុខឡើយ។
អាន និក្ខមនំ 33
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: និក្ខមនំ 33:12-23
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ