អេម៉ុស 5:18-24

អេម៉ុស 5:18-24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

អ្នក​ណា​ប្រាថ្នា​ចង់​ឃើញ​ថ្ងៃ​របស់​ព្រះ‌អម្ចាស់ អ្នក​នោះ​មុខ​ជា​វេទនា​ពុំ‌ខាន! តើ​អ្នក​រាល់​គ្នា​រង់‌ចាំ​អ្វី​នៅ​ថ្ងៃ​របស់​ព្រះ‌អម្ចាស់? ថ្ងៃ​នោះ​ជា​ថ្ងៃ​ងងឹត​អន្ធការ គឺ​មិន​មែន​ថ្ងៃ​ដែល​មាន​ពន្លឺ​ទេ។ ថ្ងៃ​នោះ​ប្រៀប​បាន​នឹង​មនុស្ស​ម្នាក់​ដែល​រត់ គេច​ផុត​ពី​សិង្ហ ហើយ​ទៅ​ជួប​ខ្លា‌ឃ្មុំ ពេល​រត់​ទៅ​ដល់​ផ្ទះ​វិញ គាត់​ច្រត់​ដៃ​លើ​ជញ្ជាំង ហើយ​ត្រូវ​ពស់​ចឹក។ ថ្ងៃ​របស់​ព្រះ‌អម្ចាស់​ជា​ថ្ងៃ​ងងឹត មិន​មែន​ជា​ថ្ងៃ​មាន​ពន្លឺ​ទេ ជា​ថ្ងៃ​អន្ធការ គ្មាន​ពន្លឺ​រស្មី​អ្វី​សោះ។ «យើង​មិន​ចូល​ចិត្ត​ពិធី​បុណ្យ​របស់​អ្នក​រាល់​គ្នា ហើយ​យើង​ក៏​មិន​អាច​ទ្រាំ​នឹង​ពិធី​ផ្សេងៗ ដែល​អ្នក​រាល់​គ្នា​ប្រារព្ធ​ដែរ។ ពេល​អ្នក​រាល់​គ្នា​យក​តង្វាយ​ដុត និង​តង្វាយ​ម្សៅ មក​ឲ្យ​យើង យើង​មិន​ពេញ​ចិត្ត​ទេ យើង​ក៏​មិន​រវី‌រវល់​នឹង​កូន​គោ​ដ៏​ធាត់ៗ ដែល​អ្នក​រាល់​គ្នា​យក​មក​ធ្វើ យញ្ញ‌បូជា​មេត្រី‌ភាព​ដែរ។ ចូរ​ឈប់​ច្រៀង​ទំនុកតម្កើង ដ៏​ស្រកៀរ​ត្រចៀក​នេះ​ទៅ! យើង​ក៏​មិន​ចង់​ស្ដាប់​សំឡេង​ពិណ របស់​អ្នក​រាល់​គ្នា​ដែរ។ ផ្ទុយ​ទៅ​វិញ ចូរ​គោរព​ច្បាប់​ទុក​ដូច​ជា ប្រភព​នៃ​ជីវិត​របស់​អ្នក​រាល់​គ្នា ហើយ​ឲ្យ​យុត្តិធម៌​ហូរ​ចេញ​មក ដូច​ទឹក​ស្ទឹង​ដែល​មិន​ចេះ​រីង​ស្ងួត។

ចែក​រំលែក
អាន អេម៉ុស 5

អេម៉ុស 5:18-24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

វេទនា​ដល់អ្នក​រាល់​គ្នា ដែល​សង្វាត​ចង់​បាន​ថ្ងៃ​របស់​ព្រះ‌យេហូវ៉ា ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ចង់​បាន​ថ្ងៃ​របស់​ព្រះ‌យេហូវ៉ា? ថ្ងៃ​នោះ​ជា​ថ្ងៃ​ងងឹត មិន​មែន​ភ្លឺ​ទេ ប្រៀប​ដូច​ជា​មនុស្ស​ម្នាក់​ដែល​រត់​រួច​ពី​សិង្ហ ហើយ​ទៅ​ជួប​នឹង​ខ្លា​ឃ្មុំ ឬ​ចូល​ទៅ​ក្នុង​ផ្ទះ ហើយ​ច្រត់​ដៃ​នឹង​ជញ្ជាំង រួច​ត្រូវ​ពស់​ចឹក។ តើ​ថ្ងៃ​របស់​ព្រះ‌យេហូវ៉ា មិន​មែន​ជា​ថ្ងៃ​ងងឹត ហើយ​ឥត​ពន្លឺ ជា​ថ្ងៃ​អន្ធការ គ្មាន​រស្មីទេ​ឬ? យើង​ស្អប់ យើង​ខ្ពើម​ពិធី​បុណ្យ​របស់​អ្នក​រាល់​គ្នា ហើយ​យើង​ក៏​មិន​រីក‌រាយ​នឹង​ការ​ប្រជុំ​យ៉ាង​ឱឡារិក របស់​អ្នក​រាល់​គ្នា​ដែរ។ ទោះ​បើ​អ្នក​រាល់​គ្នា​ថ្វាយ​តង្វាយ​ដុត និង​តង្វាយ​ម្សៅ​ដល់​យើង ក៏​យើង​មិន​ទទួល​តង្វាយរបស់​អ្នក​រាល់​គ្នា​ដែរ ហើយ​យើង​ក៏​មិន​អើ​ពើ​នឹង​សត្វ​ធាត់ៗ ដែល​អ្នក​រាល់​គ្នា​ថ្វាយ ជា​តង្វាយ​មេត្រី​ឡើយ។ ចូរ​ដក​យក​សំឡេង​កង​រំពង​នៃ​ចម្រៀង​របស់​អ្នក​រាល់​គ្នា ចេញ​ពី​យើង​ទៅ យើង​មិន​ចង់​ស្តាប់​សំឡេង​ពិណ​របស់​អ្នក​រាល់​គ្នា​ទេ។ ប៉ុន្ដែ ត្រូវ​ឲ្យ​មាន​សេចក្ដី​យុត្តិ‌ធម៌​ហូរ​ដូចជា​ទឹក ហើយ​សេចក្ដី​សុចរិត​ដូច​ជា​ស្ទឹង​មិន​ចេះ​រីង​ស្ងួត​វិញ។

ចែក​រំលែក
អាន អេម៉ុស 5

អេម៉ុស 5:18-24 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

វេទនា​ដល់​ឯង​រាល់​គ្នា ដែល​សង្វាត​ចង់​បាន​ថ្ងៃ​នៃ​ព្រះ‌យេហូវ៉ា តើ​ចង់​បាន​ថ្ងៃ​នៃ​ព្រះ‌យេហូវ៉ា​ធ្វើ​អី ថ្ងៃ​នោះ​ជា​ថ្ងៃ​ងងឹត មិន​មែន​ភ្លឺ​ទេ ហាក់​ដូច​ជា​មនុស្ស​ដែល​រត់​រួច​ពី​សិង្ហ ហើយ​លោ​តែ​ប្រទះ​នឹង​ខ្លា‌ឃ្មុំ ឬ​ដូច​ជា​អ្នក​ណា​ដែល​ចូល​ទៅ​ក្នុង​ផ្ទះ ច្រត់​ដៃ​នៅ​ជញ្ជាំង រួច​មាន​ពស់​ចឹក ឯ​ថ្ងៃ​នៃ​ព្រះ‌យេហូវ៉ា តើ​មិន​មែន​ជា​ថ្ងៃ​ងងឹត ឥត​មាន​ពន្លឺ​ជា​ពិត គឺ​ជា​ថ្ងៃ​ងងឹត​សូន្យ‌សុង ឥត​មាន​ពន្លឺ​បន្តិច​សោះ​ទេ​ឬ​អី។ អញ​ស្អប់ អញ​ខ្ពើម​បុណ្យ​ទាំង​ប៉ុន្មាន​របស់​ឯង​រាល់​គ្នា ហើយ​អញ​នឹង​មិន​រីក‌រាយ​ចំពោះ​ជំនុំ​មុត‌មាំ​របស់​ឯង​រាល់​គ្នា​ទេ អើ ទោះ​បើ​ឯង​រាល់​គ្នា​ថ្វាយ​យញ្ញ‌បូជា នឹង​ដង្វាយ​ម្សៅ​របស់​ឯង​ដល់​អញ គង់​តែ​អញ​មិន​ព្រម​ទទួល​ដែរ អញ​ក៏​មិន​ព្រម​អើពើ​នឹង​សត្វ​ធាត់ៗ ដែល​ឯង​រាល់​គ្នា​ថ្វាយ​ជា​ដង្វាយ​មេត្រី​ឡើយ ចូរ​ដក​សូរ​ទំនាស់​នៃ​ចំរៀង​របស់​ឯង​រាល់​គ្នា​ចេញ​ពី​អញ​ទៅ ដ្បិត​អញ​មិន​ព្រម​ស្តាប់​សូរ​ដន្ត្រី​នៃ​ពិណ​របស់​ឯង​ទេ តែ​ត្រូវ​ឲ្យ​មាន​សេចក្ដី​យុត្តិ‌ធម៌​ហូរ​មក​ដូច​ជា​ទឹក ហើយ​សេចក្ដី​សុចរិត​ដូច​ជា​ទន្លេ​ធំ​វិញ។

ចែក​រំលែក
អាន អេម៉ុស 5

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ