សាស្ដា 5:1-7

សាស្ដា 5:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ចូរ​រក្សា​ជើង​របស់​អ្នក ពេល​អ្នក​ចូល​ទៅ​ក្នុង​ដំណាក់​របស់​ព្រះ ដ្បិត​ដែល​ចូល​ទៅ​ជិត​ដើម្បី​ស្តាប់ វិសេស​ជាង​ថ្វាយ​យញ្ញ‌បូជា​របស់​មនុស្ស​ល្ងី‌ល្ងើ ព្រោះ​គេ​មិន​ដឹង​ថា​គេប្រព្រឹត្ត​អំពើ​អាក្រក់​ទេ។ កុំ​ឲ្យ​ចិត្ត​ឯង​រហ័ស​ពេក ក៏​កុំ​ឲ្យ​មាត់​ឯង​ពោល​ឥត​បើ​គិត​នៅ​ចំពោះ​ព្រះ​ឡើយ ដ្បិត​ព្រះ​គង់​នៅ​ឯ​ស្ថាន​សួគ៌ ហើយ​ឯង​នៅ​ផែនដី​ទេ ដូច្នេះ អ្នក​ត្រូវ​មាន​សម្ដី​តិច​វិញ។ ដ្បិត​ការ​ដែល​យល់​សប្តិ នោះ​កើត​មក​ដោយ​មាន​រវល់​ជា​ច្រើន ហើយ​សំឡេង​របស់​មនុស្ស​ល្ងី‌ល្ងើ ក៏​ឮ​ដោយ​មាន​ពាក្យ​សម្ដី​ច្រើន​ដែរ កាល​ណា​ឯង​បន់​ព្រះ កុំ​បង្អង់​លា​បំណន់​នោះ​ឡើយ ព្រោះ​ព្រះ‌អង្គ​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​មនុស្ស​ល្ងី‌ល្ងើ​ទេ ចូរ​សង​តាម​ដែល​ឯង​បាន​បន់​ចុះ។ ស៊ូ​កុំ​ឲ្យ​ឯង​បាន​បន់ ជា​ជាង​បន់​ហើយ តែ​មិន​លា​បំណន់​នោះ​វិញ។ កុំ​បើក​មាត់​ឯង​បណ្ដាល​ឲ្យ​រូប​សាច់​ឯង​ធ្វើ​បាប​ឡើយ ក៏​កុំ​ឲ្យ​ពោល​នៅ​មុខ​ទេវតា​ថា នេះ​ជា​ការ​ច្រឡំ​ទេ តើ​ចង់​ឲ្យ​ព្រះ​មាន​សេចក្ដី​ក្រោធ ដោយ​សំឡេង​ឯង ហើយ​បំផ្លាញ​ការ​នៃ​ដៃ​ឯង​ធ្វើ​ឬ? ដ្បិត​កាល​ណា​មាន​យល់​សប្តិ​ច្រើន ហើយ​ពាក្យ​សម្ដី​ចេះ​តែ​មាន​ច្រើន នោះ​ជា​ការ​ឥត​ប្រយោជន៍ តែ​ត្រូ​វ​ឲ្យ​កោត​ខ្លាច​ព្រះ​វិញ។

ចែក​រំលែក
អាន សាស្ដា 5

សាស្ដា 5:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​ណា​អ្នក​ទៅ​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ ត្រូវ​ពិចារណា​ឲ្យ​បាន​ល្អិត‌ល្អន់។ ត្រូវ​ចូល​ទៅ​ជិត​ព្រះអង្គ ដើម្បី​ត្រង‌ត្រាប់​ស្ដាប់ ជា​ជាង​ចង់​ថ្វាយ​យញ្ញ‌បូជា​ដូច​មនុស្ស​លេលា ដ្បិត​អ្នក​ទាំង​នោះ​ពុំ​ដឹង​ថា​ខ្លួន​ប្រព្រឹត្ត​អំពើ​អាក្រក់​ទេ។ កុំ​ឆាប់​បើក​មាត់​និយាយ​ពេក ហើយ​ក៏​មិន​ត្រូវ​ប្រញាប់​ពោល​ពាក្យ​សន្យា​នឹង​ព្រះ‌ជាម្ចាស់​លឿន​ពេក​ដែរ ដ្បិត​ព្រះ‌ជាម្ចាស់​គង់​នៅ​ស្ថាន​បរម‌សុខ រីឯ​អ្នក​វិញ អ្នក​ស្ថិត​នៅ​លើ​ផែនដី។ ដូច្នេះ ត្រូវ​ចេះ​ប្រមាណ​ពាក្យ​សម្ដី​របស់​ខ្លួន។ ការ​ខ្វល់​ខ្វាយ​ច្រើន​បណ្ដាល​ឲ្យ​យល់​សប្ដិ​ច្រើន ហើយ​ការ​និយាយ​ច្រើន​ក៏​បណ្ដាល​ឲ្យ​ខុស​ច្រើន​ដែរ។ ពេល​ណា​អ្នក​បន់​ព្រះ‌ជាម្ចាស់​អំពី​រឿង​អ្វី​មួយ ត្រូវ​សម្រេច​តាម​ពាក្យ​ដែល​អ្នក​បន់​ឲ្យ​បាន​រួស‌រាន់ ដ្បិត​ព្រះអង្គ​មិន​អធ្យាស្រ័យ​ឲ្យ​មនុស្ស​លេលា​ឡើយ។ ត្រូវ​ធ្វើ​តាម​ពាក្យ​ដែល​អ្នក​បាន​បន់។ បើ​អ្នក​មិន​បន់ នោះ​ប្រសើរ​ជាង​បន់ តែ​មិន​ធ្វើ​តាម​ពាក្យ​ដែល​ខ្លួន​បាន​បន់។ កុំ​បណ្តោយ​ឲ្យ​មាត់​របស់​អ្នក នាំ​ខ្លួន​អ្នក​ទាំង​មូល​ឲ្យ​មាន​ទោស ហើយ​ដោះ‌សា​ជា​មួយ​បូជា‌ចារ្យ*​ថា​អ្នក​បាន​បន់​ដោយ​ច្រឡំ​ឡើយ។ ធ្វើ​ដូច្នេះ ព្រះ‌ជាម្ចាស់​ទ្រង់​ព្រះ‌ពិរោធ ព្រោះ​តែ​ពាក្យ​សម្ដី​របស់​អ្នក ហើយ​ព្រះអង្គ​រំលាយ​កិច្ចការ​ដែល​អ្នក​បាន​ធ្វើ។ ការ​យល់‌សប្ដិ​ច្រើន​សុទ្ធ​តែ​ឥត​បាន​ការ​យ៉ាង​ណា ពោល​ពាក្យ​សម្ដី​ច្រើន​ក៏​ឥត​បាន​ការ​យ៉ាង​នោះ​ដែរ។ ហេតុ​នេះ ចូរ​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់។

ចែក​រំលែក
អាន សាស្ដា 5

សាស្ដា 5:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ចូរ​រក្សា​ជើង​ឯង ក្នុង​កាល​ដែល​ចូល​ទៅ​ក្នុង​ដំណាក់​នៃ​ព្រះ ដ្បិត​ដែល​ចូល​ទៅ​ជិត​ដើម្បី​ស្តាប់ នោះ​វិសេស​ជាង​ថ្វាយ​យញ្ញ‌បូជា​របស់​មនុស្ស​ល្ងី‌ល្ងើ ពី​ព្រោះ​គេ​មិន​ដឹង​ជា​គេ​ធ្វើ​អាក្រក់​ទេ។ កុំ​ឲ្យ​ចិត្ត​ឯង​រហ័ស​ពេក ក៏​កុំ​ឲ្យ​មាត់​ឯង​ពោល​ឥត​បើ​គិត​នៅ​ចំពោះ​ព្រះ​ឡើយ ដ្បិត​ព្រះ‌ទ្រង់​គង់​នៅ​ឯ​ស្ថាន​សួគ៌ ហើយ​ឯង​នៅ​ផែនដី​ទេ ដូច្នេះ ត្រូវ​ឲ្យ​ឯង​មាន​សំដី​តិច​វិញ ដ្បិត​ការ​ដែល​យល់​សប្តិ នោះ​កើត​មក​ដោយ​មាន​រវល់​ជា​ច្រើន ហើយ​សំឡេង​របស់​មនុស្ស​ល្ងី‌ល្ងើ ក៏​ឮ​ដោយ​មាន​ពាក្យ​សំដី​ច្រើន​ដែរ កាល​ណា​ឯង​បន់​ព្រះ នោះ​កុំ​ឲ្យ​បង្អង់​នឹង​លា​បំណន់​នោះ​ឡើយ ពី​ព្រោះ​ទ្រង់​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​មនុស្ស​ល្ងី‌ល្ងើ​ទេ ចូរ​សង​តាម​ដែល​ឯង​បាន​បន់​ចុះ ស៊ូ​កុំ​ឲ្យ​ឯង​បាន​បន់ ជា​ជាង​បន់​ហើយ តែ​មិន​លា​បំណន់​នោះ​វិញ កុំ​បើក​ឲ្យ​មាត់​ឯង​បណ្តាល​ឲ្យ​រូប​សាច់​ឯង​ធ្វើ​បាប​ឡើយ ក៏​កុំ​ឲ្យ​ពោល​នៅ​មុខ​ទេវតា​ថា នេះ​ជា​ការ​ច្រឡំ​ទេ តើ​ចង់​ឲ្យ​ព្រះ​មាន​សេចក្ដី​ខ្ញាល់ ដោយ​សំឡេង​ឯង ហើយ​បំផ្លាញ​ការ​នៃ​ដៃ​ឯង​ធ្វើ​អី ដ្បិត​ក្នុង​ការ​យល់​សប្តិ​ច្រើន ហើយ​ក្នុង​ពាក្យ​ពោល​ជា​ច្រើន នោះ​តែង​មាន​សេចក្ដី​ឥត​ប្រយោជន៍ គួរ​ឲ្យ​កោត‌ខ្លាច​ដល់​ព្រះ​វិញ។

ចែក​រំលែក
អាន សាស្ដា 5