ចោទិយ‌កថា 9

9
ផល​វិបាក​នៃ​ការ​បះ​បោរ​ទាស់​នឹង​ព្រះ
1«ឱ​អ៊ីស្រា‌អែល​អើយ ចូរ​ស្តាប់! អ្នក​រាល់​គ្នា​ត្រូវ​ឆ្លង​ទន្លេ​យ័រ‌ដាន់នៅ​ថ្ងៃ​នេះ ដើម្បី​ចូល​ទៅ​បណ្ដេញ​សាសន៍​នានាដែល​ធំ​ជាង ហើយ​ពូកែ​ជាងអ្នក គឺ​ជា​ក្រុង​ធំៗ មាន​កំផែង​ខ្ពស់​ដល់​ផ្ទៃ​មេឃ 2ជា​ប្រជា‌ជន​មាឌ​ធំ​ខ្ពស់ គឺ​ពួក​កូន​ចៅ​អ័ណាក់ ដែល​អ្នក​ស្គាល់​ហើយ ក៏​បាន​ឮ​និយាយ​ពី​គេ​ថា "តើ​អ្នក​ណា​អាច​នឹង​ឈរ​នៅ​មុខ​ពួក​កូន​ចៅ​អ័ណាក់​បាន?" 3ដូច្នេះ នៅ​ថ្ងៃ​នេះ ចូរ​ដឹង​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដែល​នាំ​មុខ​អ្នក​ឆ្លង​ទៅ ព្រះ‌អង្គ​ដូច​ជា​ភ្លើង​ដែល​ឆេះ​បន្សុស ព្រះ‌អង្គ​នឹង​បំផ្លាញ​គេ ហើយ​បង្ក្រាប​គេ​នៅ​មុខ​អ្នក ដើម្បី​ឲ្យ​អ្នក​អាច​បណ្តេញ​គេ​បាន ហើយ​បំផ្លាញ​គេ​យ៉ាង​ឆាប់​រហ័ស ដូច​ព្រះ‌យេហូវ៉ា​បាន​សន្យា​នឹង​អ្នក ។ 4កាល​ណា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក បាន​បណ្តេញ​គេ ពី​មុខ​អ្នក​ចេញ​ហើយ នោះ​មិន​ត្រូវ​គិត​ក្នុង​ចិត្ត​ថា ព្រះ‌យេហូវ៉ា​បាន​នាំខ្ញុំ​ចូល​មក​កាន់​កាប់​ស្រុក​នេះ ព្រោះ​តែ​ខ្ញុំ​សុចរិត​នោះ​ឡើយ តែ​ដោយ​ព្រោះ​អំពើ​អាក្រក់​របស់​សាសន៍​ទាំង​នោះ​ទេ ដែល​ព្រះ‌យេហូវ៉ា​បណ្តេញ​គេចេញ​ពី​មុខអ្នក ។ 5មិន​មែន​ដោយ​ព្រោះ​សេចក្ដី​សុចរិត​របស់អ្នក ឬ​ដោយ​ព្រោះ​ចិត្ត​អ្នក​ទៀង​ត្រង់ ដែល​អ្នក​នឹង​ចូល​ទៅ​កាន់កាប់​ស្រុក​របស់​គេ​នោះ​ឡើយ គឺ​ដោយ​ព្រោះ​អំពើ​អាក្រក់​របស់​សាសន៍​ទាំង​នោះ​វិញ​ទេ​តើ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ព្រះ‌អង្គ​បណ្តេញ​គេ​ចេញ​ពី​មុខ​អ្នក ដើម្បី​នឹង​បញ្ជាក់​សេចក្ដី ដែល​ព្រះយេ​ហូវ៉ា​បាន​ស្បថ​នឹង​បុព្វ​បុរស​របស់​អ្នក គឺ​លោក​អ័ប្រា‌ហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប។
6ដូច្នេះ ចូរ​ដឹង​ថា ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ប្រទាន​ស្រុក​ដ៏​ល្អ​នេះ​ឲ្យអ្នក​កាន់​កាប់ មិន​មែន​ដោយ​ព្រោះ​សេចក្ដី​សុចរិត​របស់អ្នក​ទេ ដ្បិត​អ្នក​ជាប្រជា‌ជនដែលមាន​ចិត្ត​រឹង‌រូស។ 7ចូរ​នឹក​ចាំ កុំ​ឲ្យ​ភ្លេច​ថា អ្នក​បាន​បណ្ដាល​ឲ្យ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក មាន​សេចក្ដី‌ក្រោធ នៅ​ត្រង់​ទី​រហោ‌ស្ថាន ហើយ​ចាប់​តាំង​ពី​ថ្ងៃ​ដែល​អ្នក​ចេញ​ពី​ស្រុក​អេស៊ីព្ទ រហូត​មក​ដល់​ទី​នេះ អ្នក​រាល់​គ្នា​ចេះ​តែ​បះ‌បោរ​នឹង​ព្រះ‌យេហូវ៉ា​ជា‌និច្ច។ 8នៅ​ត្រង់​ភ្នំ​ហោរែប​ក៏​ដែរ អ្នក​រាល់​គ្នា​បាន​បណ្ដាល​ឲ្យ​ព្រះ‌យេហូវ៉ា​មាន​សេចក្ដី‌ក្រោធ ហើយ​ព្រះ‌យេហូវ៉ា​ខ្ញាល់​នឹង​អ្នករាល់​គ្នា​ជា​ខ្លាំង រហូត​ដល់​ចង់​បំផ្លាញ​អ្នក​រាល់​គ្នា​ទៀត​ផង។ 9ក្នុង​គ្រា​ដែល​ខ្ញុំ​បាន​ឡើង​ទៅ​លើ​ភ្នំ​ដើម្បី​ទទួល​បន្ទះ​ថ្ម ជា​បន្ទះ​ថ្ម​នៃ​សេចក្ដី‌សញ្ញា​ដែល​ព្រះ‌យេហូវ៉ា​បាន​តាំង​ជា‌មួយ​អ្នក​រាល់​គ្នា នោះ​ខ្ញុំ​បាន​នៅ​លើ​ភ្នំ​អស់សែសិប​ថ្ងៃសែ​សិប​យប់ ឥត​មាន​បរិ‌ភោគ​អាហារ ឬ​ផឹក​ទឹក​សោះ។ 10ព្រះ‌យេហូវ៉ា​បាន​ប្រទាន​បន្ទះ​ថ្ម​ទាំងពីរ​ផ្ទាំងមក​ខ្ញុំ ដែល​សរសេរ​ដោយ​អង្គុលី​របស់​ព្រះ ហើយ​នៅ​លើ​ថ្ម​ទាំង​ពីរ​នោះ មាន​អស់​ទាំង​ព្រះ‌បន្ទូល ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មកកាន់អ្នក​រាល់​គ្នា នៅ​លើ​ភ្នំពី​ក្នុង​ភ្លើង នា​ថ្ងៃ​ជួប​ប្រជុំ​គ្នានោះ។ 11លុះ​ដល់​ផុត​សែ​សិប​ថ្ងៃសែ​សិប​យប់​នោះ​ហើយ ព្រះ‌យេហូវ៉ា​ក៏​ប្រទាន​បន្ទះ​ថ្ម​ទាំង​ពីរ​ផ្ទាំង​នោះ​មក​ខ្ញុំ គឺ​ជា​បន្ទះ​ថ្ម​នៃ​សេចក្ដី‌សញ្ញា។ 12ពេល​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា "ចូរ​ក្រោក​ឡើង ចុះ​ពី​នេះ​ជា​ប្រញាប់​ទៅ ដ្បិតប្រជា‌ជន​របស់អ្នក ដែលអ្នក​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក បាន​ប្រព្រឹត្ត​យ៉ាងខូច​អាក្រក់។ គេ​រហ័ស​នឹង​បែរ​ចេញ​ពី​ផ្លូវ​ដែល​យើង​បាន​បង្គាប់​គេ គេ​បាន​សិត​ធ្វើ​រូប​ព្រះ​សម្រាប់​គេ​ហើយ"។ 13ព្រះ‌យេហូវ៉ាមាន​ព្រះ‌បន្ទូល​មកខ្ញុំ​ទៀត​ថា "យើង​បាន​រំពឹង​មើល​ឃើញ​ថា ប្រជា‌ជន​នេះសុទ្ធ​តែជា​មនុស្ស​មាន​ចិត្ត​រឹង‌រូស។ 14ចូរ​ទុកឲ្យ​យើង យើង​នឹង​បំផ្លាញ​ពួក‌គេ​ចេញ ហើយ​លុប​ឈ្មោះ​របស់​គេ​ឲ្យ​បាត់​ពី​ក្រោម​មេឃ រួច​យើង​នឹង​យកអ្នក បង្កើត​ឡើង​ជា​សាសន៍​មួយ​ដ៏​ខ្លាំង​ពូកែ ហើយ​មាន​គ្នា​ច្រើន​ជាង​ប្រជា‌ជន​នេះ"។ 15ដូច្នេះ ខ្ញុំក៏​វិល​ចុះ​ពី​ភ្នំ​មកវិញ ក្នុង​កាលដែល​ភ្នំ​មាន​ភ្លើង​ឆេះយ៉ាង​សន្ធោ​សន្ធៅ។ ឯ​បន្ទះ​ថ្ម​ទាំងពីរ​នៃ​សេចក្ដី‌សញ្ញា នៅ​ជាប់​នឹង​ដៃ​ខ្ញុំ​ទាំងសង​ខាង។ 16ខ្ញុំ​ក្រឡេក​មើល​ទៅ​ឃើញ​ថា អ្នក​រាល់​គ្នា​បាន​ធ្វើ​បាប​ទាស់​នឹង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នករាល់​គ្នា ដោយ​បាន​សិត​ធ្វើ​រូប​កូន​គោមួយ។ អ្នក​រាល់​គ្នា​បាន​ងាក​ចេញ​យ៉ាង​រហ័ស​ពី​ផ្លូវ​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​អ្នក​រាល់​គ្នា។ 17ដូច្នេះ ខ្ញុំក៏​ចាប់​យក​ថ្ម​ទាំងពីរ​ផ្ទាំង ហើយ​គ្រវែង​ចេញ​ពី​ដៃ​ទាំង​ពីរ​របស់​ខ្ញុំ បំបែក​បន្ទះ​ចោលនៅ​ចំពោះ​មុខ​អ្នក​រាល់​គ្នា។ 18បន្ទាប់​មក ខ្ញុំ​ក្រាប​ចុះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ាដូចពី​មុន អស់​សែសិប​ថ្ងៃសែសិប​យប់ ខ្ញុំ​មិន​បរិ‌ភោគនំ​ប៉័ង ឬ​ផឹក​ទឹក​ឡើយ ព្រោះ​តែ​អំពើ​បាប​ទាំង​ប៉ុន្មាន​ដែល​អ្នក​រាល់​គ្នា​បានប្រព្រឹត្ត ដោយ​ធ្វើ​ការ​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ជា​ការ​ដែល​បណ្ដាល​ឲ្យ​ព្រះ‌អង្គ​ខ្ញាល់។ 19ដ្បិតខ្ញុំ​ភ័យ​ខ្លាច​ចំពោះ​សេចក្ដី‌ខ្ញាល់ និង​សេចក្ដីក្រេវ​ក្រោធ​ដែល​ព្រះ‌យេហូវ៉ា​អត់​ទ្រាំ​នឹង​អ្នក​រាល់​គ្នា រហូត​ដល់​ចង់​បំផ្លាញ​អ្នក​រាល់គ្នា។ ប៉ុន្ដែ ព្រះ‌យេហូវ៉ា​ទ្រង់​ព្រះ​សណ្ដាប់​ខ្ញុំ​នៅ​វេលា​នោះ។ 20ព្រះ‌យេហូវ៉ា​ខ្ញាល់​នឹង​លោក​អើរ៉ុន​ជា​ខ្លាំង រហូត​ដល់​ចង់​បំផ្លាញ​លោក​ទៀត​ផង តែ​នៅ​វេលា​នោះ ខ្ញុំ​ក៏​បាន​ទូល​អង្វរ​ឲ្យ​លោក​អើរ៉ុន​ដែរ។ 21ពេល​នោះ ខ្ញុំ​បាន​យក​រូប​កូន​គោ​ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ គឺ​ជា​អំពើ​បាប​របស់​អ្នក​រាល់​គ្នា ទៅ​ដុត​កម្ទេច​នឹង​ភ្លើង ហើយ​កិន​ឲ្យ​ម៉ដ្ត​ដូច​ធូលី រួច​បាច​ធូលី​នោះ​ទៅ​ក្នុង​ជ្រោះ​ទឹក​ដែល​ហូរ​ចុះ​ពី​ភ្នំ។
22កាល​នៅ​តាបេរ៉ា នៅ​ម៉ាសា និង​នៅ​គីប្រុត-ហាតាវ៉ា អ្នក​រាល់​គ្នា​ក៏​បាន​ធ្វើ​ឲ្យ​ព្រះ‌យេហូវ៉ា​ក្រោធ​ដែរ។ 23កាល​ព្រះ‌យេហូវ៉ា​បាន​ចាត់​អ្នក​ពី​កាដេស-បារនា ដោយ​ព្រះ‌បន្ទូល​ថា "ចូរ​ឡើង​ទៅ​ចាប់​យក​ស្រុក​ដែល​យើង​បាន​ប្រគល់ឲ្យអ្នក​រាល់​គ្នា​ចុះ" នោះ​អ្នក​រាល់​គ្នា​បាន​បះ‌បោរ​ទាស់​នឹង​បញ្ជា​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ទៀត ហើយ​មិន​បាន​ជឿ ក៏​មិន​បាន​ស្តាប់​តាម​ព្រះ​សូរ​សៀង​របស់​ព្រះ‌អង្គ​សោះ។ 24អ្នក​រាល់​គ្នា​ចេះ​តែ​បះ​បោរ​ទាស់​នឹង​ព្រះ‌យេហូវ៉ា​ជានិច្ច តាំង​តែ​ពី​ខ្ញុំ បាន​ស្គាល់​អ្នក​រាល់​គ្នា​មក។
25ដូច្នេះ ខ្ញុំ​បាន​ក្រាប​ចុះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា អស់​សែសិប​ថ្ងៃ​សែ​សិប​យប់​នោះ ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ថា ព្រះ‌អង្គ​នឹង​បំផ្លាញ​អ្នក​រាល់​គ្នា 26ខ្ញុំ​ក៏​ទូល​អង្វរ​ដល់​ព្រះ‌យេហូវ៉ា​ថា "ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ‌អម្ចាស់​អើយ សូម​កុំ​បំផ្លាញ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ និង​មត៌ក​របស់​ព្រះ‌អង្គ​ឡើយ ដ្បិត​ព្រះ‌អង្គ​បាន​លោះ​គេ​ដោយ​តេជា‌នុភាព​របស់​ព្រះ‌អង្គ ហើយ​បាន​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដោយ​ព្រះ‌ហស្ត​ដ៏​ខ្លាំង​ពូកែ។ 27សូម​នឹក​ចាំ​ពី​លោក​អ័ប្រា‌ហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​វិញ សូម​កុំ​ទត​ចំពោះ​សេចក្ដី​រឹង‌រូស​របស់​ប្រជា‌ជន​នេះ ឬ​សេចក្ដី​អាក្រក់ ឬ​អំពើ​បាប​របស់​គេ​ឡើយ 28ក្រែង​មនុស្ស​នៅ​ស្រុក​ដែល​ព្រះ‌អង្គ​បាន​នាំ​យើង​ចេញ​មក​នោះ និយាយ​ថា "ដោយ​ព្រោះ​តែ​ព្រះ‌យេហូវ៉ា​ពុំ​អាច​នាំ​គេ​ចូល​ទៅ​ក្នុង​ស្រុក​ដែល​ព្រះ‌អង្គ​បាន​សន្យា​នឹង​គេ ហើយ​ដោយ​ព្រោះព្រះ‌អង្គ​ស្អប់​គេ បាន​ជាព្រះ‌អង្គ​នាំ​គេ​ចេញ​ទៅ​សម្លាប់នៅ​ទី​រហោ‌ស្ថាន"។ 29ដ្បិត​ពួក‌គេ​ជា​ប្រជា‌រាស្ត្រ និង​ជា​មត៌ក​របស់​ព្រះ‌អង្គ ដែល​ព្រះ‌អង្គ​បាន​នាំ​ចេញ​មក ដោយ‌សារ​ព្រះ‌ចេស្តា​ដ៏​ធំ និង​ដោយ​ព្រះ‌ពាហុ​លើក​សម្រេច"»។

ទើបបានជ្រើសរើសហើយ៖

ចោទិយ‌កថា 9: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល