ក្នុងគ្រានោះ កាលម៉ូសេបានពេញក្តីជាមនុស្សហើយ នោះលោកចេញទៅឯពួកញាតិសន្តានខ្លួន ក៏បានឃើញការទុក្ខលំបាករបស់គេ ហើយឃើញសាសន៍អេស៊ីព្ទម្នាក់ កំពុងតែវាយសាសន៍ហេព្រើរម្នាក់ ដែលជាសាច់ញាតិ នោះលោកក្រឡេកមើលណេះ មើលណោះឃើញថា គ្មានអ្នកណាសោះ ក៏សំឡាប់សាសន៍អេស៊ីព្ទនោះ កប់ក្នុងខ្សាច់ចោលទៅ ដល់ថ្ងៃក្រោយទៀត លោកចេញទៅឃើញសាសន៍ហេព្រើរ២នាក់កំពុងតែឈ្លោះគ្នា ក៏និយាយនឹងអ្នកដែលធ្វើខុសថា ហេតុអ្វីបានជាអ្នកវាយគូកនដូច្នេះ អ្នកនោះឆ្លើយតបថា តើអ្នកណាបានតាំងឯងឲ្យធ្វើជាចៅហ្វាយ ហើយជាចៅក្រមលើយើងរាល់គ្នា តើគិតសំឡាប់អញដូចជាបានសំឡាប់សាសន៍អេស៊ីព្ទម្នាក់នោះទៀតឬអី នោះម៉ូសេមានសេចក្ដីភិតភ័យណាស់ ដោយគិតថា ការនោះប្រាកដជាគេដឹងហើយ រីឯផារ៉ោន កាលទ្រង់បានឮ នោះទ្រង់ក៏រកសំឡាប់ម៉ូសេ តែលោករត់ពីចំពោះទ្រង់ចេញទៅឯស្រុកម៉ាឌាន ហើយក៏ឈប់អង្គុយនៅជិតអណ្តូងទឹក១។ រីឯសង្ឃនៅស្រុកម៉ាឌាននោះ លោកមានកូនស្រី៧នាក់ នាងទាំងនោះមកដងទឹកទៅចាក់បំពេញស្នូកឲ្យហ្វូងសត្វរបស់ឪពុកផឹក តែពួកគង្វាលចៀមគេមកបណ្តេញនាងទាំងនោះវិញ នោះម៉ូសេក៏ក្រោកឡើងជួយរាំងរានាង រួចយកទឹកទៅឲ្យហ្វូងសត្វផឹក លុះកាលនាងទាំងនោះទៅដល់រេហួលជាឪពុកខ្លួន នោះលោកសួរថា ថ្ងៃនេះដូចម្តេចបានជាឯងរាល់គ្នាត្រឡប់មកជាឆាប់ម៉្លេះ នាងទាំងនោះឆ្លើយឡើងថា មានសាសន៍អេស៊ីព្ទម្នាក់បានជួយ ឲ្យយើងខ្ញុំរួចពីកណ្តាប់ដៃនៃពួកអ្នកគង្វាល ហើយក៏ដងទឹកឲ្យយើងខ្ញុំសំរាប់ហ្វូងសត្វដែរ លោកក៏សួរកូនថា អ្នកនោះតើនៅឯណា ហេតុអ្វីបានជាឯងរាល់គ្នាមកចោលគេដូច្នេះ ចូរហៅគេមកបរិភោគសិន ឯម៉ូសេ លោកក៏សុខចិត្តព្រមនៅជាមួយនឹងរេហួល ហើយរេហួលឲ្យកូនស្រីម្នាក់ ឈ្មោះសេផូរ៉ា ទៅធ្វើជាប្រពន្ធ នាងបង្កើតបានកូនប្រុស១ ដែលម៉ូសេឲ្យឈ្មោះថា គើសំម ដោយគិតថា អញជាអ្នកស្នាក់នៅស្រុកដទៃ។ លុះយូរបន្តិចទៅស្តេចស្រុកអេស៊ីព្ទទ្រង់សុគតទៅ នោះពួកកូនចៅអ៊ីស្រាអែលគេថ្ងូរឡើង ដោយព្រោះការទុក្ខលំបាក ហើយក៏អំពាវនាវដល់ព្រះ ដោយព្រោះការទុក្ខលំបាករបស់ខ្លួន នោះទ្រង់ក៏ឮ ទ្រង់ឮដំងូររបស់គេ ហើយក៏នឹកចាំពីសេចក្ដីសញ្ញាដែលទ្រង់បានតាំងនឹងអ័ប្រាហាំ នឹងអ៊ីសាក ហើយនឹងយ៉ាកុប ព្រះទ្រង់ឃើញពួកកូនចៅអ៊ីស្រាអែល ហើយក៏ជ្រាបដល់សេចក្ដីទុក្ខរបស់គេ។
អាន និក្ខមនំ 2
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: និក្ខមនំ 2:11-25
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ