និក្ខមនំ 2:11-25

និក្ខមនំ 2:11-25 គកស១៦

នៅ​ថ្ងៃ​មួយ កាល​លោក​ម៉ូសេ​ពេញ​វ័យ​ហើយ លោក​ចេញ​ទៅ​សួរ​សុខ​ទុក្ខ​ជន​រួម​ជាតិ​របស់​លោក ហើយ​ឃើញ​ពួក‌គេ​ធ្វើ​ការ​យ៉ាង​ធ្ងន់ធ្ងរ។ លោក​ឃើញ​សាសន៍​អេស៊ីព្ទ​ម្នាក់​កំពុង​តែ​វាយដំ​សាសន៍​ហេព្រើរ​ម្នាក់ ដែល​ជា​សាច់‌ញាតិ​របស់​លោក។ លោក​ក្រឡេក​មើល​ឆ្វេង​មើល​ស្តាំ មិន​ឃើញ​មាន​អ្នក​ណា ក៏​សម្លាប់​សាសន៍​អេស៊ីព្ទ​នោះ ហើយ​កប់​ចោល​ក្នុង​ខ្សាច់។ នៅ​ថ្ងៃ​បន្ទាប់ កាល​លោក​ចេញ​ទៅ ឃើញ​សាសន៍​ហេព្រើរ​ពីរ​នាក់​កំពុង​តែ​ឈ្លោះ​គ្នា ក៏​និយាយ​ទៅ​អ្នក​ដែល​ធ្វើ​ខុស​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​វាយ​គូ‌កន​របស់​ខ្លួន​ដូច្នេះ?» អ្នក​នោះ​ឆ្លើយ​តប​ថា៖ «តើ​អ្នក​ណា​បាន​តែង​តាំង​អ្នក​ឲ្យ​ធ្វើ​ជា​មេ និង​ជា​ចៅ‌ក្រម​លើ​យើង? តើ​អ្នក​ចង់​សម្លាប់​ខ្ញុំ ដូច​ជា​អ្នក​បាន​សម្លាប់​សាសន៍​អេស៊ីព្ទ​ម្នាក់​នោះ​ឬ?» ពេល​នោះ លោក​ម៉ូសេ​ភិត‌ភ័យ​ណាស់ ហើយ​គិត​ថា៖ «រឿង​នេះ​ប្រាកដ​ជា​គេ​ដឹង​ហើយ»។ កាល​ផារ៉ោន​បាន​ឮ​រឿង​នេះ ស្ដេច​ក៏​រក​មធ្យោ‌បាយ​សម្លាប់​លោក​ម៉ូសេ តែ​លោក​ម៉ូសេ​រត់​គេច​ពី​ផារ៉ោន​ទៅ​នៅ​ស្រុក​ម៉ាឌាន ហើយ​លោក​អង្គុយ​នៅ​ក្បែរ​អណ្តូង​ទឹក​មួយ។ រី​ឯ​សង្ឃ​ដែល​នៅ​ស្រុក​ម៉ាឌាន​នោះ មាន​កូន​ស្រី​ប្រាំពីរ​នាក់ ហើយ​នាង​ទាំង​នោះ​នាំ​គ្នា​មក​ដង​ទឹក ចាក់​បំពេញ​ស្នូក​ឲ្យ​ហ្វូង​សត្វ​របស់​ឪពុក​នាង​ផឹក។ ប៉ុន្តែ មាន​ពួក​គង្វាល​ខ្លះ​ទៀត​មក​ដេញ​ពួក​នាង។ លោក​ម៉ូសេ​ក៏​ក្រោក​ឡើង ជួយ​ពួក​នាង ហើយ​ដង​ទឹក​ឲ្យ​ហ្វូង​សត្វ​របស់​ពួក​នាង​ផឹក។ កាល​នាង​ទាំង​នោះ​ទៅ​ជួប​រេហួល​ជា​ឪពុក លោក​ក៏​សួរ​ថា៖ «ម្តេច​បាន​ជា​កូន​ត្រឡប់​មក​ផ្ទះ​ឆាប់​ម៉្លេះ​ថ្ងៃ​នេះ?» ពួក​នាង​ឆ្លើយ​ថា៖ «មាន​សាសន៍​អេស៊ីព្ទ​ម្នាក់​បាន​ជួ​យ​ពួក​យើង​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ពួក​គង្វាល ហើយ​ក៏​បាន​ដង​ទឹក​ឲ្យ​ហ្វូង​សត្វ​របស់​យើងផឹក​ទៀត​ផង»។ លោក​សួរ​កូន​ថា៖ «តើ​អ្នក​នោះ​នៅ​ឯ​ណា? ហេតុ​អ្វី​បាន​ជា​កូន​មក​ចោល​គាត់​ដូច្នេះ? ចូរ​ហៅ​គាត់​មក ដើម្បី​ឲ្យ​គាត់​បាន​បរិ‌ភោគជា‌មួយ​យើង»។ លោក​ម៉ូសេ​ក៏​ព្រម​នៅ​ជា‌មួយ​លោក​រេហួល ហើយ​លោក​រេហួល​លើក​នាង​សេផូរ៉ា ជា​កូន​ស្រី ឲ្យ​ធ្វើ​ជា​ប្រពន្ធ​របស់​លោក​ម៉ូសេ។ នាង​បង្កើត​បាន​កូន​ប្រុស​មួយ ដែល​លោក​ម៉ូសេ​ឲ្យ​ឈ្មោះ​ថា «គើសម» ដ្បិត​លោក​គិត​ថា «ខ្ញុំ​ជា​អ្នក​ស្នាក់ នៅ​ស្រុក​ដទៃ»។ លុះ​យូរ​ឆ្នាំ​ក្រោយ​មក ស្តេច​ស្រុក​អេស៊ីព្ទ​ក៏​សុគត​ទៅ ហើយ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ដែល​រស់​ក្នុង​ភាព​ជា​ទាសករ បាន​ស្រែក​ថ្ងូរ រួច​អំពាវ‌នាវ​ដល់​ព្រះ ហើយ​សម្រែក​នៃ​ការ​រង​ទុក្ខ​លំបាក​របស់​គេ​ក៏​ឡើង​ទៅ​ដល់​ព្រះ។ ព្រះ‌ទ្រង់​ឮ​ការ​ស្រែក​ថ្ងូរ​របស់​គេ ហើយ​ព្រះ​នឹក​ចាំ​ពី​សេចក្ដី​សញ្ញា​ដែល​ព្រះ‌អង្គ​បាន​តាំង​ជា‌មួយ​លោក​អ័ប្រា‌ហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប។ ព្រះ​ទត​ឃើញ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ហើយ​ព្រះ​ក៏​ជ្រាប​ពី​ទុក្ខ​លំបាក​របស់​គេ។

អាន និក្ខមនំ 2