នៅគ្រានោះ លោកម៉ូសេពេញវ័យហើយ។ លោកចេញទៅសួរសុខទុក្ខបងប្អូនរួមជាតិរបស់លោក ហើយឃើញពួកគេធ្វើការយ៉ាងធ្ងន់ធ្ងរ។ លោកក៏ឃើញជនជាតិអេស៊ីបម្នាក់ កំពុងតែវាយដំជនជាតិហេប្រឺម្នាក់ ក្នុងចំណោមបងប្អូនរួមជាតិរបស់លោកដែរ។ លោកងាកមើលឆ្វេងស្ដាំ ឥតឃើញមាននរណា ក៏ស្ទុះទៅសម្លាប់ជនជាតិអេស៊ីបនោះ ហើយកប់ចោលក្នុងខ្សាច់។ នៅថ្ងៃបន្ទាប់ លោកចេញទៅម្ដងទៀត ឃើញជនជាតិហេប្រឺពីរនាក់កំពុងវាយតប់គ្នា។ លោកសួរអ្នកមានកំហុសថា៖ «ហេតុអ្វីបានជាអ្នកវាយបងប្អូនឯងដូច្នេះ?»។ អ្នកនោះឆ្លើយតបថា៖ «នរណាបានតែងតាំងអ្នកឲ្យធ្វើជាមេដឹកនាំ និងជាចៅក្រមរបស់យើង? តើអ្នកគិតសម្លាប់ខ្ញុំ ដូចសម្លាប់ជនជាតិអេស៊ីបម្នាក់នោះដែរឬ?»។ លោកម៉ូសេភិតភ័យយ៉ាងខ្លាំង ហើយនឹកគិតថា៖ «រឿងនេះប្រាកដជាគេដឹងអស់ហើយ»។ ព្រះចៅផារ៉ោនក៏ជ្រាបរឿងនេះដែរ ហើយស្ដេចរកមធ្យោបាយសម្លាប់លោកម៉ូសេ តែលោកម៉ូសេដឹងខ្លួនទាន់ ក៏រត់គេចពីព្រះចៅផារ៉ោនទៅនៅស្រុកម៉ាឌាន ។ លោកអង្គុយនៅក្បែរអណ្ដូងទឹក។ លោកបូជាចារ្យនៅស្រុកម៉ាឌានមានកូនស្រីប្រាំពីរនាក់។ នាងនាំគ្នាមកដងទឹកបំពេញស្នូកឲ្យហ្វូងសត្វរបស់ឪពុកនាងផឹក។ ប៉ុន្តែ មានពួកគង្វាលមកដេញពួកនាង។ ពេលនោះ លោកម៉ូសេក្រោកឡើង ជួយពួកនាង ព្រមទាំងដងទឹកឲ្យហ្វូងសត្វរបស់ពួកនាងផឹកទៀតផង។ នាងទាំងអស់នាំគ្នាត្រឡប់ទៅផ្ទះវិញ លោករេហួលជាឪពុកសួរថា៖ «ថ្ងៃនេះហេតុអ្វីបានជាកូនត្រឡប់មកផ្ទះឆាប់ម៉្លេះ?»។ ពួកនាងឆ្លើយថា៖ «មានបុរសជនជាតិអេស៊ីបម្នាក់បានជួយពួកយើង ឲ្យរួចពីកណ្ដាប់ដៃរបស់ពួកគង្វាល ហើយគាត់បានដងទឹកឲ្យហ្វូងសត្វរបស់យើងផឹកទៀតផង»។ ឪពុកសួរទៅពួកនាងទៀតថា៖ «បុរសនោះនៅឯណា? ហេតុអ្វីបានជាកូនមកចោលគាត់ដូច្នេះ? ចូរទៅអញ្ជើញគាត់មក ដើម្បីឲ្យគាត់បរិភោគជាមួយយើង»។ លោកម៉ូសេយល់ព្រមរស់នៅជាមួយលោកបូជាចារ្យ។ លោកបូជាចារ្យលើកនាងសេផូរ៉ា ជាកូនស្រី ឲ្យលោកធ្វើជាភរិយា។ នាងបង្កើតបានកូនប្រុសម្នាក់ ដែលលោកម៉ូសេឲ្យឈ្មោះថា គើសម ដ្បិតលោកគិតថា ខ្ញុំជាជនបរទេសដែលរស់នៅក្នុងស្រុកដទៃ។ ច្រើនឆ្នាំក្រោយមក ព្រះចៅស្រុកអេស៊ីបសោយទិវង្គត។ កូនចៅអ៊ីស្រាអែលដែលរស់ក្នុងភាពជាទាសករនាំគ្នាស្រែកថ្ងូរ ហើយអង្វរព្រះជាម្ចាស់ សម្រែករបស់គេលាន់ឮឡើងដល់ព្រះអង្គ។ ព្រះជាម្ចាស់ទ្រង់ព្រះសណ្ដាប់ឮសម្រែកថ្ងូររបស់ពួកគេ។ ព្រះអង្គនឹកដល់សម្ពន្ធមេត្រី ដែលព្រះអង្គចងជាមួយលោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប។ ព្រះជាម្ចាស់ទតមើលកូនចៅអ៊ីស្រាអែល ហើយព្រះអង្គយកព្រះហឫទ័យទុកដាក់នឹងពួកគេ។
អាន និក្ខមនំ 2
ស្ដាប់នូវ និក្ខមនំ 2
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: និក្ខមនំ 2:11-25
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ