ចោទិយ‌កថា 10

10
បន្ទះ​ថ្ម​ពីរ​ផ្ទាំង​លើក​ទីពីរ
1«នៅ​វេលា​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មកខ្ញុំ​ថា "ចូរ​ដាប់​ថ្ម​បន្ទះ​ពីរ​ផ្ទាំង ដូច​បន្ទះ​ថ្ម​ពី​មុន រួច​ឡើង​មកជួប​យើង​នៅ​លើ​ភ្នំ​នេះ ហើយ​ចូរ​ធ្វើ​ហិប​មួយពី​ឈើ​មួយ​ដែរ។ 2យើង​នឹង​សរសេរ​លើ​បន្ទះ​ថ្ម​ទាំង​នេះ តាម​សេចក្ដី​ដែល​បាន​សរសេរ​លើ​បន្ទះ​ថ្ម​ពី​មុន ដែល​អ្នក​បាន​បំបែក ហើយ​ត្រូវ​ដាក់​បន្ទះ​ថ្ម​នេះ​ទៅ​ក្នុង​ហិប"។ 3ដូច្នេះ ខ្ញុំ​បាន​ធ្វើ​ហិប​មួយ​ពី​ឈើ​នាង‌នួន ហើយ​ដាប់​ថ្ម​ពីរ​ផ្ទាំង ដូច​ថ្ម​មុនដែរ រួច​ក៏​ឡើង​ទៅ​លើ​ភ្នំ ទាំងកាន់​ថ្ម​ពីរ​ផ្ទាំង​នោះ​នៅ​នឹង​ដៃ។ 4ព្រះ‌អង្គ​ក៏​បាន​សរសេរ​លើ​បន្ទះ​ថ្ម​នោះ តាម​សេចក្ដី​ដែល​បាន​សរសេរ​ពី​មុន គឺ​ក្រឹត្យវិន័យ​ទាំង​ដប់​ប្រការ ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ពី​កណ្ដាល​ភ្លើង​មកកាន់​អ្នក​រាល់​គ្នា នៅ​លើ​ភ្នំ ក្នុង​ថ្ងៃ​ប្រជុំ​នោះ ហើយ​ព្រះ‌យេហូវ៉ាក៏​បាន​ប្រគល់​បន្ទះ​ថ្ម​នោះ​មកខ្ញុំ។ 5ដូច្នេះ ខ្ញុំ​ក៏​ចុះ​ពី​ភ្នំ​មកវិញ ដាក់​បន្ទះ​ថ្មនោះ​ទៅ​ក្នុង​ហិបដែល​ខ្ញុំ​បាន​ធ្វើ ហើយថ្ម​នោះ​នៅ​ក្នុង​ហិប​រហូត​ដល់​ពេល​នេះ ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មកខ្ញុំ»។
6(ប្រជា‌ជន​អ៊ីស្រា‌អែល​បាន​ចេញ​ដំណើរ​ពី​ប្អៀរ៉ុត-បេនេ-យ៉ាកាន ទៅកាន់​ម៉ូសេរ៉ា។ នៅ​ទី​នោះ អើរ៉ុន​ក៏​ស្លាប់​ទៅ ហើយ​គេ​បញ្ចុះ​សព​លោក​នៅ​ទី​នោះ។ អេលាសារ កូន​របស់​លោក បាន​ទទួល​មុខ‌ងារ​ជា​សង្ឃ​ជំនួសលោក។ 7ពួក‌គេ​ធ្វើ​ដំណើរ​ពី​នោះ ទៅ​កាន់​គុត‌កូថា ហើយ​ពី​គុត‌កូថា​ទៅ​កាន់​យ៉ុតបាថា ជា​ស្រុក​ដែល​មាន​ស្ទឹង។ 8នៅ​គ្រា​នោះ ព្រះ‌យេហូវ៉ា​បាន​ញែក​កុល‌សម្ព័ន្ធ​លេវី​ចេញ ទុក​សម្រាប់​សែង​ហិប​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ‌យេហូវ៉ា ហើយ​ឲ្យ​ឈរ​ធ្វើ​ការ‌ងារ​នៅ​ចំពោះ​ព្រះ‌អង្គ ព្រម​ទាំង​ឲ្យ​ពរ​ដោយ​ក្នុង‌នាមព្រះ‌អង្គ រហូត​មក​ដល់​សព្វ​ថ្ងៃ។ 9ដូច្នេះ ពួក​លេវី​គ្មាន​ចំណែក គ្មាន​មត៌ក​ជា‌មួយ​ពួក​បង​ប្អូន​របស់​ខ្លួន​ទេ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​មត៌ក​របស់​គេ ដូច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ហើយ)។
10«ខ្ញុំ​បាន​នៅ​លើ​ភ្នំ​អស់​សែ​សិប​ថ្ងៃ​សែ​សិប​យប់ ដូច​ពី​មុន ហើយ​ព្រះ‌យេហូវ៉ា​ក៏​ស្តាប់​តាម​ខ្ញុំ​នៅ​ពេល​នោះ​ដែរ គឺព្រះ​យេ​ហូវ៉ា​មិន​ចង់​បំផ្លាញ​អ្នក​ទេ។ 11ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មកខ្ញុំ​ថា "ចូរ​ក្រោក​ឡើង ដើរ​នាំ​មុខ​ប្រជា‌ជន ដើម្បី​ឲ្យ​គេ​បាន​ចូល​ទៅចាប់​យក​ស្រុក ដែល​យើង​បាន​ស្បថ​នឹង​បុព្វ‌បុរស​របស់​គេ ថានឹង​ឲ្យ​ដល់​គេ"»។
សារសំខាន់​អំពីក្រឹត្យ​វិន័យ
12ឥឡូវ​នេះ ឱ​អ៊ីស្រា‌អែល​អើយ តើ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ទារ​ចង់​បាន​អ្វី​ពី​អ្នក? គឺ​ឲ្យ​អ្នក​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក និង​ដើរ​តាម​គ្រប់​ទាំង​ផ្លូវ​របស់​ព្រះ‌អង្គ ហើយ​ឲ្យ​ស្រឡាញ់​ព្រះ‌អង្គ ព្រម​ទាំង​គោរព​បម្រើ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង​របស់​អ្នក 13ហើយ​ឲ្យ​កាន់​តាម​បញ្ញត្តិ និង​ច្បាប់​ទាំង​ប៉ុន្មាន​របស់​ព្រះ‌យេហូវ៉ា ដែល​ខ្ញុំ​បង្គាប់​អ្នក​នៅ​ថ្ងៃ​នេះ សម្រាប់​ជា​សេចក្ដី​ល្អ​ដល់​អ្នក។ 14មើល៍ ផ្ទៃ​មេឃ ហើយ​អស់​ទាំង​ជាន់​ផ្ទៃ​មេឃ​ខាង​លើ និង​ផែន‌ដី ព្រម​ទាំង​របស់​សព្វ​សារពើ​ដែល​នៅ​ស្ថាន​ទាំង​នោះ សុទ្ធ​តែ​ជា​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក 15តែ​ព្រះ‌យេហូវ៉ា​គាប់​ព្រះ‌ហឫ‌ទ័យ​ស្រឡាញ់​បុព្វ​បុរសរបស់​អ្នក ហើយ​បាន​រើស​អ្នក​រាល់​គ្នា ជាពូជ​ពង្ស​របស់​ពួក​លោក លើស​ជាង​អស់​ទាំង​សាសន៍ ដូច​ជា​មាន​សព្វ​ថ្ងៃ​នេះ។ 16ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​កាត់​ស្បែក​ចិត្ត​ចេញ ហើយ​កុំ​មាន​ចិត្ត​រឹង‌រូស​ទៀត​ឡើយ។ 17ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ព្រះ‌អង្គ​ជា​ព្រះ​លើ​អស់​ទាំង​ព្រះ ហើយ​ជា​ព្រះ‌អម្ចាស់​លើ​អស់​ទាំង​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏​ធំ ព្រះ‌ដ៏​មាន​ចេស្តា ហើយ​គួរ​ឲ្យ​ស្ញែង‌ខ្លាច ព្រះ‌អង្គ​មិន​យោគ‌យល់​ខាង​ណា ក៏​មិន​ទទួល​សំណូក​ដែរ។ 18ព្រះ‌អង្គ​សម្រេច​សេចក្ដី​សុចរិតដល់កូន​កំព្រា និងស្រ្ដី​មេម៉ាយ ក៏​ស្រឡាញ់​អ្នក​ប្រទេស​ក្រៅ ទាំង​ប្រទាន​ឲ្យ​គេ​មាន​អាហារ និង​សម្លៀក‌បំពាក់​ផង។ 19ដូច្នេះ ចូរ​ស្រឡាញ់​អ្នក​ប្រទេស​ក្រៅ​ចុះ ដ្បិត​អ្នក​រាល់​គ្នា​ក៏​ធ្លាប់​ជា​អ្នក​ប្រទេស​ក្រៅ​នៅ​ស្រុក​អេស៊ីព្ទ​ដែរ។ 20«ត្រូវ​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ត្រូវ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌អង្គ នៅ​ជាប់​នឹង​ព្រះ‌អង្គ ហើយ​អ្នក​ត្រូវ​ស្បថ​ក្នុង‌នាមព្រះ‌អង្គ។ 21ព្រះ‌អង្គ​ជា​ទំនុក​សរសើរ ព្រះ‌អង្គ​ជា​ព្រះ​របស់​អ្នក ព្រះ‌អង្គ​បាន​ធ្វើ​ការដ៏​ធំ គួរ​ស្ញែង‌ខ្លាច​ដើម្បី​អ្នក ជា​ការ​ដែល​ភ្នែក​របស់​អ្នក​បាន​ឃើញ​ស្រាប់។ 22បុព្វ​បុរស​របស់​អ្នក​បាន​ចុះ​ទៅ​នៅ​ស្រុក​អេស៊ីព្ទ មាន​តែ​គ្នា​ចិត​សិប​នាក់​ទេ តែ​ឥឡូវ​នេះ ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នកបាន​ចម្រើន​ឲ្យ​អ្នក​រាល់​គ្នា​មាន​គ្នា​ច្រើន ដូច​ជា​ផ្កាយ​នៅ​លើ​មេឃ»។

ទើបបានជ្រើសរើសហើយ៖

ចោទិយ‌កថា 10: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល