ចោទិយ‌កថា 9:1-6

ចោទិយ‌កថា 9:1-6 ពគប

ឱ​អ៊ីស្រាអែល​អើយ ចូរ​ស្តាប់​ចុះ នៅ​វេលា​នោះ ឯង​រាល់​គ្នា​ត្រូវ​ឆ្លង​ទន្លេ​យ័រដាន់ ទៅ​ចាប់​យក​នគរ​ដែល​ធំ​ជាង ហើយ​ពូកែ​ជាង​ឯង ដែល​មាន​ទី​ក្រុង​ធំ មាន​កំផែង​ខ្ពស់​ដល់​ផ្ទៃ​មេឃ​ផង ជា​សាសន៍​មាន​មាឌ​ធំ​ខ្ពស់ គឺ​ជា​ពួក​កូន​ចៅ​អ័ណាក់ ដែល​ឯង​ស្គាល់​ហើយ ក៏​បាន​ឮ​និយាយ​ពី​គេ​ថា តើ​អ្នក​ណា​អាច​នឹង​ឈរ​នៅ​មុខ​ពួក​កូន​ចៅ​អ័ណាក់​បាន ដូច្នេះ​នៅ​ថ្ងៃ​នេះ ចូរ​ថា គឺ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដែល​នាំ​មុខ​ឯង​ឆ្លង​ទៅ ទ្រង់​ឧបមា​ដូច​ជា​ភ្លើង​ដែល​ឆេះ​បន្សុស ទ្រង់​នឹង​បំផ្លាញ​គេ ហើយ​បង្ក្រាប​គេ​នៅ​មុខ​ឯង​វិញ យ៉ាង​នោះ​ឯង​នឹង​បណ្តេញ​គេ​បាន ព្រម​ទាំង​ធ្វើ​ឲ្យ​គេ​វិនាស​ទៅ​យ៉ាង​ឆាប់​រហ័ស ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​សន្យា​នឹង​ឯង​ហើយ កាល​ណា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង បាន​បណ្តេញ​គេ​ពី​មុខ​ឯង​ចេញ​ហើយ នោះ​កុំ​ឲ្យ​ឯង​នឹក​ក្នុង​ចិត្ត​ថា ព្រះ‌យេហូវ៉ា​ទ្រង់​បាន​នាំ​អញ​ចូល​មក​ចាប់​យក​ស្រុក​នេះ ដោយ​ព្រោះ​តែ​អញ​មាន​សេចក្ដី​សុចរិត​នោះ​ឡើយ គឺ​ដោយ​ព្រោះ​អំពើ​បាប​របស់​សាសន៍​ទាំង​នោះ​ទេ ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បណ្តេញ​គេ​ពី​មុខ​ឯង​ចេញ​ទៅ​នោះ មិន​មែន​ដោយ​ព្រោះ​សេចក្ដី​សុចរិត​របស់​ឯង ឬ​ដោយ​ព្រោះ​ចិត្ត​ឯង​ទៀង​ត្រង់ ដែល​ឯង​នឹង​ចូល​ទៅ​ចាប់​យក​ស្រុក​គេ​នោះ​ឡើយ គឺ​ដោយ​ព្រោះ​អំពើ​បាប​របស់​សាសន៍​ទាំង​នោះ​វិញ​ទេ​តើ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បណ្តេញ​គេ​ពី​មុខ​ឯង​ចេញ ដើម្បី​នឹង​បញ្ជាក់​សេចក្ដី​ដែល​ទ្រង់​បាន​ស្បថ​នឹង​ពួក​ឰយុកោ​ឯង គឺ​នឹង​អ័ប្រា‌ហាំ នឹង​អ៊ីសាក ហើយ​នឹង​យ៉ាកុប។ ដូច្នេះ ចូរ​ដឹង​ថា ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​ស្រុក​ដ៏​ល្អ​នេះ​មក​ឲ្យ​ឯង​បាន​ចាប់​យក នោះ​មិន​មែន​ដោយ​ព្រោះ​សេចក្ដី​សុចរិត​របស់​ឯង​ទេ ដ្បិត​ឯង​ជា​សាសន៍​មាន​ក្បាល​រឹង​វិញ។

អាន ចោទិយ‌កថា 9