សាស្តា 5

5
1ចូរ​រក្សា​ជើង​ឯង ក្នុង​កាល​ដែល​ចូល​ទៅ​ក្នុង​ដំណាក់​នៃ​ព្រះ ដ្បិត​ដែល​ចូល​ទៅ​ជិត​ដើម្បី​ស្តាប់ នោះ​វិសេស​ជាង​ថ្វាយ​យញ្ញ‌បូជា​របស់​មនុស្ស​ល្ងី‌ល្ងើ ពី​ព្រោះ​គេ​មិន​ដឹង​ជា​គេ​ធ្វើ​អាក្រក់​ទេ។
2កុំ​ឲ្យ​ចិត្ត​ឯង​រហ័ស​ពេក ក៏​កុំ​ឲ្យ​មាត់​ឯង​ពោល​ឥត​បើ​គិត​នៅ​ចំពោះ​ព្រះ​ឡើយ ដ្បិត​ព្រះ‌ទ្រង់​គង់​នៅ​ឯ​ស្ថាន​សួគ៌ ហើយ​ឯង​នៅ​ផែនដី​ទេ ដូច្នេះ ត្រូវ​ឲ្យ​ឯង​មាន​សំដី​តិច​វិញ 3ដ្បិត​ការ​ដែល​យល់​សប្តិ នោះ​កើត​មក​ដោយ​មាន​រវល់​ជា​ច្រើន ហើយ​សំឡេង​របស់​មនុស្ស​ល្ងី‌ល្ងើ ក៏​ឮ​ដោយ​មាន​ពាក្យ​សំដី​ច្រើន​ដែរ 4កាល​ណា​ឯង​បន់​ព្រះ នោះ​កុំ​ឲ្យ​បង្អង់​នឹង​លា​បំណន់​នោះ​ឡើយ ពី​ព្រោះ​ទ្រង់​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​មនុស្ស​ល្ងី‌ល្ងើ​ទេ ចូរ​សង​តាម​ដែល​ឯង​បាន​បន់​ចុះ 5ស៊ូ​កុំ​ឲ្យ​ឯង​បាន​បន់ ជា​ជាង​បន់​ហើយ តែ​មិន​លា​បំណន់​នោះ​វិញ 6កុំ​បើក​ឲ្យ​មាត់​ឯង​បណ្តាល​ឲ្យ​រូប​សាច់​ឯង​ធ្វើ​បាប​ឡើយ ក៏​កុំ​ឲ្យ​ពោល​នៅ​មុខ​ទេវតា​ថា នេះ​ជា​ការ​ច្រឡំ​ទេ តើ​ចង់​ឲ្យ​ព្រះ​មាន​សេចក្ដី​ខ្ញាល់ ដោយ​សំឡេង​ឯង ហើយ​បំផ្លាញ​ការ​នៃ​ដៃ​ឯង​ធ្វើ​អី 7ដ្បិត​ក្នុង​ការ​យល់​សប្តិ​ច្រើន ហើយ​ក្នុង​ពាក្យ​ពោល​ជា​ច្រើន នោះ​តែង​មាន​សេចក្ដី​ឥត​ប្រយោជន៍ គួរ​ឲ្យ​កោត‌ខ្លាច​ដល់​ព្រះ​វិញ។
8បើ‌សិន​ជា​ឯង​ឃើញ​គេ​សង្កត់‌សង្កិន​មនុស្ស​ទាល់​ក្រ ឬ​ពួក​ច្រឡោត​កំពុង​តែ​បង្វែរ​សេចក្ដី​យុត្តិ‌ធម៌ នឹង​សេចក្ដី​សុចរិត​នៅ​ក្នុង​ស្រុក​ណា នោះ​កុំ​ឲ្យ​ឆ្ងល់​ពី​ការ​នោះ​ឡើយ ដ្បិត​មាន​អ្នក​មួយ​ដែល​ខ្ពស់​ជាង គេ​ត្រួត​មើល​អ្នក​ធំ​នោះ ហើយ​ក៏​មាន​ដែល​ខ្ពស់​ជាង​គេ​ទៅ​ទៀត​ផង 9១​ទៀត​ផល​កើត​ពី​ដី នោះ​សំរាប់​គ្រប់​គ្នា ទោះ​ទាំង​ស្តេច​ក៏​បាន​ស្បៀង​អាហារ​ពី​ចំការ​មក​ដែរ។
10អ្នក​ណា​ដែល​ស្រឡាញ់​ប្រាក់ នោះ​នឹង​មិន​ស្កប់​ចិត្ត​ដោយ​ប្រាក់​ប៉ុណ្ណោះ​ទេ ឬ​អ្នក​ណា​ដែល​ចូល​ចិត្ត​នឹង​ទ្រព្យ​ដ៏​បរិបូរ នោះ​ក៏​មិន​ស្កប់​ចិត្ត​ដោយ​ផល​ចំរើន​ប៉ុណ្ណោះ​ដែរ នេះ​ក៏​ជា​ការ​ឥត​ប្រយោជន៍​ទទេ 11កាល​ណា​របស់​ទ្រព្យ​បាន​ចំរើន​ឡើង នោះ​ពួក​អ្នក​ដែល​ស៊ី​ទ្រព្យ​នោះ ក៏​មាន​គ្នា​ច្រើន​ឡើង​ដែរ ដូច្នេះ តើ​មាន​ប្រយោជន៍​អ្វី​ដល់​ម្ចាស់​នៃ​ទ្រព្យ​សម្បត្តិ​នោះ លើក​តែ​បាន​ឃើញ​ដោយ​ភ្នែក​ប៉ុណ្ណោះ 12ឯ​ការ​ដេក​លក់​នៃ​មនុស្ស​ដែល​ធ្វើ​ការ​នឿយ‌ហត់ នោះ​ស្រួល​ឆ្ងាញ់ ទោះ​បើ​បាន​បរិភោគ​តិច​ឬ​ច្រើន​ក្តី ប៉ុន្តែការ​បរិភោគ​ហួស​ប្រមាណ​របស់​អ្នក​មាន នោះ​មិន​ឲ្យ​គេ​ដេក​លក់​បាន​ទេ។
13មាន​ការ​អាក្រក់​យ៉ាង​ធ្ងន់​១​មុខ ដែល​យើង​បាន​ឃើញ​នៅ​ក្រោម​ថ្ងៃ គឺ​មាន​ទ្រព្យ​សម្បត្តិ​ដែល​ម្ចាស់​រក្សា​ទុក​ដរាប​ដល់​កើត​អន្តរាយ​ដល់​ខ្លួន 14ហើយ​ទ្រព្យ​សម្បត្តិ​នោះ​រមែង​បាត់​ទៅ ដោយ​គ្រោះ​អាក្រក់​ណា​មួយ បើ​អ្នក​នោះ​បាន​បង្កើត​កូន​ប្រុស​១ នោះ​គ្មាន​សល់​អ្វី​នៅ​ដៃ​វា​ទេ 15អ្នក​នោះ​សំរាល​ចេញ​ពី​ផ្ទៃ​ម្តាយ​មក​យ៉ាង​ណា នោះ​ក៏​ត្រូវ​ត្រឡប់​ទៅ​វិញ​ខ្លួន​ទទេ ដូច​ជា​បាន​មក​នោះ​ដែរ ឥត​យក​អ្វី​ពី​ការ​នឿយ‌ហត់​របស់​ខ្លួន​ជាប់​នៅ​ដៃ​ទៅ​ជា​មួយ​បាន​ឡើយ 16នេះ​ក៏​ជា​ការ​អាក្រក់​យ៉ាង​ធ្ងន់​ដែរ គឺ​ដែល​កើត​មក​យ៉ាង​ណា នោះ​ត្រូវ​ទៅ​វិញ​យ៉ាង​នោះ​ឯង ការ​ដែល​បាន​ធ្វើ​ដោយ​នឿយ‌ហត់ ជា​អសារ‌ឥត‌ការ​ដូច្នេះ​នោះ​តើ​មាន​ប្រយោជន៍​អ្វី​ដល់​ខ្លួន 17គ្រប់​១​ជីវិត នោះ​ត្រូវ​រោយ‌រៀវ​ទៅ​ក្នុង​សេចក្ដី​ងងឹត ក៏​កើត​មាន​ទុក្ខ​ព្រួយ​ច្រើន ព្រម​ទាំង​មាន​ជំងឺ​បៀត‌បៀន នឹង​ក្រហល់‌ក្រហាយ​ចិត្ត​ផង។
18នេះ​ហើយ​ជា​ការ ដែល​យើង​បាន​គិត​ឃើញ​ថា​ល្អ ហើយ​គួរ​សម គឺ​ឲ្យ​មនុស្ស​បាន​ស៊ីហើយ​ផឹក ព្រម​ទាំង​មាន​ចិត្ត​រីក‌រាយ​ក្នុង​អស់​ទាំង​ការ​ដែល​ខ្លួន​ធ្វើ ដោយ​នឿយ‌ហត់​នៅ​ក្រោម​ថ្ងៃ ដរាប​ដល់​អស់​១​ជីវិត ដែល​ព្រះ​បាន​ប្រទាន​មក​ខ្លួន ដ្បិត​នោះ​ហើយ​ជា​ចំណែក​របស់​ខ្លួន 19ឯ​អស់​អ្នក​ណា​ដែល​ព្រះ​បាន​ប្រទាន​ឲ្យ​មាន​ទ្រព្យ​សម្បត្តិ នឹង​ធន‌ធាន ព្រម​ទាំង​ឲ្យ​មាន​អំណាច​នឹង​បរិភោគ​ផល​នៃ​របស់​ទាំង​នោះ នឹង​ទទួល​យក​ចំណែក​របស់​ខ្លួន​បាន ហើយ​រីក‌រាយ​ក្នុង​ការ​ដែល​ខ្លួន​ធ្វើ​ដែរ នេះ​ឯង​ជា​អំណោយ​ទាន​ពី​ព្រះ 20ដ្បិត​អ្នក​នោះ​នឹង​មិន​នឹក​ចាំ ពី​អស់​ទាំង​ថ្ងៃ​នៃ​អាយុ​ខ្លួន​ប៉ុន្មាន​ទេ ពី​ព្រោះ​ព្រះ‌ទ្រង់​ផ្សាយ​សេចក្ដី​អំណរ​មក​ក្នុង​ចិត្ត​ហើយ។

ទើបបានជ្រើសរើសហើយ៖

សាស្តា 5: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ