ទុតិយកថា 9:1-6
ទុតិយកថា 9:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«អ៊ីស្រាអែលអើយ ចូរស្ដាប់! ថ្ងៃនេះ អ្នកនឹងឆ្លងទន្លេយ័រដាន់ ទៅចាប់យកទឹកដីរបស់ប្រជាជាតិដែលមានគ្នាច្រើន និងមានកម្លាំងជាងអ្នក។ ក្រុងរបស់ពួកគេជាក្រុងធំៗ មានកំពែងខ្ពស់កប់ពពក។ ពួកគេជាប្រជាជនមាឌមាំខ្ពស់ គឺកូនចៅអណាក់ ដែលអ្នកធ្លាប់ស្គាល់ និងធ្លាប់ឮគេនិយាយថា “គ្មាននរណាអាចតទល់នឹងកូនចៅអណាក់ឡើយ”។ ថ្ងៃនេះ អ្នកនឹងទទួលស្គាល់ថា ព្រះអម្ចាស់ ជាព្រះរបស់អ្នក យាងនៅមុខអ្នក ព្រះអង្គប្រៀបបាននឹងភ្លើងដ៏សន្ធោសន្ធៅ ព្រះអង្គនឹងកម្ទេចពួកគេ ព្រះអង្គនឹងធ្វើឲ្យពួកគេបរាជ័យនៅមុខអ្នក។ អ្នកនឹងដេញពួកគេចេញពីទឹកដី ហើយបំផ្លាញពួកគេភ្លាមៗ ដូចព្រះអម្ចាស់បានសន្យាជាមួយអ្នក។ ពេលណាព្រះអម្ចាស់ ជាព្រះរបស់អ្នក កម្ចាត់ពួកគេចេញពីមុខអ្នកហើយ មិនត្រូវនឹកគិតថា ព្រះអម្ចាស់ប្រទានស្រុកនេះឲ្យអ្នក ព្រោះតែអ្នកសុចរិតឡើយ។ ព្រះអម្ចាស់ដេញប្រជាជាតិទាំងនោះចេញពីមុខអ្នក ព្រោះតែអំពើអាក្រក់ដែលពួកគេប្រព្រឹត្ត។ អ្នកចូលកាន់កាប់ស្រុកដូច្នេះ មិនមែនមកពីអ្នកសុចរិត ឬមានចិត្តទៀងត្រង់ទេ តែព្រះអម្ចាស់ ជាព្រះរបស់អ្នកដេញប្រជាជាតិទាំងនោះចេញពីមុខអ្នក ព្រោះតែអំពើអាក្រក់របស់ពួកគេ។ ព្រះអង្គក៏ធ្វើតាមព្រះបន្ទូល ដែលព្រះអង្គបានសន្យាយ៉ាងម៉ឺងម៉ាត់ ជាមួយលោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប ជាបុព្វបុរសរបស់អ្នក។ ដូច្នេះ ចូរទទួលស្គាល់ថា ព្រះអម្ចាស់ប្រទានទឹកដីដ៏ល្អនេះឲ្យអ្នកទុកជាកម្មសិទ្ធិ មិនមែនមកពីអ្នកសុចរិតទេ ដ្បិតអ្នកជាប្រជាជនដែលមានចិត្តរឹងរូស»។
ទុតិយកថា 9:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
«ឱអ៊ីស្រាអែលអើយ ចូរស្តាប់! អ្នករាល់គ្នាត្រូវឆ្លងទន្លេយ័រដាន់នៅថ្ងៃនេះ ដើម្បីចូលទៅបណ្ដេញសាសន៍នានាដែលធំជាង ហើយពូកែជាងអ្នក គឺជាក្រុងធំៗ មានកំផែងខ្ពស់ដល់ផ្ទៃមេឃ ជាប្រជាជនមាឌធំខ្ពស់ គឺពួកកូនចៅអ័ណាក់ ដែលអ្នកស្គាល់ហើយ ក៏បានឮនិយាយពីគេថា "តើអ្នកណាអាចនឹងឈរនៅមុខពួកកូនចៅអ័ណាក់បាន?" ដូច្នេះ នៅថ្ងៃនេះ ចូរដឹងថា ព្រះយេហូវ៉ាជាព្រះរបស់អ្នក ដែលនាំមុខអ្នកឆ្លងទៅ ព្រះអង្គដូចជាភ្លើងដែលឆេះបន្សុស ព្រះអង្គនឹងបំផ្លាញគេ ហើយបង្ក្រាបគេនៅមុខអ្នក ដើម្បីឲ្យអ្នកអាចបណ្តេញគេបាន ហើយបំផ្លាញគេយ៉ាងឆាប់រហ័ស ដូចព្រះយេហូវ៉ាបានសន្យានឹងអ្នក ។ កាលណាព្រះយេហូវ៉ាជាព្រះរបស់អ្នក បានបណ្តេញគេ ពីមុខអ្នកចេញហើយ នោះមិនត្រូវគិតក្នុងចិត្តថា ព្រះយេហូវ៉ាបាននាំខ្ញុំចូលមកកាន់កាប់ស្រុកនេះ ព្រោះតែខ្ញុំសុចរិតនោះឡើយ តែដោយព្រោះអំពើអាក្រក់របស់សាសន៍ទាំងនោះទេ ដែលព្រះយេហូវ៉ាបណ្តេញគេចេញពីមុខអ្នក ។ មិនមែនដោយព្រោះសេចក្ដីសុចរិតរបស់អ្នក ឬដោយព្រោះចិត្តអ្នកទៀងត្រង់ ដែលអ្នកនឹងចូលទៅកាន់កាប់ស្រុករបស់គេនោះឡើយ គឺដោយព្រោះអំពើអាក្រក់របស់សាសន៍ទាំងនោះវិញទេតើ ដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក ព្រះអង្គបណ្តេញគេចេញពីមុខអ្នក ដើម្បីនឹងបញ្ជាក់សេចក្ដី ដែលព្រះយេហូវ៉ាបានស្បថនឹងបុព្វបុរសរបស់អ្នក គឺលោកអ័ប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប។ ដូច្នេះ ចូរដឹងថា ដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក ប្រទានស្រុកដ៏ល្អនេះឲ្យអ្នកកាន់កាប់ មិនមែនដោយព្រោះសេចក្ដីសុចរិតរបស់អ្នកទេ ដ្បិតអ្នកជាប្រជាជនដែលមានចិត្តរឹងរូស។
ទុតិយកថា 9:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱអ៊ីស្រាអែលអើយ ចូរស្តាប់ចុះ នៅវេលានោះ ឯងរាល់គ្នាត្រូវឆ្លងទន្លេយ័រដាន់ ទៅចាប់យកនគរដែលធំជាង ហើយពូកែជាងឯង ដែលមានទីក្រុងធំ មានកំផែងខ្ពស់ដល់ផ្ទៃមេឃផង ជាសាសន៍មានមាឌធំខ្ពស់ គឺជាពួកកូនចៅអ័ណាក់ ដែលឯងស្គាល់ហើយ ក៏បានឮនិយាយពីគេថា តើអ្នកណាអាចនឹងឈរនៅមុខពួកកូនចៅអ័ណាក់បាន ដូច្នេះនៅថ្ងៃនេះ ចូរថា គឺព្រះយេហូវ៉ាជាព្រះនៃឯង ដែលនាំមុខឯងឆ្លងទៅ ទ្រង់ឧបមាដូចជាភ្លើងដែលឆេះបន្សុស ទ្រង់នឹងបំផ្លាញគេ ហើយបង្ក្រាបគេនៅមុខឯងវិញ យ៉ាងនោះឯងនឹងបណ្តេញគេបាន ព្រមទាំងធ្វើឲ្យគេវិនាសទៅយ៉ាងឆាប់រហ័ស ដូចជាព្រះយេហូវ៉ាបានសន្យានឹងឯងហើយ កាលណាព្រះយេហូវ៉ាជាព្រះនៃឯង បានបណ្តេញគេពីមុខឯងចេញហើយ នោះកុំឲ្យឯងនឹកក្នុងចិត្តថា ព្រះយេហូវ៉ាទ្រង់បាននាំអញចូលមកចាប់យកស្រុកនេះ ដោយព្រោះតែអញមានសេចក្ដីសុចរិតនោះឡើយ គឺដោយព្រោះអំពើបាបរបស់សាសន៍ទាំងនោះទេ ដែលព្រះយេហូវ៉ាទ្រង់បណ្តេញគេពីមុខឯងចេញទៅនោះ មិនមែនដោយព្រោះសេចក្ដីសុចរិតរបស់ឯង ឬដោយព្រោះចិត្តឯងទៀងត្រង់ ដែលឯងនឹងចូលទៅចាប់យកស្រុកគេនោះឡើយ គឺដោយព្រោះអំពើបាបរបស់សាសន៍ទាំងនោះវិញទេតើ ដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បណ្តេញគេពីមុខឯងចេញ ដើម្បីនឹងបញ្ជាក់សេចក្ដីដែលទ្រង់បានស្បថនឹងពួកឰយុកោឯង គឺនឹងអ័ប្រាហាំ នឹងអ៊ីសាក ហើយនឹងយ៉ាកុប។ ដូច្នេះ ចូរដឹងថា ដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់ប្រទានស្រុកដ៏ល្អនេះមកឲ្យឯងបានចាប់យក នោះមិនមែនដោយព្រោះសេចក្ដីសុចរិតរបស់ឯងទេ ដ្បិតឯងជាសាសន៍មានក្បាលរឹងវិញ។