និក្ខមនំ 2:11-25

និក្ខមនំ 2:11-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​ថ្ងៃ​មួយ កាល​លោក​ម៉ូសេ​ពេញ​វ័យ​ហើយ លោក​ចេញ​ទៅ​សួរ​សុខ​ទុក្ខ​ជន​រួម​ជាតិ​របស់​លោក ហើយ​ឃើញ​ពួក‌គេ​ធ្វើ​ការ​យ៉ាង​ធ្ងន់ធ្ងរ។ លោក​ឃើញ​សាសន៍​អេស៊ីព្ទ​ម្នាក់​កំពុង​តែ​វាយដំ​សាសន៍​ហេព្រើរ​ម្នាក់ ដែល​ជា​សាច់‌ញាតិ​របស់​លោក។ លោក​ក្រឡេក​មើល​ឆ្វេង​មើល​ស្តាំ មិន​ឃើញ​មាន​អ្នក​ណា ក៏​សម្លាប់​សាសន៍​អេស៊ីព្ទ​នោះ ហើយ​កប់​ចោល​ក្នុង​ខ្សាច់។ នៅ​ថ្ងៃ​បន្ទាប់ កាល​លោក​ចេញ​ទៅ ឃើញ​សាសន៍​ហេព្រើរ​ពីរ​នាក់​កំពុង​តែ​ឈ្លោះ​គ្នា ក៏​និយាយ​ទៅ​អ្នក​ដែល​ធ្វើ​ខុស​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​វាយ​គូ‌កន​របស់​ខ្លួន​ដូច្នេះ?» អ្នក​នោះ​ឆ្លើយ​តប​ថា៖ «តើ​អ្នក​ណា​បាន​តែង​តាំង​អ្នក​ឲ្យ​ធ្វើ​ជា​មេ និង​ជា​ចៅ‌ក្រម​លើ​យើង? តើ​អ្នក​ចង់​សម្លាប់​ខ្ញុំ ដូច​ជា​អ្នក​បាន​សម្លាប់​សាសន៍​អេស៊ីព្ទ​ម្នាក់​នោះ​ឬ?» ពេល​នោះ លោក​ម៉ូសេ​ភិត‌ភ័យ​ណាស់ ហើយ​គិត​ថា៖ «រឿង​នេះ​ប្រាកដ​ជា​គេ​ដឹង​ហើយ»។ កាល​ផារ៉ោន​បាន​ឮ​រឿង​នេះ ស្ដេច​ក៏​រក​មធ្យោ‌បាយ​សម្លាប់​លោក​ម៉ូសេ តែ​លោក​ម៉ូសេ​រត់​គេច​ពី​ផារ៉ោន​ទៅ​នៅ​ស្រុក​ម៉ាឌាន ហើយ​លោក​អង្គុយ​នៅ​ក្បែរ​អណ្តូង​ទឹក​មួយ។ រី​ឯ​សង្ឃ​ដែល​នៅ​ស្រុក​ម៉ាឌាន​នោះ មាន​កូន​ស្រី​ប្រាំពីរ​នាក់ ហើយ​នាង​ទាំង​នោះ​នាំ​គ្នា​មក​ដង​ទឹក ចាក់​បំពេញ​ស្នូក​ឲ្យ​ហ្វូង​សត្វ​របស់​ឪពុក​នាង​ផឹក។ ប៉ុន្តែ មាន​ពួក​គង្វាល​ខ្លះ​ទៀត​មក​ដេញ​ពួក​នាង។ លោក​ម៉ូសេ​ក៏​ក្រោក​ឡើង ជួយ​ពួក​នាង ហើយ​ដង​ទឹក​ឲ្យ​ហ្វូង​សត្វ​របស់​ពួក​នាង​ផឹក។ កាល​នាង​ទាំង​នោះ​ទៅ​ជួប​រេហួល​ជា​ឪពុក លោក​ក៏​សួរ​ថា៖ «ម្តេច​បាន​ជា​កូន​ត្រឡប់​មក​ផ្ទះ​ឆាប់​ម៉្លេះ​ថ្ងៃ​នេះ?» ពួក​នាង​ឆ្លើយ​ថា៖ «មាន​សាសន៍​អេស៊ីព្ទ​ម្នាក់​បាន​ជួ​យ​ពួក​យើង​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ពួក​គង្វាល ហើយ​ក៏​បាន​ដង​ទឹក​ឲ្យ​ហ្វូង​សត្វ​របស់​យើងផឹក​ទៀត​ផង»។ លោក​សួរ​កូន​ថា៖ «តើ​អ្នក​នោះ​នៅ​ឯ​ណា? ហេតុ​អ្វី​បាន​ជា​កូន​មក​ចោល​គាត់​ដូច្នេះ? ចូរ​ហៅ​គាត់​មក ដើម្បី​ឲ្យ​គាត់​បាន​បរិ‌ភោគជា‌មួយ​យើង»។ លោក​ម៉ូសេ​ក៏​ព្រម​នៅ​ជា‌មួយ​លោក​រេហួល ហើយ​លោក​រេហួល​លើក​នាង​សេផូរ៉ា ជា​កូន​ស្រី ឲ្យ​ធ្វើ​ជា​ប្រពន្ធ​របស់​លោក​ម៉ូសេ។ នាង​បង្កើត​បាន​កូន​ប្រុស​មួយ ដែល​លោក​ម៉ូសេ​ឲ្យ​ឈ្មោះ​ថា «គើសម» ដ្បិត​លោក​គិត​ថា «ខ្ញុំ​ជា​អ្នក​ស្នាក់ នៅ​ស្រុក​ដទៃ»។ លុះ​យូរ​ឆ្នាំ​ក្រោយ​មក ស្តេច​ស្រុក​អេស៊ីព្ទ​ក៏​សុគត​ទៅ ហើយ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ដែល​រស់​ក្នុង​ភាព​ជា​ទាសករ បាន​ស្រែក​ថ្ងូរ រួច​អំពាវ‌នាវ​ដល់​ព្រះ ហើយ​សម្រែក​នៃ​ការ​រង​ទុក្ខ​លំបាក​របស់​គេ​ក៏​ឡើង​ទៅ​ដល់​ព្រះ។ ព្រះ‌ទ្រង់​ឮ​ការ​ស្រែក​ថ្ងូរ​របស់​គេ ហើយ​ព្រះ​នឹក​ចាំ​ពី​សេចក្ដី​សញ្ញា​ដែល​ព្រះ‌អង្គ​បាន​តាំង​ជា‌មួយ​លោក​អ័ប្រា‌ហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប។ ព្រះ​ទត​ឃើញ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ហើយ​ព្រះ​ក៏​ជ្រាប​ពី​ទុក្ខ​លំបាក​របស់​គេ។

ចែក​រំលែក
អាន និក្ខមនំ 2

និក្ខមនំ 2:11-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​គ្រា​នោះ លោក​ម៉ូសេ​ពេញ​វ័យ​ហើយ។ លោក​ចេញ​ទៅ​សួរ​សុខ​ទុក្ខ​បងប្អូន​រួម​ជាតិ​របស់​លោក ហើយ​ឃើញ​ពួក​គេ​ធ្វើ​ការ​យ៉ាង​ធ្ងន់‌ធ្ងរ។ លោក​ក៏​ឃើញ​ជន‌ជាតិ​អេស៊ីប​ម្នាក់ កំពុង​តែ​វាយ‌ដំ​ជន‌ជាតិ​ហេប្រឺ​ម្នាក់ ក្នុង​ចំណោម​បងប្អូន​រួម​ជាតិ​របស់​លោក​ដែរ។ លោក​ងាក​មើល​ឆ្វេង​ស្ដាំ ឥត​ឃើញ​មាន​នរណា ក៏​ស្ទុះ​ទៅ​សម្លាប់​ជន‌ជាតិ​អេស៊ីប​នោះ ហើយ​កប់​ចោល​ក្នុង​ខ្សាច់។ នៅ​ថ្ងៃ​បន្ទាប់ លោក​ចេញ​ទៅ​ម្ដង​ទៀត ឃើញ​ជន‌ជាតិ​ហេប្រឺ​ពីរ​នាក់​កំពុង​វាយ​តប់​គ្នា។ លោក​សួរ​អ្នក​មាន​កំហុស​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​វាយ​បងប្អូន​ឯង​ដូច្នេះ?»។ អ្នក​នោះ​ឆ្លើយ​តប​ថា៖ «នរណា​បាន​តែង‌តាំង​អ្នក​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ និង​ជា​ចៅ‌ក្រម​របស់​យើង? តើ​អ្នក​គិត​សម្លាប់​ខ្ញុំ ដូច​សម្លាប់​ជន‌ជាតិ​អេស៊ីប​ម្នាក់​នោះ​ដែរ​ឬ?»។ លោក​ម៉ូសេ​ភិត‌ភ័យ​យ៉ាង​ខ្លាំង ហើយ​នឹក​គិត​ថា៖ «រឿង​នេះ​ប្រាកដ​ជា​គេ​ដឹង​អស់​ហើយ»។ ព្រះចៅ​ផារ៉ោន​ក៏​ជ្រាប​រឿង​នេះ​ដែរ ហើយ​ស្ដេច​រក​មធ្យោ‌បាយ​សម្លាប់​លោក​ម៉ូសេ តែ​លោក​ម៉ូសេ​ដឹង​ខ្លួន​ទាន់ ក៏​រត់​គេច​ពី​ព្រះចៅ​ផារ៉ោន​ទៅ​នៅ​ស្រុក​ម៉ាឌាន ។ លោក​អង្គុយ​នៅ​ក្បែរ​អណ្ដូង​ទឹក។ លោក​បូជា‌ចារ្យ​នៅ​ស្រុក​ម៉ាឌាន​មាន​កូន​ស្រី​ប្រាំ‌ពីរ​នាក់។ នាង​នាំ​គ្នា​មក​ដង​ទឹក​បំពេញ​ស្នូក​ឲ្យ​ហ្វូង​សត្វ​របស់​ឪពុក​នាង​ផឹក។ ប៉ុន្តែ មាន​ពួក​គង្វាល​មក​ដេញ​ពួក​នាង។ ពេល​នោះ លោក​ម៉ូសេ​ក្រោក​ឡើង ជួយ​ពួក​នាង ព្រម​ទាំង​ដង​ទឹក​ឲ្យ​ហ្វូង​សត្វ​របស់​ពួក​នាង​ផឹក​ទៀត​ផង។ នាង​ទាំង​អស់​នាំ​គ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ លោក​រេហួល​ជា​ឪពុក​សួរ​ថា៖ «ថ្ងៃ​នេះ​ហេតុ​អ្វី​បាន​ជា​កូន​ត្រឡប់​មក​ផ្ទះ​ឆាប់​ម៉្លេះ?»។ ពួក​នាង​ឆ្លើយ​ថា៖ «មាន​បុរស​ជន‌ជាតិ​អេស៊ីប​ម្នាក់​បាន​ជួយ​ពួក​យើង ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ពួក​គង្វាល ហើយ​គាត់​បាន​ដង​ទឹក​ឲ្យ​ហ្វូង​សត្វ​របស់​យើង​ផឹក​ទៀត​ផង»។ ឪពុក​សួរ​ទៅ​ពួក​នាង​ទៀត​ថា៖ «បុរស​នោះ​នៅ​ឯ​ណា? ហេតុ​អ្វី​បាន​ជា​កូន​មក​ចោល​គាត់​ដូច្នេះ? ចូរ​ទៅ​អញ្ជើញ​គាត់​មក ដើម្បី​ឲ្យ​គាត់​បរិភោគ​ជា​មួយ​យើង»។ លោក​ម៉ូសេ​យល់​ព្រម​រស់​នៅ​ជា​មួយ​លោក​បូជា‌ចារ្យ។ លោក​បូជា‌ចារ្យ​លើក​នាង​សេផូ‌រ៉ា ជា​កូន​ស្រី ឲ្យ​លោក​ធ្វើ​ជា​ភរិយា។ នាង​បង្កើត​បាន​កូន​ប្រុស​ម្នាក់ ដែល​លោក​ម៉ូសេ​ឲ្យ​ឈ្មោះ​ថា គើ‌សម ដ្បិត​លោក​គិត​ថា ខ្ញុំ​ជា​ជន​បរទេស​ដែល​រស់​នៅ​ក្នុង​ស្រុក​ដទៃ។ ច្រើន​ឆ្នាំ​ក្រោយ​មក ព្រះចៅ​ស្រុក​អេស៊ីប​សោយ​ទិវង្គត។ កូន​ចៅ​អ៊ីស្រា‌អែល​ដែល​រស់​ក្នុង​ភាព​ជា​ទាសករ​នាំ​គ្នា​ស្រែក​ថ្ងូរ ហើយ​អង្វរ​ព្រះ‌ជាម្ចាស់ សម្រែក​របស់​គេ​លាន់​ឮ​ឡើង​ដល់​ព្រះអង្គ។ ព្រះ‌ជាម្ចាស់​ទ្រង់​ព្រះ‌សណ្ដាប់​ឮ​សម្រែក​ថ្ងូរ​របស់​ពួក​គេ។ ព្រះអង្គ​នឹក​ដល់​សម្ពន្ធ‌មេត្រី ដែល​ព្រះអង្គ​ចង​ជា​មួយ​លោក​អប្រាហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប។ ព្រះ‌ជាម្ចាស់​ទត​មើល​កូន​ចៅ​អ៊ីស្រា‌អែល ហើយ​ព្រះអង្គ​យក​ព្រះ‌ហឫទ័យ​ទុក​ដាក់​នឹង​ពួក​គេ។

ចែក​រំលែក
អាន និក្ខមនំ 2

និក្ខមនំ 2:11-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ក្នុង​គ្រា​នោះ កាល​ម៉ូសេ​បាន​ពេញ​ក្តី​ជា​មនុស្ស​ហើយ នោះ​លោក​ចេញ​ទៅ​ឯ​ពួក​ញាតិ‌សន្តាន​ខ្លួន ក៏​បាន​ឃើញ​ការ​ទុក្ខ​លំបាក​របស់​គេ ហើយ​ឃើញ​សាសន៍​អេស៊ីព្ទ​ម្នាក់ កំពុង​តែ​វាយ​សាសន៍​ហេព្រើរ​ម្នាក់ ដែល​ជា​សាច់‌ញាតិ នោះ​លោក​ក្រឡេក​មើល​ណេះ មើល​ណោះ​ឃើញ​ថា គ្មាន​អ្នក​ណា​សោះ ក៏​សំឡាប់​សាសន៍​អេស៊ីព្ទ​នោះ កប់​ក្នុង​ខ្សាច់​ចោល​ទៅ ដល់​ថ្ងៃ​ក្រោយ​ទៀត លោក​ចេញ​ទៅ​ឃើញ​សាសន៍​ហេព្រើរ​២​នាក់​កំពុង​តែ​ឈ្លោះ​គ្នា ក៏​និយាយ​នឹង​អ្នក​ដែល​ធ្វើ​ខុស​ថា ហេតុ​អ្វី​បាន​ជា​អ្នក​វាយ​គូ‌កន​ដូច្នេះ អ្នក​នោះ​ឆ្លើយ​តប​ថា តើ​អ្នក​ណា​បាន​តាំង​ឯង​ឲ្យ​ធ្វើ​ជា​ចៅហ្វាយ ហើយ​ជា​ចៅ‌ក្រម​លើ​យើង​រាល់​គ្នា តើ​គិត​សំឡាប់​អញ​ដូច​ជា​បាន​សំឡាប់​សាសន៍​អេស៊ីព្ទ​ម្នាក់​នោះ​ទៀត​ឬ​អី នោះ​ម៉ូសេ​មាន​សេចក្ដី​ភិត‌ភ័យ​ណាស់ ដោយ​គិត​ថា ការ​នោះ​ប្រាកដ​ជា​គេ​ដឹង​ហើយ រីឯ​ផារ៉ោន កាល​ទ្រង់​បាន​ឮ នោះ​ទ្រង់​ក៏​រក​សំឡាប់​ម៉ូសេ តែ​លោក​រត់​ពី​ចំពោះ​ទ្រង់​ចេញ​ទៅ​ឯ​ស្រុក​ម៉ាឌាន ហើយ​ក៏​ឈប់​អង្គុយ​នៅ​ជិត​អណ្តូង​ទឹក​១។ រីឯ​សង្ឃ​នៅ​ស្រុក​ម៉ាឌាន​នោះ លោក​មាន​កូន​ស្រី​៧​នាក់ នាង​ទាំង​នោះ​មក​ដង​ទឹក​ទៅ​ចាក់​បំពេញ​ស្នូក​ឲ្យ​ហ្វូង​សត្វ​របស់​ឪពុក​ផឹក តែ​ពួក​គង្វាល​ចៀម​គេ​មក​បណ្តេញ​នាង​ទាំង​នោះ​វិញ នោះ​ម៉ូសេ​ក៏​ក្រោក​ឡើង​ជួយ​រាំងរា​នាង រួច​យក​ទឹក​ទៅ​ឲ្យ​ហ្វូង​សត្វ​ផឹក លុះ​កាល​នាង​ទាំង​នោះ​ទៅ​ដល់​រេហួល​ជា​ឪពុក​ខ្លួន នោះ​លោក​សួរ​ថា ថ្ងៃ​នេះ​ដូច​ម្តេច​បាន​ជា​ឯង​រាល់​គ្នា​ត្រឡប់​មក​ជា​ឆាប់​ម៉្លេះ នាង​ទាំង​នោះ​ឆ្លើយ​ឡើង​ថា មាន​សាសន៍​អេស៊ីព្ទ​ម្នាក់​បាន​ជួយ ឲ្យ​យើង​ខ្ញុំ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​អ្នក​គង្វាល ហើយ​ក៏​ដង​ទឹក​ឲ្យ​យើង​ខ្ញុំ​សំរាប់​ហ្វូង​សត្វ​ដែរ លោក​ក៏​សួរ​កូន​ថា អ្នក​នោះ​តើ​នៅ​ឯ​ណា ហេតុ​អ្វី​បាន​ជា​ឯង​រាល់​គ្នា​មក​ចោល​គេ​ដូច្នេះ ចូរ​ហៅ​គេ​មក​បរិភោគ​សិន ឯ​ម៉ូសេ លោក​ក៏​សុខ​ចិត្ត​ព្រម​នៅ​ជា​មួយ​នឹង​រេហួល ហើយ​រេហួល​ឲ្យ​កូន​ស្រី​ម្នាក់ ឈ្មោះ​សេផូរ៉ា ទៅ​ធ្វើ​ជា​ប្រពន្ធ នាង​បង្កើត​បាន​កូន​ប្រុស​១ ដែល​ម៉ូសេ​ឲ្យ​ឈ្មោះ​ថា គើសំម ដោយ​គិត​ថា អញ​ជា​អ្នក​ស្នាក់​នៅ​ស្រុក​ដទៃ។ លុះ​យូរ​បន្តិច​ទៅ​ស្តេច​ស្រុក​អេស៊ីព្ទ​ទ្រង់​សុគត​ទៅ នោះ​ពួក​កូន​ចៅ​អ៊ីស្រាអែល​គេ​ថ្ងូរ​ឡើង ដោយ​ព្រោះ​ការ​ទុក្ខ​លំបាក ហើយ​ក៏​អំពាវ‌នាវ​ដល់​ព្រះ ដោយ​ព្រោះ​ការ​ទុក្ខ​លំបាក​របស់​ខ្លួន នោះ​ទ្រង់​ក៏​ឮ ទ្រង់​ឮ​ដំងូរ​របស់​គេ ហើយ​ក៏​នឹក​ចាំ​ពី​សេចក្ដី​សញ្ញា​ដែល​ទ្រង់​បាន​តាំង​នឹង​អ័ប្រា‌ហាំ នឹង​អ៊ីសាក ហើយ​នឹង​យ៉ាកុប ព្រះ‌ទ្រង់​ឃើញ​ពួក​កូន​ចៅ​អ៊ីស្រាអែល ហើយ​ក៏​ជ្រាប​ដល់​សេចក្ដី​ទុក្ខ​របស់​គេ។

ចែក​រំលែក
អាន និក្ខមនំ 2